ភ្នំពេញៈ ក្រសួង​អភិវឌ្ឍន៍​ជនបទ​នឹង​ផ្ដោតលើ​យន្តការ​អាទិភាព​ចំនួន ៤ ចំណុច ​ដូចជា​ការ ពង្រឹង​ធនធាន​មនុស្ស ​បន្ត​ស្ថាបនា​ផ្លូវ ​លើក​កម្ពស់​សុខភាព ​និង​ការ បង្កើត​ឱ្យមាន​ការងារ​ដើម្បី​ផ្លាស់ប្ដូរ​ជីវភាព​ពលរដ្ឋ​នៅ តាម​ជនបទ​ឱ្យ​រឹតតែ​ប្រសើរ។

របាយការណ៍​បូកសរុប​លទ្ធផល​​ការងារ​ឆ្នាំ ២០១៨ និង​ទិស​ដៅ​ការងារ​ឆ្នាំ ២០១៩ របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ឱ្យ​ដឹងថា​ ក្នុង​ផែនការ​យុទ្ធសាស្ដ្រ​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៨​ កន្លងទៅ ​រដ្ឋាភិបាល​សម្រេច​បាន​យ៉ាង​ជោគជ័យ​ក្នុង​ការជួយ​ឱ្យ​មាន​ការ​ប្រែប្រួល​ជា​វិជ្ជមាន​អំពី​ស្ថានភាព​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​តាម​ទីជនបទ​ដូចជា​សុខភាព ​អនាម័យ ​និង​សេវា​សាធារណៈ​ផ្សេងៗ។

ទោះយ៉ាងណា​របាយការណ៍​បន្ថែមថា កម្ពុជា​នៅតែ​ប្រឈម​បញ្ហា​មួយចំនួន​ដែល​ដោះស្រាយ​ពុំទាន់​អស់​នៅ​ឡើយ​តាម​ជនបទ​ ដូចជា​ការ​កើន​ឡើង​យ៉ាង​គំហុក​តម្រូវការ​ប្រើប្រាស់​ផ្លូវ ​ការ​ដឹក​ជញ្ជួន​លើស​ទម្ងន់​ច្បាប់​នៅ​តំបន់​ដាច់​ស្រយាល ​ការកើន​ឡើង​ចំណាក​ស្រុក ​ចំណេះ​ជំនាញ​មូលដ្ឋាន​ពុំទាន់​សមស្រប ​ការ​យល់​ដឹង​អំពី​បញ្ហា​សុខភាព​អនាម័យ​នៅ​ខ្វះ​ចន្លោះ​​ច្រើន​ ព្រមទាំង​បញ្ហា​ប្រឈម​អាកាសធាតុ​ជាដើម។

ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​​នេះ ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​​ដាក់ចេញ​យុទ្ធសាស្ដ្រ​អាទិភាព​ចំនួន ៤ ចំណុច ដែល​អនុវត្ត​រយៈពេល ​៥ ឆ្នាំ ចាប់ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០២៣។

ទី១ គឺ​ពង្រឹង​ស្ថាប័ន ​ការក​សាង​សមត្ថភាព ​និង​ការអភិ​វឌ្ឍធនធាន​មនុស្ស ​គឺជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​ក្នុងការ​ពង្រឹង​អភិ​បាលកិច្ច​​ល្អ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​​និរន្ត​រភាព ​តាមរយៈ​ការ​ដាក់ចេញ​នូវ​គោល​នយោបាយ​ស្ដីពី​ការអភិវឌ្ឍ​ធនធាន​មនុស្ស​សំដៅ​បង្កើន​សមត្ថ​ភាព​មន្ត្រី​រាជកា​រទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ខេត្ត ​ដើម្បី​អនុវត្ត​កម្មវិធី​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ ​កំណែ​ទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​​សាធារណៈ ​និង​កំណែ​ទម្រង់​វិមជ្ឈការ​ និង​វិសហ​មជ្ឈការ​ឱ្យមាន​ប្រសិទ្ធភាព។

ទី២ បង្កើន​ការស្ថាបនា ​ការកសាង ​និង​ការជួសជុល​លើ​កម្រិត​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​គមនាគមន៍​ និង​សេវា​សាធារណៈ​បន្ថែមទៀត​គ្រប់​ច្រកល្ហក​ ជាពិសេស​តំបន់​មាន​សក្ដានុពល​ខាង​សេដ្ឋកិច្ច​ខ្ពស់។

ទី៣ ​លើកកម្ពស់​សុខភាព ​ការអប់រំ ​និង​លក្ខខណ្ឌ​នៃ​ការរស់នៅ​ស្អាត ​ផឹក​ស្អាត ភូមិ​ឃុំ​មាន​បរិស្ថាន​រស់នៅ​ស្អាត​ និង​មាន​សុវត្ថិភាព ដើម្បី​ជំរុញ​ឱ្យ​មាន​ការរស់នៅ​បែប​ទំនើប​តាម​តំបន់​ជនបទ។

