ភ្នំពេញៈ សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បាន​កើន​ចំនួន ៨១៩ រូប​បន្ថែម​ទៀត​សម្រាប់​អាណត្តិ​ទី ៣ ខណៈ​ការ​បោះ​ឆ្នោត នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ​ទី ២៦ ខែ​ឧសភា​ឆ្នាំ ២០១៩។ នេះ​បើ​តាម​អនុក្រឹត្យ​កាល​ពី​ថ្ងៃទី២៥ ខែ​មករា ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទើប​ទទួល​បាន​កាល​ពី​ម្សិលមិញ។

ការបង្កើន​សមាជិក​ក្រុមប្រឹក្សា​នេះ​ធ្វើឡើង​បន្ទាប់ពី​សេចក្ដី​ស្នើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​ការ​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​វិសោធន​កម្ម​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដើម្បី​ជួយ​ពង្រឹង​ការងារ និង​ដោះ​ស្រាយ​បញ្ហា​ថ្នាក់​ក្រោម​ជាតិ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ស្រប​ទៅ​នឹង​កំណើន​ពលរដ្ឋ​នៅ​កម្ពុជា។

អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី ២៥ ខែ​មករា ឆ្នាំ ២០១៩ នេះ បាន​ឲ្យ​ដឹង​ថា​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី និងខេត្ត​សម្រាប់​អាណត្តិ​ទី ៣ សរុប​មាន ៥៥៩ រូប ហើយ​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង ស្រុក ខណ្ឌ សរុប​មាន ៣៥៨៤ រូប ខណៈ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ជា​អង្គ​បោះ​ឆ្នោត​មាន ១១ ៥៧២ នាក់។

កាលពី​អាណត្តិ​ទី ២ សមាជិក​ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ សរុប​មាន ២ ៩៣១ នាក់ រីឯ​សមាជិក​ក្រុម​ប្រឹក្សា រាជធានី ខេត្ត​មាន ៣៩៣ នាក់ ហើយ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​ជា​អង្គ​បោះឆ្នោត​មាន ១១ ៤៥៩ នាក់។

យោងតាម​អនុក្រឹត្យ​នេះ នៅ​អាណត្តិ​ទី ៣ សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ត្រូវ​កើន ១៦៦ រូប ហើយ​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង ស្រុក ខណ្ឌ ត្រូវ​កើន ៦៥៣ រូប ដែល​សរុប សមាជិក​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កើន​ឡើង ៨១៩ រូប បើ​ប្រៀប​ធៀប​នឹង​អាណត្តិ​មុន។

អនុក្រឹត្យ​នេះ បញ្ជាក់ថា៖ «ត្រូវបាន​កំណត់​ចំនួន​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី និង​សមាជិក​ក្រុម​ប្រឹក្សា ខេត្ត​នីមួយៗ​សម្រាប់ អាណត្តិ​ទី ៣ ដោយ​អនុលោម​តាម​មាត្រា​ទី ១៨ ថ្មី នៃ​ច្បាប់​ពី​វិសោធន​កម្ម​ច្បាប់ ស្តីពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ»។

អនុក្រឹត្យ​ដដែល​នេះ ក៏បាន​កំណត់​ដែរ​ថា​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ខេត្ត​កំពង់ចាម ខេត្ត​បាត់ដំបង ខេត្ត​ព្រៃវែង ខេត្ត​សៀមរាប និង​ខេត្ត​តាកែវ តម្រូវ​ឲ្យ​មាន​សមាជិក ២៧ រូប​សម្រាប់​ឈរ​ឈ្មោះ។ រីឯ​ខេត្ត​ដែល​មាន​សមាជិក​ក្រុម​ប្រឹក្សា​តិច​ជាង គឺ​ខេត្ត​មណ្ឌលគិរី ខេត្ត​ប៉ៃលិន និង​ខេត្ត​កែប ត្រូវ​មាន​ត្រឹម​តែ ១៥ រូបប៉ុណ្ណោះ​សម្រាប់​ឈរ​ឈ្មោះ។

