ភ្នុំពេញៈ អាជ្ញាធរកម្ពុជានឹងបញ្ជូនក្រុមជនជាតិចិនចំនួន ១៦៥ នាក់ត្រឡប់ទៅកាន់ប្រទេសពួកគេវិញនៅចុងសប្ដាហ៍នេះ ឬដើមសប្តាហ៍ក្រោយ បន្ទាប់ពីពួកគេត្រូវបានកម្លាំងសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនបានកាលពីចុងខែមីនាកន្លងទៅនេះពាក់ព័ន្ធនឹងការលួចបើកទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិតខុសច្បាប់នៅក្នុងខេត្តសៀមរាប។
លោក អ៊ុក ហៃសីឡា មន្ត្រីនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានប្រាប់ភ្នំពេញប៉ុស្ដិ៍ ពីម្សិលមិញថា សមត្ថកិច្ចរបស់ប្រទេសចិននឹងបញ្ជូនយន្តហោះមកដឹកនាំជនជាតិចិនចំនួន ១៦៥ នាក់ត្រឡប់ទៅចិនវិញឆាប់ៗនេះ បន្ទាប់ពីអាជ្ញាធរខេត្តសៀមរាបឃាត់ខ្លួនបាន ពាក់ព័ន្ធនឹងការបើកល្បែងស៊ីសងតាមប្រព័ន្ធអីុនធឺណិតខុសច្បាប់នៅក្នុងខេត្តសៀមរាប ។
លោកបញ្ជាក់ថា៖ «យើងនៅរង់ចាំចិនយកយន្តហោះមកដឹក អាចឆាប់ៗហ្នឹង ប្រហែលនៅថ្ងៃទី ៧ ឬថ្ងៃទី ៨ ហ្នឹងហើយ ព្រោះ ថាឥឡូវយើងត្រូវការរៀបចំឯកសារ ហើយខាងចិនក៏គាត់ត្រូវការទាក់ទងក្រុមហ៊ុនយន្តហោះដែរ»។
សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបសហការជាមួយតំណាងអយ្យការអមសាលាដំបូងខេត្ត កាលពីថ្ងៃទី ២៨ មីនា បានបើកប្រតិបត្តិការបង្ក្រាបទីតាំងបើកល្បែងស៊ីសងតាមប្រព័ន្ធអីុនធឺណិតខុសច្បាប់ចំនួន ២ ស្ថិតក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ហើយបានរឹបអូសកុំព្យូទ័រ ១៥០ គ្រឿង និងឃាត់ខ្លួនក្រុមជនជាតិចិន ១៦៥ នាក់។
ឧត្តមសេនីយ៍ត្រី លោកគឹម ជាសាន្ត ស្នងការរងខេត្តសៀមរាបទទួលបន្ទុកផែនអន្តោប្រវេសន៍បានបញ្ជាក់ កាលពីម្សិលមិញដែរថា ក្រោយពីធ្វើការសាកសួរក្រុមជនជាតិចិននៅស្នងការខេត្តរួចមក គឺបានរកឃើញថា ពួកគេបានប្រព្រឹត្តបទល្មើសបើកទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអីុនធឺណិតនៅក្នុងខេត្តសៀមរាបអស់រយៈពេលជិត ១ ខែ ហើយក្នុងចំណោមជនជាតិចិន ១៦៥ នាក់នេះ គឺអ្នកមានលិខិតឆ្លងដែនតែចំនួន ៣៥ នាក់ប៉ុណ្ណោះ។
លោក គឹម ជាសាន្ត បន្តថា បច្ចុប្បន្នក្រុមជនជាតិចិនទាំងនេះ កំពុងត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅមណ្ឌលត្រៀមបណ្ដេញចេញរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមានទីតាំងស្ថិតនៅក្បែរព្រលានយន្តហោះខេត្តសៀមរាប។
លោកនិយាយថា៖ «នេះគឺជាករណីធំដែលយើងបង្ក្រាបបានដែលមានចំនួនរហូតទៅដល់ជាង ១០០ នាក់ ដែលកាលពីពេលមុនៗជាករណីតូចប៉ុណ្ណោះ ដែលយើងបានបង្ក្រាបបានតែជាង ១០ ៗនាក់ទេ»។
របាយការណ៍ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបង្ហាញថា ស្ថិតិជនបរទេសដែលត្រូវបណ្ដេញចេញពីកម្ពុជា គិតចាប់ពីឆ្នាំ ២០១៨ មកដល់ពេលនេះ គឺមានចំនួន ១ ៧២៤ នាក់ហើយ ក្នុងនោះមានជនជាតិចិនសរុបចំនួន ៩២៧ នាក់។
ពាក់ព័ន្ធនឹងការបណ្ដេញចេញនេះ បន្ទាប់ពីអាជ្ញាធរកម្ពុជា បានរកឃើញថា ជនបរទេសរួមទាំងជនជាតិចិនទាំងនោះ បានប្រព្រឹត្តបទល្មើស ដូចជា លួចស្នាក់នៅគ្មានលិខិតឆ្លងដែន លួចស្នាក់នៅលើសទិដ្ឋាការកំណត់ ករណីប្រព្រឹត្តបទល្មើសសេដ្ឋកិច្ចនៅប្រទេស ចិន បទល្មើសមានសតិមិនប្រក្រតី ប្រើប្រាស់ឯកសារក្លែងក្លាយ បទល្មើសបើកល្បែងស៊ីសងតាមប្រព័ន្ធអីុនធឺណិតខុសច្បាប់ លួចឆ្លងដែនចូលដោយមិនបានប្រថាប់ត្រា ការជួញដូរគ្រឿងញៀន ពាក់ព័ន្ធនឹងករណីមនុស្សឃាតក្នុងប្រទេស ចិន ពាក់ព័ន្ធនឹងករណីជួញដូរផ្លូវភេទ ការប្រព្រឹត្តបទឧក្រិដ្ឋនៅប្រទេស ចិន និងករណីឆបោក៕