ភ្នំពេញៈ ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ ខណៈ​មាន​ការរឹតបន្តឹង​ច្បាប់​ចរាចរណ៍​ដោយ​បង្កើន​ប្រាក់​ផាកពិន័យ​តាម​អនុក្រឹត្យ​ថ្មី​។

តួលេខ​របស់​សមត្ថកិច្ច​បាន​បង្ហាញថា រយៈពេល​ ៤ ​ថ្ងៃ​ដើមខែ​ឧសភា​នេះ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ២២ ​លើក​បណ្ដាល​ឱ្យស្លាប់​ ១១ ​នាក់ និង​រងរបួស​ ២៨ ​នាក់​។

គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​ចេញ​ផ្សាយ​ម្សិលមិញ​ថា នៅ​ថ្ងៃទី​ ៤ ខែ​ឧសភា​នៅ​ទូទាំងប្រទេស​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ២ ​លើក​ដោយសារ​ការបើកបរ​លើស​ល្បឿន​កំណត់​ និង​បត់​មិន​ប្រយ័ត្ន​។ ក៏ប៉ុន្តែ​គ្រោះថ្នាក់​ទាំងនេះ​មិន​បាន​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ទេ តែ​មាន​អ្នករបួសធ្ងន់​ ៣ ​នាក់ និង​ស្រាល​ម្នាក់​។

ចំណែក​ទី​ថ្ងៃទី​ ៣ ឧសភា មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ ៧ ​លើក​បណ្ដាល​ឱ្យ​ស្លាប់​ ២ របួស​ចំនួន​ ៩ ​នាក់​។ នៅ​ថ្ងៃទី​ ២ ​ឧសភា​មាន​គ្រោះថ្នាក់​កើតឡើង​ចំនួន​ ៦ ​លើក​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​រងរបួស​ចំនួន​ ១២​។ ប៉ុន្តែ​នៅ​ថ្ងៃទី​ ១ ​ឧសភា​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​ ៧ ​លើក​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់ ៨ ​នាក់​ និង​របួស​ចំនួន​ ៣ ​នាក់​។

គេហទំព័រ​អគ្គស្នងការដ្ឋាន​បាន​បញ្ជាក់ថា ករណី​គ្រោះថ្នាក់​នៅ​ថ្ងៃទី​ ១ គឺ​បណ្ដាល​មកពី​ការបើកបរ​លើស​ល្បឿន​កំណត់​ចំនួន​ ២ ​លើក​មិន​គោរព​សិទ្ធិ​ ១ ​លើក​ប្រជែង​ ២ ​លើក និង​បត់​មិន​ប្រយ័ត្ន​ចំនួន​ ២ ​លើក​។

ការស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ថយចុះ​បែប​នេះ​បាន​កើតឡើង​ស្រប​ពេលដែល​រដ្ឋាភិបាល​បានដាក់​កងកម្លាំង​ជាង​ ៣ ​ពាន់​នាក់​នៅ​ទូទាំង​ប្រទេស​តាំងពី​ថ្ងៃទី​ ១ ឧសភា​មក ដើម្បី​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ដោយ​មាន​ការបង្កើន​ប្រាក់​ផាកពិន័យ​ទៅដល់​ ៣ ​ដង​ ឬ​ ៥ ​ដង​តាម​អនុក្រឹត្យ​ថ្មី​ក្នុង​គោលបំណង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់ និង​របួស​ជា​អតិបរមា​នៅក្នុង​ឆ្នាំនេះ​។

ការអនុវត្ត​ច្បាប់​តាម​អនុក្រឹត្យ​ថ្មី​នេះ​កម្លាំង​សមត្ថកិច្ច​បាន​ផាកពិន័យ​យានយន្ត​រាប់ពាន់​គ្រឿង​នៅ​ទូទាំង​ប្រទេស​។

លោក​ ឈួន វ៉ន់ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា គិត​មកទល់​ពេល​នេះ​មិនទាន់​មាន​ការវាយតម្លៃ​អំពី​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​នៅឡើយ​ទេ​ចាប់​តាំងពី​មាន​ការរឹតបន្តឹង​ច្បាប់​ចរាចរណ៍​កាលពី​ថ្ងៃទី​ ១ ឧសភា​មក​។ ប៉ុន្តែ​លោក​ចាត់ទុក​ការថយចុះ​ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​​ថា​ជា​មោទនភាព​មួយ ហើយ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​អាច​នឹង​មាន​ការប្រជុំ​ក្នុង​ ១ ​សប្ដាហ៍​ម្ដង ដើម្បី​វាយតម្លៃ​អំពី​ការគ្រោះថ្នាក់​ចរាចរណ៍​នេះ​។

