ភ្នំពេញៈ សេចក្តីព្រាងច្បាប់ស្តីពីសហជីពដែលមេដឹកនាំសហជីពឯករាជ្យមួយចំនួនចាត់ទុកថាជាច្បាប់ដែលបង្កើតឡើងដើម្បីរឹតត្បឹតសិទ្ធិសេរីភាពសហជីពនោះនឹងត្រូវបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្រ្តីនៅខែក្រោយហើយនឹងបញ្ជូនទៅរដ្ឋសភាធ្វើការអនុម័តនៅចុងឆ្នាំនេះ។
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីប្រកាសបើកឲ្យមានកិច្ចប្រជុំត្រីភាគីលើលទ្ធផលនៃសេចក្តីព្រាងច្បាប់ចុងក្រោយស្តីពីសហជីពកាលពីម្សិលមិញថាលោកនឹងយកមតិយោបល់ដែលអ្នកពាក់ព័ន្ធចូលរួមលើកឡើងទាំងអស់ទៅពិនិត្យជាចុងក្រោយរួចដាក់បញ្ជូនទៅទីស្តីការគណៈរដ្ឋមន្រ្តីនៅខែក្រោយ។
លោកថា៖ «យើងចង់ឲ្យច្បាប់នេះចេញទៅមានការទទួលស្គាល់គ្រប់ភាគីហើយខ្ញុំរំពឹងថាច្បាប់នេះនឹងទៅដល់រដ្ឋសភានៅចុងឆ្នាំនេះ»។ លោកបន្តថាប្រធានបទនៃច្បាប់នេះជាបញ្ហាសំខាន់ដូចនេះការជជែក ការសម្របសម្រួលរហូតរកឃើញចំណុចស្រុះស្រួលគ្នាមួយក៏វាត្រូវការចំណាយពេលវេលាច្រើនក្នុងការប្រជុំដែរ។
លោកបន្ថែមថា៖ «គោលបំណងសំខាន់នៃច្បាប់សហជីពនេះគឺការពារ និងលើកស្ទួយសិទ្ធិសេរីភាពរបស់អង្គការសហជីព និងអង្គការវិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងប៉ុន្តែការអនុវត្តសិទ្ធិសេរីភាពណាមួយក៏ដោយក៏ត្រូវតែធ្វើឲ្យបានត្រឹមត្រូវទៅតាមច្បាប់ និងនីតិវិធីដែរ»។
លោក សោម អូន ប្រធានក្រុមប្រឹក្សាសហជីពកម្ពុជា (CCNU) បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីការបញ្ចប់កិច្ចពិភាក្សាកាលពីម្សិលមិញថាចំណុចជាច្រើនដែលសហជីពមានកង្វល់ត្រូវបានដាក់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់នេះ។
លោកបន្តថា៖ «កន្លងមកអ្វីដែលសហជីពយើងមានកង្វល់ច្រើនជាងគេនោះគឺការបង្កើតសហជីពដែលនៅក្នុងសេចក្តីព្រាងដំបូងគឺត្រូវមានសមាជិកពី ២០ ភាគរយ ទើបអាចបង្កើតបានតែក្នុងការបង្ហាញក្នុងការប្រជុំនេះគឺកំណត់ឲ្យមានតែ ១០ នាក់ទេក៏អាចបង្កើតសហជីពបានដែរ»។
លោកថា មានចំណុចជាច្រើនល្អប្រសើរជាងច្បាប់ការងារដែលលោកអាចទទួលយកបាន។
ប៉ុន្តែលោក អាត់ ធន់ ប្រធាន សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ) នៅតែមិនពេញចិត្ត និងមិនចង់ឲ្យមានច្បាប់សហជីពនេះទេប៉ុន្តែលោកថាប្រសិនបើត្រូវតែបង្កើតច្បាប់នេះគួរតែធ្វើឲ្យស្របទៅតាមអ្វីដែលសហជីពបានស្នើឡើង។
លោកបញ្ជាក់ថា៖ «យើងឃើញថាបើប្រៀបធៀបនឹងសេចក្តីព្រាងច្បាប់ពីមុនគឺមានការកែប្រែមួយចំនួនប៉ុន្តែវានៅតែជាឧបសគ្គដែលមានដូចជាតម្រូវឲ្យមានការរាយការណ៍ពីរបាយការណ៍ហិរញ្ញវត្ថុការផាកពិន័យ និងការរំលាយសហជីពជាដើម»៕