ព្រះវិហារៈ សមាជិកសហគមន៍ជនជាតិដើមភាគតិចកួយចំនួន ៦ នាក់ នឹងត្រូវកោះឱ្យចូលទៅបំភ្លឺក្នុងសាលាដំបូងខេត្តព្រះវិហារថ្ងៃទី ២២ ខែ សីហា ពាក់ព័ន្ធបទចោទប្រកាន់ពីបទចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ដែលប្រព្រឹត្តឡើងនៅស្រុកត្បែងមានជ័យកាលពីឆ្នាំ ២០១៤។ នេះបើយោងតាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់សាលាដំបូងខេត្តព្រះវិហារ និងលោក ប៉ឹក សោភ័ណ មន្ត្រីអង្គការពន្លកខ្មែរ។
បើយោងតាមដីកាបង្គាប់ឲ្យចូលខ្លួន ២ ច្បាប់ក្នុងចំណោមដីកាបង្គាប់ឲ្យចូលខ្លួនទាំង ៦ របស់លោក ជៀន ស្រស់ ចៅក្រមស៊ើបសួរតុលាការខេត្តព្រះវិហារចុះថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៩ ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីថ្ងៃទី ១៩ សីហា បានបង្គាប់ឲ្យឈ្មោះ សុខ រាង និងឈ្មោះ សោម ផាន់ ឲ្យចូលទៅបំភ្លឺក្នុងសាលាដំបូងខេត្តព្រះវិហារនៅថ្ងៃទី ២២ ខែ សីហា ពាក់ព័ន្ធបទចោទប្រកាន់ពីបទចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ដែលប្រព្រឹត្តឡើងនៅភូមិបុស្សធំ ឃុំប្រមេរុ ស្រុកត្បែងមានជ័យកាលពីខែ ធ្នូ ឆ្នាំ ២០១៤។
ដីកាបង្គាប់បានបញ្ជាក់ថា៖ «សាមីខ្លួនត្រូវយកលិខិតផ្សេងៗដែលទាក់ទងនឹងរឿងខាងលើនេះមកជាមួយផង ប្រសិនបើមាន។ ក្នុងករណីមិនចូលខ្លួនតាមកាលកំណត់ខាងលើនេះទេ យើងនឹងចេញដីកាបង្គាប់ឲ្យនាំខ្លួន»។
លោក ប៉ឹក សោភ័ណ មន្ត្រីអង្គការពន្លកខ្មែរដែលរងបណ្ដឹងពាក់ព័ន្ធនឹងករណីខាងលើប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃទី ១៩ សីហា ថាលោក ជៀន ស្រស់ កោះហៅសមាជិកសហគមន៍ជនជាតិដើមភាគតិចកួយចំនួន ៦ នាក់ ដែលក្នុងនោះរួមមានលោក ថោង ស៊ុត លោក ហ៊ាង រាំម៉ូ លោក សុខ រាង លោក រស់ ផុន លោក សោម ផាន់ និងលោក ឡន ស៊ីដា។ លោកបានសំណូមពរឲ្យតុលាការខេត្តព្រះវិហារទម្លាក់ការចោទប្រកាន់ប្រឆាំងនឹងពលរដ្ឋរងគ្រោះទាំងនោះ ដោយលោកថាពួកគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ។
លោកបញ្ជាក់ថា៖ «បើអាជ្ញាធរលោកចង់ធ្វើការដោះស្រាយរឿងវិបត្តិដីធ្លីជាមួយពួកគាត់គឺគួរតែមានយន្តការពិភាក្សាជាមួយពួកគាត់ដោយសន្តិវិធីជាជាងប្រើយន្តការតុលាការដើម្បីដាក់គំនាប គាបសង្កត់ និងគំរាមពួកគាត់។ វាជារឿងមិនសមហេតុផលទេ ដែលយើងប្រើប្រព័ន្ធតុលាការធ្វើបែបនេះដោយសារពួកគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ»។
