
ឆ្នេរសមុទ្រនៅស្រុកស្ទឹងហាវដែលត្រូវគេចាក់ដីលុបរំលោភយក។ រូបថត សហការី
ព្រះសីហនុៈ ឆ្នេរសមុទ្រក្នុងខេត្ដព្រះសីហនុនៅតែត្រូវបានបំពានដោយក្រុមអ្នកវិនិយោគឯកជន ដោយបានចាក់ដីរំលោភចូលឆ្នេរ និងសាងសង់កំពង់ផែសំណង់រឹងជាបន្ដបន្ទាប់ ខណៈអាជ្ញាធរមានត្រឹមវិធានការធ្វើកិច្ចសន្យាហាមឃាត់ បើទោះបីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់បញ្ជាចាត់វិធានការបន្ទាន់ឲ្យម្ចាស់ក្រុមហ៊ុនកាយដីលុបឆ្នេរសមុទ្រនោះចេញវិញកាលពីប៉ុន្មានខែកន្លងទៅនេះក៏ដោយ។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) ដែលបានចុះទៅពិនិត្យមើលជាមួយអាជ្ញាធរខេត្តពាក់ព័ន្ធក្នុងករណីចាក់ដីលុបឆ្នេរសមុទ្រថ្មីមួយទៀតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ កាលពីសប្ដាហ៍មុននេះប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា ទោះបីមានបញ្ជាពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ហើយក៏ដោយ ប៉ុន្ដែក្រុមហ៊ុនដែលចាក់ដីលុបឆ្នេរមិនបានអនុវត្ដតាមបញ្ជានោះទេ ហើយបច្ចុប្បន្នមានក្រុមហ៊ុនមួយចំនួនទៀតកំពុងបន្ដចាក់ដីរំលោភយកឆ្នេរសមុទ្រជាបន្ដបន្ទាប់នៅក្នុងខេត្តព្រះសីហនុ។
លោកឲ្យដឹងថាករណីចាក់ដីលុបឆ្នេរថ្មីមួយទៀតក្នុងស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុនេះម្ចាស់បានសុំច្បាប់ទៅខាងស្រុកត្រឹមជួសជុលអ៊ូទូកប៉ុណ្ណោះ ប៉ុន្ដែបែរជាទៅចាក់ដីរំលោភចូលឆ្នេរក្នុងជម្រៅទឹកសមុទ្រជាង ៣ ម៉ែត្រ ទទឹង ៥០ ម៉ែត្រ និងបណ្ដោយជាង ៦០ ម៉ែត្រថែមទៀត។
លោកបញ្ជាក់ថា៖ «ទោះមានការអភិវឌ្ឍមែនក៏ដោយ ក៏ថ្នាក់ខេត្ដគ្មានសិទ្ធិឲ្យក្រុមហ៊ុនទៅចាក់ដីលុបឆ្នេរបែបនេះដែរ។ ឥឡូវកន្លែងអ៊ូទូកដែលទើបចាក់ដីលុបនេះមិនមានការកាយដីចេញវិញទេហើយអាជ្ញាធរបានឲ្យម្ចាស់ទីតាំងដាក់លិខិតស្នើសុំទៅថ្នាក់ខេត្ដចំពោះការអភិវឌ្ឍអ៊ូទូក និងបន្ដចាក់ដីលុបបន្ដទៀត»។
លោក សុខុម បានថ្លែងថាការអភិវឌ្ឍធំៗដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាលដែលជាគម្រោងអភិវឌ្ឍផ្ដល់ផលប្រយោជន៍ដល់សង្គមទើបក្រុមហ៊ុនមានសិទ្ធិចាក់ដីលុបសមុទ្របាន ប៉ុន្ដែករណីកន្លងមកនៅក្នុងខេត្ដព្រះសីហនុនេះមានការអនុញ្ញាតត្រឹមអាជ្ញាធរខេត្ដ ដែលនេះជាការឃុបឃិតគ្នាតែម្ដង។
លោកបន្ដថា៖ «ទីតាំងចាក់ដីលុបឆ្នេរនៅអ៊ូទូកនេះ អាជ្ញាធរស្រុកធ្លាប់បានចុះទៅហាមឃាត់ និងធ្វើកំណត់ហេតុ ២ ដងរួចមកហើយ ហើយលើកទី ៣ នេះទើបថ្នាក់ខេត្ដដែលមានអាជ្ញាធរអន្ដរក្រសួងចុះទៅពិនិត្យផ្ទាល់ បានឃើញម្ចាស់ទីតាំងបានចាក់ដីលុបឆ្នេរមែនដោយពុំទាន់មានច្បាប់អនុញ្ញាតទេ»។
តាមកំណត់ហេតុរបស់រដ្ឋបាលស្រុកស្ទឹងហាវដែលបានចុះទៅពិនិត្យទីតាំងចាក់ដីលុបឆ្នេរក្នុងស្រុកស្ទឹងហាវកាលពីថ្ងៃទី ២១ ខែវិច្ឆិកានេះបង្ហាញថា ម្ចាស់ទីតាំងអ៊ូទូកនៅពុំទាន់មានច្បាប់អនុញ្ញាតសាងសង់នោះនៅឡើយទេ។
