ភ្នំពេញៈ សាធារណរដ្ឋ​ឆែក​ដែលជា​ប្រទេសមួយ​នៅក្នុង​សហភាព​អឺរ៉ុប​មាន​គម្រោង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​ជាច្រើន​ ខណៈ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​រយៈពេល​ ២ ​ថ្ងៃ​ នៅ​ប្រទេស​នេះ គឺ​ចាប់ពី​ថ្ងៃទី​ ១៣ ​ដល់​ថ្ងៃទី​ ១៤ ខែ​តុលា​ខាងមុខ​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២​។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ប្រកាស​ឱ្យដឹង​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​កាន់​សាធារណរដ្ឋ​ឆែក​នេះ​គឺ​បន្ទាប់ពី​លោក Marek Libricky ឯកអគ្គរដ្ឋទូត​ឆែក​ប្រចាំ​កម្ពុជា​បាន​ជួប​ពិភាក្សា​គ្នា​ជាមួយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កាលពី​ថ្ងៃទី​ ១៨ ខែ​ កញ្ញា​។ ប៉ុន្តែ​ក្រសួង​ការបរទេស​មិន​ទាន់​បញ្ជាក់​ថា តើ​លោក ហ៊ុន សែន នឹង​ជួប​ជាមួយ​មេដឹកនាំ​រូប​ណាខ្លះ​នៃ​សាធារណរដ្ឋ​ឆែក​នោះទេ​។

លោក កេត សោផាន់ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​បាន​ថ្លែង​យ៉ាងខ្លី​ពី​ម្សិលមិញ​ថា ក្រសួង​កំពុង​រៀបចំ​ពី​ដំណើរ​ទស្សនកិច្ច​នេះ ខណៈ​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថ្លែង​ថា លោក​មិន​បានដឹង​ច្បាស់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​​ ហ៊ុន សែន នេះ​ទេ​។

លោក Marek Libricky បាន​លើក​ឡើង​នៅក្នុង​ជំនួប​ជាមួយ​លោក ប្រាក់ សុខុន ​ថា សាធារណរដ្ឋ​ឆែក​បាន​ចាត់ទុក​កម្ពុជា​គឺជា​មិត្ត​ដ៏ជិតស្និទ្ធ​ហើយ​លោក​នឹង​ខិតខំ​ធ្វើ​យ៉ាងណា ដើម្បី​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ឱ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត និង​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ​។

លោក​បន្តថា កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​ឆែក​គឺ​ផ្ដោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ ខណៈ​ឆែក​បានជ្រើសរើស​កម្ពុជា​ជា​ប្រទេស​ ១ ​ក្នុង​ចំណោម​ប្រទេស​ ៦ ​ផ្សេង​ទៀត​សម្រាប់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ដែល​ជា​កិច្ចសហប្រតិបត្តិការ​ថ្មី​មួយ​ខុស​ពី​កិច្ចសហប្រតិបត្តិការ​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​កន្លងមក​។

លោក​ថា​៖ «(​កម្ពុជា-ឆែក​) នឹងមាន​គម្រោង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន រួមមាន​សុខាភិបាល កសិកម្ម ការពារ​ជាតិ អាកាសចរណ៍ បរិស្ថាន ទឹកស្អាត ស្ថានីយ​ចម្រោះ​ទឹកកខ្វក់ ទេសចរណ៍​បៃតង​។​ល​។ សម្រាប់​វិស័យ​សុខាភិបាល​ភាគី​ឆែក​មាន​គម្រោង​បើក​មន្ទីរពេទ្យ​ទំនើប​មួយ​នៅពេល​ខាងមុខ ហើយ​បច្ចុប្បន្ន​ភាគី​ឆែក​កំពុង​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​នេះ​ជាមួយ​ភាគី​កម្ពុជា​»​។

ចំណែក​លោក​ ប្រាក់ សុខុន ក៏បាន​លើកឡើង​ក្នុង​ជំនួប​នោះដែរ​ថា កម្ពុជា​មាន​វិស័យ​អាទិភាព​ប្រកប​ដោយ​សក្ដានុពល​ច្រើន​ក្នុង​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ហើយ​លោក​គាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់​ប្រទេស​ឆែក​ដែល​ចង់​រួម​គ្នា​បង្កើត​មន្ទីរពេទ្យ​ដែល​មាន​គុណភាព​នៅ​កម្ពុជា​។

