ភ្នំពេញៈ ច្បាប់​ស្តីពី​ការគ្រប់គ្រង ប្រទេស​ជាតិ​ស្ថិតក្នុង​ភាពអាសន្ន​ត្រូវ​បាន​ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រេច​អនុម័ត​ជា​ឯកច្ឆន្ទ​ក្នុង​កិច្ចប្រជុំពេញអង្គ​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពី​ម្សិលមិញ និង​គ្រោង​បញ្ជូន​ច្បាប់​នេះ​ទៅកាន់​ស្ថាប័ន​រដ្ឋសភា​វិញ ដើម្បី​អនុវត្ត​យន្តការ​បន្តទៅ​តាម​នីតិ​វិធី​។

លោក​ តាំង រតនា អ្នកនាំពាក្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​ប្រាប់​ភ្នំពេញប៉ុស្តិ៍ ម្សិលមិញ​ថា​ក្រោយពី​ស្ដាប់​ការពន្យល់​របស់​តំណាង​រាជរដ្ឋាភិបាល និង​ការពិភាក្សា​យ៉ាងល្អិតល្អន់​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​របស់​ខ្លួន​ថ្ងៃទី​ ២៧ មេសា ស្តីពី​ការពិនិត្យ​ និង​សម្រេច​លើ​សំណើសុំ​ពិនិត្យ​ធម្មនុញ្ញភាព​ «​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​» ​របស់​រដ្ឋសភា​រួចមក​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​សម្រេច​ជា​ឯកច្ឆន្ទ​ថា ច្បាប់​នេះ​ពិតជា​ស្រប​នឹង​រដ្ឋធម្មនុញ្ញ ព្រោះ​ពុំ​មាន​បទប្បញ្ញត្តិ​ណាមួយ​នៅក្នុង​ច្បាប់​នេះ​មិន​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ឡើយ​។

លោក​បាន​បញ្ជាក់ថា​៖ «​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​គឺជា​សេចក្ដីសម្រេច​ស្ថាពរ និង​បិទផ្លូវ​តវ៉ា ហើយ​មាន​អានុភាព​អនុវត្ត​ទៅលើ​អំណាច​ទាំងអស់​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ត្រូវ​ចុះផ្សាយ​ក្នុង​ព្រះរាជក្រឹត្យ​»​។

លោក​ថា​៖ «​បន្ទាប់ពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ​សម្រេច​អនុម័ត​ជា​ឯកច្ឆន្ទ​រួច​ច្បាប់​នេះ​នឹងត្រូវ​បញ្ជូន​ទៅ​ម្ចាស់​សំណើ​ [​រដ្ឋសភា​] ​វិញ ដើម្បី​អនុវត្ត​យន្តការ​ទៅ​តាម​នីតិវិធី​ច្បាប់​»​។

ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាពអាសន្ន​ត្រូវ​បាន​រាជរដ្ឋាភិបាល​បង្កើត​ឡើង​នា​ថ្ងៃទី​ ៣១ ខែ មីនា ឆ្នាំ​ ២០២០ ដោយ​ផ្អែក​តាម​មាត្រា​ ២២ ​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ កម្ពុជា​ដែល​ចែង​ថា នៅពេល​ប្រជាជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ព្រះមហាក្សត្រ​ទ្រង់​ប្រទាន​ដំណឹង​ជា​សាធារណៈ​ដាក់​ប្រទេសជាតិ​ក្នុង​ភាពអាសន្ន ក្រោយពី​បាន​មតិ ឯកភាព​ពី​នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង​ប្រធានព្រឹទ្ធសភា​។

ច្បាប់​នេះ​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​នៅ​ថ្ងៃទី​ ១០ មេសា នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​ ៤ នីតិកាល​ទី​ ៦ និង​ព្រឹទ្ធសភា ពិនិត្យ ឯកភាព​ទាំងស្រុង​លើ​ទម្រង់ និង​គតិ​ច្បាប់​ក្នុង​សម័យ​ប្រជុំ​នៃ​ព្រឹទ្ធសភា នីតិកាល​ទី​ ៤ ​ថ្ងៃ​ទី​ ១៧ មេសា​៕