លោក​ថា​៖ «​អ្វីដែល​ខ្ញុំ​បានឃើញ​ជាក់ស្ដែង គឺ​បងប្អូន​បាន​ចូលរួម​គោរព​ច្បាប់​។ ដូចជា​នៅ​កន្លែង​ឆៀក​ឡាន និង​កន្លែង​ប្រឡង​យក​បណ្ណ​បើកបរ ឬ​ប្ដូរ​បណ្ណ​បើកបរ​ជាដើម​គឺ​ពលរដ្ឋ​បានមក​ទទួលយក​សេវា​នេះ​ច្រើន​។ អ៊ីចឹង!​ខ្ញុំ​ជឿថា បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ច្រើន​ក្នុង​ការគោរព​ច្បាប់ និង​ការអនុវត្ត​ច្បាប់​ដែល​មួយរយៈ​នេះ​យើង​ឃើញ​មាន​ការធ្លាក់ចុះ​»​។

លោក គង់ រតនៈ ប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​សាទរ ចំពោះ​ការថយចុះ​នៃ​ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។ ​ប៉ុន្តែ​លោក​មិនទាន់​ហ៊ាន​អះអាង​ថា លទ្ធផល​ជោគជ័យ​បែប​​នេះ​នឹង​បន្ត​កើតមាន​ក្នុង​រយៈពេល​យូរ​ទៀត​ឬ​យ៉ាងណា​ឡើយ ពីព្រោះ​ការកែប្រែ​ឥរិយាបថ​របស់​ពលរដ្ឋ​ដែល​ងាក​មក​គោរព​ច្បាប់​នាពេល​នេះ​គឺ​អាស្រ័យ​លើ​ការដាក់​ពង្រាយ​កម្លាំង​ត្រួតពិនិត្យ​នៅតាម​ដងផ្លូវ​។

លោក​បន្តថា​៖ «​យើង​មិនអាច​កំណត់​ថា វា​បាន​ប៉ុនណា និង​បន្ត​អ៊ីចឹង​រហូត​ទេ ព្រោះ​យើង​អត់​ដឹងថា ការអនុវត្ត​ច្បាប់​ហ្នឹង​នឹងធ្វើ​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ទៅទៀត​ទេ ហើយ​ប្រសិន​បើ​គាត់​ធ្វើ​ជាប់លាប់ ខ្ញុំ​ជឿជាក់​ថា លទ្ធផល​ហ្នឹង​នឹង​រក្សា​។ ​យើង​លើកទឹកចិត្ត​ថា​ការអនុវត្ត​ច្បាប់​ត្រូវតែ​​មាន ដើម្បី​ជំរុញ​ឱ្យ​ពលរដ្ឋ​កែប្រែ​ឥរិយាបថ​នៅតាម​ដងផ្លូវ​»​។

ទោះជា​យ៉ាងណា​លោក គង់ រតនៈ បន្ត​ស្នើសុំ​ឱ្យ​អាជ្ញាធរ​គួរតែ​កុំ​ផាកពិន័យ​ធ្ងន់ធ្ងរ​ពេក ដើម្បី​ចៀសវាង​កុំឱ្យ​ត្អូញត្អែរ​ពី​ពលរដ្ឋ​ថា​ការរឹតបន្តឹង​ច្បាប់​បែបនេះ ជា​ការដាក់បន្ទុក​បន្ថែម​ទៀត​ទៅ​​លើ​ពួកគាត់​ដែល​កំពុងតែ​ប្រឈម​នឹង​បញ្ហា​ជីវភាព​ដោយសារ​ជំងឺ​កូវីដ​១៩​។ លោក​បន្តថា រដ្ឋាភិបាល​និង​ពលរដ្ឋ​គួរតែ​ធ្វើ​សុខដុម​នីយកម្ម​ជាមួយ​គ្នា ដើម្បី​ស្ដាប់​គ្នា​ទៅវិញ​ទៅមក​ក្នុង​ការកែប្រែ​ចំណុច​មួយ​ចំនួន​នៅក្នុងពេល​រឹតបន្តឹង​ច្បាប់​នេះ​។

ភ្នំពេញ​ប៉ុស្ដិ៍​មិនអាច​សុំ​ការបញ្ជាក់​ពី​លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ និង​លោក ហ៊ឹម យ៉ាន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បានទេ​កាលពី​​ម្សិលមិញ​។

ទាក់ទង​នឹង​បញ្ហា​នេះដែរ​កាលពី​ថ្ងៃ​ម្សិលមិញ អគ្គស្នងការដ្ឋាន​នគរបាលជាតិ និង ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បានរៀបចំ​កិច្ចប្រជុំ​រួម​គ្នា​ស្ដីពី​ការបង្កើត​ក្រុមការងារ​ប្រព័ន្ធ​ព័ត៌មាន​ទាន់​ហេតុការណ៍​ ១១៧ (Hotline) ​ដើម្បី​ឆ្លើយតប​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ និង​ការរឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។

ក្រុមការងារ​ព័ត៌មាន​ទាន់​ហេតុការណ៍​នេះ​ក៏​មាន​ភារកិច្ច​តាមដាន​ឆ្លើយតប​សំណួរ​របស់​ពលរដ្ឋ តាម​ប្រព័ន្ធ​ព័ត៌មាន​សង្គម​ Facebook វិទ្យុ ទូរទស្សន៍ និង​​សារព័ត៌មាន​ផ្សេងៗ​ទៀត​៕