ភ្នំពេញៈ អាជ្ញាធរ​រាជធានី​ភ្នំពេញ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ លី ប្រាឌឺ​ (Ly Brothers) ​ត្រូវតែ​សាងសង់​ជញ្ជាំង​ប្រឡាយ​បឹងត្របែក​នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​ជាថ្មី​ឡើងវិញ បន្ទាប់ពី​ស៊ីផាយ​ជញ្ជាំង​ប្រឡាយ​ជិត​ ២០០ ​ម៉ែត្រ ដែល​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់​នោះ​ទ្រេត​ស្ទើរ​ដួលរលំ ដែល​ស្ថានភាព​នេះ​អាជ្ញាធរ​ថា ក្រុមហ៊ុន​សាងសង់​គ្មាន​គុណភាព​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​។

លោក​ ម៉េត មាសភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ថ្លែង​ពី​ម្សិលមិញ​ថា មន្ត្រី​ជំនាញ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​តម្រូវ​ឲ្យ​ភាគី​ក្រុមហ៊ុន​ទទួលបន្ទុក​ម៉ៅការ សាងសង់​ស៊ីផាយ​ (​ជញ្ជាំង​បេតុង​) ​ប្រឡាយ​បឹងត្របែក​ដែល​បាន​ទ្រេត​ប្រវែង​ជិត​ ២០០ ​ម៉ែត្រ​នោះ​ឡើងវិញ ដោយ​ត្រូវ​សិក្សា​លក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ស្ដង់ដា​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​គ្នា​មុនពេល​សាងសង់​។

លោក​បញ្ជាក់ថា​៖ «​យើង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​កន្លែង​ដែល​ទ្រេត​ហ្នឹង​ឡើងវិញ​ទាំងអស់​គឺ​ធ្វើយ៉ាងណា​ឲ្យ​មាន​ស្ដង់ដា និង​បច្ចេកទេស​ត្រឹមត្រូវ​។ ចំពោះ​ការចំណាយ​លើ​ការសាងសង់​ជញ្ជាំង​ប្រឡាយ​បឹងត្របែក​នេះ ខ្ញុំ​អត់​ទាន់​បាន​ទទួល​ព័ត៌មាន​លម្អិត​ជុំវិញ​ការចំណាយ​នេះ​ទេ ចាំ​ជម្រាបជូន​នៅពេល​ក្រោយ​ទៀត​»​។

លោក​បន្តថា ចំពោះ​ជញ្ជាំង​បេតុង​ជិត​ ២០០ ​ម៉ែត្រ​នេះ មិនមែន​ក្នុង​ន័យ​បាក់រលំ ក្រាប​ដល់​ដី​ទេ ពោល​គឺ​គ្រាន់តែ​ទ្រេត​ខុសពី​សភាព​ដើម​ក្នុងអំឡុង​ពេល​សាងសង់​។ ប៉ុន្ដែ​សំណង់​នេះ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ឬ​រងរបួស​ដល់​កម្មករ​សំណង់ ឬ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះទេ​។

អភិបាលខណ្ឌ​ចំការមន​លោក​ ថេង សុថុល ប្រាប់​ពី​ម្សិលមិញ​ថា មន្ត្រី​ជំនាញ​រាជធានី​ភ្នំពេញ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ខាងលើ​នេះ​ខួង​មើល​គុណភាព​ដី​ឲ្យ​បាន​ត្រឹមត្រូវ​មុននឹង​បុក​ស៊ី​ផាយ​សាងសង់​ជាថ្មី ដើម្បី​ចៀសវាង​ការទ្រេត ឬ​បាក់រលំ​ជាយថាហេតុ​ណាមួយ​កើតឡើង​ម្ដងទៀត ថែម​ទាំង​ចៀសវាង​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ ឬ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​។

