ភ្នំពេញៈ តួលេខ​បណ្តោះ​អាសន្ន​នៃ​ការធ្វើ​ជំរឿនពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា ​គិត​ត្រឹម​ថ្ងៃទី ៣ ​ខែ មីនា ​ឆ្នាំ ២០១៩ ​ប្រជាជន​សរុប​មាន​ចំនួន ​១៥ ២៨​៨ ៤៨៩ នាក់​ ក្នុងនោះ​មាន​ប្រុស​ ៧ ៤១៨ ៥៧៧ នាក់​ និង​ស្រី​ ៧ ៨៦៩ ៩១២​ នាក់ ។ បើ​ប្រៀបធៀប​នឹង​តួលេខ​ជំរឿន​ឆ្នាំ ២០០៨ ​ប្រជាជន​កម្ពុជាបាន​កើនឡើង​ប្រមាណ​ជាង​ ១ លាន​ ៨ សែន​នាក់​ ឬ​ស្មើ​ ១៤,១ ភាគរយ​ប៉ុណ្ណោះ ​ក្នុង​រយៈពេល​ ១១​ ឆ្នាំ​កន្លងមក​នេះ។

ឧបនាយក​រដ្ឋមន្ត្រី​ លោក​ ស ខេង ​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ ​និង​ជា​ប្រធាន​គណៈ កម្មាធិការ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​កម្ពុជា​ បាន​ថ្លែង​ក្នុង​ឱកាស​​ប្រកាស​លទ្ធ​ផល​បណ្តោះអាសន្ន​ ពី​ម្សិលមិញ​ថា​ ចំនួន​ប្រជាជន​កម្រិត​ថ្នាក់​ជាតិ​មាន​និន្នាការ កើន​ឡើង​យឺត​ ដោយសារតែ​អត្រា​ផ្តល់​កំណើត​ និង​អត្រាកំណើន​ប្រជាជន ​មាន​ការ​ថយ​ចុះ។ ​លោក​ចាត់​ទុកថា ​តួលេខ​នេះ​ គឺ​ស្របតាម​ការ​ព្យាករដែល​បាន​រំពឹង​ទុក។

លោក​មានប្រសាសន៍ថា​៖«​អត្រា​កំណើន​ប្រជាជន​ប្រចាំ​ឆ្នាំ បានថយចុពី ១,៥​ ភាគរយ​ ក្នុង​ចន្លោះ​ឆ្នាំ​ ១៩៩៨ ​និង ​២០០៨ ​មក ១,២ ភាគរយ​ ក្នុង​ចន្លោះ​ឆ្នាំ ២០០៨ ​និង​ ២០១៩។ អត្រា​កំណើន​ប្រចាំ​ឆ្នាំ​របស់​កម្ពុជា​ក្នុង​ទសវត្សរ៍​ចុង​ក្រោយ​នេះ ​យើង​ពិនិត្យ​ឃើញថា ​ខ្ពស់ជាង​អត្រា​កំណើន​មធ្យម​នៅ​អាស៊ី​អាគ្នេយ៍ ​ដែល​មានតែ ​១,០ ភាគ​រយ»។

ក្រៅពី​លើកឡើង​យ៉ាង​ដូច្នេះ​ លោក​ ​ស ខេង ​បាន​ជំរុញ​ឲ្យ​បង្កើន​កំណើន​នៃ​ប្រជាជន​បន្ថែម​ទៀត ​ស្រប​ពេលដែល​ដង់​ស៊ីតេ​ប្រជាជន​នៅ​ទូទាំង​ប្រទេស ​នៅមាន​ភាព​ទូលាយ​នៅឡើយ ​ដោយ​ស្មើ​នឹង ​៨៦ នាក់ ​ក្នុង​ផ្ទៃដី​ ១ គីឡូ​ម៉ែត្រ​ការ៉េ​ នៅ​ឆ្នាំ ២០១៩។

