The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ច្បាប់​ថវិកា​ជាតិ ២០១៤ អាច​នឹង​ត្រូវ​អនុម័ត​ដោយ​ឯកបក្ស

ច្បាប់​ថវិកា​ជាតិ ២០១៤ អាច​នឹង​ត្រូវ​អនុម័ត​ដោយ​ឯកបក្ស

ច្បាប់​ថវិកា​ជាតិ ២០១៤ អាច​នឹង​ត្រូវ​អនុម័ត​ដោយ​ឯកបក្ស

Content image - Phnom Penh Post

ភ្នំពេញៈ ខណៈ​គណបក្ស​ប្រឆាំង គំរាម​ធ្វើ​ការ​តវ៉ា​បន្ថែម​ទៀត គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្វែរ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​សំណើ​ថវិកា​ជាតិ​ចំនួន ៣,៥ ពាន់​លាន​ដុល្លារ ដែល​នៅ​ទី​បំផុត អាច​នឹង​អនុម័ត​ដោយ​ឯកបក្ស។
កាល​ពី​ថ្ងៃ​សុក្រ គណៈ​រដ្ឋ​មន្រ្តី​ដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ សម្រាប់​ឆ្នាំ ២០១៤ ដែល​មាន​ចំនួន ១៣,១ ភាគរយ ឬ​ប្រហែល ៥០០ លាន​ដុល្លារ​ច្រើន​ជាង​ការ​ចំណាយ​ក្នុង​ឆ្នាំ ២០១៣។ នេះ​បើ​តាម​មន្រ្តី​ដែល​បាន​ថ្លែង​កាល​ពី​ម្សិលមិញ។

ការ​បោះឆ្នោត​នៅ​សភា អាច​នឹង​អនុម័ត​បញ្ជូន​បន្ត​ទៅ​ព្រឹទ្ធសភា នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ នៅ​មុន​ពេល​ច្បាប់​នេះ​ត្រូវ​ឡាយ​ព្រះហស្ត​ដោយ​ព្រះ​មហាក្សត្រ​នៅ​ចុង ខែ ធ្នូ។ ការ​បោះឆ្នោត​នៅ​សភា អាច​នឹង​ជា​ការ​បោះឆ្នោត​សំខាន់​ទី​មួយ​ដើម្បី​អនុម័ត​ច្បាប់ ចាប់​តាំង​ពី​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ ៥៥ រូប ធ្វើ​ពហិការ​ការ​បើក​សម័យ​ប្រជុំ​សភា កាល​ពី​ថ្ងៃ ទី២៣ កញ្ញា។

វិសោធនកម្ម រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ ២០០៦ តម្រូវ​តែ​កូរ៉ុម​ជាង​ពាក់​កណ្តាល នៃ​សមាជិក​សភា ឬ ៦២ នាក់ ត្រូវ​មាន​វត្តមាន​នៅ​ក្នុង​សភា សម្រាប់​ការ​អនុម័ត​ច្បាប់​ណា​មួយ ហើយ​ដែល​ច្បាប់​ថវិកា​ជាតិ អាច​នឹង​ត្រូវ​បោះឆ្នោត​តាម​របៀប​នេះ។
សេចក្តី​លម្អិត អំពី​ការ​បែង​ចែក​ថវិកា ទៅ​ក្រសួង​ជាក់​លាក់ ឬ​សេចក្តី​លម្អិត អំពី​របៀប​ដែល​រដ្ឋាភិបាល​នឹង​ប្រើ​ប្រាស់ មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ទេ។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី លោក ផៃ ស៊ីផាន បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា រដ្ឋាភិបាល​នឹង​ផ្តោត​ទៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ គម្រោង​កសិកម្ម និង​ការ​ដំឡើង​ប្រាក់​ខែ​មន្រ្តី​រាជការ​ក្នុង​ឆ្នាំ ២០១៤។

គណបក្ស ប្រឆាំង បាន​រិះគន់​ចំពោះ​ការ​ចំណាយ​កើន​ឡើង របស់​រដ្ឋាភិបាល និង​ការ​ពឹង​ផ្អែក​លើ​កម្ចី​ចំនួន ៩២៣ លាន​ដុល្លារ ហើយ​ដែល​មួយ​ចំនួន​នៃ​កម្ចី​នោះ គឺជា​ការ​ខ្ចី​ពី​ខាង​ក្រៅ។

