
ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍មួយនៅរាជធានីភ្នំពេញកាលពីខែកុម្ភៈ ឆ្នាំនេះ។ ហេង ជីវ័ន
ភ្នំពេញ៖ នៅត្រីមាសទី ១ ឆ្នាំ ២០២១ នេះចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មាន ៤៣៣ នាក់ដែលថយចុះចំនួន ៦០ នាក់ បើប្រៀបធៀបត្រីមាសទី ១ ក្នុងឆ្នាំ ២០២០ ខណៈអ្នករងរបួសមានចំនួន ១ ១១៣ នាក់ថយចុះ ២០២ នាក់។ នេះបើតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ស ខេង បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកត្រីមាសទី១ គឺគិតចាប់ពីខែមករា ដល់ដំណាច់ខែមីនា ឆ្នាំ ២០២១នេះ ដែលអត្រាគ្រោះថ្នាក់ស្លាប់ និងរងរបួសមានការថយចុះគួរឲ្យកត់សម្គាល់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីត្រីមាសទី ១ ឆ្នាំ ២០២០។
យោងតាមរបាយការណ៍ ក្នុងត្រីមាសទី១ ឆ្នាំ ២០២១ នេះបានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងសរុបចំនួន ៧៦៣ លើក ថយចុះចំនួន ១៥៣ លើកស្មើនឹង ១៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាគឺត្រីមាសទី ១ ឆ្នាំ ២០២០ ដែលមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៩១៦ លើក។
ចំពោះអត្រាអ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍បានថយចុះរហូតដល់ ៦០ នាក់ បើប្រៀបធៀបត្រីមាសទី ១ ឆ្នាំមុន ដែលមានអ្នកស្លាប់ចំនួន ៤៩៣ នាក់ ប៉ុន្តែការស្លាប់នៅត្រីមាសទី ១ ឆ្នាំ ២០២១នេះ ចំនួនមានត្រឹមតែ ៤៣៣ នាក់។
រីឯ អត្រាអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍វិញនៅត្រីមាសទី ១ ឆ្នាំ ២០២១នេះ គឺមានចំនួន ១ ១១៣ នាក់ ថយចុះ ២០២ នាក់ស្មើនឹង ១៥ ភាគរយ បើធៀបនឹងរយៈពេល ១ ត្រីមាសដូចគ្នា កាលពីឆ្នាំ ២០២០ ដែលមានអ្នករងបួស ១៣១៥ នាក់៕