ព្រះមហាក្សត្រ ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្តីពី​សំណង់​ជា​ផ្លូវការ ខណៈ​ច្បាប់​នេះ នឹង​ដាក់​ទោស​ទណ្ឌ​ដល់​ជន​ទាំង​ឡាយ​ណា ដែល​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​សំណង់ រាប់​ចាប់​ពី​អ្នក​រៀបចំ​ប្លង់​រហូត​ដល់​ម្ចាស់​សំណង់ រួម​ទាំង​មន្ត្រី ដោយ​អាច​ប្រឈម​មាន​ទោស​ជាប់​ពន្ធនាគារ​ដល់​ទៅ ១៥ ឆ្នាំ បើ​រក​ឃើញ​ថា ការ​ធ្វែស​ប្រហែស​របស់​ពួកគេ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់។

ច្បាប់ស្តីពី​សំណង់​ដែល​រដ្ឋសភា និង​ព្រឹទ្ធសភា បាន​អនុម័ត និង​ពិនិត្យ​ចប់​រួចរា​ល់​​កាល​ពី​ខែ​តុលា​កន្លង​ទៅ ត្រូវ​បាន ព្រះ​បាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ឡាយ​ព្រះហស្ថលេខា​ប្រកាស​ឲ្យ​ប្រើ និង ចូល​ជា​ធរមាន នៅ​ថ្ងៃ​ទី ២ វិច្ឆិកា ឆ្នាំ ២០១៩ សប្ដាហ៍​មុន។

ច្បាប់​ដែល​មាន ២២ ជំពូក និង ១១១ មាត្រា​នេះ បាន​ចែង​ប្បញ្ញត្តិ​ពី​ទោស​ទណ្ឌ​ចាប់​ពី​ការ​ព្រមាន​ជា​លាយ​លក្ខណ៍​អក្សរ ការព្យូរ ឬ ការ​ដក​ហូត​អាជ្ញាបណ្ណ ឬ លិខិត​អនុញ្ញាត​ប្រកប​វិជ្ជាជីវៈ ឬ ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​សំណង់ រហូត​ដល់​មាន​ការ​ពិន័យ​ជា​អន្តរការណ៍ ការ​ហាម​ឃាត់ ការបង្ខំ និង ការ​ដាក់​ទោស​ពិន័យ​ជា​ប្រាក់ និង ទោស​ជាប់​ពន្ធនាគារ។

តាម​មាត្រា ១០៣ ​នៃ​ច្បាប់​នេះ បាន​ចែង​ថា៖ «អំពើល្មើ​ស​ដែល​មាន​ចែង​ក្នុង​មាត្រា ៩៥ រហូតដល់ ១០២ នៃ​ច្បាប់នេះ ត្រូវផ្តន្ទាទោស​ដាក់​ពន្ធនាគារ​​ពី ៥ ទៅ ១០ ឆ្នាំ កាល​បើ​អំពើ​នេះ បណ្តាយ​ឲ្យ​មាន​ការ​កាត់​អវយវៈ ឬ នាំ​ឲ្យ​មាន​ពិការភាព​ជា​អចិន្ត្រៃយ៍​ដល់​ជន​រងគ្រោះ។ ...ត្រូវ​ផ្តន្ទានាទោស​ដាក់​ពន្ធនាគារ​​ពី ៧ ទៅ១៥ ឆ្នាំ កាល​បើ​អំពើ​នេះ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់»។

តាម​មាត្រា ៩៥ ដល់ ១០២ នៃច្បាប់នេះ បាន​និយាយ​សំដៅ​ចំពោះ​ជន​ណា​ដែល​ប្រកប​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់​ដោយ​ឯករាជ្យ ដោយ​គ្មាន​អាជ្ញា​បណ្ណ គ្មាន​លិខិត​អនុញ្ញាត ឬ ជន​ទាំង​ឡាយ​ដែល​ជា​អ្នក​បំពាក់ ឬ ប្​រើឧបករណ៍​សំណង់​ដែល​មិន​មាន​គុណភាព ហើយ​មិន​អនុលោម​តាម​បទប្បញ្ញត្តិ​បច្ចេកទេស​សម្រាប់​សម្ភារៈ​សំណង់។

