ភ្នំពេញ៖ រាជរដ្ឋាភិបាល​នឹង​ត្រូវ​ប្រើ​ថវិកា​ជាតិ​ជាង ​៨ ​ពាន់​លាន​ដុល្លារ​ និង​អាច​ខ្ចី​ប្រាក់​បរទេស​បាន​ជិត ​២ ​ពាន់​លាន​ដុល្លារ សម្រាប់​ឆ្នាំ​នេះ​​ ស្រប​តាម​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ​២០២០​ ដែល​ទើប​ត្រូវ​បាន​ព្រះមហាក្សត្រ​កម្ពុជា​ព្រះបាទ​ នរោត្តម​ សីហមុនី ​បាន​ចេញ​ព្រះរាជ​ក្រម​ប្រកាស​ដាក់​ឲ្យ​ប្រើ​កាល​ពី​ថ្ងៃទី ​២០ ​ធ្នូ ដែល​នឹង​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ពលរដ្ឋ​ឲ្យ​មាន​ការ​រីក​ចម្រើន​។

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ២០២០ ឬ​ហៅ​ថា ច្បាប់​ថវិកា​ជាតិ​ឆ្នាំ ២០២០ ត្រូវ​បាន​រដ្ឋសភា​អនុម័ត​កាល​ពី​ថ្ងៃទី ​២៦ ​ខែ ​វិច្ឆិកា ឆ្នាំ ​២០១៩​ ហើយ​ត្រូវ​បាន​ព្រឹទ្ធសភា​ពិនិត្យ​ចប់​សព្វ​គ្រប់​កាល​ពី​ថ្ងៃទី ​៩ ​ធ្នូ មុន​ពេល​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ត​លេខា​ដាក់​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ​។

បើ​តាម​ច្បាប់​នេះ ​នៅ​ឆ្នាំ​ ​២០២០ ​គ្រោង​នឹង​ចំណាយ​ ​៣៣​ ៣៣៩ ៦៣៣ លាន​រៀល​ស្មើ​ប្រមាណ ​៨ ១៩៦ ​លាន​ដុល្លារ​អាមេរិក ​ត្រូវ​ជា​ ២៨,០១ ​ភាគរយ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (​ផ.ស.ស) ​ដែល​កើន ​២២,៧ ​ភាគរយ ​បើ​ធៀប​នឹង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ ​២០១៩​។

លោក មាស សុខសេនសាន អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​បាន​ថ្លែង​ថា ក្រសួង​សេដ្ឋកិច្ច​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ដោយ​ធ្វើ​យ៉ាង​ណា​ធានា​នូវ​ចំណូល​ និង​ចំណាយ​ប្រកប​ដោយ​គណនេយ្យភាព ​ប្រសិទ្ធភាព​ និង​ចំ​ទិសដៅ​អាទិភាព​ ចៀស​វាង​ការ​ចំណាយ​ខ្ជះខ្ជាយ​។ ក្រសួង ​និង​ស្ថាប័ន​ទាំង​អស់​ដើរ​តួនាទី​ជួយ​ផ្តល់​សេវាកម្ម​ និង​ផ្តល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ ហើយ​នឹង​ចូលរួម​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​បរិយាកាស​ល្អ​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ ដែល​នឹង​ជួយ​ឲ្យ​សេដ្ឋកិច្ច​កាន់​តែ​រីក​ចម្រើន​។

លោក​បាន​បញ្ជាក់​ថា៖ «ថវិកា​ក៏​ដូច​ជា​ឧបករណ៍​មួយ​ដែល​បម្រើ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល ​យើង​បាន​ខិតខំ​កសាង​មក​ទាំង​អស់​គ្នា​ ដើម្បី​ឲ្យ​ជាតិ​ និង​ប្រជាជន​មាន​ការ​រីក​ចម្រើន​ទាំង​អស់​។ ក្រសួង​ដែល​ចូលរួម​ចំណែក​កសាង​ និង​អភិវឌ្ឍ​ខឿន​សេដ្ឋកិច្ច​ គឺ​មាន​ក្រសួង​ផ្សេងៗ​ទៀត ​គឺ​ដូច​ជា​ ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម ដែល​គាត់​ខិតខំ​​ធ្វើ​ការ​ និង​ក្រសួង​ និង​ស្ថាប័ន​ដទៃ​ទៀត ​ដែល​ខិតខំ​កៀរគរ​ចំណូល...​»។​

