ភ្នំពេញៈ ចំនួន​ស្ត្រី​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា នៅ​តែ​ស្ថិត​ក្នុង​ចំនួន​មួយ​ដ៏តិចតួច​នៅ​ឡើយ​។ នេះ​បើ​យោង​តាម​ស្ថិតិ​ថ្មី​មួយ​ដែល​ចងក្រង​ដោយ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ដែល​ចំណុច​នេះ វា​ធ្វើឲ្យ​មាន​ផលប៉ះពាល់​ដល់​ប្រយោជន៍​ជាច្រើន ដោយសារ​តែ​អតុល្យភាព​យេនឌ័រ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ទាំងមូល​។

យោង​តាម​ស្ថិតិ​ដែល​ចេញ​ផ្សាយ​កាលពី​ដើមខែ​នេះ បាន​បង្ហាញ​ថា មាន​ចៅក្រម​ជា​ស្ត្រី​ត្រឹមតែ ១៤ ភាគរយ​ប៉ុណ្ណោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ចំនួន​នេះ​ហាក់​មាន​ភាពប្រសើរ​ជាង​ពី​ពេល​កន្លង​មក​បន្តិច​។ នៅក្នុង​ឆ្នាំ​ ២០១៧ មាន​ចៅក្រម​ជា​ស្ត្រី​កើនឡើង​តែ​ម្នាក់​ប៉ុណ្ណោះ​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៣ ដែល​មាន​ ៣៧ ​នាក់​នៅ​ទូទាំង​ប្រទេស​។

យោង​តាម​សមាគម​គណៈមេធាវី​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​មាន​ចៅក្រម​ជា​ស្ត្រី​តែ​ ២ ​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​ចៅក្រម​ទាំង ២៩ នាក់​នៅ​សាលា​ឧទ្ធរណ៍ ហើយ​មាន​ចៅក្រម​ជា​ស្ត្រី​តែ ៣ នាក់​ក្នុង​ចំណោម​ចៅក្រម​ទាំង ២២ នាក់​នៅ​តុលាការ​កំពូល​។ ជា​សរុប​តំណាង​ស្ត្រី​ក្នុង​ចំណោម​ព្រះរាជអាជ្ញា គឺ​កាន់​តែ​មាន​កម្រិត​ទាប​ជាង​នេះ​ទៅ​ទៀត គឺ​មាន​តែ ២៣ នាក់​នៅ​ក្នុង​ប្រទេស​ស្មើ​នឹង ១២ ភាគរយ​នៃ​ចំនួន​សរុប​គឺ​កើនឡើង​ ២ ​ភាគរយ​គិត​ចាប់​តាំងពី​ឆ្នាំ​ ២០១៣ មក​។

អតុល្យភាព​នេះ​ហាក់​នៅ​ឆ្ងាយ​ពី​រូបភាព​ដែល​រដ្ឋាភិបាល​កម្ពុជា​ចង់​បាន​ដែល​រដ្ឋាភិបាល​ធ្លាប់​បាន​សន្យា​ជាយូរ​មក​ហើយ​ថា​នឹង​បង្កើន​តំណាង​ជា​ស្ត្រី នៅក្នុង​តួនាទី​របស់​ខ្លួន​នោះ​។

នៅក្នុង​បទសម្ភាស​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​មាន​សកម្មជន​សិទ្ធិ​ស្ត្រី មេធាវី និង​ជនរងគ្រោះ​ផង​ដែរ ពួកគេ​បាន​ឲ្យ​ដឹង​ថា វា​បាន​បង្កើត​បញ្ហា​ជាច្រើន​ដោយសារ​តែ​មេធាវី និង​ព្រះរាជអាជ្ញា​ជា​ស្ត្រី ជា​ញឹកញាប់​ពួកគេ​មិន​ត្រូវ​បាន​យក​ចិត្ត​ទុកដាក់​ពី​ចៅក្រម​នោះ​ទេ ហើយ​ជនរងគ្រោះ​ពី​ករណី​រំលោភ​បំពាន ឬ​អំពើ​ហិង្សា​ផ្លូវភេទ​ជា​ស្ត្រី​តែង​រង​ការឈឺចាប់ ឬ​ត្រូវ​បាន​ស្តីបន្ទោស​ពី​តុលាការ​ថែម​ទៀត​ផង​។

