ភ្នំពេញ/សៀមរាបៈ ​សមត្ថកិច្ច​បាន​អះអាងថា ឃ្លាំង​ស្តុក​កម្ទេច​ក្រណាត់​នៃ​រោងចក្រ​កែច្នៃ​អំបោះ​​សិង្ហ​ឡុង​ថៃ នៅ​ភូមិ​អន្លង់​គង​សង្កាត់​ព្រៃស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ត្រូវបាន​អគ្គិភ័យ​ឆេះ​ទាំងស្រុង​កាលពី​ថ្ងៃ​ ២៦ កុម្ភៈ​ខណៈ​នៅ​ខេត្តសៀមរាប​ក៏មាន​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​ពលរដ្ឋ​អស់​ ១ ​ខ្នង​ផងដែរ ។

លោក នេត វន្ថា ប្រធាន​នាយកដ្ឋាន​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ថ្លែង​ពីថ្ងៃ​ពុធ​ថា ឃ្លាំង​ស្តុក​កម្ទេច​ក្រណាត់​ទំហំ​ ២៥x២៥ ​ម៉ែត្រ​ប្រក់​ស័ង្កសី​ខាង​លើ​ត្រូវបាន​អគ្គិភ័យ​ឆេះ​នៅ​ម៉ោង​ ១២ ​ថ្ងៃត្រង់​ថ្ងៃ​ពុធ​ទី​ ២៦ ខែ​កុម្ភៈ​។

លោក​បញ្ជាក់ថា​៖ «​កម្ទេច​ក្រណាត់​រាប់រយ​គុប​ដែល​ត្រូវបាន​គេ​ប្រមូល​ទិញ​ពី​រោងចក្រ​កាត់ដេរ​មក​ស្តុក​ក្នុង​ឃ្លាំង​កែច្នៃ​ធ្វើ​ជា​​សរសៃ​អំបោះ​នោះបាន​រង​ការឆេះ​ខូចខាត​ទាំងស្រុង​»​។

ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា ក្នុង​ហេតុការណ៍​នោះ​មិន​បង្ក​គ្រោះថ្នាក់​មនុស្ស​ទេ ហើយ​ក៏​មិន​ឆេះ​រាលដាល​បន្ត​ដល់​ផ្ទះ​អ្នកភូមិ​​ជិត​នោះ​ដែរ​។

ទោះយ៉ាងណា​លោក វន្ថា មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការឆេះ​នោះទេ​។ ប៉ុន្តែ​លោក​ប្រាប់​ឲ្យ​ដឹងថា អគ្គិភ័យ​នេះ​កម្លាំង​នគរបាល​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ និង​កម្លាំង​កងពន្លត់​អគ្គិភ័យ​មកពី​អង្គភាព​ផ្សេងៗ​រួមទាំង​ពី​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ពន្លត់​បាន​ទាំងស្រុង​។ ​ជាមួយ​គ្នា​នេះ​អង្គភាព​ទាំងនោះ​បាន​បន្ត​សហការ​គ្នា​កាយ​កម្ទេច​ក្រណាត់​ដែល​ឆេះ​នៅ​ផ្នែក​ខាង​លើ​ចេញ និង​បាញ់​ទឹក​បង្ការ​ក្រែង​មាន​ចំហេះ​ពី​កម្ទេច​ក្រណាត់​ខាងក្រោម​។

ចំណែក​នៅឯ​ខេត្ត​សៀមរាប​មន្ត្រី​នគរបាល​មូលដ្ឋាន​ស្រុក​ស្រីស្នំ​កាលពី​ថ្ងៃ​ពុធ ទី​ ២៦ កុម្ភៈ​ បាន​រាយការណ៍​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា នៅ​វេលា​ម៉ោង​ ១០ និង​ ៣០ ​នាទី​ព្រឹក​ថ្ងៃទី​ ២៦ ខែ ​កុម្ភៈ ២០២០ មាន​ករណី​ភ្លើង​ឆេះ​​ផ្ទះ​របស់​អ្នកភូមិ​ ១ ​ខ្នង ទំហំ​ ៧ ​ម៉ែត្រ​ x៩ ​ម៉ែត្រ​នៅ​ភូមិ​រំដេង​ ឃុំ​ត្រាំសសរ ស្រុក​ស្រីស្នំ​បណ្ដាល​ឲ្យ​ខូចខាត​ទាំង​ស្រុង​ផងដែរ​។

លោក អ៊ុន ស្រស់ អធិការស្រុក​ស្រីស្នំ​បាន​ឲ្យ​ដឹងថា​៖ «​អគ្គិភ័យ​នោះ​បង្កឡើង​ពី​ភ្លើងទៀន ធូប ដែល​ម្ចាស់ផ្ទះ​ដុត​សែន​បាយ​សម្ល​ឧទ្ទិស​ដល់​កុងម៉ា​របស់​ខ្លួន​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​​គឺ​ដុត ហើយ​ដើរទៅ​អង្គុយ​ជជែក​​លេង​នៅ​ផ្ទះ​អ្នកជិតខាង​»​។

គួរបញ្ជាក់​ផងដែរ​ថា បើតាម​របាយការណ៍​នគរបាល​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៅក្នុង​រយៈពេល​ជិត​ ២ ​ខែ​ដើម​ឆ្នាំ​ ២០២០ ​នេះ​អគ្គិភ័យ​បាន​បង្ក​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​ ៦ ​នាក់ និង​ ២ ​នាក់​​ រងរបួស​ព្រមទាំង​បាន​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​សរុប​ជាង​ ១២០ ខ្នង និង​ទ្រព្យសម្បត្តិ​អស់​រាប់​​ម៉ឺន​ដុល្លារ ៕