The Phnom Penh Post Search

Search form

ចំនួន​កូដកម្ម និង​​បាតុកម្ម​ពី​ក្រុម​កម្មករ​,​កម្មការិនី​ថយ​ចុះ​ក្នុង​ឆ្នាំ​ ២០១៧

Content image - Phnom Penh Post
មន្ត្រី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ របស់​ក្រសួង​ការងារ កាល​ពី​ម្សិលមិញ។ ស្រេង ម៉េងស្រ៊ុន

ចំនួន​កូដកម្ម និង​​បាតុកម្ម​ពី​ក្រុម​កម្មករ​,​កម្មការិនី​ថយ​ចុះ​ក្នុង​ឆ្នាំ​ ២០១៧

ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា វិវាទ​ការងារ​នៅក្នុង​វិស័យ​រោងចក្រ​កាត់ដេរ​ដែល​បាន​ប្រមូលផ្ដុំ​តវ៉ា​ដូចជា ការ​ធ្វើ​កូដកម្ម និង​បាតុកម្ម​ខុស​ច្បាប់​ត្រូវ​បាន​ថយចុះ​យ៉ាង​ច្រើន​ករណី ខណៈ​ដែល​ប្រាក់​ឈ្នួល​អប្បបរមា​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត​ដូចជា​ប្រាក់​ការងារ​បន្ថែម​ម៉ោង និង​ប្រាក់​រង្វាន់​ផ្សេងៗ​ដែល​អាច​ទទួល​បាន​ពី​ ២២០ ​ដុល្លារ​ក្នុង​ ១ ​ខែ​។

យោង​តាម​តារាង​ស្ថិតិ​របស់​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​ ២០១៦ មាន​កម្មករ​រោងចក្រ​សរុប​ប្រមាណ​ជាង​ ៥៥ ០០០ ​នាក់​ដែល​មាន​ ២១១ ​រោងចក្រ​បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម ដែល​ចំនួន​នេះ​ថយ​ចុះ​មក​នៅ​ត្រឹម​ ៣២ ០០០ ​នាក់​ជាង​មាន​តែ​ ៩៧ ​​រោងចក្រ​នៅក្នុង​ឆ្នាំ​ ២០១៧​។

ខណៈ​ករណី​បាតុកម្ម​មាន​បាតុករ​ជាង​ ១៦ ០០០ ​នាក់​មាន​ចំនួន​ករណី​បាតុកម្ម ២១២ ​ករណី​ក្នុង​ឆ្នាំ​ ២០១៦ ដែល​ចំនួន​បាតុករ​ថយ​ចុះ​មក​នៅ​ត្រឹម​ ៥០០០ ​នាក់​ហើយ​ចំនួន​ករណី​បាតុកម្ម​ថយ​ចុះ​មក​នៅ​ត្រឹម​ជិត​ ៩០ ​ករណី​នៅក្នុង​ឆ្នាំ​ ២០១៧ ​។

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​នៅ​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០១៧ ដែល​បាន​ធ្វើ​ពី​ថ្ងៃ​ទី​ ១២-១៣ ខែ​មីនា​ថា​៖ «​សេរីភាព​សហជីព និង​សមាគម​និយោជក​ត្រូវ​បាន​អនុវត្ត​ស្រប​ទៅ​តាម​ច្បាប់ ដើម្បី​ធានា​នូវ​ផលប្រយោជន៍​នៃ​គ្រប់ភាគី​ពាក់ព័ន្ធ​។ ការ​ទំនាក់​ទំនង​រវាង​កម្មករ​និយោជិត សហជីព និង​និយោជក​តាម​រោងចក្រ សហគ្រាស គ្រឹះស្ថាន កាន់តែ​ល្អ​ឡើង​ធ្វើ​ឲ្យ​វិវាទ​ការងារ​ និង​កូដកម្ម បាតុកម្ម​ខុស​ច្បាប់​បាន​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់​»​។

លោក រដ្ឋមន្ត្រី ថ្លែង​បន្ត​ថា​៖ «​ចាប់ពី​ឆ្នាំ​ ២០០០ រាជរដ្ឋាភិបាល​បាន​បង្កើត​យន្តការ​ត្រីភាគី​ដើម្បី​ចរចា​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត ជា​បន្តបន្ទាប់ យើង​បាន​​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ​ចំនួន​ ១៣ ​លើក​ចាប់ពី​ប្រាក់​ឈ្នួល​អប្បបរមា​មាន​ចំនួន​ ៣០ ​ដុល្លារ​ក្នុង​ ១ ​ខែ កើន​ដល់​ចំនួន​ ១៧០ ​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​ ២០១៨ នេះ​រួម​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទទួល​ពី​ ១៨៧ ​ដុល្លារ​ទៅ​ ១៩៨ ​ដុល្លារ​ក្នុង​ ១ ​ខែ បើ​គិត​ទាំង​ប្រាក់​ការងារ​បន្ថែម​ម៉ោង​ និង​ប្រាក់​រង្វាន់​ផ្សេងៗ​ទៀត​អាច​ទទួល​បាន​ពី ២២០ ​ដុល្លារ​ឡើង​ទៅ​ក្នុង​ ១ ​ខែ​»​។

