ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានសម្រេច​ឱ្យ​ក្រសួង​បញ្ចូល​ក្របខ័ណ្ឌ​គ្រូពេទ្យ​នឹង​ត្រូវ​បង្កើន​ដល់​ទៅ ៣ ០០០ ​នាក់ ​សម្រាប់​ឆ្នាំ​ ២០២១ ខណៈ​ដែល​កម្ពុជា​ពង្រឹង​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩​។

លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ដូច្នេះ​កាលពី​ថ្ងៃទី​ ២៩ ធ្នូ នៅពេល​ដែល​លោក​ថ្លែង​ទៅកាន់​ជនរួមជាតិ​ក្នុង​ការបិទ​បញ្ចប់​ព្រឹត្តិការណ៍​ឆ្លង​កូវីដ​សហគមន៍ ២៨ វិច្ឆិកា​។ លោក​មាន​ប្រសាសន៍​ថា លោក​បាន​ទូរស័ព្ទ​ទៅ​លោក​ ម៉ម ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ដើម្បី​ពិភាក្សា​អំពី​ចំនួន​គ្រូពេទ្យ ដែល​ត្រូវការ​ដោយ​លោក ម៉ម ប៊ុនហេង បាន​ប្រាប់​លោក​ថា ក្រសួង​សុខាភិបាល​ត្រូវការ​គ្រូពេទ្យ​ប្រមាណ ៥ ០០០ ​នាក់​។

ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី​សម្រេច​ថា​នៅ​ឆ្នាំ ២០២១ ​ការបញ្ចូល​ក្របខ័ណ្ឌ​ពេទ្យ​មាន​ចំនួន ៣ ០០០ ​នាក់​សិន​។ ក្រុមគ្រូពេទ្យ​នឹង​បង្កើន​សមត្ថភាព​មុន​នឹង​ដាក់ពង្រាយ​ទៅតាម​គោលដៅ​។

លោក​បន្តថា​៖ «​អ៊ីចឹង​ទេ​សូមបញ្ជាក់​ជូន​ថា ក្របខ័ណ្ឌ​ថ្មី​ប្រគល់​ជូន ៣ ០០០ នាក់ ​សម្រាប់​ឆ្នាំ​ ២០២១​។ បើសិនជា​នៅ​ខ្វះ យើង​នឹង​គិតគូរ​បន្ថែម​ទៀត និង​រៀបចំ​ការដាក់​ពង្រាយ​យ៉ាងណា ដើម្បី​ឱ្យ​ទៅតាម​ដែល​យើង​អាច​ដោះស្រាយ​បាន​បញ្ហា​។ ប៉ុន្តែ​ខ្ញុំ​សុំ​ផ្ដាំ​ថា គ្រូពេទ្យ​ដែល​ជ្រើសរើស​នេះ​ជា​គ្រូពេទ្យ​ដែល​ហ៊ាន​ចូល​ប្រយុទ្ធ​ជាមួយ​នឹង​កូវីដ ​១៩​។ នេះ​ជា​លក្ខខណ្ឌ​តម្រូវ​»​។

លោក​បន្តថា​៖ «​ពិត​ហើយ​គ្មាន​អ្នកណា​មាន​ជំនាញ​ប្រយុទ្ធ​ជាមួយ​កូវីដ​ ១៩​ ទេ​។ គ្រូពេទ្យ​ដែល​យើង​ប្រើ​កន្លងទៅ​កូវីដ​១៩​ទើប​តែ​កើត តែ​ពេទ្យ​យើង​បានកើត​យូរហើយ​។ ប៉ុន្តែ​សួរថា ហ៊ាន​ចូល​ប្រយុទ្ធ​ ឬ​មិន​ហ៊ាន ហើយ​យើង​បាន​ណែនាំ​អំពី​របៀប​ជ្រើសរើស​យ៉ាងណា​រួចហើយ ខ្ញុំ​បាន​យល់ព្រម​ជា​លាយលក្ខណ៍​អក្សរ​រួចហើយ​»​។

កាលពី​ខែវិច្ឆិកា ក្រសួង​មុខងារ​សាធារណៈ​បាន​ប្រកាស​ពី​ការបែងចែក​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​តាម​ក្រសួង​នានា​សរុប​ជាង ៦ ០០០ ​កន្លែង​ ដែល​ក្នុងនោះ ក្រសួង​សុខាភិបាល​នឹង​ត្រូវ​ជ្រើសរើស ១ ៣០០ ​នាក់​។ ប៉ុន្តែ​ចំនួន​ក្របខ័ណ្ឌ​ ១ ៣០០ ​កន្លែង​ សម្រាប់​ក្រសួង​សុខាភិបាល​នឹងត្រូវ​បង្កើន​ដល់​ ៣ ០០០ ​កន្លែង​ តាម​អនុសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​។ នេះ​បើតាម​លោក​ យក់ ប៊ុនណា អ្នកនាំពាក្យ​ក្រសួង​មុខងារសាធារណៈ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​ផ្អែកលើ​ការគ្រោងទុក​យើង​នឹង​ដំឡើង​ពី​ ១ ៣០០ ​ទៅ​ ៣ ០០០ ​នាក់ ដើម្បី​គាំទ្រ​វិស័យ​សុខាភិបាល​។ នៅក្នុង​ចំណោម​ ៣ ០០០ ​នាក់ ​យើង​ផ្ដោត​ភាគច្រើន​ទៅលើ​គ្រូពេទ្យ​សម្រាប់​បម្រើ​ក្នុង​វិស័យ​សុខាភិបាល ប៉ុន្តែ​ក៏​អាច​មាន​មន្ត្រី​ជំនាញ​ចាំបាច់​មួយ​ចំនួន​នៅក្នុង​វិស័យ​ហ្នឹង​ដែរ​»​។

