
ប៉ូលិសចិនបណ្ដើរជនល្មើសជនជាតិចិនចូលយន្តហោះនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីថ្ងៃម្សិលមិញ ដើម្បីដឹកយកទៅផ្តន្ទាទោសនៅប្រទេសចិន។ ហេង ជីវ័ន
ភ្នំពេញៈ ក្រុមជំរិតទារប្រាក់តាមប្រព័ន្ធទូរគមនាគមន៍ (VOIP) ជនជាតិចិនចំនួន ៩១ នាក់ត្រូវបានប៉ូលិសកម្ពុជាចាប់បញ្ជូនទៅប្រទេសចិនវិញដោយមានប៉ូលិសពិសេសរបស់ចិនប្រមាណ ១៨២ នាក់បានមកទទួលយកពួកគេដោយផ្ទាល់នៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញកាលពីព្រឹកម្សិលមិញធ្វើឲ្យចំនួនជនជាតិចិនដែលប្រព្រឹត្តបទល្មើសហើយត្រូវចាប់បញ្ជូនត្រឡប់ទៅវិញក្នុងឆ្នាំ ២០១៨ នេះបានកើនឡើងដល់ ៤០៧ នាក់។
លោក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ជនជាតិចិនទាំង ៩១ នាក់នេះត្រូវបានប៉ូលិសកម្ពុជាឃាត់ខ្លួនតាំងពីថ្ងៃទី ២៩ ខែកញ្ញា មកម្ល៉េះពីបទឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។
លោកបន្ដថា៖ «យើងបានប្រគល់ជនជាតិចិនចំនួន ៩១ នាក់ក្នុងនោះមានស្រីចំនួន ២១ នាក់ពាក់ព័ន្ធករណីជំរិតទារប្រាក់តាមប្រព័ន្ធទូរគមនាគមន៍ទៅឲ្យប៉ូលិសខេត្តហ្គ័ងចូវរបស់ចិនដើម្បីយកពួកគេទៅអនុវត្តច្បាប់នៅប្រទេសចិន»។
ជនសង្ស័យជនជាតិចិនទាំងនេះត្រូវបានបញ្ជូនទៅចិនវិញតាមជើងយន្តហោះពិសេសប្រភេទ A330 (ជើងយន្តហោះលេខ CZ3001/CZ3002) ដោយប៉ូលិសខេត្តហ្គ័ងចូវរបស់ចិនចំនួន ១៨២ នាក់មកទទួលនៅលើទឹកដីកម្ពុជា។
លោកបន្តថាជនសង្ស័យជាជនជាតិចិនខាងលើនេះត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃអគ្គស្នងការនគរបាលជាតិ សហការជាមួយក្រុមហ៊ុនឋានសួគ៌សុខាធ្វើការឃាត់ខ្លួននៅចំណុចអគារលេខ ៣ ស្ថិតនៅឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត (រមណីយដ្ឋានឧទ្យានជាតិបូកគោ) កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៨ ពាក់ព័ន្ធនឹងករណីជំរិតទារប្រាក់តាមប្រព័ន្ធទូរគមនាគមន៍ (VOIP)។
បើតាមតួលេខសរុបរបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍គិតចាប់តាំងពីឆ្នាំ ២០១៤ រហូតដល់បច្ចុប្បន្ននេះសមត្ថកិច្ចបានចាប់ឃាត់ខ្លួន និងបណ្ដេញជនបរទេសទៅតាមប្រកាសរបស់ក្រសួងមហាផ្ទៃសរុបចំនួន ១៤ ៩០៩ នាក់ស្រី ២ ៥៤៨ នាក់ (មាន ៩៣ សញ្ជាតិ)។
តាមការបញ្ជាក់របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ចំពោះជនជាតិចិន ភាគច្រើនដែលប្រព្រឹត្ដបទល្មើសមាន ២ ប្រភេទគឺ ១. បទល្មើសគំរាមជំរិត ឆបោកតាមប្រព័ន្ធអ៊ីនធឺណិតមានចំនួន ១៥៦៧ នាក់ក្នុងនោះមានស្រី ៣០៩ នាក់ និង ២. ជនប្រព្រឹត្តបទល្មើសសេដ្ឋកិច្ចនៅប្រទេសចិន សមត្ថកិច្ចចិន ស្នើសុំសមត្ថកិច្ចកម្ពុជាសហការចាប់ខ្លួនបានចំនួន ៨២ នាក់ក្នុងនោះមានស្រី ១០ នាក់។
របាយការណ៍របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍សម្រាប់ឆ្នាំ ២០១៨ គិតត្រឹមថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៨ សមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួន និងបណ្ដេញជនបរទេសសរុបចំនួន ៩៨២ នាក់/ស្រី ៦៦ នាក់ (មាន ៥០ សញ្ជាតិ)។ ចំណែកជនសង្ស័យជាជនជាតិចិនដែលប្រព្រឹត្តបទល្មើសគំរាមជំរិត ឆបោកតាមប្រព័ន្ធអ៊ីនធឺណិតមានចំនួនសរុប ៣៧៣ នាក់ក្នុងនោះមានស្រី ៦៦ នាក់។ បទល្មើសសេដ្ឋកិច្ច (នៅចិន) សមត្ថកិច្ចចិនបានស្នើសុំសមត្ថកិច្ចកម្ពុជាសហការចាប់ខ្លួនសរុប ៣៤ នាក់ក្នុងនោះស្រី ៧ នាក់៕