ភ្នំពេញ៖ រដ្ឋសភាបាន​បញ្ចប់​កិច្ច​ពិភាក្សា ​និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង ​ការ​ប្រើប្រាស់ ​និង​ការ​ចាត់​ចែង​លើ​ទ្រព្យ សម្បត្តិ​រដ្ឋ ​នៅ​ថ្ងៃ​អង្គារ​នេះ ​ដោយ​គ្រោង​បញ្ជូន​ទៅ​ស្ថាប័ន​ព្រឹទ្ធសភា​ពិនិត្យ​បន្ត ​ខណៈ​មន្ត្រី​ថា​ ច្បាប់​នេះ​នឹង​ជួយ​ពង្រឹង​អភិបាល​កិច្ច​ល្អ​ក្នុង​ការ​គ្រប់គ្រង​លើ​ទ្រព្យ​សម្បត្តិ​រដ្ឋ។ សង្គម​ស៊ីវិល​គាំទ្រ​ការ​បង្កើត​ច្បាប់​នេះ​ដែល​រំពឹង​ថា​នឹង​អាច​កំណត់​ច្បាស់​លាស់​ក្នុង​ការ​គ្រប់គ្រង។

លោក ​ឡេង ប៉េងឡុង ​អ្នក​នាំពាក្យ​រដ្ឋសភា​បាន​ថ្លែង​ថា​ រដ្ឋសភា​បាន​បន្ត​សម័យ​ប្រជុំ​លើក​ទី៥​ នីតិកាល​ទី៦​ នៅ​ថ្ងៃទី ៦ ​ខែតុលា ​នេះ ​ដើម្បី​ពិភាក្សា​ និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​សំខាន់ៗ​ដែល​បម្រើ​ដល់​វិស័យ​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម​ និង​កិច្ចសហ​ប្រតិបត្តិការ​អន្តរជាតិ។

លោក​បញ្ជាក់​ថា៖ «រដ្ឋសភា​យើង​បាន​បញ្ចប់​កិច្ច​ពិភាក្សា​ និង​អនុម័ត​របៀបវារៈ​ចំនួន​ ១១ ចំណុច​រួចរាល់​ហើយ ​ក្នុង​នោះ​ច្បាប់​ដែល​សំខាន់ៗ ​គឺ​យើង​កំពុង​រៀបចំ​បញ្ជូន​ទៅ​ព្រឹទ្ធសភា ​ពិនិត្យ​បន្ត​ទៀត។ ពិសេស​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង ​ការ​ប្រើ​ប្រាស់​ និង​ការ​ចាត់ចែង​លើ​ទ្រព្យ​សម្បត្តិ​រដ្ឋ ក៏​នឹង​បញ្ជូន​ទៅ​ព្រឹទ្ធសភា​ជាមួយ​គ្នា​ទាំងអស់​ដែរ ​តែ​ខ្ញុំ​មិនអាច​បញ្ជាក់​ពេល​វេលា​ជាក់លាក់​ទេ»។

បើ​តាម​លោក​ឡេង ប៉េងឡុង ​ច្បាប់​នេះ ​នឹង​ជួយ​ពង្រឹង​អភិបាលកិច្ច​ល្អ​ក្នុងការ​គ្រប់គ្រង​ ការ​ប្រើប្រាស់​ និង​ការ​ចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ ​ប្រកប​ដោយ​ប្រសិទ្ធភាព ​និង​ចីរភាព។ ទន្ទឹម​នឹង​នេះ​ បង្កើន​ចំណូល​ពី​ទ្រព្យសម្បត្តិ​រដ្ឋ​ឲ្យ​កាន់​តែមាន​ភាព​ច្បាស់​លាស់ ​សំដៅ​ធានា​ដល់​ការ​គ្រប់គ្រង​ធនធាន​សាធារណៈ។ បង្កើន​ចំណូល​ជា​ប្រយោជន៍​ដល់​ថវិកា​ជាតិ ​និង​កំណើន​សេដ្ឋកិច្ច​ជាតិ។

លោក អំ សំអាត ​ប្រធាន​ផ្នែក​ឃ្លាំមើល ​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ (LICADHO) គាំទ្រ​ឲ្យ​មាន​ច្បាប់​នេះ ដើម្បី​ពង្រឹង​ក្របខណ្ឌ​ច្បាប់​រចនាសម្ព័ន្ធ​ស្ថាប័ន ​និង​លើក​កម្ពស់​សមត្ថភាព​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​​គ្រប់គ្រង​ទ្រព្យសម្បតិ្ត​រដ្ឋ។

លោក​ថ្លែង​នៅ​ថ្ងៃអង្គារ​ទី ៦ តុលា នេះ​ថា​៖ «កន្លងមក​យើង​សង្កេត​ឃើញថា ​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​មិនទាន់បាន​ល្អប្រសើ ​ហើយ​នៅ​មាន​បញ្ហា​ច្រើន។ ប៉ុន្ដែ​ចំពោះ​ច្បាប់​នេះ​ខ្ញុំ​រំពឹងថា​ អាច​នឹង​ធានា ​ឬ​កំណត់​ឲ្យ​បាន​ច្បាស់​ថា ​តើ​មាន​អ្វីខ្លះ​ជា​ទ្រព្យសម្បត្តិ​រដ្ឋ? ហើយ​ការ​ចាត់ចែង ​ប្រើប្រាស់​និង​ការគ្រប់គ្រង​ហ្នឹង​ធ្វើ​យ៉ាង​ម៉េច? ​ហើយ​ការ​លក់ដូរ​ហ្នឹង ​ធ្វើ​យ៉ាងណា​ឲ្យ​បានល្អ​ប្រសើរ? អ៊ីចឹង​ច្បាប់​នេះ ​គឺ​គេ​នឹង​គិតគូរ​ពី​បញ្ហា​ទាំង​នេះ»។

