The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ជនជាតិ​ចិន​ សម្រុក​មក​កម្ពុជា​ កើន​ដល់​ជាង​ ២១ ​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​ ២០១៨

ជនជាតិ​ចិន​ សម្រុក​មក​កម្ពុជា​ កើន​ដល់​ជាង​ ២១ ​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​ ២០១៨

Content image - Phnom Penh Post
លោក​ សុខ ផល ថ្លែង​ទៅ​កាន់​មន្ត្រី​នគរបាល​ម្សិលមិញ​នៅ​ក្រសួង​មហាផ្ទៃ​។ រូប នគរបាល

ជនជាតិ​ចិន​ សម្រុក​មក​កម្ពុជា​ កើន​ដល់​ជាង​ ២១ ​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​ ២០១៨

ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​លោក​ សុខ ផល ពី​ម្សិលមិញ​អះអាង​ថា ជនជាតិ​ចិន​មក​ស្នាក់​នៅ​ប្រទេស​កម្ពុជា​បាន​កើនឡើង​រហូត​ដល់​ជាង​ ២១ ​ម៉ឺន​នាក់​ហើយ ដោយ​ចំនួន​នេះ​បាន​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​ ២០១៧ ដែល​ជនជាតិ​ចិន​មាន​តែ​ជាង​ ១០ ​ម៉ឺននាក់​ក្នុង​នោះ​មាន​ជាង​ ៧៨០០០ ​នាក់​កំពុង​រស់នៅ​ខេត្ត​ព្រះសីហនុ ហើយ​មាន​ប័ណ្ណ​ការងារ​ត្រឹមត្រូវ​តែ​ជាង ២ ​ម៉ឺន​នាក់​ប៉ុណ្ណោះ​។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​នាយ​នគរបាល​ជាន់​ខ្ពស់​នៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ឲ្យ​កាន់តែ​ច្បាស់លាស់​បន្ថែម​ទៀត​ក្នុង​ការគ្រប់គ្រង​ជនអន្តោប្រវេសន៍​ទាំងនោះ​លោក​ សុខ ផល រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ដែល​ទើប​ឡើង​តំណែង​ថ្មីៗ​ប្រាប់​ឲ្យ​សមត្ថកិច្ច​ត្រូវតែ​បង្ក្រាប​ជនជាតិ​ចិន​ណា​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់ ហើយ​អ្នក​ដែល​ប្រព្រឹត្ត​ត្រឹមត្រូវ​តាម​ច្បាប់​របស់​កម្ពុជា​គឺ​ដាច់ខាត​ត្រូវ​តែ​ការពារ​។

លោក​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ជនជាតិ​ចិន​នៅ​ប្រទេស​កម្ពុជា​នា​ចុង​ឆមាស​ទី​ ២ ​នេះ​កើនឡើង​រហូត​ដល់​ជាង​ ២១ ​ម៉ឺន​នាក់ ដែល​ចំនួន​នេះ​បាន​កើនឡើង​ខ្លាំង បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៧ ​កន្លង​មក​។ នេះ​បើ​យោង​តាម​ស្ថិតិ​ជនជាតិ​ចិន​ដែល​មក​សុំ​ពន្យារ​ទិដ្ឋាការ​។ លោក​បន្ត​ថា​កាលពី​ឆ្នាំ​មុន​ជនជាតិ​ចិន​នៅ​កម្ពុជា​មាន​តែ​ជាង​​ ១០ ​ម៉ឺន​នាក់​ប៉ុណ្ណោះ ដោយ​ចំនួន​នេះ​មិន​បូក​បញ្ចូល​ជាមួយ​ចំនួន​អ្នក​ការទូត អ្នកទេសចរ និង​អង្គការ​សង្គម​ស៊ីវិល​ទេ​។

លោក ផល បញ្ជាក់​ថា​៖ «​ក្នុង​ចំណោម​ជនជាតិ​ចិន​ទាំង​ ២១ ​ម៉ឺននាក់​នេះ​មាន​ជាង​ ៧៨០០០ ​នាក់​កំពុង​រស់នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ប៉ុន្ដែ​ក្នុង​ចំណោម​នោះ​អ្នក​មាន​ប័ណ្ណ​ការងារ​ត្រឹមត្រូវ​គឺ​មាន​ត្រឹម​តែ​ជាង​ ២ ​ម៉ឺន​នាក់​ទេ​។ យើង​ត្រូវ​តែ​បង្ក្រាប​ដាច់ខាត​ចំពោះ​ជនល្មើស​ច្បាប់ មិន​អាច​លើកលែង​នរណា​ម្នាក់​ទេ​»​។

