ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែងថា បទល្មើស​ព្រហ្មទណ្ឌ​នៅ​ឆ្នាំ​ ២០១៩ គឺ​មាន​ការកើនឡើង​ចំនួន​ ៨ ​ភាគរយ​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ២១១ នាក់ ដោយសារ​តែ​មាន​ការហូរ​ចូល​យ៉ាង​គំហុក​នៃ​ជនបរទេស ខណៈ​ដែល​ក្រុមប្រឆាំង ប៉ុនប៉ង​បង្ក​ភាពចលាចល​ក្នុង​សង្គម និង​រៀបចំ​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។

លោក ស ខេង បាន​ថ្លែង​បែប​នេះ​នៅក្នុង​ពិធី​បើក​សន្និបាត ត្រួតពិនិត្យ​ការងារ​ឆ្នាំ​ ២០១៩ និង​លើក​ទិសដៅ​ឆ្នាំ​ ២០២០ របស់​ក្រសួង​មហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​ដែល​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ថ្នាក់ដឹកនាំ​ស្ថាប័ន​ចំណុះ​ក្រសួង​មហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ប្រមាណ ៧០០ ​នាក់​។

លោក​បញ្ជាក់ថា​៖ «​ជាក់ស្តែង​ទោះបី​បទល្មើស​ព្រហ្មទណ្ឌ​នៅ​ឆ្នាំ​ ២០១៩ ​មាន​ការឡើង​បន្តិច​គឺ ៨​ ​ភាគរយ​ ដោយសារ​ការហូរចូល​យ៉ាង​គំហុក​នៃ​ជនបរទេស ដែល​នាំ​មក​ជាមួយ​នូវ​បទល្មើស​ដែល​ប្រព្រឹត្ត​នៅក្នុង​ចំណោម​ជនបរទេស​មួយចំនួន​ក៏ដោយ​ក៏​កម្លាំង​នគរបាល​ជាតិ​ប្រឹងប្រែង​បង្ក្រាប​រហូត​ដល់​ទៅ​ ៨៩ ​ភាគរយ​ នៃ​បទល្មើស​ដែល​កើតមានឡើង​គឺ​មាន​អត្រា​ខ្ពស់ជាង​ឆ្នាំ​ ២០១៨»​។

លោក​បន្តថា​៖ «​ព្រម​ជាមួយ​នេះ​បទល្មើស​មួយចំនួន​ដែល​ប៉ះពាល់​ចិត្តសាស្ត្រ​សង្គម​ដូចជា លួច​មាន​ស្ថាន​ទម្ងន់ទោស រំលោភ​សម្លាប់​អំពើហិង្សា​ដោយ​ចេតនា ឆបោក និង​ការប្រើប្រាស់​អាវុធ​ខុសច្បាប់ មាន​ការថយចុះ​គួរ​ឲ្យ​កត់​សម្ពាល់​។ វិធានការ​បង្ការ និង​បង្ក្រាប​បទល្មើស គ្រឿងញៀន​ត្រូវ​បាន​បន្ត ជំរុញ​យ៉ាង​សកម្ម និង​ផុលផុស​ស្រប​តាម​ផែនការ​នៃ​ការអនុវត្ត​នៃ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​»​។

លោក​បន្តថា កម្លាំង​នគរបាលជាតិ​ដោយ​មាន​កិច្ចសហការ​ចូលរួម​កម្លាំង​អនុវត្ត​ច្បាប់​នានា​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​ការគាំទ្រ និង​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន​តាមរយៈ​ការអនុវត្ត​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព​បាន​រួមគ្នា​យ៉ាង​សកម្ម​ក្នុង​ការបង្ការ​នឹង​ទប់ស្កាត់​បង្ក្រាប​បទល្មើស​នានា​ក្នុង​សង្គម​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត​។

បើ​យោង​តាម​របាយការណ៍​​របស់​ក្រសួង​មហាផ្ទៃ​ដែល​បាន​ផ្សព្វផ្សាយ​នៅក្នុង​ពិធី​បើក​សន្និបាត​ឲ្យ​ដឹងថា បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​ចំនួន ៣១៩៦ ករណី​បើ​ធៀប​កាលពី​ឆ្នាំ​ ២០១៨ មាន​ចំនួន ២៩៦៩ ​ករណី កើនឡើង ២២៨ ​លើក​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ២១១ នាក់ របួស ៨២៩ ​នាក់ និង​រងគ្រោះ ១៤១២ ​នាក់ បាត់​រថយន្ត ៥៥ ​គ្រឿង ម៉ូតូ​ ៣៤១ ​គ្រឿង និង​សម្ភារ​ទ្រព្យសម្បត្តិ​មួយ​ចំនួន​។