លោក​បន្ថែមថា​ ច្បាប់​នេះ ​គឺជា​លំនាំ ​ឬ​ជាគោលការណ៍​មួយ​សម្រាប់​អនុវត្ត ​ប៉ុន្ដែ​ការអនុវត្ត​មាន​ប្រសិទ្ធភាព​កម្រិតណា​នោះ​ គេ​មិនទាន់​ដឹង​ច្បាស់​នៅ​ឡើយ។ ដូច្នេះ​គេ​នឹង​រង់​ចាំមើល​ការអនុវត្ត​ច្បាប់​នេះ​មាន​ប្រសិទ្ធិភាព​កម្រិតណា ​ហើយ​នៅមាន​ភាព​ខ្វះ​ចន្លោះ​ចំណុច​ណា​ខ្លះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី ៣ ​កក្កដា​ ឆ្នាំ ​២០២០ ​ឲ្យ​ដឹងថា​ សេចក្ដីព្រាង​ច្បាប់​នេះ​ ត្រូវបាន​រៀបចំ​ដោយ​ផ្អែកលើ​មាត្រា ៥៨​ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ឆ្នាំ ១៩៩៣ ​ដែល​ចែងថា​ ទ្រព្យសម្បត្តិ​របស់​រដ្ឋ​មាន​ជាអាទិ៍ ​ដីធ្លី ​ក្រោម​ដី​ ភ្នំ ​សមុទ្រ​ ក្រោម​បាត​សមុទ្រ​ ឆ្នេរ​សមុទ្រ​ អាកាស ​កោះ ​ទន្លេ​ ព្រែក​ ស្ទឹង ​បឹង ​ព្រៃឈើ ​ធនធាន​ធម្មជាតិ ​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​វប្បធម៌ ​មូលដ្ឋាន​ការពារ​ប្រទេស ​សំណង់​ផ្សេងៗ​ទៀត ​បាន​កំណត់ថា​ ជា​របស់​រដ្ឋ។ ការគ្រប់គ្រង ​ការប្រើប្រាស់​ និង​ការចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ ​នឹងត្រូវ​កំណត់​ក្នុង​ច្បាប់។

សេចក្ដី​ព្រាងច្បាប់​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​ពង្រីង​ក្របខ័ណ្ឌ​ច្បាប់​ រចនាសម្ព័ន្ធ​ស្ថាប័ន ​និង​លើកកម្ពស់​សមត្ថភាព​ស្ថា​ប័ន​ក្នុងការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​ជាអាទិ៍ ​ការកំណត់​អំពី​ប្រភព ​ប្រភេទ​ទ្រព្យសម្បត្តិ​រដ្ឋ ​របប​គតិយុត្ត​គ្រប់គ្រង​និង​ចាត់ចែង​ទ្រព្យ​សម្បត្តិ​រដ្ឋ​ច្បាស់​លាស់​ជាក់​លាក់។ ការរៀបចំ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ ការផ្ទេរ​សិទ្ធិ​កាន់កាប់ ​ការអភិរក្ស ​ការអ​ភិវឌ្ឍ ​ការប្រើប្រាស់​ទ្រព្យសម្បត្តិ​រដ្ឋ ​ការធ្វើ​អធិការកិច្ច ​និង​សវនកម្ម។ ការកំណត់​អំពី​ការលើក​ទឹកចិត្ត ​និង​ការដាក់​ទណ្ឌ​កម្ម​ចំពោះ​អំពើ​ល្មើសច្បាប់​នានា​ជាដើម។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្តថា ​សេចក្ដី​ព្រាងច្បាប់​នេះ​មាន​គោលបំណង​ឆ្លើយតប​ទៅនឹង​សេចក្ដីត្រូវការ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការពង្រីង​អភិបាលកិច្ច​ល្អ​ បង្កើន​ប្រសិទ្ធភាព ​តម្លាភាព ​សក្ដិ​សិទ្ធិ​ភាព​និង​គណនេយ្យ​ភាព​នៃ​ការគ្រប់គ្រង​ ការប្រើប្រាស់​ និង​ការចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ ​ស្របតាម​កម្មវិធី​កែទម្រង់។ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដើម្បី​ជា​ឧត្តម​ប្រយោជន៍​ជាតិ ​និង​ប្រជាជន​ រួមចំណែក​ឈានទៅ​សម្រេច​គោលដៅ​នៃ​ចក្ខុវិស័យ​ឆ្នាំ ២០៣០ ​ក្នុងការ​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ សេចក្ដី​ព្រាង​ច្បាប់​នេះ ​រៀបចំ​ឡើង​មាន​ចំនួន​ ១២ ជំពូក ​និង​ ៩០ មាត្រា ​ហើយ​ត្រូវ​បាន​សម្រេច​ឯកភាព​ដោយ​អង្គប្រជុំ​ពេញអង្គ​គណៈ​រដ្ឋមន្ត្រី៕