ភ្នំពេញៈ ចំនួន​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩ ​នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ហាក់ដូច​មាន​ភាពធូរស្បើយ​ដោយ​ចំនួន​នៃ​អ្នក​ឆ្លង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ មានការ​ថយចុះ​គួរឱ្យ​កត់សម្គាល់ ប៉ុន្តែ​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​បែរ​ជា​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ​មានការ​កើនឡើង​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ​១៩ កាលពី​ថ្ងៃទី​ ១៤ ខែឧសភា បាន​ស្នើឱ្យ​អភិបាល​រាជធានី-ខេត្ត​ត្រូវ​ពង្រឹង​បន្ថែម​នូវ​វិធានការ​ទប់ស្កាត់​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ ​នៅតាម​មូលដ្ឋាន​របស់ខ្លួន​។

លោក​លើកឡើងថា៖ «​ការដាក់​វិធានការ​បិទខ្ទប់​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល​គឺជា​មេរៀន​បទពិសោធ ដែល​គួរ​ត្រូវបាន​ដកស្រង់​ដើម្បី​ប្រតិបត្តិ​នៅតាម​មូលដ្ឋាន​របស់ខ្លួន​ទៅតាម​ស្ថានភាព​ជាក់ស្តែង​»​។

លោក​ ម៉ម ប៊ុនហេង បន្ថែមថា អភិបាល​រាជធានី-ខេត្ត​ទាំងអស់​ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់ វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ និង​ជំងឺឆ្លង​កាច​សាហាវ​ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ព្រមទាំង​លើកកម្ពស់​ការយល់ដឹង​អំពី​វិធានការ​បង្ការ​ជំងឺ​កូវីដ​១៩​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ទៅ​ដល់​បុគ្គល គ្រួសារ និង​សហគមន៍​។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ បន្ទាប់ពី​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​វីរុស​កូវីដ​ ១៩​ ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​មាន​ការថយចុះ​នៅ​ខេត្តតាកែវ មានការ​ឆ្លង​រាលដាល​នូវ​ជំងឺ​នេះ​ជា​រៀងរាល់ថ្ងៃ ដែល​រហូតមក​ដល់​ពេល​នេះ មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩​ ជាង​ ១០០ ​នាក់​ហើយ ដែល​ភាគច្រើន​ជា​កម្មករ-កម្មការិនី​រោងចក្រ​ដោយ​គិត​ត្រឹម​ថ្ងៃទី​ ១៦ ឧសភា​ គឺមាន​អ្នក​ឆ្លង​រហូតដល់​ ៥១ ​នាក់​។

លោក មាស អ៊ុយ នាយក​រដ្ឋបាល​សាលាខេត្ត​តាកែវ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៧ ​ខែឧសភា​ថា រដ្ឋបាលខេត្ត​តែងតែ​ត្រៀម​បង្ការ​ជាប់​ជានិច្ច​ហើយក៏​បាន​ធ្វើការ​បិទខ្ទប់​តំបន់​ដែល​រកឃើញ​មាន​ការឆ្លង​ច្រើន​ផងដែរ​។ លោក​ប្រាប់ថា​៖ «​អ្នក​ដែល​បាន​ឆ្លង​ភាគច្រើន​ជា​កម្មករ​រោងចក្រ ដែល​ស្ថិត​ក្បែរ​នឹង​រាជធានី​ភ្នំពេញ​ក្នុង​នោះ​មានស្រុក​បាទី ស្រុក​ព្រៃកប្បាស និង​ស្រុក​សំរោង ដែលមាន​ការឆ្លង​ច្រើនជាងគេ​»​។

អាជ្ញាធរខេត្ត​បាន​ធ្វើការ​ពង្រីក​កន្លែង​ធ្វើ​ចត្តាឡីស័ក​សម្រាប់​អ្នក​ដែលមាន​ការសង្ស័យ និង​អ្នក​ដែលមាន​ការពាក់ព័ន្ធ ហើយ​សម្រាប់​អ្នក​ដែល​ចេញពី​តំបន់​ហានិភ័យ​នៃ​រាជធានី​ភ្នំពេញ​ និង​ខេត្តកណ្តាល គឺ​តម្រូវឱ្យ​ពិនិត្យ​សុខភាព និង​ធ្វើ​ចត្តាឡីស័ក​ជាមុនសិន​។

