កំពតៈ កម្លាំង​សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​កំពត​បាន​បង្ក្រាប​ចាប់​ជនជាតិ​ចិន​ចំនួន​ ១៧ ​នាក់​ ក្នុងនោះ​មាន​ស្ត្រី​ចិន​ ២ នាក់​ផង​ដែរ ​នៅផ្ទះ​ជួល​ដែល​មាន​ទីតាំង​ក្នុង​ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង-ខេត្ត​កំពត​កាលពី​ថ្ងៃ​ម្សិលមិញ​ពាក់ព័ន្ធ​នឹង​ការសង្ស័យ​ជំរិត​ទារប្រាក់​តាម​​អនឡាញ​។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា កម្លាំង​សមត្ថកិច្ច​នរគបាល​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​កំពត​បាន​ចុះប្រតិបត្តិ​ការបង្ក្រាប និង​ចាប់​ក្រុម​ជនជាតិ​ចិន​បាន​ចំនួន​ ១៧ ​នាក់​ដែល​ពួកគេ​បាន​បើក​កន្លែង​ធ្វើ​អាជីវកម្ម​ខុសច្បាប់​តាម​អនឡាញ​។ លោក​បន្ថែម​ថា​សមត្ថកិច្ច​របស់​លោក​នៅ​មិនទាន់​បញ្ចប់​ការសាកសួរ​ពួកគេ​នៅ​ឡើយ​ទេ​។

លោកស្នងការ​បាន​ប្រាប់ថា​៖ «​ករណីនេះ ខ្ញុំ​កំពុង​បន្ត​នីតិវិធី ស៊ើបសួរ​ពួកគេ​ដើម្បី​រក​មូលហេតុ​ពិត​»​។

លោក​បាន​បន្តថា ​ក្នុង​ប្រតិបត្តិការ​នេះ ក្រៅពី​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​មក សមត្ថកិច្ច​របស់​លោក​បាន​ឆែកឆេរ​នៅក្នុង​ផ្ទះជួល​នោះ​ដោយ​បាន​រកឃើញ​ទូរស័ព្ទ​ចំនួន​ ១៤៤ ​គ្រឿង ​រួមទាំង​កុំព្យូទ័រ​យួរដៃ​ ១ ​គ្រឿង​ទៀតផង​។ ក្រោយពី​បញ្ចប់​ប្រតិបត្តិ​ការបង្ក្រាប ក្រុម​ជនសង្ស័យ​ទាំងនោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សមត្ថកិច្ច​ជំនាញ​ចាត់ការ​តាម​នីតិវិធី​ដើម្បី​បញ្ជូន​ពួកគេ​ទៅ​តុលាការ​។

មន្ត្រីនគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ពី​ម្សិលមិញ​ដែរ​ថា ករណី​ក្រុម​ជនជាតិ​ចិន​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​ខាងលើ​នេះ​ទើប​តែ​បាន​ជួល​ផ្ទះ​នោះ​ក្នុង​អំឡុង​ខែ សីហា​ ឆ្នាំ​ ២០១៩ ​នេះ​ទេ ហើយ​ទើបតែ​ម្តងនេះ​ទេ​ដែល​សមត្ថកិច្ច​ចាប់​ក្រុម​ជនជាតិ​ចិន​មាន​ចំនួន​ច្រើន​បែបនេះ​។

លោក​បញ្ជាក់ថា​៖ «​នៅ​ខេត្តកំពត​មិនដែល​កើតមាន​បទល្មើស​ធំ​តូច​ដែល​បង្កឡើង​ដោយ​ជនជាតិ​ចិន​ទេ​»​។

មន្ត្រី​រូបនោះ​បន្តថា ក្រុម​ជនជាតិ​ចិន​ទាំង​ ១៧ ​នាក់​នោះ​ កំពុង​តែ​ឃុំ​ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត​ដើម្បី​ធ្វើ​កំណត់ហេតុ ដែល​ទាក់ទង​នឹង​បទល្មើស​ដែល​សមត្ថកិច្ច​សង្ស័យ ថា​ជំរិត​ទារប្រាក់​តាម​អ៊ីនធឺណិត ព្រោះ​សមត្ថកិច្ច​បាន​រកឃើញ​វត្ថុតាង​ពាក់ព័ន្ធ​នឹង​បទល្មើស​។

ទាក់ទិន​នឹង​បញ្ហា​ជនជាតិ​ចិន​នេះ​ដែរ​លោក​ អ៊ុប សុវណ្ណចាន់ថង មន្ត្រី​សម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស លីកាដូ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ទាក់ទង​នឹង​ជនជាតិ​ចិន​​ដែល​មក​រស់នៅ​ក្នុង​ខេត្តកំពត​ហាក់ដូចជា​មិនសូវមាន​ចំនួន​ច្រើន​ដូច​ខេត្ត​ព្រះសីហនុ​ទេ ព្រោះ​នៅ​ទី​រួម​ខេត្តកំពត​ក៏​មិនទាន់​មាន​កាស៊ីណូ​ដែល​បង្កើត​ដោយ​ជនជាតិ​ចិន​ដែរ​។ ប៉ុន្តែ​ពួកគេ​ច្រើនតែ​ឡើង​ទៅ​លេងល្បែង​នៅឯ​កាស៊ីណូ​នៅលើ​​ភ្នំ​បូកគោ​។

លោក​បញ្ជាក់ថា​៖ «​បទល្មើស ឧក្រិដ្ឋ ឃាតកម្ម ឬ​បទល្មើស​ផ្សេងៗ គឺ​មិន​ដែល​កើតមាន​ទេ​នៅ​ខេត្ត​កំពត​គឺ​ទើប​តែ​មាន​ម្តងនេះ​ទេ​»៕