បើ​យោង​តាម​ច្បាប់​ថវិកា​បាន​ឲ្យ​ដឹង​ថា​ ការ​ចំណាយ​​ចរន្ត​ថ្នាក់​ជាតិ​ឆ្នាំ ​២០២០​ ត្រូវ​បាន​បែងចែក​តាម​វិស័យ​ដែល​គ្រប​ដណ្ដប់​លើ​ក្រសួង​ស្ថាប័ន​សរុប​ចំនួន ​៣។ ក្នុង​នោះ​​វិស័យ​សង្គមកិច្ច​គ្រោង​នឹង​ចំណាយ ​៣៧,៤ ​ភាគរយ ​នៃ​ចំណាយ​ចរន្ត​ជាតិ ​គឺ​កើន​ឡើង ​៨,៩ ​ភាគរយ ​ធៀប​នឹង​ឆ្នាំ ​២០១៩​។ វិស័យ​ការពារ​ជាតិ សន្តិសុខ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​គ្រោង​នឹង​ចំណាយ ២៥,៨ ភាគរយ ​នៃ​ចំណាយ​ចរន្ត​ជាតិ​ដែល​មាន​កំណើន ​៩,៣ ​ភាគរយ ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ ​២០១៩។​ ចំណាយ​វិស័យ​រដ្ឋបាល​ទូទៅ​នឹង​កើន ​៤,៧ ​ភាគរយ​ ខណៈ​ចំណាយ​លើ​វិស័យ​សេដ្ឋកិច្ច​នឹង​កើន ៣,៣ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ ២០១៩​ ។

ច្បាប់​ថវិកា​នេះ​ បាន​ចែង​ទៀត​ថា ចំពោះ​ការ​ចំណាយ​បន្ទុក​បុគ្គលិក​សម្រាប់​ឆ្នាំ ២០២០ ដែល​រួម​មាន​បៀវត្សរ៍​មូលដ្ឋាន​ប្រាក់​បំណាច់​មុខងារ​លាភ ​រង្វាន់​ផ្សេងៗ និង​ប្រាក់​វិភាជន៍​សង្គម ​សម្រាប់​ថ្នាក់​ដឹកនាំ​នៃ​ស្ថាប័ន​សាធារណៈ​ បុគ្គលិក​​ក្របខ័ណ្ឌ​អចិន្រៃ្តយ៍​មន្ត្រី​ជាប់​កិច្ច​សន្យា​ត្រូវ​បាន​គ្រោង​នឹង​ចំណាយ​ចំនួន​ជាង​ ២ ១០៣ លាន​ដុល្លារ ​គឺ​កើន​ឡើង ​៨,៦ ​ភាគរយ បើ​ធៀប​នឹង​ច្បាប់​ថវិកា​ឆ្នាំ ២០១៩​។

ថវិកា​ចំណាយ​សម្រាប់​ថ្នាក់​ក្រោម​ជាតិ​រួម​មាន ​រដ្ឋបាល​រាជធានី ខេត្ត​ក្រុង-ស្រុក ឃុំ-សង្កាត់ ​នឹង​កើន ​១០ ​ភាគរយ នៃ​ថវិកា​ជាតិ​សរុប​គឺ​ក្នុង​ចំនួន​ប្រមាណ ​៨២០ លាន​ដុល្លារ​។ ការ​ឧបត្ថម្ភ​មូលនិធិ​អភិវឌ្ឍន៍​ឃុំ​សង្កាត់​មាន​កំណើន​ទ្វេ​ដង​ពី​ប្រមាណ ៣៥ ​០០០ ដុល្លារ ​ជា​មធ្យម​​ក្នុង ១ ឆ្នាំ ទៅ​ប្រមាណ ​៧០ ០០០ ​ដុល្លារ ​ជា​មធ្យម​ក្នុង ១ ឆ្នាំ នៅ​ឆ្នាំ ២០២០​។