លោក ថោង ស៊ុត ដែលស្ថិតក្នុងក្រុមជនជាតិកួយទាំង ៦ នាក់ បានថ្លែងថា លោកនឹងទៅបំភ្លឺក្នុងសាលាដំបូងខេត្តព្រះវិហារនៅថ្ងៃទី ២២ ខែសីហាតាមការកោះហៅរបស់សាលាដំបូងខេត្តព្រះវិហារ។ លោកបានបដិសេធការចោទប្រកាន់របស់តុលាការដោយអះអាងថាមិនបានចាប់បង្ខាំងមនុស្សដូចការចោទប្រកាន់ទេគឺគ្រាន់តែឃាត់គ្រឿងចក្រកុំឲ្យឈូសដីរបស់ពួកគាត់ប៉ុណ្ណោះ។
លោកនិយាយថា៖ «យើងឃាត់គ្រឿងចក្រដើម្បីស្វែងរកដំណោះស្រាយ។ យើងព្រួយបារម្ភនៅពេលតុលាការកោះហៅម្តងៗដោយសារតែវាខាតបង់ពេលវេលា និងថវិការបស់យើង ហើយយើងមិនទៅគេនឹងចាប់ខ្លួនយើង។ គេមិនត្រឹមតែបានឈូសឆាយដីស្រែរបស់យើង មិនដោះស្រាយឲ្យយើងគេថែមទាំងប្តឹងយើងទៀត។ វាពិតជារឿងអយុត្តិធម៌ចំពោះសហគមន៍យើង»។
លោកស្រី ជុំ កន្និយ៉ា អ្នកនាំពាក្យតុលាការខេត្តព្រះវិហារបានបញ្ជាក់ថា ចៅក្រមស៊ើបសួរលោក ជៀន ស្រស់ ពិតជាបានកោះហៅសមាជិកសហគមន៍ជនជាតិដើមភាគតិចកួយមែន។ ប៉ុន្តែលោកស្រីមិនអាចបកស្រាយឡើយ ដោយសារមិនបានដឹងរឿងស៊ីជម្រៅ។
ជម្លោះដីធ្លីរវាងសហគមន៍ជនជាតិដើមភាគតិចកួយ និងក្រុមហ៊ុនចិនឡាន ហ្វេង បានកើតឡើងរហូតដល់មានពាក្យបណ្តឹងពីក្រុមហ៊ុនប្តឹងក្រុមជនជាតិភាគតិចកួយ និងមន្ត្រីសង្គមស៊ីវិលប្រមាណ ១០ នាក់នេះ បន្ទាប់ពីក្រុមហ៊ុនចិនមួយនេះទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកាលពីឆ្នាំ ២០១១ ក្នុងគោលបំណងដាំដើមកៅស៊ូ អាកាស្យា និងអំពៅដែលមានទីតាំងនៅលើទឹកដីដូនតារបស់សហគមន៍ជនជាតិដើមភាគតិចកួយ។
លោកមេធាវី លី ច័ន្ទតុលា នាយកនៃក្រុមហ៊ុនមេធាវី អេស.វី.ភី ថ្លែងថា យោងតាមនីតិវិធីរបស់តុលាការនៅពេលចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឲ្យចូលខ្លួនហើយគាត់មិនចូលតុលាការនឹងចេញដីកាបង្កាប់ឲ្យនាំខ្លួន។
លោកមេធាវីបានបន្ថែមថា៖ «ប្រសិនបើពួកគាត់មិនចូលទេ ដំណាក់កាលទី ២ តុលាការនឹងចេញដីកាបង្គាប់ឲ្យនាំខ្លួន ហើយមន្ត្រីនគរបាលយុត្តិធម៌នឹងធ្វើការចាប់ខ្លួនដើម្បីនាំទៅឆ្លើយនៅតុលាការ»។
លោកបន្តថា យោងតាមច្បាប់មិនមានកំណត់រយៈពេលប៉ុន្មានសម្រាប់ចៅក្រមស៊ើបសួរ ថាតើត្រូវចំណាយរយៈពេលប៉ុន្មានដើម្បីធ្វើការស៊ើបអង្កេតនិងបិទបញ្ចប់សំណុំរឿងមុននឹងបញ្ជូនទៅជម្រះ ឬក៏លើកលែងបទចោទនោះទេ៕