ភ្នំពេញៈ ​ច្បាប់​ថ្មី​ដែល​ទើប​ប្រកាស​ឲ្យ​ប្រើ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​កម្មករនិយោជិត​ក្នុង​វិស័យ​ឯកជន​ឲ្យ​ទទួលបាន​ប្រាក់​សោធន​ដូច​កម្មករ​និយោជិត​ក្នុង​វិស័យ​សាធារណៈ ខណៈ​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ក៏​នឹង​ទទួល​បាន​ដូចគ្នា នៅពេល​ពួកគេ​បាន​បង់​វិភាគទាន និង​បំពេញ​តាម​លក្ខខណ្ឌ​នៃ​ច្បាប់​។

អត្ថប្រយោជន៍​ទាំងនេះ ត្រូវ​បានកំណត់​នៅក្នុង​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​ដែល​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​ប្រកាស​ឲ្យ​ប្រើ​នៅ​ដើម​ខែ​វិច្ឆិកា​ឆ្នាំនេះ​។ ច្បាប់​នេះ មាន​វិសាលភាព​គ្របដណ្ដប់​លើ​បុគ្គល​ដែល​ស្ថិត​នៅក្នុង​វិស័យ​សាធារណៈ បុគ្គល​ដែល​ស្ថិត​នៅ​ក្រោម​ច្បាប់​ស្តីពី​ការងារ​ដោយ​រួមបញ្ចូល​ទាំង​បុគ្គល​ធ្វើការ​តាមផ្លូវ​អាកាស​នាវា​សមុទ្រ ព្រមទាំង​អ្នកបម្រើការ​តាម​ផ្ទះ និង​បុគ្គល​ស្វ័យនិយោជន៍​ជាដើម​។

តាមច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​ដែល​មាន​ ១១ ជំពូក និង​ ១០៧ ​មាត្រា​បាន​ឲ្យ​ដឹងថា ដើម្បី​ធានា​នូវ​សន្ដិសុខ​ប្រាក់ចំណូល នៅពេល​ជួប​ហានិភ័យ​សង្គមនានា កម្មករនិយោជិត​នឹង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ប្រសិនបើ​ស្ថិត​នៅក្នុង​ជរាភាព ទុព្វលភាព មរណភាព ហានិភ័យ​ការងារ ការថែទាំ​ព្យាបាល​វេជ្ជសាស្ដ្រ ការ​មាន​ជំងឺ ការគ្មាន​ការងារ​ធ្វើ និង​អត្ថប្រយោជន៍​គ្រួសារ​ជាដើម​។

ជាមួយ​គ្នា​នេះ​ក្នុង​មាត្រា​ ២១ នៃ​ច្បាប់​នេះ​ក៏បាន​បញ្ជាក់​ដែរថា ប្រភព​ធនធាន​ផ្នែក​ប្រាក់​សោធន​សម្រាប់​ផ្តល់ជូន​និយោជិត​ទាំងអស់​គឺ​ទទួល​បាន​ពី​ការបង់​ភាគទាន​ពី​រដ្ឋ និយោជក និង​សមាជិក​ (​បសស​) (​ប្រាក់​កម្មករ​និយោជិត​បាន​បង់​រៀងរាល់​ខែ​) ​រួម​នឹង​ផល​ដែល​បាន​ពី​វិនិយោគ និង​អំ​ណាយ​ស្របច្បាប់​ដទៃទៀត​។

លោក ស៊ុំ សោភ័ណ អនុប្រធាន​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា មន្ត្រី​ពាក់ព័ន្ធ​កំពុង​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​ច្បាប់​នេះ ដើម្បី​បញ្ជាក់​និង​ផ្សព្វផ្សាយ​បន្ថែម​។

លោក​បន្តថា​៖ «​ចូល​ជា​ធរមាន​ទាំងអស់ ប៉ុន្តែ​គ្រាន់តែ​អនុវត្ត​ដំបូង​នៅ​ឆ្នាំ​ ២០២០ យើង​ផ្តោតលើ​កម្មករនិយោជិត​ក្នុង​វិស័យ​ឯកជន​មុន​។ ​ដោយសារ​វិស័យ​សាធារណៈ​យើង​មាន​របប​សោធន​ធានា​ហើយ​តាមរយៈ​ការបង់ពន្ធ​ចូល​រដ្ឋ​ដែល​គាត់​បាន​ទទួល​ហើយ​ថ្ងៃក្រោយ​បាន​យើង​រៀបចំ​ចំពោះ​មន្ត្រីរាជការ​បន្តបន្ទាប់​»​។