បន្ថែម​ពី​នេះ មាត្រា​ទាំង​នេះ ក៏​សំដៅ​ចំពោះ​អ្នក​សិក្សា​គម្រោង​ប្លង់​ណា​ដែល​មិន​បាន​សិក្សា​បាន​ត្រឹមត្រូវ និង ចំពោះ​ជន​ទាំង​ឡាយ​ណា​ដែល​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឲ្យ​ផ្អាក់ កែ​តម្រូវ បញ្ឍប់ ឬ រុះរើ​សំណង់ ឬ​ហាម​ប្រើ​ប្រាស់​សំណង់ រួម​ទាំង​អ្នក​សាង​សង់​ទាំង​បំពាន​ច្បាប់ រហូត​ដល់​អ្នក​ប្រើប្រាស់​សំណង់​ខុស​ច្បាប់​ទាំង​នោះ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ គឺ​ប្រឈម​នឹង​ការ​ដាក់​ទោស​ទណ្ឌ​តាម​មាត្រា ១០៣ នេះ។

ច្បាប់​នេះ​ក៏​បាន​បញ្ជាក់​ ដោយឡែកៗផងដែរ ចំពោះ​ជន​ទាំង​នេះ បើ​ក្នុង​ករណី ការ​ធ្វេស​ប្រហែស​របស់​ពួកគេ មិន​ដល់​ថ្នាក់​ឲ្យមាន​មនុស្ស​ស្លាប់ ហើយ​គ្រាន់​តែ​បណ្តាល​ឲ្យ​មាន​អ្នក​រង​របួស ឬ បណ្តាល​ឲ្យ​ខូច​ខាត​ដល់​អ្នក​ដទៃ គឺ​ពួកគេ អាច​នឹង​ប្រឈម​ការ​ពិន័យ​ជា​ប្រាក់ និង ការ​ដកហូត ឬ ព្យូរ​អាជីវកម្ម ក្នុង​វិស័យ​សំណង់​ជាដើម។

យ៉ាង​ណា​ក៏ដោយ ច្បាប់នេះ បានប្បញ្ញត្តិ​ទុក​រយៈពេល ២ ឆ្នាំ ក្រោយ​ពី​ចូល​ជា​ធរមាន សម្រាប់​ឲ្យ​ម្ចាស់​សំណង់​ដែល​បាន​សងសង់​រួច ដោយ​គ្មាន​លិខិត​អនុញ្ញាត ឬ សាងសង់​ខុស​ពី​លិខិត​អនុញ្ញាត ធ្វើ​ការ​កែ​តម្រូវ​ឲ្យត្រឹម​ត្រូវ​តាម​ច្បាប់​កំណត់ ខណៈ​ផុត​រយៈពេលនេះ រាល់​ទោស​ទណ្ឌ​ដែល​បាន​ប្បញ្ញត្តិ នឹង​ត្រូវ​អនុវត្ត។

ការ​ពន្លឿន​អនុម័ត និង ប្រកាស​ឲ្យ​ប្រើ​នូវ​ច្បាប់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ឧបទ្ទវហេតុ​រលំ​បាក់​អគារ​ដែល​កំពុង​សាងសង់​កម្ពស់ ៧ ជាន់ កាល​ពី​ខែ មិថុនា ដែល​បណ្តាល​ឲ្យ​កម្មករ​ដែល​សម្រាក​បណ្តោះអាសន្នក្នុងអគារនេះ​ចំនួន ២៨ នាក់​បាន​បាត់បង​ជីវិត ខណៈ​កម្មករ​ចំនួន ២៦ នាក់​ផ្សេង​ទៀត បាន​របួស ក្រោយ​រក​ឃើញ​ថា នៅ​រស់រាន​មាន​ជីវិត ក្រោម​គំនរ​បាក់បែក​នៃ​អគារ។