លោក​បញ្ជាក់ថា ក្រសួង​ ៣ ​កំពុង​ធ្វើ​កិច្ចការ​ជ្រើសរើស​នេះ​រួមមាន​ក្រសួង​សុខាភិបាល ក្រសួង​មុខងារសាធារណៈ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។ ការជ្រើសរើស​នឹង​ចេញ​ដោយ​ក្រសួង​សុខាភិបាល ចំណែក​ក្រសួង​មុខងារ​សាធារណៈ​នឹងចូលរួម​ក្នុង​ការពិនិត្យ​តាមដាន​គោលការណ៍​ដែល​រដ្ឋាភិបាល​បានសម្រេច និង​នីតិវិធី​នៃ​ការជ្រើសរើស​មន្ត្រី​។

កាលពី​ថ្ងៃទី​ ១៥ ធ្នូ លោក​ ហ៊ុន សែន បានផ្ដល់​អនុសាសន៍​ឱ្យ​បញ្ចូល​ក្របខ័ណ្ឌ​សម្រាប់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ដែល​ស្ម័គ្រចិត្ត​ចូលរួម​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩​។

លោក ទាវ សុធារ័ត្ន ដែល​បានបញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​ផ្នែក​ថែទាំ​វេជ្ជសាស្ត្រ​ពី​សាកលវិទ្យាល័យ​មួយ​នៅ​ក្រុង​បាងកក​ប្រទេស​ថៃ​បាន​ចូលរួម​ក្នុងនាម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ប្រយុទ្ធ​នឹង​កូវីដ​១៩​។ ជា​បទពិសោធ​ចូលរួម​ទប់ស្កាត់​កូវីដ​១៩ លោក សុធារ័ត្ន ធ្លាប់បាន​ចុះទៅ​យក​សំណាក​នៅ​អាកាសយានដ្ឋាន​នៅ​ស្តាត​អូឡាំពិក និង​នៅតាម​មូលដ្ឋាន​ផ្សេងៗ​តាម​ការចាត់តាំង​។ ក្រៅពី​កិច្ចការ​នេះ​លោក​បម្រើការ​នៅ​មន្ទីរ​សុខាភិបាល ខេត្ត​មណ្ឌលគិរី និង​នៅ​គ្លីនិក​មួយ​នៅ​ខេត្ត​នេះ​។

សុធារ័ត្ន និយាយថា​៖ «​អត់​ខ្លាច​ទៅនឹង​បញ្ហា​ហ្នឹង​ទេ សំខាន់​គឺ​យើង​ការពារ​ខ្លួន​។ និយាយ​រួម គ្រាន់តែ​ក្រសួង​ប្រកាស​ភ្លាម ខ្ញុំ​ស្ម័គ្រចិត្ត​ភ្លែត ព្រោះ​ដោយសារ​តែ​ខ្ញុំ​មើលឃើញថា យើង​ត្រូវ​មាន​ការការពារ​ខ្លួន​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​។ ណាមួយ​យើង​ចង់​បម្រើ​ពលរដ្ឋ​យើង​ផង ហើយ​គាប់​ជួន​ខ្ញុំ​រៀន​ចប់​ហើយ ខ្ញុំ​ក៏​ស្ម័គ្រចិត្ត​តែម្ដង​»​។

លោក​បញ្ជាក់ថា បន្ទាប់ពី​បាន​ចូល​បម្រើ​ជា​គ្រូពេទ្យ​ស្ម័គ្រចិត្ត ប្រយុទ្ធ​នឹង​កូវីដ​លោក​ទទួលបាន​ការបណ្ដុះបណ្ដាល​ជាច្រើន​ពី​ក្រសួងសុខាភិបាល​ដូចជា​ការ​ស្លៀកពាក់ ការ​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន ក្នុងពេល​ចុះ​បេសកកម្ម​។ លោក​នឹង​ប្រឡង​ចូល​ក្របខ័ណ្ឌ​នេះ​ដើម្បី​ចូលរួម​ប្រយុទ្ធ​នឹង​កូវីដ ​១៩ ដោយ​មិនមាន​ការភ័យខ្លាច​។ «​ខ្ញុំ​បាន​ត្រៀម​ឯកសារ​រួចរាល់​ហើយ នៅពេល​ក្រសួង​ចេញ​ប្រកាស​អំពី​ការប្រឡង​ជ្រើសរើស ខ្ញុំ​នឹងដាក់​ភ្លាម​។ សម្រាប់​ខ្ញុំ​ពេលដែល​ប្រឡង​ជាប់​ហើយ បើ​រដ្ឋ​បញ្ជូន​ទៅខាង​កូវីដ​ខ្ញុំ​នឹង​ទៅតាម​ហ្នឹង ខ្ញុំ​អត់​មាន​រួញរា​ទេ សំខាន់​សមត្ថភាព​យើង​អាច​ប្រឡង​ជាប់​ឬ​អត់​?»៕