ភ្នំពេញៈ ​រដ្ឋសភាជាតិ​កម្ពុជា​នៅក្នុង​ឆ្នាំ​ ២០២០ ​នេះ អនុម័ត​ច្បាប់​បាន​ចំនួន​ ៣៦ សម្រាប់​បម្រើ​ដល់​ផលប្រយោជន៍ និង​សេចក្តី​ត្រូវការ​ជាក់ស្តែង​របស់​ប្រទេស​ និង​ពលរដ្ឋ​កម្ពុជា ដែល​​ច្រើន​ជាង​កាលពី​ឆ្នាំ​ ២០១៩ ​ដែលមាន​ត្រឹមតែ​ ៣២ ខណៈ​​អ្នកវិភាគ​បាន​ស្វាគមន៍​ការអនុម័ត​នេះ តែ​បាន​លើកឡើង​ថា មានច្បាប់​ខ្លះ​មិនត្រូវ​បាន​យក​មក​អនុវត្ត​ពេញលេញ​ទេ​។

លោក​ ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ច្បាប់​ទាំង​ ៣៦ ​នេះ​ត្រូវបាន​ស្នើឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​រដ្ឋសភា​អនុម័ត​ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​ស្ថានភាព​ជាក់ស្តែង ហើយ​ចំនួន​នេះ បើ​ធៀប​នឹង​ឆ្នាំមុន​គឺ​លើស​គ្នា​បន្តិចបន្តួច​។

លោក ឡេង ប៉េងឡុង ពន្យល់​ថា ការអនុម័ត​ច្បាប់​របស់​រដ្ឋសភា​នាពេល​កន្លងមក​ក៏ដូចជា​បច្ចុប្បន្ននេះ​គឺ​សម្រាប់​បម្រើ​ដល់​សេចក្តី​ត្រូវការ​ចាំបាច់​ក្នុង​ប្រទេស​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​។

មាន​ច្បាប់​ខ្លះ​បានអនុម័ត ប៉ុន្តែ​មិនទាន់​បាន​អនុវត្ត​ទេ ដូចជា​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ជាដើម ហើយ​ក៏​មិនដឹង​ពេលណា​ត្រូវអនុវត្ត​ដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅ​​ពេល​នេះ រដ្ឋសភា​បាន​អនុម័ត​ច្បាប់​អស់ មិន​មាន​នៅ​សេសសល់​ទៀត​ទេ ប៉ុន្តែ​បើ​មាន​ការស្នើឡើង​ពី​រដ្ឋាភិបាល​ខាងមុខ​ទៀត រដ្ឋសភា​នឹង​បន្ត​ពិនិត្យ និង​ធ្វើការ​អនុម័ត​បន្ថែមទៀត​»​។

បើតាម​លោក ឡេង ប៉េងឡុង តាំងពី​ឆ្នាំ​ ១៩៩៣ ​មក​កម្ពុជា​មិនទាន់​មាន​ច្បាប់​គ្រប់គ្រាន់​ទេ ប៉ុន្តែ​ក្រោយមក​រដ្ឋសភា​បានអនុម័ត​ជា​បន្តបន្ទាប់ ដូចជា ច្បាប់​ល្បែង​​ពាណិជ្ជកម្ម​ត្រូវបាន​បង្កើត​តាំងពី​យូរ ប៉ុន្តែ​រដ្ឋសភា​ទើបតែ​អនុម័ត​នៅក្នុង​ឆ្នាំ​ ២០២០ នេះ​។

លោក​ ឯម សុវណ្ណារ៉ា អ្នកវិភាគ​បញ្ហានយោបាយ​ និង​សង្គម​បាន​ស្វាគមន៍​ការអនុម័ត​ច្បាប់​បាន​ច្រើន​បែបនេះ ក៏ប៉ុន្តែ​លោក​​បាន​លើកឡើង​ថា មានច្បាប់​មួយចំនួន​ដែល​រដ្ឋសភា​អនុម័ត​នាពេល​កន្លងមក​គឺ​មិនត្រូវ​បាន​យក​មក​អនុវត្ត​ឱ្យមាន​សុក្រឹតភាព និង​ពេញលេញ​នោះទេ​។

លោក​ថា​៖ «​យើង​មើល​ស្ថានភាព​ទូទៅ​នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​មាន​គោលការណ៍​ខ្លះ និង​មាត្រា​ខ្លះ មិន​ត្រូវបាន​អនុវត្ត​ពេញលេញ​ដូចជា មាត្រា ១ ​នៃ​ការធ្វើ​សមាជជាតិ​ដែល​រហូតមក​ដល់ពេល​នេះ យើង​មិនទាន់​បាន​​ធ្វើ​សមាជ​ម្តង​ណាមួយ​នោះ​ទេ ចំណុច​មួយទៀត​ពាក់ព័ន្ធ​នឹង​​យន្តការ​ច្បាប់​ដែល​មាន​ការព្រមព្រៀង​លើ​កតិកាសញ្ញា​អន្តរជាតិ លក្ខខណ្ឌ​ស្តីពី​សិទ្ធិមនុស្ស​កម្ពុជា​យើង ក៏​មិនទាន់​អនុវត្ត​ឱ្យបាន​ពេញលេញ​ដែរ​»​។

បើតាម​លោក​ ឯម សុវណ្ណារ៉ា មានច្បាប់​មួយចំនួន​ទៀត​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​តាម​ការស្នើ​ឡើង​ពី​រដ្ឋាភិបាល​ដែល​មិន​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​របស់​ពលរដ្ឋ ប៉ុន្តែ​ឆ្លើយតប​ទៅនឹង​សេចក្តី​ត្រូវការ​របស់​អ្នកនយោបាយ ឬ​បុគ្គល​ច្រើន​ជាង​៕