ភ្នំពេញៈ អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) ​លោក​ហេង រតនា បង្ហាញ មោទនភាព ដោយសារ​ក្នុង​ឆ្នាំ​ ២០២១ ​នេះ​ស៊ីម៉ាក់​នឹង​បង្កើត​សុនខ​ជំនាន់​ថ្មី​បាន​ចំនួន​ជាង​ ១០០ ​ក្បាល​ ដើម្បី​បង្ហាត់ និង​ជ្រើសរើស​ឱ្យ​បម្រើការ​ក្នុង​សកម្មភាព​កម្ចាត់មីន​កម្ពុជា ដោយ​លែង​ពឹង​សុនខ​មកពី​ក្រៅប្រទេស​ទៀតហើយ​។

លោក​ ហេង រតនា ឱ្យ​ដឹងថា កាលពី​ថ្ងៃទី​ ៩ កុម្ភៈ សុនខ​ពូជ​អ្នក​ចម្បាំង​ជាមួយ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​បាន​កើត​កូន​ ១១ ក្បាល​នៅ​ម៉ោង​ ៦ និង​ ២០ ​នាទី​ព្រឹក​នៅ​វិទ្យាស្ថាន​បច្ចេកទេស​សកម្មភាព កម្ចាត់មីន​ស៊ីម៉ាក់​កំពង់ឆ្នាំង​។

លោក​ថា​៖ «​នៅក្នុង​ឆ្នាំ​ ២០២១ ​នេះ​យើង​ត្រៀម​បង្កើត​ឱ្យបាន​ជាង​ ១០០ ​ក្បាល ហើយ​ឥឡូវនេះ​យើង​បាន​ ៧ ​ទៅ​ ៨ ​សម្បុក​ហើយ​។ សម្បុក​ខ្លះ​វា​ផលិត​បាន​ ៦ សម្បុក​ខ្លះ​បាន​ ១០ ​ជាង​អីហ្នឹង បូក​សរុបមក​បានជាង​ ៤០ ​ក្បាល​ហើយ នៅ​សល់​ ៧ ​ទៅ​ ៨ ​សម្បុក​ទៀត​មិនទាន់​កើត​»​។

មន្ត្រី​ជាន់ខ្ពស់​ផ្នែក​កម្ចាត់មីន​រូបនេះ បង្ហាញពី​មោទនភាព នៅពេល​ដែល CMAC អាច​ធ្វើការ​ស្រាវជ្រាវ​លើ​កម្មវិធី​បង្កាត់​ពូជ ហើយ​អាច​បង្កាត់​បាន​ជាង​ ១០០ ​ក្បាល​ ដោយ​ខ្លួនឯង​លែង​ពឹងពាក់ ឬក៏​ទិញ​សុនខ​មកពី​បណ្តា​ប្រទេស​អឺរ៉ុប​ទៀត​។ ផ្ទុយទៅវិញ នៅ​ឆ្នាំ​ថ្មី​នេះ សុនខ របស់​ CMAC ​ត្រូវបាន​អន្តរជាតិ​ទទួល​ស្គាល់ និង​ទិញ​ទៅប្រើ​នៅ​អឺរ៉ុប​វិញ​ចំនួន​ ៦ ​ក្បាល និង​ស៊ូដង់​ខាងត្បូង​ចំនួន​ ២ ​ក្បាល​។

លោក​ ហេង រតនា បន្ថែមថា​៖ «​យើង​ខិតខំ​ធ្វើការ​បង្កាត់​ពូជ ទើបតែ​ធ្វើបាន​ ៣ ​ឆ្នាំ​ទេ តែ​យើង​មាន​សមត្ថភាព​ធ្វើ​កម្មវិធី breeding program [​កម្មវិធី​បង្កាត់​ពូជ​] ​នៅលើ​ការស្រាវជ្រាវ​ជាប្រចាំ​។ យើង​ខិតខំ​ធ្វើ​ភាព​ជា​ម្ចាស់​លើ​គម្រោង​ហ្នឹង​ដោយ​ខ្លួនឯង ហើយ​យើង​ក៏​ធ្វើ​បាន​។ អ៊ីចឹង​យើង​មាន​មោទនភាព​ណាស់​ដែល​អាច​បង្កើតបាន​ជាង​ ១០០ ​ក្បាល​ឆ្នាំនេះ​»​។