លោកស្រី សេង រ៉ាស៊ី មកពី​អង្គការ​សិទិ្ធ​ស្ត្រី សីលការ បាន​មើល​ឃើញ​កង្វះ​តំណាង​ស្ត្រី​នេះ​ថា វា​បាន​ជះឥទ្ធិពល​ដល់​ករណី​សំណុំ​រឿង​របស់​តុលាការ ដែល​ពាក់ព័ន្ធ​នឹង​ករណី​រំលោភបំពាន​។ លោកស្រី​បាន​ដកស្រង់​ករណី​ ១ ​ដែល​ក្មេងស្រី​អាយុ ៥ ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់​រំលោភ​សេពសន្ថវៈ​ពី​អ្នក​ជិតខាង​របស់​គាត់​។

លោកស្រី រ៉ាស៊ី ថ្លែង​ថា​៖ «​តុលាការ​បាន​សួរ​ម្តង​ហើយ​ម្តង​ទៀត​...​ដើម្បី​រៀបរាប់​អំពី​ដំណើរ​រឿង​ទាំង​មូល​។ នៅ​ត្រង់​ចំណុច​ខ្លះ ក្មេងស្រី​ដ៏តូច​នោះ​មិន​អាច​ឆ្លើយ​គ្រប់​សំណួរ​បាន​ទេ​ហើយ​ជំនួស​មក​វិញ​ក្មេងស្រី​នោះ​បាន​រត់​ទៅ​ឈរ​ពី​ក្រោយ​ខ្នង​ជីដូន​របស់​នាង​។ ប៉ុន្តែ​ពួកគេ​នាំ​មក​នូវ​សុបិន​អាក្រក់​មួយ​ផ្សេង​ទៀត ដោយ​សាកសួរ​ក្មេងស្រី​តូច​នោះ​ម្តង​ហើយ​ម្តង​ទៀត​»​។

នៅ​ទីបំផុត​ជីដូន​របស់​ក្មេងស្រី​នេះ​បាន​សម្រេច​ទម្លាក់​រឿងក្តី​នេះ​ចោល ដោយសារ​តែ​គាត់​មិន​ចង់​ឱ្យ​ក្មេងស្រី​រងគ្រោះ​នឹក​ឃើញ​ពី​បទពិសោធ​ដែល​នាង​បាន​ជួប​ប្រទេះ​។

លោកស្រី​បន្ត​ទៀត​ថា​៖ «​ជីដូន​របស់​ក្មេងស្រី​នោះ គាត់​មាន​អារម្មណ៍​ឈឺចាប់​។ [​គាត់​] បាន​ដើរ​តាម​មើលថែ​ចៅស្រី​របស់​គាត់​គ្រប់​ទីកន្លែង​នៅ​ក្នុង​ផ្ទះ ហើយ​សំងំ​នៅ​តែ​ក្នុង​ផ្ទះ​ប៉ុណ្ណោះ មិន​ហ៊ាន​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ​ទេ​»​។

លោកស្រី​ថ្លែង​ថា នេះ​មិនមែន​ជា​ឧទាហរណ៍​តែ​មួយ​ប៉ុណ្ណោះ​ទេ ហើយ​ជនរងគ្រោះ​ជា​ស្ត្រី​ដែល​រង​អំពើ​ហិង្សា​ពី​បុរស​ជា​រឿយៗ​ពួកគេ​តែង​មាន​អារម្មណ៍​ឈឺចាប់​ដោយសារ​តែ​នីតិវិធី​របស់​តុលាការ​។

លោកស្រី​បញ្ជាក់​ថា​នៅ​ក្នុង​ករណី​ខ្លះ បណ្តឹង​អំពី​ករណី​រំលោភបំពាន​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​រឿង​ស្រាល​ដែល​គេ​មើលឃើញ​ថា ស្វាមី​ហាក់​មាន​សិទ្ធិ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ភរិយា​។

