
ស្ត្រីម្នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ពីថ្ងៃទី ២៩ តុលា។ រូបថត នគរបាល
ភ្នំពេញៈ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកក្នុងពេល ៣ ថ្ងៃមានការកើនឡើង តែអ្នករងរបួសមានការថយចុះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។
យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣៦ លើកបានកើតឡើងនៅទូទាំងប្រទេសក្នុងអំឡុងពេល ៣ ថ្ងៃនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី ៣០-៣១ ខែតុលា និងថ្ងៃទី ១ ខែវិច្ឆិកា។
ក្នុងនោះបានបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ១៩ នាក់ និងរងរបួសធ្ងន់-ស្រាល ៥៣ នាក់ដែលចំនួនអ្នកស្លាប់មានការកើនឡើងចំនួន ៩ នាក់ ឯអ្នករងរបួសមានការថយចុះ ២៤ នាក់បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០-១៩ ដែលមានមនុស្សស្លាប់ ១០ នាក់ និងអ្នករងរបួស ៧៧ នាក់។
មូលហេតុបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះដោយសារការបើកបរហួសល្បឿនកំណត់ មិនគោរពសិទ្ធិមិនប្រកាន់ស្តាំ បត់មិនប្រយ័ត្ន និងបើកបរពេលស្រវឹង។
កាលពីសប្តាហ៍មុនលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានកោតសរសើរចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ដែលមានឆន្ទៈក្នុងការចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុលផុសក្នុងពេលធ្វើចរាចរណ៍ដែលបានរួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត រងរបួស និងការខូចខាតទ្រព្យសម្បត្តិដោយគ្រោះថ្នាក់ចរាចរណ៍។
លោក ស ខេង លើកឡើងថា៖ «ក្នុងឆ្នាំ ២០២០ នេះ អាស្រ័យដោយប្រទេសជាតិមានសន្តិភាព ការខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍របស់សមត្ថកិច្ចគ្រប់ថ្នាក់ និងប្រជាពលរដ្ឋចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានជំរុញឱ្យចំនួនគ្រោះថ្នាក់ចំនួនអ្នកស្លាប់ និងរងរបួសមានការថយចុះ បើប្រៀបធៀបរយៈពេល ៩ ខែ ឆ្នាំ ២០១៩»។
យោងតាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២០ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ២ ៤៣០ លើកបណ្តាលឱ្យមានស្លាប់ ១ ២៥៧ នាក់របួសធ្ងន់ ២ ២៦៥ នាក់ របួសស្រាល ១ ៤០១ នាក់ និងមិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ចំនួន ២ ៥៤៣ នាក់។
បើប្រៀបធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ ២០១៩ ចំនួនគ្រោះថ្នាក់ចរាចរណ៍ថយចុះ ៧២៧ លើកអ្នកស្លាប់ថយចុះ ២៦៦ នាក់ របួសធ្ងន់ថយចុះ ៧៥៥ នាក់ របួសស្រាលថយ ២៩៣ នាក់ និងមិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ថយចុះ ៥៤៤ នាក់។
គួរបញ្ជាក់ថា អង្គការមូលនិធិបង្ការរបួសអាស៊ីកាលពីសប្តាហ៍មុនបានប្រកាសបង្កើតក្រុមការងារបច្ចេកទេស ៧ ក្រុមដើម្បីធ្វើការជាមួយស្ថាប័នរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធដើម្បីចូលរួមទប់ស្កាត់កាត់បន្ថយការស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានកាន់តែច្រើន និងមាននិរន្តរភាពក្នុងឆ្នាំ ២០២១ និងឆ្នាំជាបន្តបន្ទាប់ទៅមុខទៀត៕