លោក ស៊ុំ សោភ័ណ បាន​បន្ត​ថា ចំពោះ​កម្មករនិយោជិត​ក្នុង​វិស័យ​ឯកជន​ដែល​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី (​បសស​) គឺ​មិនចាំបាច់​ចុះឈ្មោះ​ជាថ្មី​នោះទេ​ដោយ​គ្រាន់តែ​បន្ត​បង់​ភាគទាន​តាមរយៈ​និយោជក​ដូច​បានកំណត់​នៅក្នុង​ច្បាប់​ថ្មី​ប៉ុណ្ណោះ ហើយ​ការទទួល​បាន​នូវ​អត្ថប្រយោជន៍​ត្រឡប់​មកវិញ គឺ​នឹង​មានចែង​ដូច​ច្បាប់​កំណត់​។

គិត​ចាប់ពី​ឆ្នាំ​ចុង​ឆ្នាំ ២០០៨ ដែល​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បាន​ដំណើរការ​មកទល់​បច្ចុប្បន្ន មាន​កម្មករនិយោជិត​ក្នុង​វិស័យ​ឯកជន​ប្រមាណ​ ១ ​លាន ៦ សែន​នាក់​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​ (​បសស​)​។ នេះ​បើតាម លោក ស៊ុំ សោភ័ណ​។

បើ​តាម​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​បាន​បញ្ជាក់ថា កម្មករ​​និយោជិត​ដែល​អាច​ទទួល​បាន​នូវ​អត្ថប្រយោជន៍​គឺ​ត្រូវគោរព​តាម​ការកំណត់​ដូចជា បាន​ចុះ​​បញ្ជី​ក្នុង​ផ្នែក​សោធន​ និង​បាន​បង់​វិភាគទាន​ផ្នែក​សោធន​ជា​ទៀងទាត់​តាម​ការកំណត់​នៃ​ច្បាប់​ព្រមទាំង​ចង​ជា​កាតព្វកិច្ច​ផងដែរ​។

យ៉ាងណាក្ដី​មាន​សហជីព​ខ្លះ​បាន​បង្ហាញ​ការបារម្ភ​ចំពោះ​ការអនុវត្ត​ច្បាប់​នេះដែល​អាច​ជួប​បរាជ័យ ខណៈ GMAC ស្នើ​ឲ្យ​ពន្យារ​អនុវត្ត​ដោយ​អះអាងថា​ការចូល​ជា​ធរមាន​ភ្លាមៗ​នៃ​ការអនុវត្ត​របប​សោធន​គឺជា​ការដាក់​សម្ពាធ​ហិរញ្ញវត្ថុ​លើ​និយោជក​។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​ច្បាប់​ថ្មី​ស្តីពី​របប​សន្តិសុខ​សង្គម ដែល​បាន​រាប់បញ្ចូល​ទាំង​កម្មករ​និយោជិត​ក្នុង​វិស័យ​ឯកជន ជាពិសេស​កម្មករ​ដែល​ស្ថិត​នៅ​ក្រោម​ច្បាប់​ការងារ​។ ប៉ុន្តែ​លោក​យល់​ថា ការអនុវត្ត​ច្បាប់​ថ្មី​នេះ​អាច​បរាជ័យ ខណៈ​ការគ្រប់គ្រង​កន្លងមក​ហាក់​មិនមាន​តម្លាភាព​នៅឡើយ​។

លោក​ថា​៖ «​ពេល​យើង​អនុវត្ត​នេះ​អាច​នឹង​មិន​ធ្វើឲ្យ​ល្អប្រសើរ​ ឬ​ក៏​ស្របតាម​ប្បញ្ញតិ្ត​ច្បាប់​ដែល​កំពុង​ប្រកាស​ឲ្យ​ប្រើ ព្រោះ​មាន​វិសាលភាព​ធំ​។ យើង​ចង់​សួរថា​​ទាំង​វិស័យ​សាធារណៈ​ទាំង​វិស័យ​ឯកជន​ទាំងអស់​ហ្នឹង​គឺ​ទាមទារ​ឲ្យ​គាត់​ស្វែងយល់​ពី​ការទទួល​បាន​ផលប្រយោជន៍​របៀប​ម៉េច​?