លោក​បន្តថា បន្ទាប់ពី​ទទួល​ដំណឹង​ទ្រេត​ជញ្ជាំង​ប្រឡាយ​បឹងត្របែក​កាលពី​ថ្ងៃទី​ ១៤ ខែកក្កដា​ នេះ​លោក និង​លោក​ សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ចុះត្រួតពិនិត្យ​ស្ថានភាព​ស៊ីផាយ​ប្រឡាយ​បឹងត្របែក​ដែល​ទ្រេត​នេះ​ភ្លាមៗ​ដែរ ដើម្បី​សិក្សា​រក​ដំណោះស្រាយ​ និង​ចាត់វិធានការ បុកស៊ីផាយ​ឡើងវិញ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា ប្រហែល​ក្រុមហ៊ុន​គាត់​ធ្វើ​ខុស​លក្ខណៈ​បច្ចេកទេស​ហើយ​ទើប​បាន​បង្ក​ឲ្យ​មាន​ការទ្រេត​ជញ្ជាំង​ប្រឡាយ​ក្នុង​អំឡុងពេល​សាងសង់​បែបនេះ​។ សំណង់​នេះ​មិនទាន់​បាន​សាងសង់​រួចរាល់​ទាំងស្រុង​ទេ ដោយ​ទើបតែ​រួចរាល់​មួយ​ចំនួន​ធំ​។ ចំពោះ​ការចំណាយ​ថវិកា​សាងសង់​នេះ ខ្ញុំ​មិនសូវ​ដឹង​ច្បាស់​ទេ សួរ​ទៅ​មន្ត្រី​ជំនាញ​យើង​បាន​គាត់​ដឹង​»​។

ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​លោក សាំ ពិសិដ្ឋ ពី​ម្សិលមិញ​បាន​បដិសេធ​ការធ្វើអត្ថាធិប្បាយ​ជុំវិញ​ករណីនេះ​។

លោក​ សេក ស្រេង មេការ​ក្រុមហ៊ុន​លីប្រាឌឺ​ (Ly Brothers Limited) ​ដែល​ទទួលខុសត្រូវ​បុក​ស៊ីផាយ​ប្រឡាយ​បឹង​ត្របែក​ថ្លែង​ពី​ម្សិលមិញ​ថា​ លោក​មិន​ចង់​អធិប្បាយ អ្វី​ច្រើន​ទេ​ដោយ​គ្រាន់តែ​អះអាងថា ក្រុមហ៊ុន​បាននិង​កំពុង​រៀបចំ​ពិសោធ​ដី និង​ចាប់ផ្ដើម​សាងសង់​បុកស៊ីផាយ​ឡើងវិញ​។

លោក​ប្រាប់ថា​ក្រុមហ៊ុន​លោក​បាន​ទទួល​ម៉ៅការ​សាងសង់​ជញ្ជាំង​ប្រឡាយ​បឹង​ត្របែក​ទាំង​សងខាង​ប្រវែង​ ១៧០០ ​ម៉ែត្រ​ដោយ​ចាប់ផ្ដើម​សាងសង់​ជាច្រើន​ដំណាក់កាល​ព្រោះ​អាជ្ញាធរ​នៅ​បន្ត​ដោះស្រាយ​ផលប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​។ មាន​កន្លែង​ខ្លះ​មាន​ការលំបាក​ក្នុង​ការដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ដែរ ទើប​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​សាងសង់​។

លោក​បាន​បន្ថែមថា​៖ «​ការសាងសង់​នេះ យើង​នៅ​មាន​បញ្ហា​ និង​ដំណោះស្រាយ​ខ្លះ​ជាមួយ​ប្រជាពលរដ្ឋ ដោយ​កន្លែង​ខ្លះ​គាត់​សហការ​ជាមួយ​អាជ្ញាធរ ហើយ​កន្លែង​ខ្លះ​គាត់​នៅ​ទាមទារ​សំណង​ផ្សេងៗ​ពី​អាជ្ញាធរ អ៊ីចឹង​នៅ​ត្រូវការ​ពេលវេលា​ទៀត​។ ក្រុមហ៊ុន​ខ្ញុំ​គ្រាន់តែ​ជា​អ្នក​សាងសង់​ទេ​។ បើ​អាជ្ញាធរ​ដោះស្រាយ​បាន​ត្រឹមណា គឺ​យើង​ធ្វើ​ត្រឹមហ្នឹង​សិន ហើយ​បើ​អាជ្ញាធរ​ដោះស្រាយ​បាន​លឿន យើង​ក៏​ធ្វើ​បាន​លឿន​ដែរ​»៕

វីដេអូ៖