លោកស្រី​ថ្លែង​ថា​៖ «​ប្រសិន​បើ​ស្ត្រី​ទៅ​ប្តឹង​អាជ្ញាធរ​ពាក់ព័ន្ធ​ករណី​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ នោះ​ពួកគេ​នឹង​សួរ​ថា​៖ «​តើ​អ្នក​បាន​ធ្វើអ្វី​ខុស​? ហេតុអ្វី​បាន​ជា​ស្វាមី​វាយ​? ជា​ឧទាហរណ៍​បើ​គាត់​ឆ្លើយ​ថា គាត់​ដាំស្ល​មិន​ទាន់​ឆ្អិន​ ដោយសារ​តែ​គាត់​រវល់​មើល​កូន នោះ​អាជ្ញាធរ​ក្នុង​តំបន់​គ្រាន់តែ​ឆ្លើយតប​ថា អ្នក​ជា​មនុស្ស​មិន​ល្អ ឬ​មិនមែន​ជា​ស្ត្រី​មេផ្ទះ​ល្អ​ជាដើម​»​។

លោកស្រី ធីតា ឃឹះ នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ ថ្លែង​ថា រឿង​នេះ​ក៏​ជា​បរិបទ​​ដ៏ទូលំទូលាយ​មួយ​ផង​ដែរ​។

លោកស្រី​បញ្ជាក់​ថា ស្ត្រី​ជា​ញឹកញាប់​តែងតែ​ត្រូវ​បាន​ស្តីបន្ទោស​សូម្បី​តែ​ចៅក្រម​ជុំវិញ​ការទទួល​ខុសត្រូវ​ក្នុង​ករណី​វាយដំ​។ លោកស្រី​ថ្លែង​ថា​៖ «​គេ​និយាយ​ថា មកពី​អ្នក​ស្លៀកពាក់​ខ្លីៗ អ្នក​ទៅ​កន្លែង​ដាច់​ស្រយាល​ជាដើម​...»​។

សូម្បី​តែ​ក្នុង​ករណី​អំពើ​ហិង្សា​ផ្លូវភេទ ឬ​អំពើ​ហិង្សា​ក្នុង​គ្រួសារ បញ្ហា​ប្រឈម​នៅ​តែ​មាន​ជាពិសេស​ដោយសារ​តែ​អតុល្យភាព​ចំនួន​មេធាវី​ជា​ស្ត្រី​។ នៅក្នុង​ឆ្នាំ ២០១៧ មាន​មេធាវី​ជា​ស្ត្រី​តែ​ម្នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​មេធាវី ៥ នាក់​ដែល​កាន់​ក្តី​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​។

លោកស្រី​មេធាវី យឹម ថាវី បាន​ថ្លែង​ថា​ពេល​ខ្លះ​ព្រះរាជអាជ្ញា និង​ចៅក្រម​ «​មិន​បាន​គោរព​ និង​ឲ្យ​តម្លៃ​» ​ដល់​មេធាវី​ជា​ស្ត្រី​ទេ ហើយ​ជារឿយៗ​ពួកគេ​នៅ​រង់ចាំ​ចៅក្រម ឬ​ព្រះរាជអាជ្ញា​ក្រឡា​បញ្ជី​ជា​ស្ត្រី​ជា​លទ្ធផល​ធ្វើឱ្យ​អូសបន្លាយ​ពាក្យបណ្តឹង​កាន់តែ​យូរ​។ លោកស្រី​ថ្លែង​ថា​រឿង​នេះ​តែង​កើតឡើង ទោះបី​បុគ្គលិក​តុលាការ​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​អំពី​បញ្ហា​យេនឌ័រ​ក្តី​។

ជនរងគ្រោះ​ក្នុង​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ម្នាក់ ដែល​ស្នើសុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​រៀបរាប់​ថា គាត់​បាន​ដាក់​ពាក្យបណ្តឹង​សុំ​លែងលះ​ដោយសារ​តែ​ស្វាមី​របស់​គាត់​បាន​ប្រើ​ហិង្សា​លើ​រូបគាត់​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។

