ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍​ បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ឆ្លង​មេរោគ​អេដស៍​ថ្មី​ក្នុង​ឆ្នាំ ២០១៨ ត្រូវ​បាន​រក​ឃើញ​ថា ​មាន​ការ​កើន​ឡើង​ជាង ៨០០ នាក់ ​ហើយ​ភាគ​ច្រើន​នៃ​អ្នក​ឆ្លង​ថ្មី​ទាំង​នោះ​ គឺ​កើត​លើ​ក្រុម​បុរស​រួមភេទ​ជាមួយ​បុរស ​ខណៈ​របាយការណ៍​ក្រសួង​សុខាភិបាល​ក៏​បាន​បង្ហាញ​ដែរ​ថា ​អ្នក​ជំងឺ​ជាង ​៥០០ នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​អេដស៍។

តាម​ការ​ប៉ាន់​ប្រមាណ​នៃ​ទិន្នន័យ​ Spectrum AIM ​ឆ្នាំ ២០១៥​ របស់ ​UNAIDS ​បាន​ឲ្យ​ដឹង​ថា ​ក្នុង​ឆ្នាំ ២០១៧ មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​សរុប​ចំនួន ​៦៨ ៦៧៨ នាក់ ​ចំណែក​ករណី​អ្នក​ឆ្លង​មេរោគ​អេដស៍​ថ្មី​មាន​ចំនួន ​៥៧២ នាក់។

លោក ​តែង គន្ធី​ ​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ពុធ​ថា ​ចំនួន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ គឺ​អ្នក​មាន​អាយុ​ចន្លោះ​ពី ១៥ ​ទៅ ៤៩ ឆ្នាំ ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទូទៅ​មាន​ជាង ​៧ ម៉ឺន ​៦ ​ពាន់​​នាក់ ​ដែល​ជា​តួលេខ​នៃ​ការ​ប៉ាន់​ប្រមាណ​សម្រាប់​ឆ្នាំ ២០១៨។

លោក​បន្តថា​ សម្រាប់​កម្ពុជា​អត្រា​ផ្ទុក​មេរោគ​អេដស៍​ ជា​ទូទៅ​មាន​ការ​ថយ​ចុះ​ក្នុង​រយៈពេល ​៤ ឆ្នាំ ​បន្ទាប់​ពី​បាន​ធ្វើ​ការ​សិក្សា​កាល​ពី​ឆ្នាំ ២០១៤។ ប៉ុន្តែ​ចំនួន​នេះ​មាន​ការ​កើន​ឡើង​អ្នក​ឆ្លង​ថ្មី​ក្នុង​ឆ្នាំ ២០១៨ ​បើ​ធៀប​នឹង​ឆ្នាំ ២០១៧។

លោក​បញ្ជាក់​ថា​៖ «អ៊ីចឹង​រហូត​មក​ដល់​ឆ្នាំ ២០១៨ ​យើង​ទើប​តែ​ធ្វើ​ឡើង​វិញ ​ហើយ​សម្ទុះ​របស់​វា​នៃ​ការ​ប៉ាន់​ប្រមាណ​ហ្នឹង ​យើង​ឃើញ​ទៅ​មិន​ខុស​ប៉ុន្មាន​ពី​លើក​មុន​ទេ ​មាន​ន័យថា​ ការ​បង្ហាញ​របស់​យើង​គឺ​ត្រឹមត្រូវ។ ខ្ញុំ​សូម​បញ្ជាក់​ឡើង​វិញ​ថា​ ការ​ប៉ាន់​ប្រមាណ​របស់​យើង ​គឺ​ឃើញ ០,៥ ភាគរយ ​ក្នុង​ចំណោម​ហ្នឹង។ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់សម្គាល់​ដោយសារ​តែ​យើង​សង្កេត​ឃើញ​ថា ​អ្នក​ឆ្លង​ថ្មី​អាច​រក​ឃើញ​ថ្មី​ច្រើន ​ទាក់ទង​ជា​ពិសេស​ទៅ​លើ​ក្រុម​បុរស​រួម​ភេទ​ជាមួយ​បុរស និង​ក្រុម​ស្រីស្រស់»។

ទោះ​យ៉ាង​ណា ​លោក ​គន្ធី ​អះអាង​ថា​ បញ្ហា​នេះ​នៅ​ជា​ដំណាក់​កាល​មួយ​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​បាន​នៅ​ឡើយ ​ព្រោះ​តែ​ក្នុង​ចំណោម​អ្នក​ផ្ទុក​មេរោគ​អេដស៍​ទាំង​ជាង ​៧ ម៉ឺន​នាក់​នេះ ​មាន​ជាង ៨៦ ភាគរយ ​បាន​មក​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍ និង​មាន​ដល់​ទៅ​៩៨ ភាគរយ ​បាន​មក​ទទួល​ការ​ព្យាបាល។ លោក​បន្ត​ថា ​នេះ​គឺ​ជា​អត្រា​មួយ​ដ៏​ខ្ពស់ ​ដែល​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​នៃ​ការ​តាម​ដាន​ និង​ការ​ផ្តល់​សេវា​ជុំវិញ​បញ្ហា​ជំងឺ​អេដស៍​នៅ​កម្ពុជា។