លោក ស្រី មូរ សុខហួរ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​គួរ​តែ​កាត់​បន្ថយ​ចំណាយ ហើយ​អនុវត្ត​ប្រព័ន្ធ​ពន្ធដារ​ឲ្យ​ប្រសើរ​ជាង​មុន។

នៅ​ពេល​សួរ​ថា តើ​រដ្ឋាភិបាល​បាន​ស្នើ​កាត់​បន្ថយ​ការ​ប្រាក់​របស់​ខ្លួន​ពី​បរទេស​នៅ ឆ្នាំ​នេះ ឬ​អត់? លោក ផៃ ស៊ីផាន បាន​ថ្លែង​ថា៖«វា​នៅ​ដដែល​។ យើង​ធ្វើ​វា​ទៅ​តាម​ចំណូល​របស់​យើង។ យើង​អភិរក្ស​ចំពោះ​ចំណូល​នេះ»។

131028_05b
ទិដ្ឋភាពនៅក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ សហការី

មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី កាល​ពី​ម្សិលមិញ នៅ​តែ​មិន​មាន​ការ​ផ្លាស់​ប្តូរ​ជំហរ​ដោយ​ថ្លែង​ថា ម្ចាស់​ជំនួយ​អន្តរជាតិ និង​អ្នក​ផ្តល់​កម្ចី​មិន​គួរ​ផ្តល់​ហិរញ្ញវត្ថុ​ដល់​រដ្ឋាភិបាល បច្ចុប្បន្ន​ទេ ដោយ​សារ​រដ្ឋាភិបាល​នេះ​បង្កើត​ឡើង «មិន​ស្រប​ច្បាប់»។ លោក​បន្ត​ថា៖ «យើង​ចាប់​ផ្តើម​ជាមួយ​សភា​ខុស​ច្បាប់។ សភា​ខុស​ច្បាប់​បង្កើត​រដ្ឋាភិបាល​ខុស​ច្បាប់ ហើយ​រដ្ឋាភិបាល​ខុស​ច្បាប់ ធ្វើ​សេចក្តី​សម្រេច​ខុស​ច្បាប់ ហើយ​ដាក់​សំណើ​ថវិកា​ខុស​ច្បាប់»។

លោក សម រង្ស៊ី បាន​ថ្លែង​ទៀត​ថា បើ​ទោះ​បី​ជា​សហការី​របស់​លោក កំពុង​តាម​ដាន​សំណើ​ថវិកា​នោះ​ក៏​ដោយ ក៏​លោក​មិន «យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទេ» ពីព្រោះ​ថវិកា​នេះ គ្រាន់​តែ​ជា​ការ​រៀបចំ​ដោយ​រដ្ឋាភិបាល​ខ្លួន​ឯង​ប៉ុណ្ណោះ​។

លោក​ថ្លែង​ទៀត​ថា៖ «អ្វី​ដែល​រដ្ឋាភិបាល​បាន​បង្កើត​ឡើង គ្រាន់​តែ​ជា​ថវិកា​នៅ​លើ​ក្រដាស។ វា​មិន​អាច​អនុវត្ត​បាន​ទេ»។ លោក សម រង្ស៊ី បាន​បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​បន្ត​ធ្វើ​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល ដើម្បី​បញ្ចុះ​បញ្ចូល​ពិភពលោក​ថា វា «មិន​មែន​ជា​រឿង​ធម្មតា​ទេ» ក្នុង​ប្រទេស​កម្ពុជា។

ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​បោះឆ្នោត​ថ្ងៃ ទី ២៨ កក្កដា គណបក្ស​ប្រឆាំង បាន​អះអាង​ថា ខ្លួន​មាន​ចំនួន​តួលេខ​ចុង​ក្រោយ​របស់​ខ្លួន​ពី​ការ​បោះឆ្នោត​ដែល​បង្ហាញ​ថា ខ្លួន​បាន​ឈ្នះ​អាសនៈ​ចំនួន ៦៣ ដែល​ជា​ចំនួន​អាសនៈ​គ្រប់​គ្រាន់ ដើម្បី​ដឹក​នាំ​រដ្ឋាភិបាល ប្រសិន​បើ​មិន​មាន​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។

