ភ្នំពេញៈ ឆ្នាំសិក្សាថ្មី ២០២១ បានចាប់ផ្ដើមបើកបវេសនកាលជាផ្លូវការហើយ កាលពីម្សិលមិញដោយរាជរដ្ឋាភិបាល ក្រសួងអប់រំ និងអង្គការជាតិ អន្តរជាតិ ដែលពាក់ព័ន្ធចង់ឱ្យកុមារទាំងអស់វិលត្រឡប់ចូលសាលារៀនវិញ ហើយភាគីពាក់ព័ន្ធត្រូវប្រឹងប្រែងធ្វើការងារយ៉ាងណា ដើម្បីការពារពួកគេពីការឆ្លងជំងឺកូវីដ ១៩ ក្រោមប្រធានបទ «ការពារខ្លួនឥឡូវនេះកុំចាំស្អែក»។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរួមមួយរវាងក្រសួងអប់រំ និងអង្គការយូនីសេហ្វ សហភាពអឺរ៉ុប និងភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) ស្ដីពីការចាប់ផ្ដើមអនុវត្តយុទ្ធនាការថ្មីសម្រាប់ការចូលរៀនវិញ បានជំរុញឱ្យអនុវត្តឥរិយាបថការពារសុវត្ថិភាពពីជំងឺកូវីដ ១៩ សម្រាប់ឆ្នាំសិក្សា ២០២១ ក្រោមប្រធានបទ «ការពារខ្លួនឥឡូវនេះ កុំចាំស្អែក»។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំយុវជន និងកីឡា បានថ្លែងថា៖ «ឥឡូវនេះ ឆ្នាំសិក្សាថ្មីបានចាប់ផ្ដើមហើយ យើងចង់បញ្ជាក់ពីសាររបស់យើង ឱ្យបានច្បាស់ថា យើងចង់ឱ្យកុមារវិលត្រឡប់ចូលសាលារៀនវិញ និងចង់ឱ្យពួកគេដឹងថា យើងទាំងអស់គ្នាប្រឹងប្រែងធ្វើការងារយ៉ាងច្រើន ដើម្បីការពារពួកគេពីការឆ្លងមេរោគនេះ (កូវីដ ១៩)»។ លោករដ្ឋមន្ត្រីថ្លែងថា សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធក៏ចាំបាច់ត្រូវបំពេញតួនាទីរបស់ខ្លួន ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំដែលផ្សព្វផ្សាយក្នុងយុទ្ធនាការនេះដែរ។
ការប្រកាសចាប់ផ្ដើមអនុវត្តយុទ្ធនាការនេះគឺក្រសួងអប់រំ ទទួលបានការសហការអនុវត្ដជាមួយអង្គការយូនីសេហ្វ និងទទួលបានថវិកាគាំទ្រពីសហភាពអឺរ៉ុប និងភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE)។ យុទ្ធនាការនេះមានគោលបំណងផ្សព្វផ្សាយព័ត៌មានដល់គ្រួសារ និងកុមារ ដែលការរៀនសូត្រត្រូវបានរំខានដោយជំងឺកូវីដ១៩ ដោយលើកទឹកចិត្តឱ្យពួកគេ ផ្ដល់អាទិភាពដល់ការរៀនសូត្រ បើទោះជាត្រូវជួបនឹងការលំបាកយ៉ាងណាក៏ដោយ។
យុទ្ធនាការនេះនឹងពង្រឹងការអនុវត្តឥរិយាបថការពារសុវត្ថិភាពពីជំងឺកូវីដ ១៩ ក៏ដូចជាផ្សព្វផ្សាយសារជាច្រើនដទៃទៀត ដើម្បីឱ្យសាលារៀនមានបរិស្ថានសុវត្ថិភាព សុខភាពល្អ និងការអភិវឌ្ឍសម្រាប់កុមារ។ សារអប់រំនៃយុទ្ធនាការនេះនឹងត្រូវបានផលិតជាវីដេអូ ផ្ទាំងរូបភាព ស្ប៉តវិទ្យុ និងសារជាអក្សរ ជាមួយភាពច្នៃប្រឌិត សម្រាប់ផ្សព្វផ្សាយទៅទូទាំងប្រទេស។
យុទ្ធនាការនេះក៏មានការផលិតសៀវភៅណែនាំជារូបភាពសម្រាប់គ្រូ និងនាយកសាលាអំពីគោលការណ៍ណែនាំស្ដីពីសុវត្ថិភាព ព្រមទាំងបញ្ជីត្រួតពិនិត្យ និងដំបូន្មានសំខាន់ៗ សម្រាប់ចែកជូនសាលារៀនជាង ១៦ ៥០០០ សាលា ដើម្បីឱ្យលោកគ្រូ អ្នកគ្រូអាចចាប់ផ្ដើមត្រៀមខ្លួនពេញលេញសម្រាប់ឆ្នាំសិក្សាថ្មីនេះ។
