ព្រៃវែងៈ ចំនួន​សត្វ​ស្លាប​ងាប់​នៅ​តំបន់​អភិរក្ស​សត្វ​ស្លាប​បឹងស្នេហ៍​ ទួលពាន់តាឡី ក្នុងស្រុក​បាភ្នំ ដែល​ត្រូវបាន​រកឃើញថា មាន​វត្តមាន​វីរុស​គ្រុន​ផ្ដាសាយបក្សី​បាន​ចាប់ផ្ដើម​ថយចុះ​បន្តិចវិញ បន្ទាប់ពី​មាន​ភ្លៀង និង​បន្ទាប់ពី​បាន​ងាប់​ជា​បន្តបន្ទាប់​យ៉ាងហោចណាស់​រហូតដល់​ជាង​ ១ ៥០០ ​ក្បាល​ ចាប់តាំងពី​ពាក់កណ្តាល​ខែមីនា ឆ្នាំ​ ២០២១ ​មក​។

លោក​ ពុធ បូ ប្រធាន​សហគមន៍​អភិរក្ស​បឹងស្នេហ៍​ទួលពាន់​តាឡី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៦ ខែមេសា​ថា ចំនួន​សត្វស្លាប​ងាប់​ក្នុង​តំបន់​អភិរក្ស​សត្វស្លាប​បឹងស្នេហ៍​ទួលពាន់តាឡី បាន​ចាប់ផ្ដើម​ធ្លាក់ចុះ​មកវិញ​គួរឱ្យ​កត់សម្គាល់​ចាប់តាំងពី​មាន​ភ្លៀង​ធ្លាក់​ ៣-៤ ​មេ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មុននេះ​។

លោក​ថ្លែងថា​៖ «​ចាប់ពី​ថ្ងៃទី​ ១​ ​ខែ​មេសា ​មក​ទល់​ពេលនេះ​ចំនួន​សត្វ​ស្លាប​ងាប់​ក្នុង​ ១ ​ថ្ងៃៗ​មាន​ចំនួន​ចន្លោះ​ពី​ ៣៥ ​ក្បាល ដល់​ ៥៧ ​ក្បាល​។ ចំនួន​នេះ​មានការ​ថយចុះ​ប្រមាណ​ជាង​ ១៥០ ​ក្បាល បើ​ធៀប​កាលពី​ថ្ងៃទី​ ២១ និង​ ២២ ​ខែមីនា​ ដែល​មាន​ការងាប់​ច្រើន​រហូតដល់​ជាង​ ២០០ ​ក្បាល​ ក្នុង​ ១ ​ថ្ងៃ​»​។

បើតាម​លោក ពុធ បូ នៅ​ថ្ងៃទី​ ៦ ខែមេសា ​ក្រុមការងារ​របស់​លោក​បាន​ចុះ​ប្រមូល​សត្វ​ស្លាប ដែល​ងាប់​នៅតាម​មាត់បឹង និង​ដងព្រៃ​ជាប់​មាត់បឹង​នៃ​តំបន់​អភិរក្ស​សត្វ​ស្លាប​បឹង​ស្នេហ៍​ទួលពាន់តាឡី​នេះ​បាន​ចំនួន​ ៥៧ ​ក្បាល ខណៈ​កាលពី​ថ្ងៃទី​ ៥ ​ខែ​មេសា​បាន​រកឃើញ​មាន​ងាប់​ ៤៥ ​ក្បាល និង​ថ្ងៃទី​ ៤ ​មាន​ងាប់​ ៣៥ ​ក្បាល ថ្ងៃទី​ ៣ មាន ងាប់​ ៥៥ ​ក្បាល និង​ថ្ងៃទី​ ២ មាន​ងាប់​ ៥០ ​ក្បាល​។