យោងតាម​សៀវភៅ​ជំរឿន​ឆ្នាំ ២០១៩ ​ដែល​បានប្រកាស​ផ្សព្វផ្សាយ ​បង្ហាញថា​ អត្រា​ភេទ​តាម​តួលេខ​បណ្តោះ​អាសន្ន ​នៃ​ជំរឿន​ប្រជាជន​ឆ្នាំ ២០១៩​ គឺ​ស្ត្រី​នៅតែមាន​ចំនួន​ច្រើន​ជាង ​ព្រោះ​មាន​បុរស ៩៤ នាក់ ​ក្នុង​ចំណោម​ស្ត្រី​ ១០០ នាក់​ ដោយ​មិនមាន​ការប្រែប្រួល​បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០០៨។ ចំណែក​រាជ​ធានីខេត្ត ​ដែលមាន​ចំនួន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​ គឺ​រាជធានី​ភ្នំ​ពេញ ​មាន​ដល់​ទៅ​ ២ ១២៩​ ៣៧១​ នាក់ ​ដែល​បន្ត​ឈរ​លំដាប់​ទី១ ​ស្រប​ពេល​ខេត្ត​កណ្តាល​ឈរ​លំ​ដាប់​​ថ្នាក់​ទី២ ហើយ​ខេត្ត​កែប ​នៅតែ​បន្ត​ឈរ​លំដាប់​ចុងក្រោយ​គេ​បង្អស់ដែលមាន​ប្រជាជន​តិច​ជាងគេ​បំផុត​ គឺ​ចំនួន​ត្រឹមតែ ៤១ ៧៩៨ នាក់។

លោក​ ឆាយ ថន ​រដ្ឋមន្ត្រី​ក្រសួង​ផែនការ ​បាន​ថ្លែងថា ​លទ្ធផល​ជំរឿន​នេះ​ គឺ​ផ្អែក​ទៅលើ​ការពិនិត្យ​ពិច័យ​យ៉ាង​ហ្មត់ចត់​ លើ​តួលេខ​សង្ខេប ​ដែល​បានរៀបចំ​ដោយ​មន្ត្រី​សម្ភាសន៍ ​ហើយ​កំពុង​ស្ថិត​ក្នុង​តារាង​កែច្នៃ​ទិន្នន័យ។ លោក​បន្តថា​ នៅ​ពេល​ដំណើរការ​ចប់​សព្វគ្រប់​ នោះ​ទិន្នន័យ​ថ្មី​នឹងត្រូវ​បង្ហាញ​ដោយ​លម្អិត​តាម​ប្រធាន​បទ​សំខាន់ៗ​ចំនួន ​១៤ ​ប្រធាន​បទ​ ដែល​ទាក់ទង​នឹង​សូចនាករ​ប្រជា​សាស្ត្រ ​សង្គម ​និង​ផល​ប៉ះពាល់​ចំពោះ​ការអភិវឌ្ឍ។

លោក​បញ្ជាក់ថា​៖ «ជំរឿន​ទូទាំង​ប្រទេស ​មាន​វិសាលភាព​គ្រប​ដណ្តប់​លើ​គ្រួសារ​ប្រជាជន​ទូទាំង​ប្រទេស​ចំនួន ៣,៧ ​លាន​គ្រួសារ។ គ្រួសារ​ទាំងអស់ត្រូវធ្វើ​ការ​សម្ភាស​ក្នុង​អំឡុងពេល​ ១១ ថ្ងៃ​ ក្រៅពី​គ្រួសារ​ដែល​រស់នៅ​ក្នុង​លំនៅឋាន​អចិន្រៃ្តយ៍​ធម្មតា។ គ្រួសារ​ដែល​រស់នៅ​លក្ខណៈ​ស្ថាប័ន ​ដូចជា​សណ្ឋាគារ ​ផ្ទះ​សំណាក់​ វត្ត​អារាម ​មន្ទីរពេទ្យ​ ពន្ធនាគារ​ ជាដើម​ ក៏ត្រូវ​បាន​រាប់​សម្ភាសជំរឿន​ផង​ដែរ»។

