ភ្នំពេញ៖ ចំនួននៃអ្នកឆ្លងវីរុសកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្នុងរយៈពេលតែជាង ២ ខែ មកនេះ បានកើនឡើងដល់ជាង ១ ម៉ឺននាក់ហើយ ខណៈដែលអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ បានកើនឡើងរហូតជិត ៨០ នាក់។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយនារសៀលថ្ងៃចន្ទ ទី ២៦ ខែមេសានេះ បានឱ្យដឹងថា មនុស្សចំនួន ៥៨០ នាក់ទៀត ត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ ១៩ និងមានអ្នកជាសះស្បើយចំនួន ១៧៧ នាក់។
ក្រសួងបានបន្តថា ក្នុងចំណោមអ្នករកឃើញថ្មីក្នុងថ្ងៃនេះ មានអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ចំនួន ៥៧៩ នាក់ និងម្នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
អ្នករកឃើញឆ្លងថ្ងៃនេះ មាននៅរាជធានីភ្នំពេញចំនួន ៣៣៧ នាក់ ខេត្តព្រះសីហនុ ៩១ នាក់ ខេត្តបន្ទាយមានជ័យ ៩១ នាក់ ខេត្តកណ្ដាលចំនួន ៥១ នាក់ ខេត្តកំពង់ធំ និងស្វាយរៀងមានចំនួន ២ នាក់ដូចគ្នា និងខេត្តស្វាយរៀង ត្បូងឃ្មុំ កែប កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺមានអ្នកឆ្លងចំនួន ០១ នាក់ដូចគ្នា។
គិតត្រឹមព្រឹកថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២១ នេះ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ ១៩ សរុបចំនួន ១០ ៥៥៥ នាក់ ក្នុងនោះអ្នកដែលឆ្លងក្នុងព្រឹត្តិកាណ៍សហគមន៍ ២០ កុម្ភៈ មានរហូតដល់ចំនួន ១០ ០០៥ នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន ៣ ៥៧៧ នាក់ អ្នកកំពុងព្យាបាលចំនួន ៦ ៨៩២ នាក់ និងអ្នកស្លាប់ចំនួន ៧៩ នាក់។
ករណីអ្នកជំងឺជាជនជាតិខ្មែរចំនួន ៥ នាក់ ដែលបានស្លាប់ក្នុងថ្ងៃនេះ មានស្រ្តីអាយុ ៥៨ ឆ្នាំ អាយុ ៨១ ឆ្នាំ បុរសអាយុ ៤១ ឆ្នាំ អាយុ ៥១ ឆ្នាំ និងអាយុ ៣២ ឆ្នាំ។ អ្នកទាំងនេះ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, មន្ទីរពេទ្យក្នុងខេត្តកែប, មណ្ឌលសុខភាពចាក់អង្រែ និង ២ នាក់ស្លាប់នៅមន្ទីរពេទ្យហ្លួងម៉ែ៕