កណ្ដាលៈ​ ព្រះ​វិហារ ​១​ ខ្នង​នៅ​វត្តបឹង​ខ្យាង ​ភូមិ​ប្រឡាយ​ ឃុំ​​បឹង​ខ្យាង​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​បាន​រង​ការ​ខូចខា​ត​ជា​ខ្លាំង​ ក្នុង​នោះ​មាន​ព្រះ​ពុទ្ធ​រូប​មួយ​ចំនួ​នផង​ ដោយ​សារ​ឆ្លង​ចរន្ត​អគ្គិ​សនី​កាល​ពីថ្ងៃ ១៣​កក្កដា​ នេះ ប៉ុន្តែ​ត្រូវ​បាន​នគរបាល​ជួយ​ពន្ល​ត់ទាន់​ដោ​យ​ប្រើរ​ថយន្ត​ពន្លត់​អគ្គិ​ភ័យ​ចម្រុះ​សរុប​ចំនួន ៨ គ្រឿ​ង​។​

លោក​ ម៉ែន​ ច័ន្ទរិទ្ធ​ អធិ​ការ​នគរ​បាល​ស្រុក​កណ្តាលស្ទឹង​​បាន​​ប្រាប់​នៅថ្ងៃថា ​​ករណី​អគ្គិ​ភ័យ​ឆេះ​ព្រះវិហារ​នៅ​វត្ត​បឹង​ខ្យាង​ក្នុង​ភូមិ​បឹង​ខ្យាង​នោះ​បាន​​រលត់​ហើយ​ដោយ​សារ​សមត្ថកិ​ច្ច​បាន​ចូលរួម​អន្តរាគ​មន៍​ក្នុង​នោះ មាន​​អាជ្ញា​ធររដ្ឋ​បាល​​ស្រុក​ផង​​។​

លោក​បាន​បញ្ជាក់​ថា​៖ «គ្រោះ​អគ្គិ​ភ័យ​បាន​បំផ្លាញ​ព្រះ​វិហារ​ស្ទើរ​ទាំង​ស្រុង​ តែ​យ៉ាង​ណា​​សមត្ថ​កិច្ច​បាន​ធ្វើ​អន្តរា​គ​មន៍​ទាន់​ពេល​»​។

ជា​មួយ​គ្នានេះ​​ លោ​កអ​ធិការ​បាន​អំពា​វនាវ​ដល់​ពលរដ្ឋ​នៅ​ក្នុង​មូល​ដ្ឋាន​ឲ្យ​មាន​កា​រប្រុ​ងប្រយ័ត្ន​​អំពីគ្រោះ​​ថ្នាក់​អគ្គិ​ភ័យ ​​ព្រោះ​វា​មិន​ត្រឹម​តែ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ប៉ុណ្ណោះ​ទេ ​​តែ​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​​ដល់​ជីវិ​តមនុ​ស្សផ​ង​ដែ​រ​។​

ដោយ​ឡែក​ លោក​ ព្រីង ​រដ្ឋា​ នាយ​នគរបា​ល​បុស្តិ៍​ឃុំ​បឹង​ខ្យាង​​ឲ្យ​ដឹ​ង​នៅ​ថ្ងៃទី​ ១៣​ កក្កដា​ នេះ​ថា​ ហេតុកា​រណ៍នេះ​​បាន​កើត​ឡើង​នៅ​​ម៉ោង​ជាង​​ ១​១​ ព្រឹក ​ថ្ងៃទី​ ១៣ ក​ក្កដា នេះ ​និង​រលត់​ទៅ​វិញ​នៅ​​ម៉ោង​ ១២​ កន្លះ​ថ្ងៃ​ត្រង់​​។ព្រះវិហារ​​ដែល​ឆេះនេះ​​ មក​ពី​ការឆ្លង​ចរន្ត​អគ្គិស​នី​។​

លោក​ប្រាប់​ថា​ ព្រះវិហារនេះមាន​​បណ្ដោយ​ប្រវែង​ ១៦ ​ម៉ែត្រ​ ទទឹង​មាន​ប្រវែង​​ ៨ ​ម៉ែត្រ ​និង​មាន​កម្ពស់​ ១៤ ម៉ែត្រ ​ផ្នែកខា​ង​​លើ​ធ្វើពី​ឈើ ​​ប្រក់ក្បឿង​​ស្រកា​លេញ​ និង​​ផ្នែក​ខាង​ក្រោម​ធ្វើពី​ថ្ម​​ដែល​ឆេះ​ខូច​ខាត​អស់​ស្ទើរ​​ទាំង​ស្រុង​។ ​រីឯ​​សម្ភារ​ខូច​ខាច​ក្នុង​ព្រះ​វិហារ​រួម​មាន​៖​ព្រះ​ពុទ្ធ​ដិមា​ធំ​​ ១ ​ព្រះ​អង្គ​, ព្រះ​ពុទ្ធ​ដិមា​តូច​ចំនួន ​៧ ​អង្គ​, ទៀន​វស្សា​ចំនួន ​៣ ​គូ​ធំ, ទៀន​វស្សា​តូច​ចំនួន ​២ ​គូ​, ព្រំ​ចំនួន ​​៤ ​ខ្សែ​ និង​កន្ទេល​ចំនួន ​៥ ​ខ្សែ។ ប៉ុន្តែ​ពុំ​មាន​ការ​​បាត់​បង់​ជីវិត​មនុស្ស​ទេ​។​

លោក​ប្រាប់​បន្ត​ថា​ ហេតុកា​រ​ណ៍នេះ​​នគរ​បាល​ប្រើប្រា​ស់​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​អស់​ចំ​នួន​ ៨​ គ្រឿង​ ប្រើ​ប្រាស់​ទឹក​អស់​ ៩ ​ធុង​ស្មើ​នឹង​ ៧៣​ ម៉ែត្រ​គុប​ ដោយ​ប្រើរថ​យន្ត​ពន្លត់​អគ្គិ​ភ័យ​ស្រុក​ ១​ គ្រឿង​​,​​ រថ​យន្ត​ខេត្ត​កណ្ដាល​ចំនួន​ ២​ គ្រឿង,​ រថ​យន្ត​​អង្គរ​ក្ស​ចំនួន ២​ គ្រឿង​,​ រថ​យន្ត​ខាង​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​​ចំនួន​ ២ ​គ្រឿង​ និង​រថយន្ត​ពន្លត់អគ្គិ​ភ័យ​ក្រុម​ហ៊ុន​ឯក​ជន​ចំនួន ១​ គ្រឿង​​​។​

លោក​បាន​ឲ្យដឹង​ទៀត​ថា ចំពោះ​កង​កម្លាំង​ចូលរួម​​អន្ត​រាគមន៍​រួមមាន​ កម្លាំង​ជំនាញ​ស្រុក​ចំនួន ​​១០​ នាក់,​ កម្លាំង​នគរ​បាល​ប៉ុស្ដិ៍​រដ្ឋ​បាល​​ចំនួន​ ៣​ ប៉ុស្តិ៍,​​ កម្លាំង​​អាវុធ​ហត្ថ​ស្រុក​កណ្តាល​ស្ទឹង​ និង​មាន​ការ​ចូល​រួ​ម​ពីប្រជា​ការ​ពារ​នៅ​តាម​ភូមិ​បឹង​ខ្យាង​ និង​ភូមិ​ជាប់​ព្រំ​ប្រ​ទល់​ជា​ច្រើន​នាក់​​ផង​ដែរ​៕​