បើតាម​លោក​ រតនា ការចាប់ផ្តើម​កម្មវិធី​បង្កាត់​ពូជ​ដំបូង​ CMAC បង្កាត់​បាន​តែ​ ៤ ​ទៅ​ ៥ ​ក្បាល​ ឬ​ ១០ ​ក្បាល​ប៉ុណ្ណោះ​ក្នុង​ ១ ​ឆ្នាំ​។ ប៉ុន្តែ​ពេលនេះ​មាន​សមត្ថភាព​ផលិត​បាន​ច្រើន​។ នេះ​ក៏ដោយសារ​តែមាន​អ្នកជំនាញ​ជំនាន់​ក្រោយ​មួយចំនួន​មាន​សមត្ថភាព​ក្នុង​ការធ្វើ​កិច្ចការងារ​នេះ​បាន​ជោគជ័យ​។

ការបង្កើត​សុខន​បាន​ចំនួន​ជាង​ ១០០ ​ក្បាល មិនមែន​មាន​ន័យ​ថា​អាច​ប្រើការ​បាន​ទាំង​ ១០០ ​ក្បាល​នោះទេ ជួនកាល​ជ្រើសរើស​បានតែ​ ៣០ ​ទៅ​ ៤០ ​ក្បាល ប៉ុណ្ណោះ​តែ​នៅតែ​ល្អប្រសើរ​។ ព្រោះ​ប្រទេស​គេ​ដទៃទៀត​អាច​ជ្រើសរើស​បាន​ដែរ តែ​ ៤ ​ទៅ​ ៥ ​ក្បាល​ប៉ុណ្ណោះ​ក្នុង​ចំណោម​សុខន​ ១០០ ​ក្បាល​។

លោក​បញ្ជាក់ថា​៖ «​វា​ពិបាក​រើស​ណាស់ អាហ្នឹង​ត្រូវការ smart (​ឆ្លាត​) ​មែនទែន ដែល​គេ​ហៅថា smart dog​។ តែ​យើង យើង​អាច​ធ្វើបាន​រហូតដល់​ទៅ​ ៧០ ទៅ​ ៩០ ​ភាគរយ​ចន្លោះ​ហ្នឹង យើង​រើស​បាន​ណាស់ ដែលជា​មោទនភាព​ណាស់​កន្លែង​ហ្នឹង​បាទ​»​។

លោក​ប្រាប់ថា ក្នុង​សកម្មភាព​កម្ចាត់មីន សុនខ​អាច​ជំនួស​មនុស្ស​ក្នុង​ការរក​មីន កាត់បន្ថយ​ហានិភ័យ​ខ្ពស់​ចំពោះ​អ្នកដោះមីន​បាន​ច្រើន ព្រោះ​សុនខ​ឆែក​រកតែ​ជាតិ​ផ្ទុះ​។ រីឯ​អ្នកដោះមីន អ្នក​រាវរក​មីន​ទាំងអស់​សុទ្ធតែ​រក​ជាតិ​ដែក មិនទាន់​មាន​ឧបករណ៍​ដែល​យកមក​ដោះមីន​ណា​អាច​រាវរក​ជាតិ​ផ្ទុះ​បានទេ​។

លោក​ថ្លែងថា​៖ «​យើង​កំពុងតែ​តេស្ត​ជាមួយ​ជប៉ុន អាល្លឺម៉ង់ ជាមួយ អ៊ីតាលី អូទ្រីស អូស្ត្រាលី បង្កើត​ឧបករណ៍​រាវរក​ជាតិ​ផ្ទុះ​ហ្នឹង មិនទាន់​បាន​ជោគជ័យ​ទេ​។ អ៊ីចឹង​ការលំបាក​របស់​យើង គឺ​រក​គ្រាប់មីន រក​ជាតិផ្ទុះ ក្រោម​ដី ឯ​សុនខ​មាន​សមត្ថភាព​ធ្វើ​កិច្ចការ​នេះ​ដោយ​មិន​រវល់​អំពល់ទុក្ខ​ជាមួយ​នឹង​អម្បែង​ឬអី​ទេ​»៕