ចំណែក​នៅ​ខេត្ត​ព្រះសីហនុ ការរកឃើញ​អ្នកមាន​វិជ្ជមាន​វីរុស​កូវីដ​ ១៩​ នៅតែ​បន្ត​មាន​ជា​រៀងរាល់ថ្ងៃ​ផងដែរ ជាហេតុ​នៅ​ថ្ងៃទី​ ១៧ ខែឧសភា អភិបាលខេត្ត លោក​ គួច ចំរើន បានសម្រេច​ធ្វើការ​ផ្អាក​បណ្តោះអាសន្ន​នូវ​ដំណើរការ​ទីតាំង​ចំនួន ​៤ ​កន្លែង នៅក្នុង​ភូមិសាស្ត្រ​ក្រុងព្រះសីហនុ និង​ដាក់​ជា​មណ្ឌល​ចត្តាឡីស័ក​ផងដែរ​។

យោងតាម​សេចក្តី​ប្រកាស​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ឱ្យ​ដឹងថា ទីតាំង​ចំនួន​ ៤ ​ដែល​ត្រូវបាន​ផ្អាក​នោះ​មាន​សណ្ឋាគារ​យៀកឡាយ (Yue-lai Hotel) ធនាគារ​រួយលី (RUI LI Bank), ផ្សារ​ទំនើប​ខ្នាតតូច ឡាន​ធានហ្គូជីសាងឆឹង ដែល​ទីតាំង​ទាំង​ ៣ ​នេះ​ស្ថិត​ក្នុងភូមិ​ ១ សង្កាត់​លេខ​ ៣ និង​ទីតាំង​មួយទៀត ជា​កាស៊ីណូ​អន្តរជាតិ​វួយនីស៊ឺ (DV) ដែល​ស្ថិត​ក្នុងភូមិ​ ៤ សង្កាត់​លេខ​ ៤ ក្រុង​ព្រះសីហនុ​។

ការបិទផ្អាក​នេះ​ធ្វើឡើង​ បន្ទាប់ពី​ក្រុម​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​យក​វត្ថុ​សំណាក​ពី​ភ្ញៀវ ពី​បុគ្គលិក​បម្រើ​ការងារ​ និង​កម្មករ នៅតាម​ទីតាំង​ចំនួន​ ៤ ​កន្លែង​នេះ និង​បាន​បញ្ជាក់ថា មាន​វិជ្ជមាន​វីរុស​កូវីដ​ ១៩​។

លោក គួច ចំរើន លើកឡើងថា៖ «​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩​ទៅដល់​អ្នកផ្សេងៗ​ទៀត រដ្ឋបាលខេត្ត​ព្រះសីហនុ​សម្រេច​ផ្អាក​ជាបណ្តោះអាសន្ន​នូវ​ទីតាំង​ទាំងនេះ​រយៈពេល​ ១៤ ​ថ្ងៃ​ចាប់ពី​ថ្ងៃនេះ​តទៅ​»​។

ជាមួយ​គ្នា​នេះ លោក​ គួច ចំរើន បានឱ្យ​ម្ចាស់​ទីតាំង​ទាំង​ ៤ ​នេះ​ត្រូវ​សហការ​ជាមួយ​ក្រុម​ការងាររដ្ឋបាល​ខេត្ត​ ដើម្បី​ស្វែងរក​អ្នក​ដែលមាន​ការពាក់ព័ន្ធ​ដើម្បី​ផ្តល់​សំណាក​ផងដែរ​។

