ភ្នំពេញៈ ចំនួន​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន ​​នៅ​ក្នុង​​មណ្ឌល​​ស្តារ​នីតិ​សម្បទា​​ ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​​​ បាន​​កើន​ឡើង​ជាង​ទ្វេ​ដង​​ នៅ​ចន្លោះ​ពី​ឆ្នាំ​ ២០១៦​​​ និង ​២០១៧​​​ ក្រោម​ការ​បង្ក្រាប​ទូ​ទាំង​ប្រទេស​​ទៅ​លើ​គ្រឿង​ញៀន​​។

​​​បើ​តាម​​របាយការណ៍​​បំណាច់​ឆ្នាំ​​​របស់​ក្រសួង​ សង្គម​កិច្ច​ ​បាន​ឲ្យ​ដឹង​ថា ​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ជាង​ ៨៧០០​ នាក់​​ ត្រូវ​បាន​​បញ្ជូន​ទៅ​មណ្ឌល​​ស្តារ​នីតិ​សម្បទា​​ចំនួន​ ៧​​ ដែល​គ្រប់​គ្រង​ដោយ​​​រដ្ឋ​​​​ កាលពី​ឆ្នាំ​មុន ​​​គឺ​កើន​ឡើង​ពី​ចំនួន​ប្រហែល ​៣៤០០​ នាក់​​ក្នុង​ឆ្នាំ​ ២០១៦​។

​តួលេខ​នេះ ​មិន​រួម​បញ្ចូល​​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​​ជាង ​១៣០០​ នាក់​ ដែល​បាន​បញ្ជូន​ទៅ​មណ្ឌល​​ស្តារ​នីតិ​សម្បទា​​គ្រឿង​ញៀន​ជាតិ​​ក្នុង​​ខេត្ត​ព្រះ​សីហនុនោះ​ទេ​​។

​លោក ឌីន បូរី ប្រធាន​​​​មជ្ឈ​មណ្ឌល​ស្តារ​នីតិ​សម្បទា ​​​​របស់​ក្រសួង​ បាន​ថ្លែង​ថា​ ​យុទ្ធនាការ​​ប្រឆាំង​គ្រឿង​ញៀន​​កំពុង​បង្ក​ឲ្យ​មាន​​ស្ថាន​ភាព​ណែន​ណាន់​នៅ​មណ្ឌល​ស្តារ​នីតិ​សម្បទា​របស់​រដ្ឋ​ដូច​ជា​ ​មណ្ឌល​ស្តារ​នីតិ​សម្បទា​ឱកាស​ខ្ញុំ​​ ក្នុង​រាជធានី​ភ្នំ​ពេញ ​​ដែល​បច្ចុប្បន្ន​មាន​អ្នក​ជំងឺ​​​ ១៨០០​នាក់។

លោក បូរី បាន​ថ្លែង​ថា​៖ «​​នៅ​ពេល​ចំនួន​​​មនុស្ស​កើន​ឡើង​ខ្ពស់​ខ្លាំង​ ​​ការ​ព្យាបាល​កាន់​តែ​មាន​កម្រិត​»។ លោក​បាន​បន្ថែម​ថា​ ​ឆ្នាំ​ ២០១៧​ និង​២០១៦​​ គឺ​ជា​​​ឆ្នាំ​ដែល​មាន​ចំនួន​អ្នក​ជំងឺ​​គ្រឿង​​ញៀន​ខ្ពស់​។

​លោក មាស សុវណ្ណ ប្រធាន​ប្រតិបត្តិ​​​នៃ​សមាគម​សង្គ្រោះ​​អ្នក​ញៀន​ថ្នាំកម្ពុជា​ (DARAC) បាន​ថ្លែង​ថា ​លោក​គាំ​ទ្រ​ជំហរ​តឹង​រ៉ឹង​ជាង​មុន​​​​ ទៅ​លើ​គ្រឿង​ញៀន​​ ប៉ុន្តែ​បាន​ថ្លែង​ថា ​​ការ​បង្ខំ​​មនុស្ស​ឲ្យ​ចូល​ទៅ​ក្នុង​​​មណ្ឌល​​ព្យាបាល​​គ្រប់​គ្រង​ដោយ​រដ្ឋ​​ជា​ធម្មតា​មិន​មាន​ប្រសិទ្ធ​ភាព​ទេ​។ ​

លោក សុវណ្ណ ​បាន​ថ្លែង​បន្ត​ថា​៖ «​​ខ្ញុំ​ជឿ​​ថា ការ​ប្រើ​ប្រាស់​កម្លាំង​ប្រដាប់​អាវុធ​​ មិន​អាច​ជោគ​ជ័យ​ទេ​។ ​​មាន​ភាព​ជោគ​ជ័យ​តិច​ណាស់​​។ ​មណ្ឌល​ទាំង​នោះ​ខ្វះ​​ខាត​អ្នក​ជំនាញ ​និង​ការ​ព្យាបាល​បច្ចេក​ទេស​»។

​របាយការណ៍​បាន​បន្ត​ថា​ ​ក្រសួង​ក៏​បាន​​រាប់​មណ្ឌល​កុមារ​កំព្រា​ ដែល​បាន​ចុះ​បញ្ជី​ចំនួន​ ៤០៦​។ ​សរុប​ទៅ​មាន​​កុមារ​​ជាង​ ២៦ ១០០ ​នាក់​រស់​នៅ​​ក្នុង​មណ្ឌល​​ថែ​​ទាំ​ដូច​ជា​កុមារ​កំព្រា​ វត្ត​ ​និង​ផ្ទះ​ជា​​ក្រុម​​ទូទាំង​ប្រទេស​។

​ក្រសួងក៏​បាន​កត់​សម្គាល់​ការ​បង្កើត​​សមាគម​ជាង ​១ ៦០០​ សមាគម​​ សម្រាប់​មនុស្ស​ចាស់​​ ក្រោម​យុទ្ធ​សាស្រ្ត​ជាតិ​​ ដើម្បី​​​បង្កើត​​សមាគម​បែប​នេះ​ នៅ​ក្នុង​ទូទាំង​​ឃុំ-សង្កាត់​​​នៅ​ក្នុង​ប្រទេស៕​ PS