សត្វ​ដែល​ងាប់​នោះ​ត្រូវបាន​ប្រមូល​ដុត​កម្ទេចចោល​នៅក្នុង​រណ្ដៅ​ដី ដែល​ត្រូវបាន​ជីក​តាម​លក្ខណៈ​បច្ចេកទេស ដែល​មន្ត្រី​ជំនាញ បសុសត្វ​ស្រុក​បាភ្នំ​រៀបចំ និង​ចាត់ចែង​ឱ្យធ្វើ​នៅ​ចម្ងាយ​ប្រមាណ​ ៥០០ ​ម៉ែត្រ​ពី​ព្រៃរបោះ​ដែល​សត្វ​ស្លាប​រស់នៅ​។

ករណី​សត្វ​ស្លាប​ងាប់​នៅក្នុង​តំបន់​អភិរក្ស​សត្វ​ស្លាប​បឹងស្នេហ៍​ទួលពាន់តាឡី បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​ ១៧ ខែ មីនា ឆ្នាំ​ ២០២១ ដែល​នៅពេល​នោះ​ក្រុម​អ្នកភូមិ និង​មន្ត្រី​ជំនាញ​មួយចំនួន​បាន​ផ្ដោត​ការសង្ស័យ​ទៅលើ​ការបំពុលទឹក​ដែល​ផ្ដើមចេញពី​កសិករ​មួយចំនួន​ប្រើប្រាស់​ថ្នាំពុល​កសិកម្ម នៅក្នុង​ដីស្រែ​របស់​ពួកគេ​ដែល​ស្ថិត​នៅជាប់​តំបន់​អភិរក្ស​ឬ បណ្ដាល​មកពី​វ័យចាស់​ជរា​របស់​សត្វ​ទាំងនោះ និង​អាច​ឆ្លង​ជំងឺ​ពី​តំបន់​ផ្សេង​។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៅ​ថ្ងៃទី​ ២៤ ខែ មីនា ឆ្នាំ​ ២០២១ ​បាន​ប្រកាស​អំពី​លទ្ធផល​ពិសោធន៍​ទៅលើ​សំណាក​សត្វ​ចង្កៀល​ខ្យល​ដែល​ងាប់​ក្នុង​តំបន់​នោះ​ថា​មាន​ «​វត្តមាន​វីរុស​គ្រុនផ្ដាសាយ​បក្សី​ដែល​បង្កឡើង​ដោយ​វីរុស​ក្នុង​អនុក្រុម A|H5N1»​។ លោក ពុធ បូ ថ្លែងថា​៖ «​វា​ពិតជា​សំណាង​ដែរ ដែល​ចាប់តាំងពី​ពេលនោះ​មកដល់​ពេល​នេះ សត្វ​ចិញ្ចឹម​របស់​ប្រជាសហគមន៍​យើងខ្ញុំ​ដូចជា​មាន់ ទា ជ្រូក​មិនមាន​ការឆ្លង​ជំងឺ​នេះ​»​។

ជាមួយ​គ្នា​នេះ​លោក កង ធឿន ប្រជាការពារ​ភូមិ​កំពង់ស្លែង និង ជា​សមាជិក​ក្រុមការងារ​សហគមន៍​អភិរក្ស​បឹងស្នេហ៍​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ចាប់ពី​មាន​ករណី​ផ្ទុះ​ជំងឺ​គ្រុនផ្ដាសាយ​បក្សី​នៅក្នុង​តំបន់​នោះ ប្រជាសហគមន៍​បាន​នាំគ្នា​ស្ម័គ្រចិត្ត​ជួយ​ដើរ​ប្រមូល​សត្វ​ដែល​ងាប់​យកទៅ​ដុត​កម្ទេចចោល​ដើម្បី​កាត់បន្ថយ​អត្រា​ឆ្លង​ដល់​សត្វ​ស្លាប​ព្រៃ​ដទៃទៀត ពិសេស​ការពារ​កុំឱ្យ​មាន​ឆ្លង​ដល់​សត្វស្រុក​ដែល​អ្នកភូមិ​ចិញ្ចឹម​។