លោក​បន្តថា​៖ «តំបន់​ពិសេស​ដែល​បា​នស​ម្ភាសដ​ទៃទៀត​ រួម​មាន​ប្រជាជន​គ្មាន​ផ្ទះ​សំបែង ​ប្រជាជន​ឆ្លងកាត់ ​និង​ប្រជា​ជន​រស់នៅ​លើ​ទូក ​នា​យប់​ធ្វើ​ជំរឿន​ថ្ងៃទី ២ មីនា ​និង​កងកម្លាំង​ប្រដាប់​អាវុធ​រស់នៅ​ជំរុំ ​បន្ទាយ ​ប៉ុស្តិ៍​ប្រចាំការ​ ក៏ត្រូវ​បាន​រាប់់​ជំរឿន​ដោយ​កម្លាំង​ពិសេស»។

នេះ​ជា​ការធ្វើ​ជំរឿន​លើក​ទី៤ បន្ទាប់ពី​កម្ពុជាបានធ្វើជំរឿន​ជា​លើក​ដំបូង​កាលពី​ឆ្នាំ ​១៩៦២ ​និង​លើ​កទី២​ កាលពី​ឆ្នាំ ​១៩៩៨ ​និង​លើក​ទី៣ ​កាលពី​ឆ្នាំ​ ២០០៨ ​ខណៈដែល​លទ្ធផល​ជំរឿន​ជា​ផ្លូវការ​ នឹងត្រូវ​ប្រកាស​នៅ​ត្រី​មាស​ទី​២ ឆ្នាំ​ ២០២០ ​ខាង​មុខ។

ទោះ​យ៉ាងណា ​ក៏មាន​ប្រជា​ពលរដ្ឋ​មួយចំនួន ​ធ្លាប់បាន​អះ​អាងថា​ ផ្ទះ​របស់​ពួកគេ​មិន​ត្រូវ​បាន​មន្ត្រី​ជំរឿន​ចុះមក​សម្ភាស​ក្នុង​អំ​ឡុង​ពេលធ្វើ​ជំរឿន​នោះទេ ​ខណៈ​​តួលេខ​ទាំងនេះ ​ត្រូវបាន​អះអាង​ថា ​មិនបាន​រាប់​បញ្ចូល​ពលករ​ធ្វើការ​នៅក្រៅ​ប្រទេស​ដែលមាន​ជាង​ ១ លាន​ ២ សែន​នាក់ ​រួមទាំង​មន្ត្រី​ទូត​ដែល​កំពុង​បំពេញ​មុខងារ​នៅក្រៅ​ប្រទេស​ផងដែរ។

អ្នក​ស្រី រឿន​ សុគន្ធី ​អាយុ​ ៣៤ ឆ្នាំ ​ជា​ប្រជា​ពលដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីម្សិលមិញថា​ អំឡុង​ពេល​ដែល​ជំរឿន​ចាប់ផ្តើម​ធ្វើ​រហូត​ដល់​ថ្ងៃ​បញ្ចប់​នៃការ​ធ្វើជំរឿន​ គឺ​មិនមាន​មន្រ្តីណា​មួយ​មកសាកសួរ​នៅផ្ទះ​របស់អ្នក​ស្រី​នោះ​ទេ ​សូម្បីតែ​បង​ស្រី ​និង​អ្នក​ជិតខាង​របស់​អ្នកស្រី​ក៏​គ្មាន​ដែរ។ អ្នកស្រី​ ក៏មិនដឹងថា​ តើ​ដោយសារ​មូលហេតុ​អ្វី​ ដែល​មន្រ្តី​ទាំង​នោះ ​មិនបាន​បំពេញ​ការងារ​ និង​តួនាទី​របស់​ពួកគេ​ក្នុង​កាតព្វកិច្ច​ដ៏សំខាន់​មួយនេះ​ទេ ​ខណៈដែល​អ្នកស្រី​ មិនអាច​វាយ​តម្លៃថា​ តួលេខ​នេះ ​មិនដឹង​ជា​អាច​មានភាព​ត្រឹមត្រូវ​កម្រិត​ណា ​នៅពេល​មាន​រឿង​បែប​នេះ។