លោក មាស នី អ្នកវិភាគពី​បញ្ហា​សង្គម បាន​គាំទ្រ​ចំពោះ​ការ​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​នូវ​ច្បាប់​នេះ ដែល​លោក​ចាត់​ទុក​ថា ជា​រឿង​មួយ​ល្អ​សម្រាប់​ធានា​ដល់​គុណភាព សន្តិសុខ សុវត្ថិភាព និង ការពារ​សុខុមាលភាព​របស់​ម្ចាស់​សំណង់ អ្នក​ប្រើប្រាស់ និង​សាធារណជន ហើយ​ក៏​ធ្វើ​ឲ្យ​ការ​គ្រប់គ្រង់​វិស័យ​សំណង់​នៅ​កម្ពុជា មាន​ប្រសិទ្ធភាព​ផង​ដែរ។

ប៉ុន្តែ​លោក​បារម្ភថា បើ​សិន​មាន​ការ​ប្រើប្រាស់​អំណាច ហើយ​ការ​អនុវត្ត​ច្បាប់​មិន​បាន​ស្មើរ​ភាព​នោះ ការ​អនុវត្តច្បាប់​ក្នុង​ន័យ​គ្រប់គ្រង​វិស័យ​សំណង់​នៅ​កម្ពុជា​នេះ នឹង​នៅតែ​បរាជ័យ ហើយ​ទោស​ទណ្ឌ​ដែល​មាន​ចែង​ក្នុង​ប្បញ្ញត្តិ​ច្បាប់​ទាំង​ឡាយ​នេះ ក៏​មិន​អាច​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ផង​ដែរ។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះថា៖ «យើង​ដឹង​ហើយ​ថា ក្រុមហ៊ុន​សំណង់ធំៗ​មួយ​ចំនួន តែងតែ​មាន​អ្នក​មាន​អំណាច មាន​មន្ត្រីខ្ពស់ៗ នៅ​ពីក្រោយ​ខ្នងអ៊ីចឹងទៅ ធ្វើ​ឲ្យអ្នក​ដែល​ត្រួត​ពិនិត្យ​ខាង​វិស័យ​សំណង់​អីហ្នឹង គ្នា​មិន​សូវ​ហ៊ាន​ថា​ទេ ដូចជា មន្ត្រី​ផ្នែក​សូរិយោ​ដីតាមខេត្តអី គ្នាគ្មាន​ហ៊ាន​ទេ ព្រោះគារ​នេះ វា​មាន​អ្នក​នេះ​នៅ​ពី​ក្រោយ អគា​រ​នោះ វា​មាន​អ្នក​នោះ នៅ​ពី​ក្រោយ។ ដូច្នេះ ការ​អនុវត្ត​នូវ​វប្បធម៌​នេះ​ធ្វើ​ឲ្យអនុវត្តច្បាប់​នៅ​ស្រុក​យើង មិន​បាន​រឹងមាំ និង​​មិន​​មាន​ប្រសិទ្ធ​ភាព»។

ជាមួយ​នឹង​ការ​មើល​ឃើញ​យ៉ាង​ដូច្នេះ លោក មាស នី លើក​ទឹក​ចិត្ត​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំង​អស់​អនុវត្ត​ច្បាប់​បាន​ត្រឹមត្រូវ ដើម្បី​ការពារ​ជន​រងគ្រោះ និង ការ​គ្រប់គ្រង​វិស័យ​សំណង់​នៅ​កម្ពុជា ទទួល​បាន​ជោគ​ជ័យ ខណៈ​ដែល​លោក មើល​ឃើញ​ពី​ចំណុច​ល្អៗ​របស់​ច្បាប់​កម្ពុជា ដែល​មាន​ចេតនា​ការពារ​ផល​ប្រយោជន៍ប្រជាពលរដ្ឋ សង្គម​ជាតិ៕