ស្វាយរៀងៈ បុរស​ជនជាតិ​ចិន ចំនួន ៦ នាក់ ដែល​លួច​ឆ្លងដែន​មកពី​ប្រទេស​វៀតណាម​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​មណ្ឌល​ចត្តាឡីស័ក​នៅ​ក្រុង​ស្វាយរៀង​កាលពី​យប់​ថ្ងៃទី ៣ ឧសភា ខណៈ​ពលរដ្ឋ​ប្រទះឃើញ​ពួកគេ​កំពុង​ដើរកាត់​ភូមិ​ប្រសូត្រ ២ ឃុំ កណ្តៀង​រាយ ស្រុក​ស្វាយទាប។

លោក កែវ សុភ័ណ្ណ អធិការនគរបាល​ស្រុក​ស្វាយទាប ឱ្យដឹង​នៅ​ថ្ងៃទី ៥ ឧសភា​ ដោយ​យោង​របាយការណ៍​ថា ក្រុម​បុរស​ជនជាតិ​ចិន​ទាំងនោះ​ទី ១-ឈ្មោះ លូន ឃុន អាយុ ១៨ ឆ្នាំ ទី ២- តាំង ឡាំង អាយុ ២២ ឆ្នាំ ទី ៣- ឆេង ជិនតាវ អាយុ ១៨ ឆ្នាំ ទី ៤- ទូ ជាអូ អាយុ ១៨ ឆ្នាំ ទី ៥ ហ្វាង ចូអ៊ី អាយុ ២១ ឆ្នាំ និង​ទី ៦- ចាង អ៊ីឆឹង អាយុ ១៨ ឆ្នាំ ។ ពួកគេ​រស់នៅក្នុង​ប្រទេស​ចិន។

លោក​ប្រាប់ថា៖ «ក្រោយពី​យើង​ឃាត់ខ្លួន និង​សួរ​នាំមក យើង​បាន​បញ្ជូន​ពួកគេ​ទៅ​មណ្ឌល​ចត្តាឡីស័ក​នៅ​ក្រុង​ស្វាយរៀង។ ចំពោះ​កិច្ចការ​បន្ត​យ៉ាងណា​ទៀត​នោះ ខ្ញុំ​ក៏​មិនទាន់​ដឹងថា ថ្នាក់លើ​នឹង​ចាត់​វិធានការណ៍​យ៉ាងម៉េច​ទេ»។

លោក​រៀបរាប់​តាម​សម្តី​អ្នកភូមិ​ថា កាលពី​វេលា​ម៉ោងជាង ៨ យប់ ថ្ងៃទី ៣ ឧសភា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​ប្រសូត្រ ២ ឃុំ​កណ្តៀងរាយ​បាន​ប្រទះឃើញ​ជនជាតិ​ចិន​ទាំងនោះ​នាំគ្នា​ដើរកាត់​ភូមិ។

ដោយសារ​ពលរដ្ឋ​មានការ​យល់ដឹង​ច្បាស់​​អំពី​បទបញ្ជា​បិទខ្ទប់ និង វិធានការណ៍​របស់​ក្រសួង​សុខាភិបាល​ផង​នោះ ក៏បាន​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កណ្តៀងរាយ ហើយ​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ភ្លាមៗ​តែ​ម្តង។

នៅពេលនោះ​ក៏មាន​កម្លាំង​នគរបាល​ការិយាល័យ អន្តោប្រវេសន៍ ខេត្តស្វាយរៀង​បាន​ចុះទៅ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ផងដែរ។

លោក កែវ សុភ័ណ្ណ ថ្លែងថា៖ «ពួកគេ​ទាំងនោះ​គ្មាន​លិខិត​ឆ្លងដែន​ជាប់​ខ្លួន​ទេ ហើយ​ដោយសារ​បង្ការ​ខ្លាច​មាន​ការឆ្លង​ជំងឺ​កូវីដ​ផង សមត្ថកិច្ច​សម្រេច​យកទៅ​មណ្ឌល​ចត្តាឡីស័ក​សិន ចាំ​សួរនាំ​ក្រោយ​ទៀត»។

លោក ស កែវ នាយការិយាល័យ នគរបាល​អន្តោប្រវេសន៍ ខេត្ត​ស្វាយរៀង ឱ្យដឹង​នៅ​ថ្ងៃទី ៥ ឧសភា ថា បញ្ហា​នេះ​លោក​មិនទាន់​អាច​ផ្តល់ព័ត៌មាន​លម្អិត​បាន​ទេ ដោយសារ​តែ​ក្រុម​ជនជាតិ​ចិន​ទាំង ៦ នាក់​នោះ​ជាប់​ធ្វើ​ចត្តាឡីស័ក។ ប៉ុន្តែ​បន្ទាប់ពី​ធ្វើ​ចត្តាឡីស័ក​ចប់​ទើប​មាន​ចំណាត់ការ​បន្ត។

លោក បញ្ជាក់ថា៖ «ពួកគេ​អត់​មាន​លិខិត​ឆ្លងដែន​អី​ទេ ហើយ​បើ​អត់​មាន​គឺ​ខុសច្បាប់​ហើយ។ ប៉ុន្តែ​ខ្ញុំ​ក៏​មិនទាន់​ហ៊ាន​ចូលទៅ​ក្បែរ​ពួកគេ​ដែរ។ ចំពោះ​នីតិវិធី​យ៉ាងណា​ទៀត​នោះ ចាំ​ពួកគាត់​ធ្វើ​ចត្តាឡីស័ក​រួច»។

តែ​ទោះយ៉ាងណា បើតាម​មន្ត្រីនគរបាល​ស្រុក​ស្វាយទាប​មួយរូប សុំ​មិនឱ្យ​បញ្ចេញ​ឈ្មោះ ប្រាប់​ថា បើតាម​ការសន្និដ្ឋាន​បឋម​របស់​សមត្ថកិច្ច​គឺ​ក្រុម​ជនជាតិ​ចិន​ទាំងនោះ​លួច​ឆ្លងដែន​ពី​ប្រទេស​វៀតណាម​ហើយ​ត្រូវបាន​គេ​ដឹក​តាម​រថយន្ត​ពី​ព្រំដែន​បាវិត ឆ្ពោះ​មក​ក្រុង​ស្វាយរៀង ប៉ុន្តែ​ដោយសារ​ស្ថានភាព​មិ​អំណោយផល ព្រោះ​អ្នកបើកបរ​រថយន្ត​ខ្លាច​សមត្ថកិច្ច​យាម​បិទខ្ទប់​នៅ​តាម​គោលដៅ​ចាប់​ទើប​ទម្លាក់​ជនជាតិ​ចិន​ទាំងនោះ​ចោល៕