ភ្នំពេញៈ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នឹងតម្រូវឲ្យអ្នករួមដំណើរលើម៉ូតូ ពាក់មួកសុវត្ថិភាព ចំណែកម្ចាស់ហាងលក់យានយន្ត ត្រូវចុះបញ្ជីសុំប័ណ្ណសម្គាល់និងស្លាកលេខ មុននឹងប្រគល់ទៅឲ្យអ្នកទិញ ដើម្បីបង្កើនសុវត្ថិភាព និងបង្កភាពងាយស្រួល។
នេះបើតាមការអះអាងរបស់ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោយពីសភាផ្អាកកិច្ចប្រជុំពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក កាលពីម្សិលមិញ បន្ទាប់ពីបានអនុម័តបានពីរជំពូក ហើយបានលើកទៅបន្តនៅថ្ងៃពុធ ទី៣ ខែធ្នូ។
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានថ្លែងឲ្យដឹងថា ចំណុចដែលត្រូវបានស្នើឡើងក្នុងសេចក្តីព្រាងច្បាប់នេះ ខុសពីច្បាប់មុន រួមមាន ទី១ អនុញ្ញាតឲ្យទោចក្រយានយន្តផ្ទុកមនុស្សពីរនាក់ នឹងអាចបន្ថែមកុមារ ១ នាក់ទៀត និងតម្រូវការពាក់មួកសុវត្ថិភាព ទី២ តម្រូវឲ្យម្ចាស់ហាងយានយន្តបំពេញបែបបទចុះបញ្ជីសុំប័ណ្ណសម្គាល់ និងស្លាកលេខមុននឹងប្រគល់យានទៅឲ្យអ្នកទិញ ទី៣ ផ្ទេរតួនាទីនិងសិទ្ធិគ្រប់គ្រងទៅឲ្យលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកផង។
លោក ត្រាំ អ៊ីវតឹក បានបន្តថា៖ «កន្លងមក ខ្ញុំរារែកក្នុងការបញ្ជាទៅប៉ូលិស ដោយសារគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងគណៈកម្មាធិការបង្ក្រាបបទល្មើសចរាចរណ៍ គឺដាច់ពីគ្នា...ក្រសួង បានត្រឹមតែផ្សព្វផ្សាយទេ តែលទ្ធផលនៅតែស្លាប់ច្រើនជាងមុន អ៊ីចឹងមានតែប៉ូលិសចុះបង្រ្កាបឲ្យគាត់ខ្លាចតិចទៅ សំខាន់គឺជីវិតគាត់ទេ។ វិធីរបស់ខ្ញុំ មិនមែនទៅដល់ផាកគាត់ភ្លាមទេ ត្រូវណែនាំថា ច្បាប់ហ្នឹងឥឡូវគេបន្តឹងហើយ ក្រោយមកទើបយើងផាក បើគាត់មិនស្តាប់»។
សម្រាប់អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងឲ្យដឹងថា សេចក្តីព្រាងច្បាប់នេះ មានលក្ខណៈបច្ចេកទេសច្រើន ដែលទាមទារឲ្យមានការពង្រឹងការអនុវត្តច្បាប់។ លោកបន្តថា ដើម្បីបង្កើនប្រសិទ្ធភាពច្បាប់នេះ គណបក្សសង្គ្រោះជាតិ នឹងជំរុញបន្ថែមទៀតលើការទម្លាក់តម្លៃសាំង ដើម្បីសម្រួលតម្លៃនៃការដឹកជញ្ជូន ការដំឡើងបៀវត្សរ៍ប៉ូលិសចរាចរណ៍ ដើម្បីបញ្ឈប់ការជំរិតទារប្រាក់ពីអ្នកធ្វើដំណើរ។
លោកថ្លែងថា៖ «គណបក្សយើង ក៏នឹងស្នើឲ្យពង្រឹងការត្រួតពិនិត្យលើរថយន្ត ម៉ូតូជាច្រើនដែលបន្លំប្រើប្រាស់ស្លាកលេខយោធា (ខ.ម) លេខនគរបាល (ន.ប)។ អ្នកខ្លះ មិនបានបំពេញការងារទេ បែរជាយកទៅជិះដើរលេង រំលោភអំណាច ពាក់ស្បែកខ្លា ធ្វើបាបប៉ូលិសចរាចរណ៍ដោយបើកបរខុសច្បាប់ទៅទៀត»។
សេចក្តីព្រាងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី មាន ១២ ជំពូក និង ៩២ មាត្រា។ ច្បាប់នេះ មានគោលបំណងធានាសុវត្ថិភាព សណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ធានាការពារសុខភាព និងអាយុជីវិតមនុស្ស សត្វ និងទ្រព្យសម្បត្តិសាធារណៈ ជាដើម។ ច្បាប់នេះក៏នឹងផ្តល់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក គ្រប់គ្រង សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់និងទប់ស្កាត់ការប្រព្រឹត្តបទល្មើសចរាចរណ៍ផ្លូវគោកផងដែរ។
កិច្ចប្រជុំសភា កាលពីថ្ងៃចន្ទម្សិលមិញនេះ មានកូរ៉ុមតំណាងរាស្ត្រចំនួន ១០៩ រូប ហើយតំណាងរាស្ត្រគណបក្សទាំងពីរ បានជជែកដេញដោលច្រើនពីកត្តាផ្លូវ មនុស្ស និងយានយន្ត ដែលបង្កគ្រោះថ្នាក់ចរាចរណ៍កន្លងមកនិងបច្ចុប្បន្ន។
តាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅ ឆ្នាំ២០១៣ មានជនរងគ្រោះសរុប ១៦ ២២៧ នាក់ក្នុងនោះស្លាប់ ១៩៥០ នាក់ និងរងរបួសធ្ងន់ ៥៦៧១ នាក់ គិតជាមធ្យមក្នុង ១ ថ្ងៃចំនួនអ្នកស្លាប់មានច្រើនជាង ៥ នាក់និងរបួសធ្ងន់ជិត ១៦ នាក់។ សម្រាប់រយៈពេល ៩ខែ ក្នុង ឆ្នាំ២០១៤ នេះ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍សរុបមាន ១៦៣០ នាក់ របួសស្រាល ២៥៤៧ នាក់ និងរបួសធ្ងន់ ៣៤៧៦ នាក់នៅក្នុង ៣៦៣៨ ករណី នៅទូទាំងប្រទេស៕