ទី៤ ​ការបង្កើត​ការងារ​ មុខរបរ ​សហគ្រិនភាព​ និង​សកម្មភាព​សេដ្ឋកិច្ច ​ក្នុងការ​ចូលរួម​ដោះ​ស្រាយ​បញ្ហា​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ​ដែល​ក្រសួង​អភិវឌ្ឍន៍​ជនបទ​គ្រោង​បង្កើត​ឱ្យមាន​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មូលដ្ឋាន​ចល័ត​នៅ​គ្រប់​ទីកន្លែង​ភូមិ ​ឃុំ ​ស្រុក ​និង​ខេត្ត។ មជ្ឈមណ្ឌល​នេះ​ នឹង​បណ្ដុះគំនិត ​និង​បំផុស​ពលរដ្ឋ​ចូលរួម​យ៉ាង​សកម្ម ​ព្រមទាំង​ផ្ដល់​ការលើក​ទឹកចិត្ត​ជា​កម្ចី​ដែលមាន​អត្រា​ការប្រាក់​ទាប ​ធ្វើជា​ទុន​បង្កើត​មុខរបរថ្មីៗ ​និង​ធ្វើ​ចលនា​ឱ្យ​ពលរដ្ឋ​ចូលរួម​លើក​ទឹកចិត្ត​និង​គាំទ្រ​បន្ថែមទៀត​ចំពោះ​ផលិតផល​ខ្មែរ។

របាយ​ការណ៍​បូកសរុប​ដដែល​បន្តថា​ ក្នុង​ឆ្នាំ ២០២៥ ​ខាងមុខ​ ប្រជាពលរដ្ឋ​គ្រប់រូប ​នឹង​ទទួលបាន​ការផ្គត់ផ្គង់​ទឹកស្អាត​និង​អនាម័យ​គ្រប់​គ្រាន់​ និង​រស់នៅ​ក្នុង​បរិស្ថាន​ដែលមាន​អនាម័យ​ប្រកប​ដោយ​និរន្តរភាព។

របាយការណ៍​បូកសរុប​ដដែល​បន្តថា ​កាលពី​ឆ្នាំ ២០១៨ នេះ​ សម្រាប់​ដោះស្រាយ​បញ្ហា​ប៉ះ​ពាល់​ដល់​សុខភាព​ ក្រសួង​បាន​ជួយ​សាងសង់​បង្គន់​ចាក់ទឹក​តាម​ផ្ទះ​ឯកជន​ចំនួន​ ៤១ ៩៨៩​ បង្គន់​ បង្គន់​សាធារណៈ ​៥៨ ​បង្គន់ ​ផ្ដល់​ចាន​បង្គន់​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ និង​ទី​សាធារណៈ ​១ ៦០០ កន្លែង​ និង​សាងសង់​កន្លែង​លាងដៃ​នៅតាម​សាលា​រៀន​ ១២ ៩៧៥​ កន្លែង។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ ក្រសួង​អភិវឌ្ឍន៍​ជនបទ​ និង​លោក ចាន់​ ដារ៉ុង អ្នកនាំ​ពាក្យ​ក្រសួង​នេះ​មិន​អាច​ទាក់ទងសុំ​ការអត្ថា​ធិប្បាយ​បន្ថែមបានទេ កាលពីម្សិលមិញ។

លោក​ យន់ សា​រ៉ោម ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​មណ្ឌល​​គិរី​បាន​លើកឡើងថា​ កន្លងមក ​មន្ទីរ​តែង​ផ្ដោត​ជាសំខាន់​លើ​ការសាង​សង់​ផ្លូវ​ ផ្ដល់​ទឹកស្អាត ​និង​ការជួយ​សាងសង់​បង្គន់​អនាម័យ​សម្រាប់​​ពលរដ្ឋ​ខ្វះខាត។

លោក​បានបន្តថា​៖ «ទឹក​ស្អាត​​ក៏​យើង​មាន ប្រព័ន្ធ​ធា​រា​សាស្ដ្រ​ក៏​យើង​មាន ផ្លូវ​ខ្វាត់ខ្វែង​ទាំង​​អស់ ​ថ្វី​ដ្បិត​មិនបាន​មួយរយភាគ​រយ​ ប៉ុន្តែ​ឥឡូវ​មាន​ផ្លូវ​ខ្វាត់ខ្វែង​ ទៅណា​ក៏មាន​ផ្លូវ​ដែរ។ នៅតាម​មូលដ្ឋាន​គឺមាន ​(ផ្លូវ) ​ទាំងអស់ ​អត់​មាន​កន្លែង​ណាមួយ​ថា​ អត់​ទេ»៕