ជាមួយ​គ្នា​នេះ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃទី​ ១២ កញ្ញា​នេះ​ក្នុង​កម្មវិធី​ប្រកាស​ចូលកាន់​មុខ​តំណែង​ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​​ និង​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន អគ្គនាយក អគ្គាធិការ និង​បំពាក់​ឋានន្ដរស័ក្ដិ ថ្នាក់​នាយឧត្តមសេនីយ៍ ជូន​នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​លោក​ក៏​បាន​ប្រកាស​រៀបចំ​កម្លាំង​នៃ​ក្រុមការងារ​សមត្ថកិច្ច ដើម្បី​ទៅ​ជួយ​បង្ក្រាប​បទល្មើស ដែល​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន​ផង​ដែរ​។

លោក ស ខេង បញ្ជាក់​ថា​៖ «​យើង​នឹង​រៀបចំ​ក្រុម​ការងារ​មួយ​ដើម្បី​ទៅ​គាំទ្រ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ដែល​ក្នុង​នោះ​ខ្ញុំ​គិត​ថា​មាន​អគ្គនាយកដ្ឋាន​ ៤ ដែល​ដើរតួ អគ្គរដ្ឋបាល អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ហើយ​និង​ក្រុម​អ្នក​ច្បាប់​។ យើង​រៀបចំ​ជា​ក្រុម​មួយ​ហៅថា​ក្រុម​ប្រតិបត្តិការ ឬ​ក៏​ក្រុម​គាំទ្រ​។ ប៉ុន្តែ​មិនមែន​ថា​ក្រុម​គាំទ្រ​ទៅ​ធ្វើ​ជំនួស​រដ្ឋបាលខេត្ត​ព្រះសីហនុ​ទេ ប៉ុន្តែ​ទៅ​គាំទ្រ​ជួយ​ដោះស្រាយ​នូវ​បញ្ហា​ទាំងឡាយ​ណា​ដែល​ខេត្ត​មិន​មាន​លទ្ធភាព​រាប់​ទាំង​ការបង្ក្រាប​បទល្មើស​ទាំង​នោះ​»​។

លោក មាស នី អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​យល់​ឃើញ​ថា​ចំនួន​នេះ​អាច​ជា​តួលេខ​ជាក់ស្ដែង​ព្រោះ​គេ​សង្កេត​ឃើញ​សព្វថ្ងៃ​ជនជាតិ​ចិន​ស្ទើរ​តែ​ច្រើន​ជាង​ប្រជាជន​កម្ពុជា​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​។ នេះ​គឺជា​បទពិសោធ​ថ្មី​មួយ​សម្រាប់​ឲ្យ​កម្ពុជា​រៀនសូត្រ​ពី​របៀប​គ្រប់គ្រង​ជនអន្តោប្រវេសន៍​ទាំងអស់​។ បើ​គ្រប់គ្រង​ជនអន្តោប្រវេសន៍​បាន​ល្អ វា​មិន​មែន​មាន​ប្រយោជន៍​តែ​សន្ដិសុខ​ជាតិ​ទេ វា​ថែម​ទាំង​ចំណេញ​ដល់​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ​។

លោក​ មាស នី បញ្ជាក់​ថា​៖ «​បើ​រដ្ឋាភិបាល​មិន​គ្រប់គ្រង​ជនអន្តោប្រវេសន៍​ឲ្យ​ត្រឹមត្រូវ​ទេ វា​នឹង​ធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច​ធំ ព្រោះ​ជនជាតិ​បរទេស​ទាំងនោះ​ភាគច្រើន​មក​បង្កើត​មុខរបរ​ឲ្យ​ជនជាតិ​ខ្មែរ និង​បង់​ចំណូល​ចូលជាតិ​ផង​ដែរ​។ មន្ត្រី​ជំនាញ​ត្រូវ​កំណត់​មុខសញ្ញា​ជនជាតិ​ទាំង​នោះ​ឲ្យ​បាន​ច្បាស់ គឺ​បើ​ជា​អ្នក​រកស៊ី​ឲ្យ​ច្បាស់​ជា​អ្នក​រកស៊ី អ្នក​ទេសចរ ឲ្យ​ច្បាស់​ជា​អ្នកទេសចរ​»​។

