ភ្នំពេញៈ ​ក្រសួងការបរទេស​បាន​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី «​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីកសាយភាយ​អាវុធ​មហាប្រល័យ​» និង​ «​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​» ​ទៅ​ដល់​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស បន្ទាប់ពី​ក្រុមការងារ​ហិរញ្ញវត្ថុ​នៃ​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក បាន​ដាក់​កម្ពុជា​នៅក្នុង​បញ្ជី​ប្រផេះ គឺ​ប្រទេស​ដែលមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការលាង​លុយកខ្វក់​។

ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​បើក​កិច្ចពិគ្រោះ​យោបល់​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​លើក​ទី​ ២ ​រយៈពេល​ ២ ​ថ្ងៃ​គឺ​ថ្ងៃទី​ ២៩-៣០ ខែកញ្ញា កន្លង​មក​នេះ​។

លោក លុយ ដាវីត រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ៣០ ខែកញ្ញា ​ថា ការប្រជុំ​ជាមួយ​នឹង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​កាលពី​ឆ្នាំ​ ២០១៩ កន្លងទៅ​ក្រុម​ការងារ​ហិរញ្ញវត្ថុ​នៃ​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​បាន​ដាក់​កម្ពុជា​ជា​ប្រទេស​ក្នុង​បញ្ជី​ប្រផេះ​ដែលមាន​ហានិភ័យ​ក្នុង​ការលាង​លុយ​កង្វក់ ហើយ​ពេល​នោះ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បង្កើត​នូវ​ច្បាប់​ចំនួន​ ២ គឺ​ច្បាប់​ស្តីពី «​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីកសាយភាយ​អាវុធ​មហាប្រល័យ​» និង «​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​»​។

លោក លុយ ដាវីត ​ថ្លែង​ថា​៖ «​កិច្ចប្រជុំ​ពិភាក្សា​នេះ មិនមែន​ដោយសារ​តែ​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​ទាំងនេះ​មាន​ការជាប់​ពាក់ព័ន្ធ​នឹង​ការលាង​លុយកខ្វក់​នោះទេ​តែ​ជា​កាតព្វកិច្ច​របស់​ក្រសួង​ការបរទេស​គឺ​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ទាំង​ ២ ​នេះ​ឱ្យ​ដល់​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ទាំងអស់​។ ដូចនេះ​កាតព្វកិច្ច​របស់​យើង​គឺ​យើង​បាន​បំពេញ​អស់ហើយ​»​។ អ្នក​ដែល​បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នេះ​មាន​ចំនួន ៣៧០ ​នាក់​មកពី​ ២១៦ ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ចំនួន​ ២១៦ ​អង្គការ​ក្នុង​ចំណោម​ ៣៥៦ ​អង្គការ​ ដែល​បាន​ចុះបញ្ជី​ជាមួយ​ក្រសួង​ការបរទេស​។

បើតាម​លោក ដាវីដ ក្រសួង​បានស្នើ​ទៅ​អង្គការ​ទាំងនោះ​ឱ្យ​គោរព​ និង​អនុវត្ត​ទៅតាម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល (LANGO) ​និង​ត្រូវគោរព​តាម​កាតព្វកិច្ច​របស់​ខ្លួន​ទៅ​តាម​ច្បាប់​ ២ ​នេះ​ដែល​ក្រសួង​បាន​ធ្វើការ​ផ្សព្វផ្សាយ​ក្នុង​កិច្ចប្រជុំ​ចំនួន​ ២ ​ថ្ងៃ​កន្លងមក​។