កាល​ពី​ម្សិលមិញ លោក សម រង្ស៊ី នៅ​តែ​ប្រកាន់​ជំហរ​ចំពោះ​ចំនួន​តួលេខ ៦៣ អាសនៈ បើ​ទោះ​បី​ជា​មិន​ទាន់​បាន​ចេញ​ឯកសារ​គាំទ្រ​ការ​អះអាង​នេះ​ក៏​ដោយ​។ លោក​បាន​បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ ជំរុញ​ឲ្យ​មាន​លទ្ធផល​ពេញ​លេញ​ដែល​បង្កើត​ឡើង​ដោយ​ការ​ស៊ើប​អង្កេត​ឯករាជ្យ។

លោក​ថ្លែង​បន្ត​ថា៖ «ប្រហែល យើង​នឹង​ចេញ [លទ្ធផល​ដោយ​ផ្នែក]។ វា​អាស្រ័យ​លើ​ព្រឹត្តិការណ៍ នៅ​សប្តាហ៍​ខាង​មុខៗ ពីព្រោះ​យើង​កំពុង​ធ្វើ​សំណើ​តប​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា [ស្តី​ពី​កំណែ​ទម្រង់​ការ​បោះឆ្នោត]។

តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ​របស់​សភា លោក ជាម យៀប បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ថវិកា​នេះ ទំនង​នឹង​បញ្ជូន​ទៅ​សភា​នៅ​ថ្ងៃ​នេះ។ ​លោក​បាន​បន្ត​ថា៖ «វា​ជា​ធម្មតា​ទេ ដែល​រដ្ឋាភិបាល​ត្រូវ​បង្កើន​ថវិកា​ជា​រៀង​រាល់​ឆ្នាំ ទៅ​តាម​កំណើន​សេដ្ឋកិច្ច»។

អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ កាល​ពី​ថ្មីៗ​នេះ បាន​បង្កើន​ការ​ព្យាករ អំពី​កំណើន​សេដ្ឋកិច្ច​ឆ្នាំ ២០១៣ របស់​កម្ពុជា​ទៅ ៧ ភាគរយ ខណៈ​ការ​ព្យាករ​របស់​រដ្ឋាភិបាល​គឺ​មាន​ចំនួន ៧,៦ ភាគរយ។

លោក ជាម យៀប បាន​ថ្លែង​បន្ត​ថា ទឹក​ជំនន់​បាន​ធ្វើ​ឲ្យ​កម្ពុជា ខាត​បង់​ជិត ១ ពាន់​លាន​ដុល្លារ ដោយ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង ដី​កសិកម្ម​ភាគ​ច្រើន បាន​ខូច​ខាត ហើយ​ដែល​ធ្វើ​ឲ្យ​លំបាក​សម្រាប់​ថវិកា​ជាតិ​ឆ្នាំ​ក្រោយ។

លោក​បាន​បន្ត​ថា៖ «ហេតុ​ដូច្នេះ វា​ជា​បន្ទុក​របស់​រដ្ឋាភិបាល ហើយ​គណៈកម្មការ​របស់​ខ្ញុំ នឹង​ពិនិត្យ​សេចក្តី​ព្រាង​ច្បាប់​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់ នៅ​មុន​ពេល​កោះ​ប្រជុំ​សភា​ដើម្បី​អនុម័ត​ច្បាប់​នេះ»។ លោក​បន្ត​ថា ថវិកា​នឹង​ត្រូវ​អនុម័ត​យ៉ាង​ងាយ​ស្រួល ដោយ​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​បន្ត​ពហិការ​សភា។

លោក កែម ឡី អ្នក​ស្រាវជ្រាវ​ពី​បញ្ហា​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា សូម្បី​តែ​ប្រទេស​ដែល​បាន​អបអរ​ចំពោះ​រដ្ឋាភិបាល​ថ្មី ក៏​នៅ​តែ​កំពុង​អំពាវនាវ​ឲ្យ​មាន​ការ​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​ផង​ដែរ។

លោក​បាន​បន្ត​ថា៖ «ខ្ញុំ​គិត​ថា ភាព​ជាប់​គាំង​ខាង​នយោបាយ នៅ​តែ​កំពុង​កើត​មាន ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​តែ​ត្រឡប់​ទៅ​រក​ការ​ចរចា​ជា​ជាង​ការ​អនុម័ត​ច្បាប់ ដោយ​ខុស​ច្បាប់»៕ PS

អត្ថបទគួរចាប់អារម្មណ៍