លោក មាស នី បន្ថែម​ថា​៖ «​ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​ខ្មែរ​យើង​នៅ​មិន​ទាន់​ធ្វើឲ្យ​តឹងរ៉ឹង​នៅ​ឡើយ​ទេ អាហ្នឹង​មាន​ន័យ​បើ​យើង​មិន​មាន​វិធានការ​ច្បាស់លាស់​ទេ យើង​នឹង​ខាតបង់​យ៉ាង​សន្ធឹកសន្ធាប់​ចំពោះ​ថវិកា​ជាតិ​»​។

លោក​ គៀត ច័ន្ទថារិទ្ធ ដែល​ទើប​តែ​ទទួល​តំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ថ្មី បាន​ធានា​ដល់​ការ​គ្រប់គ្រង​ឲ្យ​បាន​ច្បាស់លាស់​ក្នុង​ការ​ចេញ​ចូល​របស់​ជនអន្តោប្រវេសន៍​គ្រប់​ជាតិ​សាសន៍​ទាំងអស់​មិន​ថា​តាម​ព្រំដែន​ទឹក​ និង​គោក​នោះ​ឡើយ ខណៈ​ក្រសួង​មហាផ្ទៃ​អំពាវនាវ​ឲ្យ​នគរបាល​អន្តោប្រវេសន៍​មាន​ការប្រុងប្រយ័ត្ន​បន្ថែម​ទៀត​ចំពោះ​ជនជាតិ​ចិន​ខុស​ច្បាប់​មួយ​ចំនួន​នៅ​ខេត្ត​ព្រះសីហនុ​។

លោក​សង្កត់​ធ្ងន់​ថា​៖ «​ក្នុង​នាម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បន្តវេន​ឯកឧត្តម​ [​ខ្ញុំ​] ​សូម​ប្តេជ្ញាចិត្ត​ថា នឹង​ខិតខំ​ស្រាវជ្រាវ ដើម្បី​គិតគូរ​ដាក់​ចេញ​យុទ្ធសាស្ត្រ​ការងារ​អន្តោប្រវេសន៍​ក៏​ដូចជា​គោលការណ៍ និង​ផែនការណ៍​ថ្មីៗ​សម្រាប់​ចំណាត់ការ​ថ្មី​ទៅ​មុខ​ទៀត​ដើម្បី​ធានា​គ្រប់គ្រង​ឲ្យ​បាន​ច្បាស់លាស់​នូវ​លំហូរ​ចេញ​ចូល​តាម​ច្រកទ្វារ​ព្រំដែន​គោក និង​ទឹក គ្រប់គ្រង​វត្តមាន​ស្នាក់នៅ​ក្នុង​ផ្ទៃ​ប្រទេស​»​។

លោក​បន្ថែម​ថា​នឹង​គ្រប់គ្រង​ការធ្វើ​ពលកម្ម​របស់​ជនបរទេស​នៅ​កម្ពុជា ការដោះស្រាយ​កិច្ចការ​ជនបរទេស​ដែល​ជា​ជនអន្តោប្រវេសន៍​ដើម្បី​ដាក់​ឲ្យ​ស្ថិត​នៅ​ក្នុង​គន្លង​ច្បាប់ និង​កិច្ចការ​ជនភៀសខ្លួន ដើម្បី​ធ្វើ​យ៉ាង​ណា​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត​នូវ​ទិសដៅ​របស់​ក្រសួង​មហាផ្ទៃ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤ ​របស់​រាជរដ្ឋាភិបាល​។

រយៈពេល​កន្លង​ទៅ​នេះ​គេ​សង្កេត​ឃើញ​ថា​ជនជាតិ​ចិន​ដែល​កំពុង​រស់នៅ​ខេត្ត​ព្រះសីហនុ និង​នៅ​ភ្នំពេញ​បាន​បង្ក​បញ្ហា​ជាច្រើន​លើក​ច្រើន​សា​មក​ហើយ ដូចជា​វាយតប់​គ្នា បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ហើយ​ពួកគេ​ខ្លះ​ប្រើ​រថយន្ត​ស្លាក​លេខ ខ.ម. ទៀត​ផង​៕

អត្ថបទគួរចាប់អារម្មណ៍