លោក សុខ សុខុម អះអាងថាការចាក់ដីលុបសមុទ្រកើតឡើងនៅក្នុងខេត្តព្រះសីហនុដដែលនេះ ដោយសារអាជ្ញាធរមិនមានវិធានការផ្លូវច្បាប់តឹងរ៉ឹងទៅលើម្ចាស់ក្រុមហ៊ុនទាំងអស់នោះ។ លោកស្នើទៅរដ្ឋាភិបាល និងអាជ្ញាធរពិនិត្យចំពោះសំណើរបស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មដែលបានសុំអភិវឌ្ឍទីតាំងមួយចំនួនឲ្យបានច្បាស់លាស់មុននឹងអនុញ្ញាត។
លោក ឱ សារឿន អ្នកនាំពាក្យខេត្តព្រះសីហនុបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា អាជ្ញាធរខេត្ដបានចុះទៅពិនិត្យទីតាំងចាក់ដីលុបឆ្នេរនោះហើយ ដោយបានវាស់វែងចំណុចចាក់ដីលុបចូលសមុទ្រនោះ។
លោកឲ្យដឹងដែរថា៖ «ក្រោយមានការប្រតិកម្មនានា អាជ្ញាធរខេត្ដ និងស្រុកបានសហការចុះពិនិត្យវាស់វែងហើយចេញសេចក្ដីប្រកាសដើម្បីឲ្យក្រុមហ៊ុនចាក់ដីលុបចូលឆ្នេរនោះត្រូវកាយ ចេញវិញ បើមានករណីកន្លែងណាដែលខុសការអនុញ្ញាត»។
ទាក់ទងនឹងចម្ងល់ថា អាជ្ញាធរខេត្ដព្រះសីហនុអនុវត្ដវិធានការមិនមានប្រសិទ្ធភាពចំពោះក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរសមុទ្រខុសច្បាប់នាពេលកន្លងមកលោក សារឿន បញ្ជាក់ថា៖ «និយាយទៅបើនិយាយពីផ្លូវច្បាប់អ្នកដែលធ្វើខុសគឺខុសហើយ ប៉ុន្ដែមន្ដ្រីអនុវត្ដរបស់យើង ដូចខ្ញុំបានលើកឡើងកន្លងមកអ៊ីចឹង យើងនៅតែប្រើមនោសញ្ចេតនា ដោយសារតែមានការយោគយល់»។
ដោយឡែកលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាក៏បានរិះគន់ចំពោះការបើកដៃឲ្យអ្នកវិនិយោគទៅចាក់ដីលុបឆ្នេរសមុទ្ររបស់អាជ្ញាធរដែនដីនោះដែរ ដែលកាលពីថ្ងៃសៅរ៍ក្នុងកិច្ចប្រជុំមួយនៅរាជបណ្ឌិត្យសភាកម្ពុជាជុំវិញការអភិវឌ្ឍរបស់ចិននៅកម្ពុជាលោក សុខ ទូច ផ្តាំទៅមន្ត្រីពាក់ព័ន្ធដែលទទួលបានតំណែងហើយគួរយកតំណែងនោះមកបម្រើរាស្ត្រវិញ មិនគួរយកតំណែងទៅលុបឆ្នេរសមុទ្រនោះទេ។
លោកថា៖ «ចិនមកមិនមែនយកច្បាប់ចិនមកអនុវត្ដនៅកម្ពុជាឯណា អ៊ីចឹងត្រូវគោរពច្បាប់កម្ពុជា។ អ៊ីចឹងចៅហ្វាយខេត្ដ ចៅហ្វាយក្រុងត្រូវអនុវត្ដបន្តិច កុំឲ្យភ្នែកស្រឡេវ។ គេឲ្យប្រហែលកន្លះលាន ភ្នែកស្រឡេវបាត់ ដៀងចុះ ដៀងឡើងមើលអត់ឃើញ គេចាក់លុបឆ្នេរ ហើយទៅបន្ទោសនេះ បន្ទោសនោះ ដកគ្រវាត់ចោល ច្បាប់មានតើ»។
លោក សុខ ទូច បន្ដថា៖ «ហើយម្យ៉ាងនេះគណបក្សប្រជាជនឈ្នះទាំងអស់ ខុស និងត្រូវ ទទួលខុសត្រូវ អត់ឆ្លើយដាក់អាណាទៀតទេ។ អ៊ីចឹងអ្នកដែលបានគេឲ្យតំណែងហើយគួរយកតំណែងទៅបម្រើប្រជាជន មិនមែនយកតំណែងទៅលុបឆ្នេរទេ អាហ្នឹងខ្ញុំនិយាយឲ្យត្រង់ពីព្រោះខ្ញុំក៏ជាសមាជិករបស់គណបក្សប្រជាជនដែរ»។
គួរបញ្ជាក់ថាកាលពីថ្ងៃទី ១៨ ខែកញ្ញាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាបន្ទាន់មួយតាមរយៈលោក ជាសុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ឲ្យចាត់វិធានការប្រាប់ក្រុមហ៊ុនកាយដីចេញពីឆ្នេរព្រែកត្រែងស្ថិតនៅភូមិ ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុចេញវិញ បន្ទាប់ពីរកឃើញថាឆ្នេរសមុទ្រមួយនេះត្រូវបានចាក់ដីលុបពីសំណាក់ក្រុមហ៊ុនរបស់អ្នកស្រី ជឹង សុភាព ដែលគេស្គាល់ថា យាយភូ ប៉ុន្តែដីដែលក្រុមហ៊ុនបានចាក់លុបឆ្នេរសមុទ្រនោះរហូតមកដល់ពេលនេះនៅមិនទាន់បានកាយចេញវិញតាមបញ្ជានោះនៅឡើយទេ៕