តែ​យ៉ាង​ណា​ លោក​ក្រើន​រំឭក​ដល់​ប្រជាពលរដ្ឋ​ទូទៅ ​គួរ​បន្ត​ប្រុងប្រយ័ត្ន ​និង​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្ពស់​ក្នុង​ការ​ការពារ​ខ្លួន​ឲ្យ​ចៀស​ផុត​ពី​មេរោគ​អេដស៍ ​ស្រប​ពេល​ចំនួន​អ្នក​ឆ្លង​ថ្មី​មាន​អត្រា​ខ្ពស់​នេះ ​បាន​ឆ្លង​ទៅ​លើ​ក្រុម​បុរស​រួមភេទ​ជាមួយ​បុរស ​ឬ​ក្រុម​ស្រី​ស្រស់។ ព្រោះ​ពួក​គេ​ស្ថិត​ក្នុង​ស្ថានភាព​ងាយ​រងគ្រោះ​ពី​កត្តា​ធម្មជាតិ ​ហើយ​ពួក​គេ​ហាក់​មិន​មាន​ការ​ខ្លាច​រអា ​និង​មាន​ការ​យល់​ច្រឡំ​នឹង​ជំងឺ​នេះ។

លោក​ថា​៖ «ការ​យល់​ដឹង​ពី​បញ្ហា​​ជំងឺ​អេដស៍​របស់​ពួក​គេ​នៅ​មាន​កម្រិត ​ជា​ពិសេស​អ្នក​នៅ​តាម​បណ្តា​ខេត្ត ​និង​ទី​ជនបទ​ដាច់​ស្រយាល។ សូម​យក​ចិត្ត​ទុក​ដាក់​ផង ​គ្មាន​អ្វី​ក្រៅ​ពី​​ការ​ប្រើប្រាស់​ស្រោម​អនាម័យ​នោះ​ទេ ​ដើម្បី​ការពារ ព្រោះ​មាន​ន័យ​ថា ​កម្ពុជា​នៅ​តែ​អាច​ធ្វើ​ការ​បន្ត​ចម្លង​ថ្មី ​ដែល​សូម​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ ប្រើប្រាស់​ស្រោម​អនាម័យ​នៅ​ពេល​ដែល​មាន​ដៃគូ​ខាង​ក្រៅ»។

របាយការណ៍​សមិទ្ធផល​សុខាភិបាល ​ឆ្នាំ ២០១៨ ​របស់​ក្រសួង​សុខាភិបាល​​ឲ្យ​ដឹង​ថា​ គិត​ត្រឹម​ត្រីមាស​ទី៣​ ឆ្នាំ ២០១៨ មាន​អ្នក​ជំងឺ​ចំនួន ៥២៥ នាក់ ​ត្រូវ​បាន​រាយការណ៍​ថា​ បាន​ស្លាប់​ដោយសារ​មេរោគ​អេដស៍ ​ខណៈ​មាន​អ្នក​ជំងឺ​សកម្ម​សរុប​ចំនួន ៥៩ ៥៥១ នាក់ ​កំពុង​ទទួល​ឱសថ​ប្រឆាំង​នឹង​មេរោគ​អេដស៍។ ក្នុង​នោះ​មាន​ជាង ៥ ម៉ឺន ៦ ពាន់​នាក់ ជា​មនុស្ស​ពេញ​វ័យ​ និង​ជាង ៣ ពាន់​នាក់ ​ជា​កុមារ។

បើ​តាម​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ ​ខេត្ត​ដែល​មាន​អត្រា​អ្នក​ឆ្លង​មេរោគ​អេដស៍​ច្រើន គឺមាន​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប ​បាត់ដំបង ​បន្ទាយមានជ័យ ​ខេត្តកណ្តាល ​ខេត្ត​កំពង់ចាម ​ព្រោះ​ខេត្ត​ទាំង​នេះ​មាន​ប្រជាជន​ច្រើន​ជាង​ខេត្ត​ដទៃ។