លោក សោម សូ​រី​ដា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ថ្លែង​ថា ការ​បង្កើន​សមាជិក​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​នឹងមិន​លំបាក​ដល់ (គ.ជ.ប) ទេ ដោយសារ​ការ​អនុវត្ត​ត្រូវ​ធ្វើ​ទៅ​តាម​ច្បាប់​កំណត់។

លោក​បញ្ជាក់ថា៖ «ការបង្កើនអាសនៈ​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ នេះ ពុំ​បង្កើន​ការ​លំបាក​ដល់ (គ.ជ.ប) ទេ ហើយ​ជាទូទៅ (គ.ជ.ប) អនុវត្ត​ភារកិច្ច​របស់​ខ្លួន​ទៅ​តាម​ច្បាប់​ជា​ធរមាន»។

លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​គាំទ្រ​ការ​លើក​ឡើង​ដែល​ថា​ការ​បង្កើន​សមាជិក​ប្រឹក្សា​រាជ​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយសារ​កំណើន​ប្រជាជន កំណើនសេដ្ឋកិច្ច និង​ដើម្បី​ផ្តល់​នូវ​ការងារ​សម្រាប់​មន្ត្រី​ផ្សេងៗ។

លោក​ថា៖ «ធម្មតា​ប្រសិនបើ​ការបង្កើតឡើង វា​ធ្វើ​ឲ្យ​ការងារ​មាន​ប្រសិទ្ធ​ភាព​ជាង​មុន រាជ​រដ្ឋាភិបាល​នឹង​មិន​ខ្លាច​បើក​ប្រាក់​ឧបត្ថម្ភ​ជូន​ពួកគាត់​ប៉ុន្មាន​នាក់​ដែល​កើន​នោះ​ទេ តែបើ​សិន​បើ​កើន​ឡើង​ហើយ​ប្រសិទ្ធភាព​និងលទ្ធភាព​នៃ​ការងារ​នៅ​ដដែល ដូច្នេះ​ការ​លើក​ឡើង​ដែល​ថា​ខាតបង់​ថវិកា​ជាតិ​មិន​ខុស​ទេ»។

កាលពី​ថ្ងៃទី ២៦ ខែមករា ឆ្នាំនេះ គ.ជ.ប បានប្រកាស​ថា​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុង​អាណត្តិ​ទី ៣ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ២៦ ​ខែ​ឧសភា ឆ្នាំ ២០១៩។ យ៉ាង​ណា​ក្ដី ចំនួន គណបក្ស​ដែល​នឹង​ចូលរួម​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី ៣ នេះ (គ.ជ.ប) ពុំទាន់​អាច​វាយ​តម្លៃ​បាន​ទេ ដោយសារ​ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី ៧ មីនា ខាង​មុខ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី លោក សោម សូរីដា អគ្គ​លេខា​ធិការ​រង (គ.ជ.ប)។

ករណី​ដោយឡែក ១ ទៀត កាលពីថ្មីៗនេះ រាជរដ្ឋាភិបាល​បាន​សម្រេច​បង្កើត ក្រុង ស្រុក ខណ្ឌ ថ្មី ចំនួន ៦ បន្ថែម​ទៀត រួម​មាន​នៅ​ភ្នំពេញ បង្កើត​ខណ្ឌ​ថ្មី ២ មាន​ខណ្ឌ​បឹង​កេងកង និង​ខណ្ឌ​កំបូល, ខេត្ត​ព្រះសីហនុ មាន​ក្រុង​កោះរ៉ុង, ខេត្ត​ស្ទឹងត្រែង​មាន​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ, ខេត្ត​កំពង់ធំ មាន​ស្រុក​តាំង​គោក និង​នៅ​ខេត្ត​ពោធិ៍សាត់ មាន​ស្រុក​តាលោ​សែន​ជ័យ៕