The Phnom Penh Post Search

Search form

ជនជាតិ​ចិន​ ៧០ ​នាក់​ផ្សេង​ទៀត ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា

Content image - Phnom Penh Post
ជនជាតិ​ចិន​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​កម្ពុជា​កាលពី​ថ្ងៃទី​ ១៤ ខែ​ឧសភា ឆ្នាំ​ ២០១៨​។ រូបថត FN

ជនជាតិ​ចិន​ ៧០ ​នាក់​ផ្សេង​ទៀត ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា

ភ្នំពេញៈ ជនជាតិ​ចិន​សរុប​ ៧០ នាក់​ត្រូវ​បាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បណ្ដេញចេញ​ពី​កម្ពុជា​កាលពី​ថ្ងៃទី ១៤ ខែ​ឧសភា​ដោយសារ​ពួកគេ​ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ជំរិត​តាម​អ៊ីនធឺណិត (VOIP) បោកប្រាស់​យក​ប្រាក់ និង​បើក​ល្បែង​ភ្នាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Game online) ដោយ​ខុស​ច្បាប់​។

លោក ឃុន សំបូរ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ជនជាតិ​ចិន​ដែល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បញ្ជូន​ចេញ​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន​វិញ​កាលពី​ថ្ងៃ​ទី ១៤ ខែ​ឧសភា​មាន​ចំនួន ៧០ នាក់​ក្នុង​នោះ​មាន​ស្រី​ ៤ ​នាក់​ដោយ​ត្រូវ​បាន​បញ្ជូន​តាម​ជើង​ហោះហើរ​ពិសេស​ចំនួន​ ២ ​លើក​គឺ​លើក​ទី ១- ​ត្រូវ​បញ្ជូន​ចេញ​ពី​កម្ពុជា​មាន​ចំនួន​ ៣១ ​នាក់ ហើយ​ចំនួន​ ៣៩ ​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ចេញ​នៅពេល​ក្រោយ​មក​ទៀត​។

លោក​បន្ត​ថា​ជនជាតិ​ចិន​ដែល​ត្រូវ​បញ្ជូន​ចេញ​ទៅ​វិញ​នេះ​សុទ្ធ​តែ​មាន​ឯកសារ​គ្រប់គ្រាន់​តាម​ច្បាប់ និង​មាន​សិទ្ធិ​រស់នៅ​ប្រទេស​កម្ពុជា​បណ្ដោះអាសន្ន ឬ​អាច​ប្រកប​មុខរបរ​រកស៊ី​ផ្សេងៗ​បាន​តាម​ច្បាប់​កម្ពុជា​។ ចំពោះ​កន្លង​មក​មាន​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ផ្សាយ​ថា ពួកគេ​មក​រស់នៅ​កម្ពុជា​សុទ្ធតែ​គ្មាន​ឯកសារ​ (Passport, Visa) តាម​ច្បាប់​នោះ​គឺជា​ព័ត៌មាន​មិន​ពិត និង​ផ្សាយ​បំផ្លើស​។

លោក ឃុន សំបូរ បញ្ជាក់​ថា​៖ «​អាហ្នឹង​អត់​មាន​ទេ គេ​ចេះ​តែ​នាំ​គ្នា​ផ្សាយ​ព័ត៌មាន​បំផ្លើស​ធ្វើ​បាប​ប្រទេស​យើង​ទេ មិន​អាច​មាន​ជនបរទេស​ណា​ម្នាក់​មក​កម្ពុជា​ដោយ​គ្មាន Passport, Visa និង​ទិដ្ឋាការ ហើយ​អាច​ចូល​បាន​នោះ​ទេ​ជា​ប្រវត្តិសាស្ត្រ​យើង​គឺ​អត់​មាន​ទេ​។ អ៊ីចឹង​កុំ​ជឿ​ពួក​ហ្នឹង​ផ្សាយ បើ​មាន​គឺ​មាន​តែ​បងប្អូន​ជនជាតិ​ចិន​ហ្នឹង ពួកគាត់​មក​លេង ហើយ​បាត់​ឯកសារ​តែ​ប៉ុណ្ណោះ ហើយ​មាន​អ្នក​ខ្លះ​ក៏​គាត់​ទៅ​សុំ​ឯកសារ​ពី​ស្ថានទូត​គាត់​វិញ​អាហ្នឹង​មាន​»​។

លោក​បន្ថែម​ថា​ជនជាតិ​ចិន​ទាំងអស់​នេះ​ត្រូវ​បាន​បណ្ដេញចេញ​តាម​ជើង​យន្តហោះ​លេខ ZF9044 ពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​ប្រទេស​ចិន​វិញ​។

ជនជាតិ​ចិន​ទាំង ៧០ នាក់​ខាង​លើ​ត្រូវ​បាន​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​ទី ២២ ខែ​មេសា ឆ្នាំ ២០១៨ ពាក់ព័ន្ធ​ករណី​លួច​ស្នាក់នៅ ចាប់ជំរិត​តាម​អ៊ីនធឺណិត​បោកប្រាស់​យក​លុយ និង​បើក​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Game online) ដោយ​ខុស​ច្បាប់​។

ក្នុង​ជំនួប​កាលពី​ពេល​ថ្មីៗ​នេះ​រវាង​អគ្គស្នងការ​នគរបាល​ជាតិ លោក​ នេត សាវឿន ជាមួយ​ប្រធាន​អគ្គនាយក​សហប្រតិបត្តិការ​អន្តរជាតិ​ចិន​លោក លីវ ជុងរ៉ុង ភាគី​ចិន​បាន​ស្នើឲ្យ​មាន​ការ​ផ្ដល់​សន្តិសុខ​បន្ថែម​ដល់​ពលរដ្ឋ​ចិន​ណា​ដែល​គោរព​ច្បាប់​របស់​ចិន និង​កម្ពុជា ជាពិសេស​គឺ​អ្នក​វិនិយោគ​ចិន​៕

អត្ថបទគួរចាប់អារម្មណ៍