
(រាប់ពីស្តាំ) លោក ប្រាក់ សុខុន និងលោក អ៊ុច បូររិទ្ធ ក្នុងសន្និបាតក្រសួងការបរទេសពីម្សិលមិញ។ រូប ក្រសួងការបរទេស
ភ្នំពេញៈ នៅក្នុងឆ្នាំ ២០១៩ កន្លងមក ក្រសួងការបរទេសបានជួយអន្តរាគមន៍សង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ ពលករ-ពលការិនីខ្មែរសរុបចំនួន ៣៦ ២៦២ នាក់ ពីប្រទេស ថៃ ម៉ាឡេស៊ី សិង្ហបុរី វៀតណាម ឥណ្ឌូនេស៊ី និងចិន ដែលក្នុងនោះមានអ្នកខ្លះគឺជាជនរងគ្រោះដោយសារការជួញដូរ និងការរំលោភបំពាន។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស។
លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៩ ដើម្បីពិនិត្យឡើងវិញពីសកម្មភាព និងការប្រឈមនានាព្រមទាំងកំណត់ទិសដៅការទូត និងការងារបន្តសម្រាប់ឆ្នាំ ២០២០ របស់ក្រសួងការបរទេសកាលពីម្សិលមិញថា ក្រសួងការបរទេសតែងតែបានយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារផលប្រយោជន៍ពលរដ្ឋខ្មែរនៅបរទេសដោយបានជួយអន្តរាគមន៍សង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរជាពិសេសពលករ-ពលការិនីខ្មែរ ដែលរងគ្រោះដោយការជួញដូរ និងការរំលោភបំពាននៅបរទេសសរុប ៣៦ ២៦២ នាក់ពីប្រទេស ថៃ ម៉ាឡេស៊ី សិង្ហបុរី វៀតណាម ឥណ្ឌូនេស៊ី និងចិនជាដើម។
លោកបញ្ជាក់ថា៖ «(ក្រសួង) បានជួយដោះស្រាយបញ្ហាពលករ និងផ្តល់សេវាកិច្ចការកុងស៊ុលនានា ទាន់ពេលវេលា និងមានប្រសិទ្ធភាពដល់ពលរដ្ឋខ្មែរនៅបរទេស»។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឲ្យដឹងថាចំនួនតួលេខដែលក្រសួងការបរទេសជួយអន្តរាគមន៍សង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ ពលករពលការិនីខ្មែរនៅឆ្នាំ ២០១៩ គឺប្រហាក់ប្រហែលនឹងឆ្នាំ ២០១៨ ផងដែរ។
លោកស្រីបន្តថា៖ «(ក្រសួងការបរទេស) សម្របសម្រួលឲ្យប្រជាជនកម្ពុជា ចូលមកប្រទេសវិញបានចំនួន ៣៦-២៦២ នាក់ ប៉ុន្តែក្នុងនោះមានអ្នកដែលសង្ស័យថា ត្រូវបានរងគ្រោះដោយអំពើជួញដូរ មិនមែនមានន័យថា ទាំងអស់ហ្នឹងនោះទេ។ មិនមែនមានន័យថា ការជួយសម្របសម្រួលឲ្យវិលត្រឡប់របស់ក្រសួងការបរទេសទាំងអស់សុទ្ធតែរងគ្រោះដោយការជួញដូរមនុស្សនោះទេ...»។
លោកស្រីបន្ថែមថា ដើម្បីទប់ស្កាត់ និងកាត់បន្ថយការជួញដូរ និងការរំលោភបំពាននៅបរទេស និងដើម្បីលើកកម្ពស់ និងការការពារសិទ្ធិពលករទេសន្តរប្រវេសន៍គ្រប់រូបឲ្យទទួលបានសេវាយុត្តិធម៌ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ឲ្យប្រើប្រាស់នូវក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជន។
លោកបានបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងប្រតិបត្តិការក្នុងការស៊ើបអង្កេតតាមដាន ករណីបទល្មើស អគ្គស្នងការនគរបាលជាតិជាមួយខាងភាគីថៃគឺយើងបានសហការគ្នាស្រាវជ្រាវរឿងក្តី ទាំងពេលខ្លះយើងបង្ក្រាបទាំងនៅកម្ពុជា និងថៃ។ យើងបានបន្តការងារទាំងអស់ហ្នឹង ដែលមាននៅក្នុងយុទ្ធសាស្ត្ររបស់យើងឲ្យបានល្អ។ ខ្ញុំគិតថា នឹងអាចកាត់បន្ថយបាននូវការជួញដូរ និងការរំលោភបំពាន ការកេងប្រវ័ញ្ចទៅលើកម្លាំងពលកម្ម»។
អ្នកសម្របសម្រួលអង្គការសង់ត្រាល់លោក ឃុន ថារ៉ូ បានស្វាគមន៍ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងការបរទេសក្នុងការជួយអន្តរាគមន៍សង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ ពលករ-ពលការិនីខ្មែរឲ្យបានវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ ប៉ុន្តែលោកថា កិច្ចខិតខំប្រឹងប្រែងនេះនៅមានកម្រិតនៅឡើយ និងបានស្នើឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត។
លោកបញ្ជាក់ថា៖ «យើងឃើញមានកិច្ចអន្តរាគមន៍ពីក្រសួងការបរទេសហើយករណីខ្លះក៏មានកិច្ចសហប្រតិបត្តិការជាមួយអង្គការសង្គមស៊ីវិលដែលធ្វើការងារទៅលើរឿងហ្នឹងដែរ។ តែកិច្ចការអន្តរាគមន៍វាមិនទាន់បានឆ្លើយតបទៅនឹងករណីដែលកើតមានឡើងទេ។ យើងឃើញបញ្ហាមួយចំនួនដូចជាអ្នកដែលត្រូវបានជួញដូរតាមរយៈការរៀបការនៅតែបន្តកើតមានឡើង»។
បច្ចុប្បន្នប្រទេសកម្ពុជាបានបញ្ជូនពលករទៅបម្រើការងារនៅបរទេសចំនួន ៦ ប្រទេស គឺប្រទេស ថៃ សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី និងហុងកុង ដែលមានពលករសរុបចំនួនប្រមាណ ១ លាន ២ សែននាក់។ កន្លងមកពលករទាំងនេះបានផ្ញើប្រាក់ត្រឡប់មកកម្ពុជា ដើម្បីជួយទ្រទ្រង់ជីវភាពក្រុមគ្រួសាររបស់ពួកគាត់ប្រមាណជាង ២ ពាន់លានដុល្លារក្នុង ១ ឆ្នាំៗ។ នេះបើតាមលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានថ្លែងកាលពីថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២០៕