
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ។ រូបថត សហការី
ភ្នំពេញៈ នៅក្នុងឆ្នាំ ២០២០ មានរោងចក្រ សហគ្រាស ក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើងចំនួន ១២៩ បានបិទទ្វារ លែងដំណើរការធ្វើឱ្យកម្មករនិយោជិតជាង ៧ ម៉ឺននាក់ រងផលប៉ះពាល់។ ប៉ុន្តែជាមួយគ្នានេះក៏មានរោងចក្រថ្មីចំនួន ១១២ បានបើកដំណើរការហើយបានផ្តល់ការងារជាង ២ ម៉ឺននាក់ដល់កម្មករវិញដែរ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងបែបនេះប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញដោយលោកបញ្ជាក់ថា ការបិទទ្វាររោងចក្រ សហគ្រាសចំនួន ១២៩ ក្នុងឆ្នាំ ២០២០ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេស និងនៅលើសកលលោកបានធ្វើឱ្យកម្មករនិយោជិតចំនួន ៧១ ២០២ នាក់ (ស្រី ៥៧ ៧៩៤ នាក់) រងផលប៉ះពាល់។
ប៉ុន្តែលោក ហេង សួរ បញ្ជាក់ថាទន្ទឹមនឹងការបិទរោងចក្រ ១២៩ នេះក្នុងឆ្នាំ ២០២០ ដដែលក៏មានរោងចក្រកាត់ដេរថ្មីចំនួន ១១២ រោងចក្របានបើកដំណើរការដែរ ដែលរោងចក្រថ្មីទាំងនេះបានបង្កើតការងារដល់កម្មករនិយោជិតចំនួន ២៣ ២០៨ នាក់ (ស្រី ១៧ ៦៣៨ នាក់) ផងដែរ។
លោកមានប្រសាសន៍ថា៖ «ស្ថានភាពទូទៅនៃវិស័យការងារគឺបានត្រឡប់មករកភាពប្រសើរឡើងវិញបន្តិចម្ដងៗហើយ គិតរហូតមកដល់ដើមឆ្នាំ ២០២១ នេះ។ វិស័យកាត់ដេរទាំងមូលនៅកម្ពុជាអាចនឹងវិលមកប្រក្រតីភាពវិញ ក្រោយពេលវិបត្តិជំងឺកូវីដ១៩ ចប់»។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ចាប់តាំងពីលោកបានចូលប្រឡូកក្នុងការងារដែលធ្វើការពាក់ព័ន្ធនឹងវិស័យកាត់ដេរ និងធ្វើការច្រើនជាមួយនឹងកម្មករនិយោជិតនេះជាលើកទី ២ ហើយដែលមានរោងចក្រជាច្រើនបានបិទទ្វារ និងប៉ះពាល់កម្មករច្រើនដូចនេះ។
លោកថា កាលពីឆ្នាំ ២០០៨ ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកបានជួបនូវវិបត្តិសេដ្ឋកិច្ចដែលពេលនោះមានរោងចក្រជាច្រើនបានបិទទ្វារ និងមានថៅកែជាច្រើនក៏បានរត់ចោលរោងចក្រ ប៉ុន្តែមួយរយៈបន្ទាប់មកក៏មានការងើបឡើងវិញ។
លោក ស៊ីណា ថ្លែងថា៖ «សម្រាប់ឆ្នាំថ្មី ២០២១ នេះ ខ្ញុំមើលឃើញថា គ្រប់យ៉ាងអាចនឹងមានភាពល្អប្រសើរ ខណៈដែលមានប្រទេសធំៗជាច្រើនបានបញ្ជាទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩សម្រាប់ចាក់ជូនដល់ប្រជាជនរបស់គេ ហើយនៅពេលដែលថ្នាំនេះប្រើប្រាស់ហើយគឺមានន័យថា ដំណើរការសេដ្ឋកិច្ច និងពាណិជ្ជកម្មនឹងរស់ឡើងវិញហើយការងារអាចនឹងដំណើរជាធម្មតាវិញ»។
លោកបញ្ជាក់ថា ប្រសិនបើឆ្នាំថ្មីនេះការងារដំណើរការល្អឡើងវិញ មានន័យថា រោងចក្រ សហគ្រាសអាចជ្រើសរើសកម្លាំងពលកម្មបន្ថែម រីឯអ្នកវិនិយោគថ្មីមួយចំនួនទៀតអាចបន្តមកធ្វើការវិនិយោគបន្ថែមទៀតនៅប្រទេសកម្ពុជា។
លោកបញ្ជាក់ថា ដូចនេះកម្មករដែលរោងចក្ររបស់ពួកគេបានបិទទ្វារ និងបាត់បង់ការងារនោះអាចនឹងមានឱកាសទទួលបានការងារឡើងវិញ។
កាលពីចុងខែធ្នូ ឆ្នាំ ២០២០ កន្លងមក រាជរដ្ឋាភិបាលបានប្រកាសពីវិធានការបន្ថែមដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចនៅក្នុងបរិការណ៍នៃវិបត្តិ ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្រោយពីវិបត្តិនៃជំងឺកូវីដ ១៩ ជុំទី៧។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានបន្តផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤០ ដុល្លារអាមេរិក ក្នុង ១ ខែ សម្រាប់កម្មករនិយោជិតម្នាក់ដែលបំពេញការងារក្នុងវិស័យកាត់ដេរ វាយនភណ្ឌផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់រយៈពេល ៣ ខែបន្ថែមទៀតពីខែមករាដល់ខែមីនា ឆ្នាំ ២០២១។
លើសពីនេះម្ចាស់រោងចក្រ សហគ្រាសក្នុងវិស័យនេះត្រូវបន្ថែមចំនួន ៣០ ដុល្លារទៀតសម្រាប់កម្មករនិយោជិតម្នាក់។ ជាសរុបកម្មករនិយោជិតម្នាក់ត្រូវទទួលបាន ៧០ ដុល្លារក្នុង ១ ខែ៕
វីដេអូ៖