
ភ្នំពេញៈ របាយការណ៍ថ្មីមួយចេញដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺ គ្រុនចាញ់របស់ប្រទេសកម្ពុជាបានបង្ហាញថា អត្រាស្លាប់ដោយសារជំងឺនេះបានធ្លាក់ចុះ៨៥ភាគរយ នៅក្នុងឆមាសទី១ ឆ្នាំ២០១៣ នេះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១២។
ករណីជំងឺ គ្រុនចាញ់សរុបបានថយចុះចំនួន៥២ភាគរយ ក្នុងអំឡុងឆមាសទី។ នេះបើតាមរបាយការណ៍ចេញកាលពីម្សិលមិញដោយលោកវេជ្ជបណ្ឌិត ច ម៉េងជួរ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់របស់ក្រសួងសុខាភិបាល។
របាយការណ៍ នេះបង្ហាញថា មនុស្សបួននាក់ ក្នុងចំណោមករណីគ្រុនចាញ់១៨ ៧០០បានស្លាប់ដោយសារជំងឺនេះ ចន្លោះពីខែមករានិងខែមិថុនា។
លោក Steven Bjorge ប្រធានក្រុមប្រយុទ្ធនឹងជំងឺគ្រុនចាញ់នៅអង្គការសុខភាពពិភពលោកបានថ្លែងថា ការធ្លាក់ចុះយ៉ាងលឿនគួរឲ្យកត់សម្គាល់ពីករណីស្លាប់ចំនួន ២៨នាក់ ក្នុងចំណោមករណីរាយការណ៍ចំនួនជិត៤ម៉ឺន ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០១២ គឺមួយផ្នែកធំជាលទ្ធផលកើតចេញពីកម្មវិធីចែកចាយមុងការពារមូស ចម្លងជំងឺគ្រុនចាញ់ទ្រង់ទ្រាយធំ។
លោក Steven Bjorge បានមានប្រសាសន៍ថា៖ «អ្នកអាចឃើញអំពីភាពពាក់ព័ន្ធគ្នាយ៉ាងច្បាស់នៃការសម្រេចបាន នូវការធ្លាក់ចុះក្នុងចំនួនច្រើនបែបនេះ ជាមួយនឹងចំនួនមុងដែលត្រូវបានចែកចាយយ៉ាងច្រើនក្នុងចន្លោះ ពីខែវិច្ឆិកា ឆ្នាំ២០១១ និងខែមីនាឆ្នាំ២០១២»។
លោកបន្តថា កិច្ចខិតខំប្រឹងប្រែងនេះ គឺកើតចេញពីយុទ្ធនាការចែកចាយមុង ឆ្នាំ២០០៩ដែលបានផ្តោតទៅលើខេត្តភាគខាងលិច ដូចជា ខេត្តបាត់ដំបង និងកោះកុង ដែលអ្នកភូមិបានបង្ហាញអត្រាជំងឺគ្រុនចាញ់ រេស៊ីស្តង់ថ្នាំខ្ពស់ជាងខេត្តដទៃៗក្នុងប្រទេស។
លោក Bjorge ថ្លែងទៀតថា ជាការកត់សម្គាល់នៃការធ្លាក់ចុះគួរឲ្យចាប់អារម្មណ៍ ក្នុងចំណោមប្រជាជននៅក្នុងតំបន់នោះ អង្គការមូលនិធិសកលសម្រាប់ជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ បានរួមចំណែកថវិកាចំនួន២០លានដុល្លារអាមេរិកដើម្បីពង្រីក កម្មវិធីទៅដល់ភូមិចំនួនប្រហែល១ ៦០០ ក្នុងចំណោមភូមិដែលរងគ្រោះខ្លាំងបំផុតនៅប្រទេសកម្ពុជា។
ក្នុងអំឡុងរយៈពេលពីចុងឆ្នាំ២០១១ និងដើមឆ្នាំ២០១២ ការស្លាប់ ដោយសារជំងឺគ្រុនចាញ់ បានធ្លាក់ចុះប្រហែលពាក់កណ្តាលពីចំនួន៩៤នាក់ មកនៅត្រឹម៤៧នាក់ ដែលនេះជាការធ្លាក់ចុះយ៉ាងខ្លាំងបំផុតក្នុងទសវត្សរ៍ថ្មីនេះ។ នេះបើតាមទិន្នន័យរបស់មជ្ឈមណ្ឌលប្រយុទ្ធ នឹងជំងឺគ្រុនចាញ់កម្ពុជា។
លោក Bjorge បានថ្លែងបន្តថា ការរួមចំណែកទៅនឹងការទប់ស្កាត់ ករណីជំងឺគ្រុនចាញ់នេះគឺដោយសារកម្មវិធីដូចគ្នារបស់រដ្ឋាភិបាលដែលទទួលថវិកាពីអង្គការនានាដែលបានដាក់បុគ្គលិកផ្នែកជំងឺ គ្រុនចាញ់ នៅតាមភូមិនានា។
លោកបន្ថែមថា ការបញ្ចូលគ្នានៃកម្មវិធីនេះស្ទើរអាចលុបបំបាត់ការស្លាប់ ដោយសារជំងឺគ្រុនចាញ់ក្នុងរយៈកាលប្រាំឆ្នាំកន្លងមកនេះ។
លោក Bjorge ថ្លែងទៀតដែរថា៖ «នៅទីបំផុតមនុស្សដែលឆ្លងជំងឺគ្រុនចាញ់នឹងជាចម្បងជា ក្រុមមនុស្សប្រុសវ័យក្មេង ដែលចូលទៅក្នុងព្រៃជ្រៅដើម្បីប្រកបរបរចិញ្ចឹមជីវិតអ្វីមួយដូចជា ការជីកត្បូង...»៕PS