លោកស្រី ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានថ្លែងថា ជំងឺរាតត្បាតកូវីដ ១៩ បាននិងកំពុងបង្កបញ្ហាប្រឈមចម្បងៗជាច្រើនដល់វិស័យអប់រំ ដោយបង្កើតជាបញ្ហាលំបាកធ្ងន់ធ្ងរ ដល់សិស្ស និងគ្រួសារពួកគេ។ ចំណែកការរៀនសូត្រតាមអនទ្បាញត្រូវបានដាក់ឱ្យអនុវត្តក្រោមកិច្ចដឹកនាំដ៏រឹងមាំរបស់ក្រសួងអប់រំ ប៉ុន្ដែវានៅតែមិនអាចជំនួសឱ្យការបង្រៀននៅក្នុងថ្នាក់បានទ្បើយ ហើយក៏មិនមានសិស្សគ្រប់គ្នាអាចប្រើប្រាស់វាបានទាំងអស់នោះដែរ។
លោកស្រីថ្លែងថា៖ «ដូច្នេះកុមារគ្រប់រូប គួរត្រូវបានជំរុញឱ្យត្រឡប់ចូលរៀនវិញជាមួយនឹងអារម្មណ៍មានសុវត្ថិភាព។ ខ្ញុំសូមស្នើដល់អ្នកគ្រប់គ្នា ទាំងនាយិកា នាយកសាលា អ្នកគ្រូ លោកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលទាំងអស់ឱ្យអនុវត្តវិធីការពារខ្លួនចាំបាច់នានា ដើម្បីធានាថាសាលារៀនមានបរិស្ថានសុវត្ថិភាពសម្រាប់គ្រប់គ្នា»។
លោកស្រីឯកអគ្គរដ្ឋទូតក៏បានកោតសរសើរចំពោះភាពជាដៃគូដ៏រឹងមាំ រវាងសហភាពអឺរ៉ុប និងកម្ពុជានៅក្នុងវិស័យអប់រំ ដែលបានចាប់ផ្តើមកាលពីជាង ១៥ ឆ្នាំ មុនដោយបានចូលរួមចំណែកក្នុងការអនុវត្តកំណែទម្រង់វិស័យអប់រំជាតិ ក្នុងគោលបំណងធានាថា កុមារកម្ពុជាគ្រប់រូបទទួលបានការអប់រំប្រកបដោយគុណភាព។ លោកស្រីបញ្ជាក់ថា៖ «ការអប់រំ គឺជាសិទ្ធិជាមូលដ្ឋាន និងចាំបាច់ ដើម្បីធានាឱ្យមាននូវអនាគតដ៏រុងរឿងសម្រាប់ប្រទេស និងប្រជាពលរដ្ឋខ្លួន»។
លោកស្រី អាលីស អលប្រ៊ៃធ៍ នាយិកាប្រតិបត្តិនៃភាពជាដៃគូជាសកលសម្រាប់ការអប់រំ (GPE) បានថ្លែងថា ការគាំទ្ររបស់ភាពជាដៃគូជាសកល សម្រាប់ការអប់រំ (GPE) នឹងជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកដំណើរការសាលារៀនទ្បើងវិញប្រកបដោយសុវត្ថិភាព ដើម្បីឱ្យកុមារអាចការពារខ្លួនបានពីការឆ្លងជំងឺកូវីដ ១៩ នៅពេលពួកគេត្រឡប់ចូលរៀនវិញនៅសាលា។
លោកស្រីថ្លែងថា៖ «យុទ្ធនាការនេះត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយទៅដល់អ្នកគ្រូ លោកគ្រូ ឪពុកម្ដាយ និងអាណាព្យាបាលក៏ដូចជាកុមារ និងយុវជន។ រាល់សម្ភារផ្សព្វផ្សាយសុទ្ធតែមានលក្ខណៈបរិយាប័ន្នដោយមានការបកប្រែជាភាសាជនជាតិដើមភាគតិច ចំនួន ៤ ភាសា»។
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាអង្គការយូនីសេហ្វប្រចាំកម្ពុជាក៏បានថ្លែងដែរថា កុមារកម្ពុជាទទួលរងនូវការរំខានធ្ងន់ធ្ងរចំពោះការអប់រំកាលពីឆ្នាំមុន ហើយពួកគេជាច្រើននាក់បានខកខានពុំបានរៀនសូត្រនោះឡើយ។ លោកស្រីបញ្ជាក់ថា៖ «វាជាការសំខាន់ណាស់ដែលយើងត្រូវធ្វើការងាររួមគ្នាដើម្បីឱ្យសាលារៀនមានសុវត្ថិភាពតាមដែលអាចធ្វើទៅបាន និងត្រូវបញ្ចៀសកុំឱ្យមានវិបត្តិការអប់រំ»។
បើតាមលោក ហង់ជួន ណារ៉ុន ឆ្នាំសិក្សា ២០២០-២០២១ នេះគ្រឹះស្ថានមត្តេយ្យសិក្សា និងគ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាធារណៈ និងឯកជនមានប្រមាណ ១៨ ០០០ ក្នុងនោះមានមត្តេយ្យសិក្សាសហគមន៍ ៣ ០០០ កន្លែង គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ១៣ ៥០០ និងគ្រឹះស្ថានសិក្សាឯកជន ១ ៥០០។ ក្នុងនោះមានសិស្សសរុបប្រមាណ ៣ លាន ៥ សែននាក់ (សិស្សស្រីប្រមាណ ៤៩ ភាគរយ)៕