ត្បូងឃ្មុំៈ បុរស​ម្នាក់​ដែល​ប្រើ​កាំបិតផ្គាក់​កាប់​គូទំនាស់​ម្នាក់​ស្លាប់​ភ្លាមៗ​ដោយសារ​តែ​គំនុំ​ត្រូវ​បាន​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​សម្រេច​ធ្វើការ​ចោទប្រកាន់ និង​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កាលពី​ថ្ងៃទី ២៩ ខែ ​កញ្ញា ឆ្នាំ ២០១៩ បន្ទាប់ពី​ត្រូវបាន​ពលរដ្ឋ និង​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ភ្លាមៗ​កាលពី​ថ្ងៃទី​ ២៧ ខែ កញ្ញា នៅ​ភូមិ​តារាម ឃុំ​ចុងជាច ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។

លោក ថេង ជាង អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា ជន​ម្នាក់​ឈ្មោះ ផល សុផាន់ អាយុ​ ២៦ ​ឆ្នាំ ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​កាប់សម្លាប់​មនុស្ស​ហើយ​ដែល​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ត្បូងឃុំ​កាលពី​ថ្ងៃទី ២៨ ខែ​ កញ្ញា​ នោះ ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ចោទប្រកាន់ និង​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ហើយ​។

លោក​បញ្ជាក់​ថា៖ «​ជន​ម្នាក់​ឈ្មោះ ផល សុផាន់ នេះ​ត្រូវ​ចៅក្រម​ស៊ើបសួរ​ចោទ​តាម​បញ្ញត្តិ​មាត្រា ១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ និង​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​តាម​មាត្រា​ ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​»​។

យោង​តាម​មាត្រា ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​នេះ​ប្រសិន​បើ​តុលាការ​រកឃើញ​ថា ជន​ត្រូវ​ចោទ​ម្នាក់​នេះ ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​មែន​នោះ​នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១០ ​ឆ្នាំ​ទៅ ១៥ ​ឆ្នាំ​។

បើ​តាម​លោក ប៉េង អេងហាក់ អធិការ​ស្រុក​តំបែរ ជនល្មើស​ឈ្មោះ ផល សុផាន់ អាយុ ២៦ ​ឆ្នាំ រីឯ​ជនរងគ្រោះ​ឈ្មោះ ហ៊ុល គីមឡុង អាយុ​ ២៣ ​ឆ្នាំ​ពួកគេ​រស់នៅ​ភូមិ តារាម ឃុំ​ចុងជាច ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។

លោក អេងហាក់ រំឭក​ប្រាប់​តាម​ចម្លើយ​សារភាព​របស់​ជន​ត្រូវ​ចោទ​ថា រវាង​រូបគេ​ និង​ជនរងគ្រោះ​គឺជា​មនុស្ស​ស្គាល់គ្នា​ និង​រស់នៅ​ក្នុង​ភូមិ​ជាមួយ​គ្នា ហើយ​កន្លង​មក​ពួកគេ​ទាំង​ ២ ​នាក់​ក៏​មាន​ទំនាស់​ពាក្យសម្តី​នឹង​គ្នា​ដែរ​។ ប៉ុន្តែ​បើទោះ​ជា​មាន​ការរាប់អាន​គ្នា​វិញ​ហើយ​ក្តី​ក៏​រូបគេ​នៅតែ​ចិញ្ចឹម​ចិត្ត​ចងគំនុំ​ជាមួយ​ជនរងគ្រោះ​ដែរ​។

លោក បន្តថា​លុះ​ថ្ងៃទី​ ២៧ កញ្ញា ឆ្នាំ​ ២០១៩ វេលា​ម៉ោង ៣ ​កន្លះ​រសៀល​ជនរងគ្រោះ​រួម​នឹង​គ្នីគ្នា​ប្រមាណ​ជា​ពី​ ៦ ​ទៅ​ ៧ នាក់​បាន​ជុំគ្នា​ផឹកស៊ី​នៅ​ផ្ទះ​មិត្តភក្តិ​ដែល​មាន​ទីតាំង​នៅ​​ក្នុង​ភូមិ-ឃុំ ខាង​លើ​។

នៅពេល​នោះ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ ១ ​គ្រឿង​កាត់​មុខផ្ទះ​ដែល​ជា​កន្លែង​ផឹកស៊ី​នោះ ហើយ​គ្រានោះ​ជនរងគ្រោះ​ដោយ​នឹក​ឃើញ​ថា ជា​មនុស្ស​ស្គាល់គ្នា​ក៏​ហៅ​ជនសង្ស័យ​ឲ្យ​ឈប់​ម៉ូតូ ហើយ​បាន​ដើរ​សំដៅ​ទៅរក​ជនសង្ស័យ ដើម្បី​បបួល​ផឹកស្រា​ជាមួយ ប៉ុន្តែ​ជនសង្ស័យ​ប្រកែក​មិន​ចូលរួម​ផឹកស្រា​ទេ​។ ពេលនោះ​ជនរងគ្រោះ​បាន​​ដើរ​ត្រឡប់​មករក​វង់​ផឹកស៊ី​វិញ ដែល​គ្រាន់តែ​ជនរងគ្រោះ​ដើរ​បាន​ប៉ុន្មាន​ជំហាន ក៏​ស្រាប់តែ​ជនសង្ស័យ​ទាញ​កាំបិត​ហាន់​ដើម​ចេក​ដែល​ដាក់​តាម​ម៉ូតូ​ស្រាប់​កាប់​លើ​ជនរងគ្រោះ​ត្រូវ​ផ្នែក​ចំហៀង​ខាងស្តាំ​កញ្ចឹង ក ១ ​កាំបិត​ បណ្តាល​ឲ្យ​ប្រកាច់​ដួល​ស្លាប់​នៅ​លើដី​ភ្លាមៗ​តែម្តង​។

លោក​បញ្ជាក់​ថា​បន្ទាប់ពី​មាន​ហេតុការណ៍​កើតឡើង​ដូច្នេះ​ប្រជាពលរដ្ឋ​នៅក្បែរ​នោះ​បាន​នាំ​គ្នា​ចាប់​ជនសង្ស័យ​ហើយ​បាន​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍ ឃុំ​ចុងជាច​ចុះ​ទៅ​នាំ​ខ្លួន​ជនសង្ស័យ​មក​ប៉ុស្តិ៍នគរបាល​ដើម្បី​សាកសួរ​ និង​ឃាត់ខ្លួន​តែម្តង ក្រោយពី​ជនសង្ស័យ​សារភាព​ប្រាប់​សមត្ថកិច្ច​ពី​ការសម្លាប់​នេះ​៕