អ្នកស្រី​ថ្លែង​ថា​៖ «​នៅពេល​ខ្ញុំ​ទៅ​ជួប​មន្ត្រី​តុលាការ​ពួកគេ​តែងតែ​និយាយ​ថា ពួកយើង​នឹង​ត្រូវ​រ៉ូវ​គ្នា​វិញ​ឆាប់ៗ ដូច្នេះ​ហើយ​មិន​ចាំបាច់​លែងលះ​ទេ ហើយ​ពួកគេ​ហាក់​មិន​បាន​យក​ចិត្ត​ទុកដាក់​ករណី​នេះ​ឲ្យ​បាន​ដិតដល់​ទេ​»​។

គាត់​រៀបរាប់​បន្ត​ថា​៖ «​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ភាគច្រើន​កើត​ចេញ​ពី​បុរស ហើយ​អ្នក​កាន់​ក្តី​លើ​ករណី​បែប​នេះ​ជារឿយៗ​តែងតែ​យោគយល់​ទៅ​លើ​បុរស​ជា​ជាង​ស្ត្រី​»​។

ក្រុម​អ្នកតស៊ូ​មតិ​បាន​និយាយ​ថា អសមត្ថភាព ឬ​កង្វះ​ឆន្ទៈ​របស់​តុលាការ​ក្នុង​ការ​ដោះស្រាយ​លើ​ករណី​នេះ​ភ្លាមៗ គឺ​វា​បាន​ដាក់​បន្ទុក​ទៅ​លើ​ស្ត្រី​បន្ថែម​ទៀត​។ មិន​ត្រឹម​តែ​ស្ត្រី​ត្រូវ​ស្ថិត​នៅ​ក្រោម​ភាព​តានតឹង​ខ្លាំង​ពាក់ព័ន្ធ​នឹង​ការអូសបន្លាយ​នីតិវិធី​ប្រឆាំង​នឹង​អ្នករំលោភ​បំពាន​ពួកគាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគាត់​ជា​ញឹកញាប់​តែង​ជួប​មុខ​អ្នក​ដែល​បាន​រំលោភបំពាន​ពួកគាត់ ដែល​ធ្វើឱ្យ​ពួកគាត់​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ហើយ​អាច​ក្លាយ​ជា​ជនរងគ្រោះ​ម្តង​ទៀត​។

ខណៈ​ដែល​ក្រុម​អ្នក​តស៊ូ​មតិ​ភាគច្រើន​សំដៅ​តែ​ទៅ​លើ​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​នោះ​ភាព​ស្រដៀង​គ្នា​នេះ​ក៏​អាច​កើត​មាន​នៅ​ក្នុង​ករណី​ផ្សេង​ទៀត​ដែរ​។

ជនរងគ្រោះ​ម្នាក់​ដែល​ទើប​បាន​វិល​ត្រលប់​មក​វិញ​កាលពី​ខែ​ធ្នូ​ឆ្នាំ ២០១៦ បន្ទាប់ពី​គាត់​ត្រូវ​បាន​គេ​ជួញដូរ​ទៅ​កាន់​ប្រទេស​ចិន​ក្នុង​រូបភាព​រៀបការ​ជា​កូនក្រមុំ​ជាមួយ​ជនជាតិ​ចិន គាត់​ក៏​បាន​រៀបរាប់​រឿងរ៉ាវ​ស្រដៀង​គ្នា​នេះ​ដែរ​។ គាត់​ត្រូវ​បាន​ព្រះរាជអាជ្ញា​សាកសួរ​ប្រហែល​ ២ ​ឬ​ ៣ ​ខែ បន្ទាប់ពី​គាត់​បាន​វិល​ត្រឡប់​មកវិញ​ ប៉ុន្តែ​ចាប់​តាំងពី​ពេល​នោះ​មក​គាត់​មិនដែល​បាន​ឮ​ដំណឹង​អ្វី​ទៀត​ទេ​។