លោក​ថ្លែងថា​៖ «​យើង​ចាត់ទុកថា ការប្រជុំ​ ២ ​ថ្ងៃ​មកនេះ​ប្រព្រឹត្ត​ទៅដោយ​រលូន​ដោយ​មាន​ការចោទ​សួរ​គ្នា​ទៅវិញ​ទៅមក ហើយ​អង្គការ​ទាំងនោះ​ហាក់​ដូចជា​យល់ដឹង​ពី​កាតព្វកិច្ច​របស់ខ្លួន​ពីព្រោះ​មន្ត្រី​ជំនាញ​នៃ​ក្រសួងមហាផ្ទៃ និង​ធនាគារ​ជាតិ​បាន​ពន្យល់​យ៉ាង​លម្អិត​ពី​ច្បាប់​នេះ​ទៅដល់​អង្គការ​ទាំងនោះ​»​។

កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​លើក​ទី​ ៣ នឹងធ្វើ​ឡើង​នៅ​ឆ្នាំក្រោយ​ទៀត​។

មិនមាន​ប្រភព​ទាក់ទង​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ជាមួយ​ក្រសួង​ការបរទេស​ដើម្បី​សុំ​អត្ថាធិប្បាយ​ពី​បញ្ហា​នេះ​នោះទេ​។ ប៉ុន្តែ​លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​បាន​ថ្លែងថា លោក​មិនមាន​ព័ត៌មាន​ច្បាស់​ពី​ការពាក់ព័ន្ធ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ទៅនឹង​ការលាង​លុយ​យ៉ាងណាទេ តែ​លោក​មើលឃើញ​ថា រាល់​ការលំហូរ​សាច់ប្រាក់​ដែល​ម្ចាស់ជំនួយ​បញ្ជូនមក​អង្គការ​សប្បុរសធម៌ ឬ​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក សុទ្ធតែ​បាន​ឆ្លងកាត់​ប្រព័ន្ធ​ធនាគារ​របស់​រាជរដ្ឋាភិបាល​។ លើស​ពី​នេះ​រាល់​ការចំណាយ​របស់​សង្គម​ស៊ីវិល​ទាំងអស់​សុទ្ធតែ​មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​ជា​ប្រចាំ​ឆ្នាំ​ទៅ​លើ​ការចាយវាយ​ដែល​វា​ពិបាក​ក្នុង​ការប្រព្រឹត្ត​អំពើពុករលួយ ជាពិសេស​ការលាង​លុយកខ្វក់​នេះ​។

លោក​ថា​៖ «​ខ្ញុំ​មិនដឹងថា អង្គការ​ណាខ្លះ​ទេ តែ​សម្រាប់​អង្គការ​ផ្នែក​តស៊ូ​មតិ ផ្នែក​សិទ្ធិមនុស្ស​ផ្នែក​លទ្ធិប្រជាធិបតេយ្យ​នេះ​គឺ​យើង​មិនបាន​ប្រើប្រាស់​ថវិកា​ណាមួយ​ពាក់ព័ន្ធ​នឹង​ការលាង​លុយ​ទេ ក្រៅពី​ការធ្វើសកម្មភាព​ផ្នែក​សិទ្ធិមនុស្ស ការអប់រំ ការចុះ​ធ្វើការ​ផ្សព្វផ្សាយ​ផ្សេងៗ​ដែល​មិនមាន​ចំណុច​ណាមួយ​ដែលជា​បញ្ហា​ទេ តែ​ខ្ញុំ​មើលឃើញ​ថា បញ្ហា​លាងលុយ​កខ្វក់​គឺមាន​តាមរយៈ​ប្រព័ន្ធ​ធនាគារ វិស័យ​ឯកជន អចលនទ្រព្យ កាស៊ីណូ​ជាដើម ដែល​អាចធ្វើ​ទៅ​បាន បើ​តាម​ការឱ្យ​ដឹងពី​អ្នកជំនាញ​»​។

លោក​ថា លោក​មិនដែល​ឃើញ​មាន​ការលាង​លុយ​កខ្វក់​ ឬ​ការ​ធ្វើអំពើ​ទុច្ចរិត​ណាមួយ​កើត​មាន​ឡើង​ពី​អង្គការ​សង្គមស៊ីវិល​នោះទេ​៕