សៀមរាបៈ ជនជាតិ​ចិន​ចំនួន ១៦៣ នាក់ ក្នុងនោះ​មាន​ស្រី ៤០ នាក់ ត្រូវបាន​សមត្ថកិច្ច​នគរបាល​ខេត្ត​សៀមរាប​ឃាត់​ខ្លួន​កាល​ពី​ម្សិលមិញ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​បើក​ល្បែង​ស៊ីសង​តាម​អ៊ីនធឺណិត​ចំនួន ២ កន្លែង ក្នុង​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ដោយ​បាន​រឹប​អូស​កុំព្យូទ័រ​ប្រហែល ១៥០ គ្រឿង ខណៈ​នៅ​ដើម​ឆ្នាំ​នេះ​មាន​ជន​ជាតិ​ចិន ១៤៤ នាក់​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​កម្ពុជា។

ឧ​ត្ត​ម​សេនីយ៍​ត្រី ជា គឹម​សាន ស្នងការរង​ទទួលបន្ទុក​ផែន​អន្តោ​ប្រវេសន៍​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្ដិ៍​ កាល​ពី​ម្សិលមិញ​ថា ប្រតិបត្តិការ​នេះ​គឺមាន​កិច្ច​សហការ​គ្នា​រវាង​មន្ត្រី​តំណាង​អយ្យការ​និង​ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​សៀមរាប ជាមួយ​កងកម្លាំង​ស៊ើបអង្កេត កម្លាំង​ការិយាល័យ​អន្តរាគមន៍ ព្រមទាំង​កម្លាំង​សមត្ថកិច្ច​នៅ​មូលដ្ឋាន ផងដែរ បន្ទាប់​ពី​មាន​ការ​ស៊ើប​អង្កេត​អស់​រយៈពេល ៣ សប្ដាហ៍។

លោក​បាន​បញ្ជាក់ថា៖ «តាម​នីតិវិធី​បន្ទាប់ គឺ​សម្រេច​ទៅលើ​ថ្នាក់ដឹកនាំ​ខាងលើ។បន្ទាប់​ពី​យើង​សាកសួរ​ពួកគេ​រួច ស្ថាប័ន​តំណាង​អយ្យការ​នឹង​ពិភាក្សាគ្នា​ថា តើ​ត្រូវ​បញ្ជូន (ជន​ជាតិ​ចិន) ទៅ​ខាង​ណា? ធម្មតា​តែ​ពួកគាត់ (ជន​ជាតិ​ចិន) ចូល​មក​ក្នុង​ប្រទេស​កម្ពុជា គឺ​ត្រូវ​តែ​មាន​លិខិត​ឆ្លង​ដែន ពីព្រោះ​ត្រូវ​ឆ្លង​កាត់​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ»។

បើតាម​លោក ជា គឹម​សាន ក្រុម​ជនជាតិ​ចិន​ទាំង ១៦៣ នាក់​នេះ ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សាកសួរ​ចម្លើយ ហើយ​ដោយសារ​ជនជាតិ​ចិន​នេះ​មាន​ចំនួន​ច្រើន​ និង​ ជា​ករណី​ដែល​អាជ្ញាធរ​បង្ក្រាប​បាន​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ផង គឺ​តាម​នីតិវិធី​នឹង​អាច​ប្រើប្រាស់​ពេលវេលា​សាកសួរ​ប្រហែល​ជា ២ ថ្ងៃ ដូច្នេះ​លោក​មិន​អាច​ប្រាប់​លម្អិត​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ។

លើសពីនេះ លោក ជា គឹម​សាន ក៏​មិនអាច​បញ្ជាក់ថា តើ​អាចមាន​ទីតាំង​ផ្សេងទៀត ដែល​មាន​ការ​លាក់​ខ្លួន​ក្រុម​ជនជាតិ​ចិន​ដើម្បី​បើក​ល្បែង​ស៊ីសង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដូចនេះ​ដែរ ដោយសារ​លោក​បាន​អះអាង​ថា ជា​រឿង​សម្ងាត់។

លោក​បន្ថែមថា៖ «អាហ្នឹង​រឹតតែ​ខ្ញុំ​មិនអាច​ប្រាប់​បាន បើ​ប្រាប់ថា​មាន​ទីតាំង​ផ្សេង​ទៀត គឺ​បែកការ​ហើយ។ អា​ល្បែង​ស៊ីសង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ហ្នឹង វា​ខុស​ច្បាប់​យ៉ាង​ម៉េច​ខ្ញុំ​ក៏​អត់​អាច​បកស្រាយ​បាន​ទេ​គឺ​ចាំ​នៅ​ពេល​យើង​សាក​សួរ​ពួកគាត់​រួច ហើយ​មាន​របាយ​ការណ៍​ច្បាស់​លាស់​សិន»។

លោក អ៊ុក ហៃ​សីឡា មន្ត្រី​នាំពាក្យអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​កាល​ពី​ម្សិលមិញ​ថា​​នៅ​ក្នុង​ឆ្នាំ ២០១៩ គិត​ត្រឹម​ថ្ងៃ​ទី ២៣ ខែ​មីនា គឺមាន​ជន​ជាតិ​ចិន ១៤៤ នាក់ ត្រូវ​អាជ្ញាធរ​កម្ពុជា​បញ្ជូន​ចេញ​ទៅ​កាន់​ប្រទេស​ចិន​វិញ បន្ទាប់​ពី​រក​ឃើញ​ថា ពួកគេ​បាន​ប្រព្រឹត្ត​បទ​ល្មើស​មួយ​ចំនួន ដូចជា ការ​លួច​ស្នាក់​នៅ​គ្មាន​លិខិត​ឆ្លងដែន​ប្រព្រឹត្ត​បទល្មើស​សេដ្ឋកិច្ច​នៅ​ប្រទេស​ចិន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នៅ​ក្នុង​ប្រទេស​ចិន ពាក់ព័ន្ធ​ករណី​ឆបោក សញ្ចារកម្ម ការ​កេង​ចំណេញ​ផ្លូវភេទ​លើ​ស្រី​វ័យ​ក្មេង និង​ភ្នាល់​ល្បែង​តាម​អ៊ីនធឺណិត​ផងដែរ៕