ទន្ទឹមនឹង​នេះដែរ រដ្ឋបាល​ខេត្តសៀមរាប​បាន​បិទ​ការចេញចូល​ជា​បណ្តោះអាសន្ន​នៅ​ទីតាំង​ផ្ទះ អាជីវកម្មដ្ឋាន​ចំនួន​ ១៦ ​កន្លែង​នៅក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប​ចាប់ពី​ថ្ងៃទី​ ១៦ ខែឧសភា រហូត​មាន​ការជូន​ដំណឹង​ជាថ្មី​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​នៅ​ថ្ងៃ​ចន្ទ​ ១៧ ​ឧសភា បានឱ្យដឹងថា ការផ្អាក​ទីតាំង​ទាំង​ ១៦ ​កន្លែង​នេះ​ធ្វើឡើង​ បន្ទាប់ពី​អ្នក​ជំងឺ​កូវីដ​១៩​ម្នាក់​មាន​ការពាក់ព័ន្ធ និង​ចេញចូល​ក្នុង​ទីតាំង​ទាំងអស់នេះ​តាំងពី​ថ្ងៃទី​ ១១ ខែឧសភា មក​។

សម្រាប់​ខេត្ត​កែប​វិញ បន្ទាប់ពី​មានការ​ឆ្លង​ចូលក្នុង​សហគមន៍​ជាង​ ១០ ​ករណី​មក​ចាប់ពី​ថ្ងៃទី​ ៨ ខែឧសភា រហូតមកដល់​ថ្ងៃនេះ​មិនទាន់​មាន​ករណី​រកឃើញ​ឆ្លង​ថ្មី​ទៀត​ទេ​ដោយសារ​អាជ្ញាធរខេត្ត​បាន​បន្ត​រឹតបន្តឹង​ និង​ប្រកាន់ខ្ជាប់​នូវ​វិធានការ​សុខាភិបាល​យ៉ាង​តឹងរ៉ឹង​ជាប់​ជានិច្ច​។

លោក វ៉ៅ សុខា អភិបាលរង​ខេត្ត​កែប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ ១៧ ​ឧសភា​ថា ចាប់តាំងពី​ថ្ងៃទី​ ០៨ មកដល់​ថ្ងៃនេះ ខេត្ត​កែប​មិនមាន​ការរកឃើញ​អ្នកឆ្លង​ករណី​ថ្មី​ទេ ដែល​ទាំងនេះ​ដោយសារ​តែ​ការអនុវត្ត​តឹងរ៉ឹង​របស់​អាជ្ញាធរខេត្ត និង​ក្នុង​មូលដ្ឋាន​ភូមិ ឃុំ​។

លោក​ថ្លែងថា៖ «​យើង​បានដាក់​កន្លែង​ត្រួតពិនិត្យ​សុខភាព​នៅតាម​ផ្លូវជាតិ​សំខាន់ៗ​មុន​ឆ្លង​ចូលទៅក្នុង​ខេត្ត ដោយ​យើង​តម្រូវឱ្យ​មានការ​វាស់​កំដៅ​ និង​ការបាញ់​អាល់កុល​ផងដែរ ហើយ​អ្វីដែល​សំខាន់​ជាង​នេះ​គឺ ការសហការ​រវាង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ និង​អាជ្ញាធរ​តែម្តង​»​។

យោងតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​ ១៧ ខែឧសភា បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ ចំនួន ៣៦០ នាក់ បន្ថែម​ទៀត ខណៈ​អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ​មាន​រហូតដល់ ៨៨៦ ​នាក់​ និង​អ្នកទទួល​មរណភាព​បន្ថែមទៀត​ចំនួន​ ៤ ​នាក់​។

អ្នកមាន​វិជ្ជមាន​វីរុស​កូវីដ ១៩ នេះ​មាន​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ចំនួន ៣៥៦ នាក់ និង​អ្នកដំណើរ​ពី​បរទេស​ចំនួន ៤ នាក់​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ​ ២០២១ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩ សរុប​ចំនួន ២២ ៥៤៤ នាក់​ អ្នក​ជា​សះស្បើយ​ចំនួន​ ១៣ ០០៦ នាក់​ និង​អ្នកស្លាប់​បាន​កើនឡើង​រហូតដល់ ១៥៤ នាក់​៕

វីដេអូ៖