អ្នក​ស្រីបញ្ជាក់ថា​៖ «វា​ជាការ​ធ្វេសប្រហែស​ ខ្វះ​ការយក​ចិត្ត​​ទុក​ដាក់​ និង​ទទួល​ខុសត្រូវ​លើ​ការងារ​របស់​សង្គម​ ដែល​រដ្ឋាភិ​​បាល​ស្ថាប័ន​ពាក់ព័ន្ធ​គួរតែ​ធ្វើការ​ស៊ើបអង្កេត​ករណីនេះ​ឡើង​វិញ​ ដោយសារតែ​មិនមែន​តែមួយ ​ឬ​ ២ ​គ្រួសារ​ប៉ុណ្ណោះ​ទេ​ ដែលមិន​ត្រូវបាន​សាកសួរ​ពី​មន្រ្តី​ជំរឿន​ ប៉ុន្តែ​មាន​ច្រើន​គ្រួសារ​ទៀត​ដែល​ជួប​បញ្ហា​នេះ​ដូច​គ្នា»។

លោក ​តឹក វណ្ណា​រ៉ា ប្រធាន​វេ​ទិកា ​នៃ​អង្គការ​មិនមែន​រដ្ឋាភិ​បាល​ស្តីពី​កម្ពុជា ​មិនទាន់​អាច​បង្ហាញ​នូវ​ការវាយតម្លៃ​ពី​ភាព​ត្រឹម​ត្រូវ​ ចំពោះ​លទ្ធផល​នៃ​ការធ្វើ​​ជំរឿន​នេះ​យ៉ាងណា​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោកបាន​លើក​ឡើង​ថា ​លទ្ធផល​នៃ​ការធ្វើ​ជំ​រឿន​នេះ​ គួរតែ​មាន​ការដាក់​បញ្ចូល​ប្រជា​ពលរដ្ឋ ​ដែល​កំពុង​ធ្វើ​ចំណាក​ស្រុក​នៅក្រៅ​ប្រទេស ​ស្របពេល​​លោកក៏​ទទួលបាន​ព័ត៌មាន​ពី​ការលើក​ឡើង​របស់​ប្រជាពល​រដ្ឋ​មួយចំនួន ​ដែល​មិនមាន​មន្ត្រី​ជំរឿន​ចុះ​ដល់ផ្ទះ​របស់​ពួក​គាត់។

លោក​​​ វណ្ណារ៉ា បានបញ្ជាក់ថា​៖​ «​យើង​ឃើញថា ​គាត់​មាន​វិធីសាស្រ្តក្នុងការ​ស្រាវជ្រាវ​ប្រកប​ដោយ​ត្រឹមត្រូវ ​ជា​លក្ខណៈ​វិធីសាស្ត្រ ​និង​មានការ​ផ្តល់​យោបល់​ពី​គ្រប់ភាគី​ពាក់ព័ន្ធ។ ប៉ុន្តែ​យើង​មិន​ហ៊ាន​សន្និដ្ឋានថា ​លទ្ធផល​នេះ ​មាន​លក្ខណៈ​យ៉ាង​ម៉េច​ទេ។ តែ​សូម​ឲ្យ​លទ្ធ​ផល​នេះ ​ដាក់បញ្ចូល​ប្រជាជន​ពិតប្រាកដ ​ដែល​កំពុង​បម្រើការ​នៅក្រៅ​ប្រទេស​ ហើយ​គ្រួសារ​អង្គទូត​ទាំង​ឡាយ​ដែល​នៅក្រៅ​ប្រទេស​ផង»៕