បន្ថែម​ពីនេះ​លោក ប្រាក់ សុខុន ក៏​ចង់​ឱ្យ​សាធារណរដ្ឋ​ឆែក​សិក្សា​ពី​ការសាងសង់​ខ្សែបណ្ដាញ​អគ្គិសនី​ពី​ប្រទេស​ឡាវ​មក​កម្ពុជា បន្ទាប់ពី​កម្ពុជា​ទើប​បាន​ចុះ​កិច្ចព្រមព្រៀង​ដើម្បី​ទិញ​ថាមពល​ពី​ប្រទេស​ឡាវ​ចំនួន ២៩០០ ​មេហ្គាវ៉ាត់​ដើម្បី​បំពេញ​ការខ្វះខាត​នៅក្នុង​ប្រទេស​នាពេល​ថ្មីៗ​នេះ​រួមទាំង​ឱ្យ​ប្រទេស​ឆែក ពិនិត្យ​លទ្ធភាព​វិនិយោគ​លើ​ថាមពល​កកើត​ថ្មី​។

លោក​រដ្ឋមន្ត្រី​ក៏​លើក​ឡើង​ពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​ឆែក​លើ​វិស័យ​កសិកម្ម និង​ទេសចរណ៍​ផងដែរ​។ លោក​ថា​៖ «​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​ឆែក​ក្នុង​ក្របខ័ណ្ឌ​ថ្មី​នេះ​នឹង​នាំមក​នូវ​ថាមភាព​ថ្មីៗ​បន្ថែម​ទៀត​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​»​។

បើ​តាម​លោក ប្រាក់ សុខុន កម្ពុជា និង​ឆែក​មាន​ចំណង​មិត្តភាព​ជា​ប្រពៃណី​តាំងពី​ទសវត្សរ៍​ទី​ ៥០ ហើយ​ភាគី​ទាំង​ ២ ​តែង​ពង្រីក​ទំនាក់ទំនង​នេះ​ជា​បន្តបន្ទាប់​រហូត​ដល់​ពេល​បច្ចុប្បន្ន​។ លោក​ក៏បាន​អរគុណ​ដល់​ប្រទេស​ ឆែក​ ដែល​បាន​លុប​បំណុល​ដែល​កម្ពុជា​ជំពាក់​ដោយ​បាន​បង្វែរ​បំណុល​នោះ​ទៅជា​ជំនួយ​សម្រាប់​អភិវឌ្ឍន៍​វិញ ដែល​លោក​ចាត់ទុក​ថា ជា​គំរូ​ល្អ​មួយ​សម្រាប់​ប្រទេស​ផ្សេង​ទៀត​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែងថា ថ្វី​ដ្បិត​កម្ពុជា​រង​ការរិះគន់​អំពី​បញ្ហា​សិទ្ធិមនុស្ស និង​នយោបាយ​ពី​សហភាព​អឺរ៉ុប​ក្ដី ប៉ុន្តែ​ទំនាក់ទំនង​កម្ពុជា-ឆែក​គឺ​ត្រូវ​ញែក​ឱ្យដាច់​ពី​ទំនាក់ទំនង​កម្ពុជា​-​អឺរ៉ុប​។

លោក​បន្តថា នៅក្នុង​ចំណោម​ប្រទេស​អឺរ៉ុប​ទាំងអស់​គឺមាន​ប្រទេស​សមាជិក​ខ្លះ​មាន​ទំនាក់ទំនង​ធម្មតា​ជាមួយ​កម្ពុជា ហើយ​ប្រទេស​ខ្លះ​ទៀត​គឺ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា ថ្វី​បើ​សហភាព​អឺរ៉ុប និង​កម្ពុជា​នៅ​មិនទាន់​យល់​ពី​គ្នា​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស និង​នយោបាយ​ក្ដី​។

លោក​ថា​៖ «​ឆែក​ជា​អតីត​ប្រទេស​ឆេកូស្លូវ៉ាគី​ហើយ​ក្រោយមក​បាន​បំបែក​ជា​ ២ ​ប្រទេស​គឺ​ ឆែក និង​ស្លូវ៉ាគឺ​។ អ៊ីចឹង​! ប្រទេស​ហ្នឹង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា​យូរ​ដែរ​ហើយ​តាំងពី​សម័យ​ប្រទេស​ឆេកូស្លូវ៉ាគី ស្ថិត​ជា​រដ្ឋ​សង្គមនិយម​ដូច​កម្ពុជា​ដែរ​គឺ​ក្នុង​ដំណាក់កាល​ឆ្នាំ​ ១៩៧៩ ​ដល់​ឆ្នាំ​ ១៩៨៩​។ អ៊ីចឹង​!​ទំនាក់ទំនង​ជា​ប្រពៃណី​បាន​បន្ត​រហូត​មក បើ​ទោះបី​ជា​ឆែក និង​ស្លូវ៉ាគី​បាន​បែក​ជា​ ២ ​ប្រទេស​ក៏ដោយ​»៕