របាយការណ៍​បន្ថែមថា កម្លាំង​សមត្ថកិច្ច​បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​បាន ២៨៤២ ​ករណី​ស្មើនឹង ៨៩ ភាគរយ​នៃ​បទល្មើស ដែល​កើតមាន​ឡើង​ឃាត់ខ្លួន​ជនល្មើស​បាន​ ៤១១៩ ​នាក់ ហើយ​នៅក្នុង​ចំណោម​ជនសង្ស័យ​នេះ​មាន ១០៧៤ ​នាក់​ជាប់​ពាក់ព័ន្ធ​ប្រើប្រាស់​សារធាតុ​ញៀន ហើយ​បទល្មើស​ដែល​ទាញ​តួលេខ​ឲ្យ​មាន​កំណើន​រួមមាន​លួច​បង្ខាំង​មនុស្ស​ខុសច្បាប់ រំលោភ​សេពសន្ថវៈ បំពាន​ផ្លូវភេទ ហិង្សា​ដោយ​ចេតនា ឃាតកម្ម មនុស្ស​ឃាត​ដោយ​អចេតនា និង​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់​។ ជាមួយ​គ្នា​នេះ​បទល្មើស​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ សមត្ថកិច្ច​បង្ក្រាប​បាន ១៦៣ ករណី​ឃាត់ខ្លួន​បាន ២១៩ នាក់​ក្នុង​នោះ​មាន​ជនបរទេស ៣៤ ​នាក់​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ និង​រំដោះ​ជនរងគ្រោះ​បាន​ ៤៣៨ ​នាក់​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​ ១៦៥ នាក់ និង​បញ្ជូន​ទៅ​ព្យាបាល​ចំនួន​ ២៧៣ ​នាក់​។

ជាមួយ​គ្នា​នេះ​លោក ស ខេង បាន​លើក​ឡើង​ថា​កាលពី​ឆ្នាំ ២០១៩ កម្ពុជា​បាន​ទទួល​រង​ឥទ្ធិពល​មួយ​ចំនួន​ពី​ក្រុមប្រឆាំង​ជ្រុលនិយម​ទាំងពី​ក្រៅ​ប្រទេស​ទាំង​នៅ​ផៃ្ទ​ក្នុង​ប្រទេស​ដោយ​លោក​បញ្ជាក់ថា​៖ «​ពួក​ប្រឆាំង​ជ្រុលនិយម ព្យាយាម​ធ្វើ​សកម្មភាព ប៉ុនប៉ុង​បង្ក​ភាពចលាចល​ក្នុង​សង្គម និង​រៀបចំ​ផែនការ​ធ្វើ​រដ្ឋប្រហារ​ប៉ុនប៉ង ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​»​។

លោក​បន្ថែម​ថា របបរាជានិយម​នៅ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដោយ​មាន​ការគាំទ្រ និង​ការចូលរួម​ពី​កងកម្លាំង​ប្រដាប់អាវុធ មន្ត្រី​រាជការ​ស៊ីវិល អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​ប្រជាជន​ទាំងមូល​បាន​រួមគ្នា​បំផ្លាញ​ឲ្យ​បរាជ័យ​ទាំងស្រុង​នូវ​ឧបាយកល និង​ផែនការ​ប្រកប​ដោយ​គ្រោះថ្នាក់​ទាំងនេះ​ហើយ​បន្ដ​រួម​គ្នា​ការពារ​ប្រព័ន្ធគ្រប់គ្រង​ប្រទេស​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស​ការពារ​ព្រះមហាក្សត្រ​ការពារ​របប​រាជានិយម អាស្រ័យ​រដ្ឋធម្មនុញ្ញ​។

លោក អំ សំអាត ​ប្រធាន​គ្រប់គ្រង​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ បាន​ថ្លែង​ពី​ម្សិលមិញ​ថា ការរីក​រាលដាល​ និង​ការកើនឡើង​នៃ​ការប្រើប្រាស់​និង​ការជួញដូរ​គ្រឿងញៀន សមត្ថកិច្ច​អនុវត្ត​ច្បាប់​នៅ​មាន​កម្រិត ការខ្វះខាត​និង​ការអប់រំ​ផ្សព្វផ្សាយ​ផ្នែក​ច្បាប់​ជា​កត្តា​បណ្តាល​ឲ្យ​បទល្មើស​ព្រហ្មទណ្ឌ​នៅ​ឆ្នាំ​ ២០១៩ ​មាន​ការកើនឡើង​យ៉ាងគំហុក​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មើលឃើញ​កត្តា​គ្រឿងញៀន​ជា​កត្តា​មួយ​ធំ​ចំពោះ​ការកើនឡើង​នូវ​បទល្មើស​ហ្នឹងហើយ​កត្តា​សីលធម៌​នៅក្នុង​សង្គម ធ្លាក់ចុះ និង​ការខ្វះខាត​ការអប់រំ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ច្បាប់​ដែល​បាន​អនុម័ត​កន្លង​មក​ហើយ​ឲ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​បាន​ជ្រាប​ពី​បញ្ហា​ច្បាប់​ទាំងនោះ និង​ការឆកល្វែង​នៃ​ការអនុវត្ត​ច្បាប់​»​។

លោក​បន្ថែម​ថា ដើម្បី​កាត់បន្ថយ​បទល្មើស​ព្រហ្មទណ្ឌ​កម្លាំង​សមត្ថកិច្ច​ត្រូវ​ធ្វើ​យ៉ាងណា ទប់ស្កាត់ និង​បង្ក្រាប​ការចរាចរ ការផលិត ឬ​ការចែកចាយ​គ្រឿងញៀន​កុំ​ឲ្យ​រីករាលដាល​កាន់តែ​ខ្លាំង​៕