ប្រសិនបើ​យើង​មិន​បាន​បង្ហាញ​ឲ្យ​ច្បាស់​នោះ​នឹង​ធ្វើឲ្យ​ពួកគាត់​យល់ថា​អ្នកណា​តំណាង​ឲ្យ​ពួកគាត់ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ត្រឡប់​មកនេះ​»​។

កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) ​បាន​បង្ហោះ​លើ​ហ្វេសប៊ុក​របស់ខ្លួន ដោយ​ស្នើសុំ​​រដ្ឋាភិបាល​ពន្យារពេល​អនុវត្ត​​នេះ ព្រោះ​ការចូល​ជា​ធរមាន​ភ្លាមៗ​នៃ​ការអនុវត្ត​របប​សោធន​នឹងដាក់​សម្ពាធ​ហិរញ្ញវត្ថុ​ទៅខាង​និយោជក ខណៈ​ក្រុមហ៊ុន​ខ្លះ​មិនទាន់​បានរៀបចំ​ផែនការ​ហិរញ្ញវត្ថុ​សម្រាប់​ឆ្នាំក្រោយ ហើយ​​និយោជក​ខ្លះ​នៅ​មិនទាន់​បានដឹង​អំពី​ការអនុវត្ត​ច្បាប់​នេះ​។

GMAC បាន​ស្នើ​ឲ្យ​មាន​វិធានការ​ជាច្រើន​ចំណុច​ដូចជា ការលើកកម្ពស់​ប្រសិទ្ធភាព​ និង​ជំរុញ​ (​បសស​) ​វិនិយោគ​ក្នុងការ​កែលម្អ​សេវា បរិក្ខារ​បច្ចេកវិទ្យា និង​ពង្រឹងសមត្ថភាព​មន្ត្រី​ (​បសស​) សម្រាប់​ជំនាញ​ទន់​ និង​ជំនាញ​បច្ចេកទេស​ដែល​ពាក់ព័ន្ធ​ដើម្បី​ឆ្លើយតប​ឲ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​តម្រូវការ​របស់​សមាជិក​ខ្លួន​។

GMAC​បានបញ្ចប់​សំណេរ​របស់ខ្លួន​ថា​៖ «​ចាប់ផ្តើម​ការជំរុញ​ការយល់ដឹង​ឲ្យ​បាន​ទូលំទូលាយ​អំពី​វិសាលភាព​គ្រប​ដណ្តប់​ និង​អត្ថប្រយោជន៍​របស់​ ប.ស.ស. ទៅដល់​សាធារណជន​ដើម្បី​លើកទឹកចិត្ត​វិស័យ​ក្រៅ​ប្រព័ន្ធ​ចូលរួម​ក្នុង​របប​នេះដែរ ជាពិសេស​ក្នុង​របប​សោធន​»​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រាប់​តាម​ប្រព័ន្ធ​​តេឡេក្រាម​ពី​ម្សិលមិញ​ថា ក្រសួង​នឹង​ចេញ​អនុក្រឹត្យ​បន្ថែម​ជុំវិញ​បញ្ហា​ទាំងនេះ​។ លោក​បន្តថា នៅពេល​មានការ​សម្រេច​បែបណា​​នោះ ក្រសួង​នឹង​បើកឱកាស​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចូលរួម​ផ្តល់​មតិយោបល់​ ឬ​ធាតុ​ចូល​ដើម្បី​ធ្វើឲ្យ​ការអនុវត្ត​វិធាន​នៃ​សោធន​ទាំងនេះ​សម្រាប់​វិស័យ​ឯកជន​នេះ ទទួល​បាន​ជោគជ័យ​។

លោក​បញ្ជាក់ថា​៖ «​សូម​ពិនិត្យ​លើ​មាត្រា​ច្បាប់​នេះ គឺ​មុនពេល​ដែល​មាន​បទប្បញ្ញត្តិ​ថ្មី​នោះ បទប្បញ្ញតិ្ត​ចាស់​នៅ​មាន​ជា​ធរមាន ហើយ​បទប្បញ្ញតិ្ត​ថ្មី​គឺ​ធ្វើ​ដោយ​អនុក្រឹត្យ ហើយ​អនុក្រឹត្យ​នឹង​ឆ្លង​នៅ​ដំណាក់កាល​ពិភាក្សា​ត្រីភាគី​បន្ថែមទៀត​។ ​ដូច្នេះ​អ្វី​ដែល​ជា​កង្វល់​អ្វី​ដែល​ចង់​ផ្តល់​ធាតុ​ចូល គឺ​នៅពេល​ដែល​យើង​រៀបចំ​នៅ​បទប្បញ្ញតិ្ត​ថ្មី​នឹង​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មក​ចូលរួម​»៕