ជាមួយ​គ្នា​នេះ​ដែរ​រាជរដ្ឋាភិបាល​នឹង​ដាក់​ឲ្យ​ដំណើរការ​នូវ​ប្រាក់​សោធន​និវត្តន៍​នៅ​ឆ្នាំ​ ២០១៩ ដែល​ធ្វើ​ឲ្យ​សង្គម​កម្ពុជា​កាន់តែ​មាន​សមធម៌​រវាង​មន្ត្រី​រាជការ​សាធារណៈ និង​កម្មករនិយោជិត​វិស័យ​ឯកជន​។

លោក សំហេង ថ្លែង​ថា​៖ «​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កំពុង​រៀបចំ​ធ្វើ​វិសោធកម្ម​ច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម ដើម្បី​ពង្រីក​វិសាលភាព​លក្ខខណ្ឌ ពេលវេលា និង​អាយុ​ចូលនិវត្តន៍​របស់​សមាជិក ប.ស.ស​»​។

ទោះ​យ៉ាង​ណា​ក៏ដោយ​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​បាន​ថ្លែង​ថា​ការថយ​ចុះ​ការធ្វើ​បាតុកម្ម​ និង​កូដកម្ម​ដោយសារ​រដ្ឋាភិបាល​ប្រើ​ច្បាប់​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​កម្មករ-កម្មការិនី​។ លោក​ថ្លែង​ថា​៖ «​រួម​សេចក្តី​មក​វិញ​មាន​ន័យ​ច្បាប់​សហជីព​បាន​កាត់​បន្ថយ​នូវ​សិទ្ធិ​កម្មករ​ធ្វើ​កូដកម្ម បាតុកម្ម ឯ​ទី​ ២ គឺ​ស្ថានភាព​នយោបាយ​ធ្វើឲ្យ​កម្មករ​មួយ​ចំនួន​មិន​ហ៊ាន​ចូល​តវ៉ា​ទេ ដោយសារ​ខ្លាច​គេ​ចោទប្រកាន់ ប៉ុន្តែ​អំពើ​ហិង្សា​ និង​ការកេងប្រវ័ញ្ច​មាន​ការ​កើនឡើង ដោយសារ​កម្មករ​អត់​អាច​តវ៉ា​បាន ឬ​អ្នក​ជា​តំណាង​អត់​អាច​តវ៉ា​បាន​»​។

លោកស្រី ម៉ូនីណា វង់ (Monina Wong) មន្ដ្រី​សហព័ន្ធ​សហជីព​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​មាន​មូលដ្ឋាន​នៅ​ហុងកុង​ថ្លែង​ថា សហជីព​បាន​និយាយ​ថា​ពួកគេ​កំពុង​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ដល់​កម្មករ មាន​ន័យ​ថា​ចំនួន​កូដកម្ម​ដែល​រៀបចំ​ឡើង​ដោយ​សហជីព​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​ច្រើន​។ ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា ជម្លោះ​បាន​ថយចុះ​បរិមាណ​ជម្លោះ​ដែល​ត្រូវ​បាន​សម្រប​សម្រួល​ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បាន​ធ្លាក់​ចុះ​យ៉ាងខ្លាំង​កាលពី​ឆ្នាំ​ ២០១៦ ​ដល់​ ២០១៧​។

លោកស្រី​ថ្លែង​ថា​៖ «​សួរថា​តើ​ជម្លោះ​បាត់​ទៅ​ណា​? តើ​ជម្លោះ​នោះ​ត្រូវ​បាន​ដោះស្រាយ​ឬ​ទេ​? ឬ​វា​ត្រូវ​បាន​កប់​ចោល​? ​មាន​ករណី​ជាច្រើន​ដែល​ក្រុម​កម្មករ​ ឬ​សហជីព​ចង់​ធ្វើ​កូដកម្ម​ ប៉ុន្តែ​វា​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយសារ​តែ​ពួកគេ​ភ័យខ្លាច​ប្រឈម​នឹង​ហានិភ័យ ខ្ញុំ​គិត​ថា​ចំនួន​នឹង​ធ្លាក់​ចុះ​ដោយសារ​តែ​ច្បាប់​សហជីព​។ ឥឡូវ​នេះ​សហជីព​ជាច្រើន​មាន​ការ​ប្រុងប្រយ័ត្ន​ខ្លាំង​ណាស់​៕ NS

រាយការណ៍​បន្ថែម ដោយ Daphne Chen

អត្ថបទគួរចាប់អារម្មណ៍