ចំពោះ​ប្រាក់​បៀវត្សរ៍​ សម្រាប់​មន្ត្រី​រាជការ​ស៊ីវិល​នឹង​ត្រូវ​ដំឡើង​ចាប់​ពី​ប្រមាណ ​២៧០ ​ដុល្លារ ​ទៅ​ប្រមាណ ​២៨១ ដុល្លារ ​ចាប់​ពី​ខែ​មករា​ ឆ្នាំ ​២០២០ ​ហើយ​នឹង​បន្ត​ឡើង​ដល់​ជាង​ ២៨៨ ដុល្លារ​ ចាប់​ពី​ខែ​មេសា​ទៅ។​

ជាមួយ​នេះ​ដែរ បើ​តាម​ច្បាប់​នេះ​នៅ​​ឆ្នាំ ​២០២០ ​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា​អាច​ខ្ចី​លុយ​បរទេស​បាន​ប្រមាណ ១ ៤០០ ​លាន​ SDR (ជា​ខ្នាត​កណ្ដាល​មួយ​សម្រាប់​វាយ​តម្លៃ​នៃ​លុយ) ស្មើ​នឹង​ជិត ​២ ​ពាន់​លាន​ដុល្លារ​អា​មេរិក​បន្ថែម​ទៀត ​សម្រាប់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ ខណៈ​បំណុល​សរុប​ជាង ​៧ ​ពាន់​លាន​ដុល្លារ​។

ប្រាក់​កម្ចី​នេះ ប្រើ​​សម្រាប់​យក​ទៅ​អភិវឌ្ឍ​លើ​វិស័យ​សំខាន់​មួយ​ចំនួន​ដូច​ជា ​ថាមពល ​ធារាសាស្ត្រ ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​វិស័យ​អាទិភាព​មួយ​ចំនួន​ទៀត​ដូច​ជា៖​ គម្រោង​ក្នុង​វិស័យ​កសិកម្ម​ សុខាភិបាល​ ការ​ផ្គត់ផ្គង់​ទឹក​ស្អាត ហិរញ្ញវត្ថុ ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អប់រំ​។

លោក ​ប៉ិច ពិសី​ នាយក​កម្មវិធី​នៃ​អង្គការ​តម្លាភាព​កម្ពុជា មិន​អាច​​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ការ​ច្បាប់​ថវិកា​ជាតិ​នេះ​បាន​ទេ។​

ក្រសួង​សេដ្ឋកិច្ច​ធ្លាប់​អះអាង​ថា ​ថវិកា​ឆ្នាំ ​២០២០​ នឹង​ដើរ​តួនាទី​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការ​ជួយ​ឲ្យ​រាជ​រដ្ឋាភិបាល​អា​ច​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​ និង​ហានិភ័យ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ ហើយ​ក៏​​ឆ្លើយ​តប​ទៅ​នឹង​បំណង​ប្រាថ្នា​របស់​ប្រជាជន​ក៏​ដូច​ជា​ ជួយ​ឲ្យ​កម្ពុជា​អាច​​​សម្រេច​បុព្វហេតុ​ចម្បងៗ​របស់​ខ្លួន​ ជា​​ពិសេស​ការ​បង្កើន​ល្បឿន​នៃ​ការ​អភិវឌ្ឍ,​ការ​លើក​កម្ពស់​ប្រសិទ្ធភាព​សេវា​សាធារណៈ និង​ការ​ចូលរួម​ដោះស្រាយ​បញ្ហា​ជា​ច្រើន​ទៀត​របស់​ជាតិ និង​ប្រជាជន៕