អ្នកស្រី​បាន​រៀបរាប់​ថា​៖ «​ខ្ញុំ​មិន​ដែល​បានឮ​អ្វី​សោះ បន្ទាប់ពី​មាន​ការ​សាកសួរ​កាលពី​លើក​ទី​មួយ​នោះ ហើយ​ជនសង្ស័យ​នៅ​តែ​មាន​សេរីភាព​នៅ​ឡើយ ខណៈ​ដែល​មាន​លេចឮ​ពាក្យ​ចចាមអារ៉ាម​នៅ​ក្នុង​ភូមិ​របស់ខ្ញុំ​ថា ខ្ញុំ​មិន​អាច​ឈ្នះ​ក្តី​ប្រឆាំង​នឹង​រូបគេ​បាន​ទេ​។ ដូច្នេះ​ហើយ​ខ្ញុំ​គ្មាន​សង្ឃឹម​ថា អាច​នឹង​ទទួល​បាន​យុត្តិធម៌​ទេ​»​។

លោកស្រី​មេធាវី​ អ៊ូរ អេឡែន បាន​ថ្លែង​ថា ឧបសគ្គ​សម្រាប់​ស្ត្រី​មាន​កាន់តែ​ច្រើន​ចំពោះ​ការ​ចូល​ទៅ​កាន់តំណែង​នៅក្នុង​ប្រព័ន្ធ​យុត្តិធម៌ គឺថា​ពួកគេ​អាច​នឹង​បោះបង់​ចោល​វិជ្ជាជីវៈ​មួយ​នេះ នៅ​ពេល​ពួកគេ​រៀបការ​រួច​។

លោកស្រី​ថ្លែង​ថា​៖ «​ខ្ញុំ​អាច​ធ្វើការ​ជា​ [​មេធាវី​] បាន ពីព្រោះ​ខ្ញុំ​នៅ​លីវ ដូច្នេះ​ហើយ​ខ្ញុំ​អាច​សម្រេច​ក្តី​សុបិន​របស់​ខ្ញុំ​បាន​។ ប៉ុន្តែ​ជាទូទៅ​នៅ​ពេល​ដែល​ស្ត្រី​ណា​ម្នាក់​រៀបការ​រួច​ហើយ នោះ​ស្វាមី​ និង​កូនៗ​របស់​គាត់​អាច​ធ្វើឲ្យ​គាត់​បោះបង់​»​។

លោកស្រី​ថ្លែង​ថា​ លោកស្រី​មិន​ទុក​ចិត្ត​បុរស​ថា ព្រម​លះបង់​តួនាទី និង​ផ្តល់​មុខ​តំណែង​បន្ថែម​ឲ្យ​ស្ត្រី​ដើម្បី​ធ្វើឱ្យ​មាន​តុល្យភាព​ដោយ​ងាយៗ​នោះ​ទេ​។ «​ពិត​ណាស់​ខ្ញុំ​ចង់​ឱ្យ​មាន​ស្ត្រី​កាន់តែ​ច្រើន​មាន​មុខ​តំណែង​ខ្ពស់​... យើង​ត្រូវតែ​តស៊ូ​ប្រឹងប្រែង សម្រាប់​មុខ​តំណែង​នោះ​ដោយ​ខ្លួនឯង​។ យ៉ាង​ហោច​ណាស់ យើង​ត្រូវ​តែ​មាន​សំឡេង​»​។

លោកស្រី​បន្ត​ថា មិនមែន​មាន​តែ​រឿង​យេនឌ័រ​ជា​បញ្ហា​នៅក្នុង​ប្រព័ន្ធ​យុត្តិធម៌​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អំពើ​ពុករលួយ និង​ករណី​ជាច្រើន​ទៀត​ដែល​ធ្វើឲ្យ​អ្នកស្រី​មាន​អារម្មណ៍​ថា ជា​សាលក្រម​អយុតិ្តធម៌​។ «​កម្ពុជា​មិនមែន​ជា​ឋានសួគ៌​នៃ​យុត្តិធម៌​ទេ​»​។

ទន្ទឹម​នឹង​នេះ​ដែរ​លោកស្រី ធីតា ឃឹះ បាន​សម្តែង​ទុទិ្ទដ្ឋិនិយម​ថា អ្វីៗ​នឹង​មិន​មាន​ការ​ផ្លាស់ប្តូរ​ប្រសើរ​ឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ​។ «​គ្មានអ្វី​ផ្លាស់ប្តូរ​ទេ ចាប់​តាំងពី​ថ្ងៃ​ដែល​ខ្ញុំ​ធ្វើការ​ដំបូង​»៕ NS