កញ្ញា ឈឿង រចនា អ្នក​សម្របសម្រួល​គម្រោង​មូលនិធិ​មីក្រូ​ ឥន្ធនូ​អន្តរជាតិ ​បាន​និយាយ​ថា ​ជាក់​ស្តែង​បញ្ហា​ទាំង​នេះ ​នៅ​តែ​បន្ត​កើត​មាន​ឡើង​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ។ ជា​ពិសេស​គឺ​លើ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ​ដែល​បន្ត​រីក​រាលដាល​នៅ​ក្នុង​សហគមន៍ ​ដោយសារ​តែ​កត្តា​រើស​អើង។ កញ្ញា​បន្ត​ថា ​ជា​គោល​នយោបាយ​ក្នុង​ការ​លុប​បំបាត់​​ជំងឺ​អេដស៍ ​គឺ​ត្រូវ​តែ​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​ឆ្លង​ថ្មី ​ការ​ស្លាប់​របស់​អ្នក​ជំងឺ​អេដស៍ ​និង​មិន​ឲ្យ​មាន​ការ​រើសអើង​ប៉ុន្តែ​អ្វី​ទាំង​នេះ ​នៅ​តែ​បន្ត​កើត​មាន​នៅ​ក្នុង​សហគមន៍។

កញ្ញា​បញ្ជាក់​ថា​៖ «ចំណែក​អ្នក​ស្រឡាញ់​​ភេទ​ដូច​គ្នា ​នៅ​តែ​ប្រឈម​នឹង​ការ​រើសអើង ​ការ​លាក់​មុខ ​(របស់​អ្នក​ផ្ទុក​មេរោគ​អេដស៍) ​នៅ​តែ​មាន​ ដូច្នេះ​អត្រា​នៃ​ការ​ឆ្លង​នៅ​តែ​មាន​រហូត។ អាជ្ញាធរ​ និង​អ្នក​ធ្វើ​ការ​ទៅ​លើ​ជំងឺ​អេដស៍​ហ្នឹង​ ត្រូវ​គិតគូរ​ទៅ​ដល់​ការ​ឆ្លើយ​តប​នឹង​សិទ្ធិ​សេរីភាព​របស់​ពួក​គាត់ ​ដើម្បី​លុប​បំបាត់​ការ​រើសអើង​នៅ​ក្នុង​ចំណោម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ក៏​ដូច​ជា​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍»។

ជាមួយ​នឹង​ការ​អះអាង​ដូច្នេះ ​កញ្ញា​ រចនា ​បាន​លើក​ឡើង​ដែរ​ថា ​ដោយសារ​តែ​ការ​រើសអើង​នេះ ​បាន​ធ្វើ​ឲ្យ​ការ​ឆ្លង ​និង​អ្នក​ផ្ទុក​មេរោគ​អេដស៍ មាន​ការ​កើន​ឡើង។ ព្រោះ​ពួក​គេ​ទាំង​នោះ ​មិន​ហ៊ាន​ស្វែងរក​សេវា​ប្រឹក្សា ​និង​ទទួល​ការ​ព្យាបាល​ជំងឺ​ឲ្យ​បាន​ត្រឹមត្រូវ​ ស្រប​ពេល​កត្តា​ខ្វះ​ការ​យល់ដឹង ​គឺ​ជា​បញ្ហា​មួយ​ដែល​ទាមទារ​ឲ្យ​មាន​ការ​អប់រំ ​និង​បណ្តុះបណ្តាល​បន្ថែម​ទៀត ​ដោយ​យក​ចិត្ត​ទុក​ដាក់។

អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ​លោក ​សា រិទ្ធ ​វ័យ​ជាង ​៣០ ឆ្នាំ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​ វា​ជា​ការ​ប្រឈម​បំផុត​សម្រាប់​ពួក​គាត់​ដែល​ជា​អ្នក​ស្រឡាញ់​ភេទដូច​គ្នា​ចំពោះ​ជំងឺ​អេដស៍។ ព្រោះ​ភាគ​ច្រើន​នៃ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ​គឺ​តែងតែ​មាន​ដៃគូ​ច្រើន ​ហើយ​ការ​ប្រើ​ស្រោម​អនាម័យ​ក៏​មិន​មាន​ត្រឹមត្រូវ​ដែរ។

បុរស​រូប​នេះ​លើក​ឡើង​ថា​៖ «អត្រា​ឆ្លង​នៃ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ហ្នឹង ​គាត់​ឆ្លង​ខ្លាំង​ជាង​ស្ត្រី​រវាង​បុរស​ទៀត ​ដោយសារ​តែ​ភាគ​ច្រើន ​ពួក​គាត់​ចល័ត​ដោយ​មិនមែន​មាន​ដៃគូ​តែ​មួយៗ​ទេ។ គាត់​រួមភេទ​រួមគ្នា ​មាន​ដៃគូ​ច្រើន ​ហើយ​ភាគ​ច្រើន​ រួម​ភេទ​ជាមួយ​ជន​បរទេស ​ដោយ​មិន​ប្រើប្រាស់​ស្រោម​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ ​១០០ ភាគរយ​ទេ»៕