លោក​និយាយថា​៖ «​ក្រុមការងារ​យើង​មាន​ ២០ ​នាក់ ​ជា​រៀងរាល់​ថ្ងៃ​ក្រៅពី​ដើរ​ប្រមូល​សត្វ​ដែល​ងាប់​យកទៅ​ដុត​កម្ទេចចោល យើង​បាននាំគ្នា ដាំ​កូនឈើ​ប្រភេទ ផ្ចឹក សុក្រំ អង្កាញ់ និង​ដើមរាំង ប្រមាណ​ជាង​ ២០០ ​ដើម​បន្ថែមទៀត នៅក្នុង​តំបន់​អភិរក្ស​សត្វ​ស្លាប​បឹងស្នេហ៍​ទួលពាន់តាឡី​ដើម្បី​ទុកឱ្យ​សត្វ​ទំ​ជ្រក​»​។

នៅក្នុង​ការដើរ​ប្រមូល​សត្វស្លាប​ដែល​ងាប់​នោះ ប្រជាការពារ និង​ប្រជាសហគមន៍​បាន​ទទួល​សម្ភារ​មួយចំនួន ដែល​រួមមាន ស្បែកជើងឃ្លុប​កវែង ម៉ាស់ ស្រោមដៃ និង​ប្រេង​ ១ ​កាន​ពី​មន្ទីរ​បរិស្ថាន និង​ទទួលបាន​ការឧបត្ថម្ភ​ជា​ប្រេង​ ១ ​កាន​បន្ថែមទៀត​ពី​​រដ្ឋបាល​ស្រុក​បាភ្នំ​។

លោក ទេព ភារុន អភិបាលស្រុក​បាភ្នំ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ការចូលរួម​របស់​ប្រជាសហគមន៍​នៅក្នុង​ការទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​គ្រុនផ្ដាសាយ​បក្សី បានធ្វើឱ្យ​ចំនួន​សត្វ​ស្លាប​ព្រៃ​ងាប់​នៅក្នុង​តំបន់​អភិរក្ស​ខាងលើ​នេះ​មាន​ការថយចុះ​ជា​បន្តបន្ទាប់ ដែល​អាច​នឹង​ឈានទៅរក​ភាពប្រក្រតី​ឡើងវិញ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។

លោក​ថ្លែងថា​៖ «​ឥឡូវនេះ​ចំនួន​សត្វ​ដែល​ងាប់​ក្នុង​ ១ ​ថ្ងៃ​មាន​មិន​ដល់​ ៦០ ​ក្បាល​នោះទេ​។ បើ​យោង​របាយការណ៍ ដែល​យើង​ប្រមូល​បានគិត​ចាប់ពី​ថ្ងៃ​ ១៧ ខែមីនា ដល់​ថ្ងៃ​ ១ ខែមេសា ឆ្នាំ​ ២០២១ សត្វ​ដែល​បាន​ងាប់​សរុប​ ១ ៣៦៩ ​ក្បាល បើ​បូករួម​រយៈពេល​ ៥ ​ថ្ងៃ​ (​ពីថ្ងៃ​ទី ២-៦ ​ខែ​មេសា​) នេះ​បន្ថែមទៀត​នោះ​ចំនួន​សត្វ​ស្លាប​ដែល​ងាប់​មាន​ចំនួន​ ១ ៥៥៦ ​ក្បាល​»​។

លោក​បន្តថា​៖ «​ទោះយ៉ាងណា​តួលេខ​នេះ​យើង​រាប់​តែ​ចំនួន​សត្វ​ដែល​ងាប់ និង​ប្រមូល​មក​ដុត​កម្ទេចចោល​ក្នុង​ភាពជាក់ស្ដែង​ប៉ុណ្ណោះ ប៉ុន្តែ​វា​អាចមាន​ច្រើនជាង​នេះ ព្រោះ​នៅក្នុង​ព្រៃ​ជ្រៅ ក្រុមការងារ​យើង​មិន​បាន​ចុះទៅ​ដល់​នោះទេ​»៕