ភ្នំពេញៈ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ៦៨ រូប បានចំណាយពេលត្រឹមតែមួយព្រឹកប៉ុណ្ណោះ ក្នុងការអនុម័តដោយបោះឆ្នោតជាឯកច្ឆន្ទ លើសេចក្តីព្រាងច្បាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាល ខណៈដែលតំណាងរាស្ត្រគណបក្សប្រឆាំងទាំង ៥៥ រូបបានធ្វើពហិការចូលប្រជុំ ដោយហៅសេចក្តីព្រាងច្បាប់នេះថា មានលក្ខណៈគាបសង្កត់ រឹតត្បិតសេរីភាពបុគ្គល ព្រមទាំងផ្ទុយនឹងរដ្ឋធម្មនុញ្ញកម្ពុជា និងអនុសញ្ញា កតិកាសញ្ញាអន្តរជាតិ។
ទន្ទឹមនឹងដំណើរការនៃកិច្ចពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាស កាលពីម្សិលមិញនេះ សន្តិសុខជុំវិញបរិវេណរដ្ឋសភាត្រូវបានរឹតបន្តឹងដោយកម្លាំងសមត្ថកិច្ចចម្រុះជាង ១០០ នាក់ប្រដាប់ដោយខែល និងដំបង រារាំងចំពោះក្បួនដង្ហែតវ៉ាដោយសន្តិវិធីរបស់សង្គមស៊ីវិល និងពលរដ្ឋប្រមាណ ៣០០ នាក់។
ក្នុងកិច្ចអន្តរាគមន៍ការពារសេចក្តីព្រាងច្បាប់នេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេងបានថ្លែងថា កម្ពុជា បានប្រើពេលអស់ ២០ ឆ្នាំ ក្នុងការតាក់តែងសេចក្តីព្រាងច្បាប់នេះ ជាមួយនឹងការបើកសិក្ខាសាលាថ្នាក់ជាតិចំនួន ៣ ដងរួចមកហើយដែលមានអង្គ ទូតនានាចូលរួមជជែកដេញ ដោលផងដែរ ដែលមិនមានហេតុផលជាក់លាក់ណា ក្នុង ការពន្យារពេលទៀតនោះទេ។
លោកក៏បានផ្ញើសារជាថ្មីទៅ កាន់អង្គការសង្គមស៊ីវិលសំដៅ លើសមាគម និងអង្គការក្រៅរដ្ឋាភិបាល កុំឲ្យបារម្ភខ្លាំងពេក ចំពោះការអនុម័តច្បាប់នេះ នឹងមិនរឹតត្បិតសិទ្ធិសេរីភាពរបស់ពួកគេនោះទេ។
លោកថា៖ «យើងបានទទួលយកច្រើនណាស់សម្រាប់មតិយោបល់ មិនមានហេតុផលត្រូវពន្យារទៀតទេ ហើយវាមិនមែនជាការចាប់បង្ខំនោះទេតែយើងធ្វើតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យនៅក្នុងមាត្រា ២៤ ពាក់ព័ន្ធនឹងអព្យាក្រឹតភាពរបស់សមាគម និងអង្គការក្រៅរដ្ឋាភិបាល ខ្ញុំជឿថា បើយើងនិយាយមិនស្រួលទេ គឺវាអាចរាល ប៉ុន្តែបើយើងមើលច្បាប់គណបក្សនយោបាយ បើសិនអង្គការក្រៅរដ្ឋាភិបាលចង់ធ្វើនយោបាយ គាត់អាចប្រែខ្លួនជាគណបក្សនយោបាយបាន អត់មានហាមឃាត់ទេ តែបើគាត់ធ្វើអង្គការ គាត់ត្រូវអព្យាក្រឹត...ហើយខ្ញុំមិនយល់ថា ហេតុអ្វីបានជាបរទេសមួយ ចំនួន ប្រឆាំងនឹងច្បាប់នេះ ច្បាប់នេះ ទាញចេញពីប្រទេសរបស់អ្នកឯង អ្នកឯងមាន ម៉េចបានជាកម្ពុជាមានមិនបាន?»។
ថ្លែងក្នុងកិច្ចប្រជុំរដ្ឋសភា ពាក់ព័ន្ធនឹងពហិការចូលប្រជុំរបស់គណបក្សសង្គ្រោះជាតិ លោក សួស យ៉ារ៉ា តំណាងរាស្ត្រគណបក្សប្រជាជនបានលើកឡើងថា ប្រភពដើមនៃវប្បធម៌សន្ទនា គឺការចរចាគ្នាដើម្បីដោះស្រាយបញ្ហាមិនមែនការបោះបង់ឱកាសចូលប្រជុំពិភាក្សា ហើយប្រកាសជំហរប្រឆាំងនោះទេ។

លោកថា៖«ស្តាយណាស់ ដែលពលរដ្ឋកម្ពុជា បានបង់ពន្ធជូនរដ្ឋ និងយកប្រាក់ខែជូនអស់លោក តែអស់លោក អត់មកអង្គុយតតាំងការពារផលប្រយោជន៍អង្គការទេ បែរជាប្រើតំណាងរាស្រ្តម្នាក់ ឯកឧត្តម រៀល ខេមរិន្ទ្រ មកឈរខាងក្រៅ ហើយចង់ផ្លោះរបងទៀត។ ទី២ ការលើកពីអនុសញ្ញាអន្តរជាតិ លើកឲ្យច្បាប់មកអនុសញ្ញាអី មាត្រាណាដែលថាកម្ពុជាបានប្រឆាំង មិនមែនស្រែកឡូឡាអនាធិបតេយ្យនៅខាងក្រៅ និងប្រមូលផ្តុំជាមួយមហាជននោះទេ!»។
តបនឹងការលើកឡើងនេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែងថា វប្បធម៌នៃការសន្ទនា ដែលថ្នាក់ដឹកនាំបក្សទាំងពីរប្រកាន់យក គឺជាការស្តាប់មតិយោបល់គ្នាទៅវិញទៅមកហើយមិនអាចបំបិទមាត់របស់គណបក្សប្រឆាំងបាននោះទេ។
លោកថា៖ «យើងបានស្នើផ្អាកស្នើពន្យារពេលក្រោមមូលហេតុជាច្រើន តែពួកគេ (បក្សប្រជាជន) មិនរវល់ទេ អ៊ីចឹងហើយបានជាយើងពហិការប្រជុំ មិនចូលរួម»។
បើតាមលោក បុញ្ញឫទ្ធិ គណបក្សសង្គ្រោះជាតិ រក្សាបន្តទាមទារឲ្យមានការផ្លាស់ប្តូរខ្លឹមសារនៃច្បាប់បច្ចុប្បន្ននេះ ហើយបើគណបក្សនេះជាប់ឆ្នោតក្នុងឆ្នាំ ២០១៨ នោះគណបក្សនឹងត្រូវធ្វើវិសោធនកម្មលើច្បាប់នេះ។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយមួយថ្ងៃមុនកិច្ចប្រជុំសភាគណបក្សសង្គ្រោះជាតិ បានអំពាវនាវដល់រដ្ឋសភាឲ្យទម្លាក់ចោលការអនុម័តច្បាប់នេះ ដើម្បីដកឃ្លាពិចារណាឡើងវិញ ក្នុងការសម្រួលសេចក្តីព្រាងច្បាប់នេះ។
គណបក្សសង្គ្រោះជាតិ បានពិនិត្យឃើញថា ខ្លឹមសារទាំងមូលនៃសេចក្តីព្រាងច្បាប់នេះ មានលក្ខណៈគាបសង្កត់ កម្រិតសិទ្ធិសេរីភាពបុគ្គល ក្នុងការសម្តែងមតិ និងក្នុងការចូលរួមពីជីវភាពសង្គម សេដ្ឋកិច្ចនយោបាយ ប៉ះពាល់ដល់លំហប្រជាធិបតេយ្យ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៣៥ ផ្ទុយពីអនុសញ្ញា និងកតិកាសញ្ញាអន្តរជាតិផ្សេងៗទៀត ដែលកម្ពុជាបានចុះហត្ថលេខា។
ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រព្រឹត្តកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនសក្តិមានការសោកស្តាយ ចំពោះតំណាងរាស្ត្រគណបក្សប្រជាជនដែលបន្តជម្នះអនុម័តលើច្បាប់ដ៏ចម្រូងចម្រាស និងមានការរិតត្បិតសេរីភាពរបស់បុគ្គល កាលពីម្សិលមិញនេះ។
លោកថា បើទោះបីជា ច្បាប់នេះ ត្រូវបានរដ្ឋសភាជាតិអនុម័តហើយក្តី តែសង្គមស៊ីវិលជាច្រើន នៅតែបន្តជំហរក្នុងការទាមទារទៅកាន់ស្ថាប័នជាតិផ្សេងទៀត ដើម្បីធ្វើវិសោធនកម្ម ឬទម្លាក់ចោលច្បាប់បច្ចុប្បន្ននេះ។
លោកថា៖ «សង្គមស៊ីវិល នឹងស្នើសុំឯកសារច្បាប់ផ្លូវការនោះ មកពិនិត្យមើលផ្នែកច្បាប់បន្ថែមទៀត ហើយនឹងរៀបចំយុទ្ធសាស្ត្រក្នុងការតស៊ូមតិ ដើម្បីទាមទារឲ្យធ្វើវិសោធនកម្ម ឬទម្លាក់ច្បាប់នោះចោល។ ខ្ញុំក៏នឹងធ្វើញត្តិ ស្នើកិច្ចអន្តរាគមន៍ពីតួអង្គ និងស្ថាប័នរដ្ឋពាក់ព័ន្ធ បន្ទាប់ពីច្បាប់នេះចេញពីសភា ទៅព្រឹទ្ធសភា ទៅក្រុមប្រឹក្សាធម្មនុញ្ញ និងព្រះមហាក្សត្រឡាយព្រះហត្តលេខា ហើយក៏នឹងស្នើសហគមន៍អន្តរជាតិ»។
ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមាន ៩ ជំពូក និង ៣៩ មាត្រា និងត្រូវបានកែសម្រួលបន្តិចបន្តួច នូវមាត្រាមួយចំនួនដូចជា មាត្រា ៥, ១១, ៣០ និង ៣៥ ក្រោយពីសិក្ខាសាលាថ្នាក់ជាតិរៀបចំដោយរដ្ឋសភា កាលពីសប្តាហ៍មុន។
ក្រៅពីការជំទាស់អនុម័តច្បាប់នេះ ពីសំណាក់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយចំនួន ក៏មានអង្គការអន្តរជាតិ និងសហគមន៍អន្តរជាតិ ដូចជា សហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុបផងដែរ បានព្រមានពីការខាតបង់របស់ប្រទេសកម្ពុជា ប្រសិនបើច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបច្ចុប្បន្ននេះ ត្រូវបានអនុម័តដាក់ឲ្យប្រើប្រាស់នោះ៕