មណ្ឌលគិរីៈ ជនជាតិដើម​ភាគតិច​ព្នង​នៅ​ខេត្តមណ្ឌលគិរី​ព្រួយបារម្ភ​ពី​ការទន្ទ្រាន​ដីព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាមលៀ បន្ទាប់ពី​សហគមន៍​បាន​ប្រទះឃើញ​គ្រឿងចក្រ​ចល័ត​នៅក្នុង​តំបន់ហាមឃាត់​នេះ និង​បានឃើញ​មានការ​បោះបង្គោល​ដើម្បី​ហ៊ុមព័ទ្ធ​យក​ដី ប៉ុន្តែ​មន្ត្រី​បាន​អះអាង​ថា ការចល័ត​គ្រឿងចក្រ​នោះ​គឺ​ដើម្បី​ជួសជុល​ផ្លូវ​តែប៉ុណ្ណោះ​។

លោក​ យុន ឡូរ៉ង់ លេខាធិការ​សម្ព័ន្ធ​ជនជាតិដើម​ភាគតិច​ព្នង​នៅ​ខេត្តមណ្ឌលគិរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ៨ ខែមេសា ថា ការព្រួយបារម្ភ​នេះ​ក្រោយពី​សហគមន៍​បាន​ប្រទះ​ឃើញ​គ្រឿងចក្រ​ ១ ​គ្រឿង​បាន​ចល័ត​ចូល​ទៅក្នុង​ដែនជម្រកសត្វព្រៃ​ស្ថិត​នៅ​ចំណុច​ទួលស្វាយ​នៃ​ភូមិ​ពូលេះ ឃុំ​ដាក់ដាំ​។ ទីតាំង​នោះ​មាន​ការបោះបង្គោល និង​ការលួច​កាប់ឆ្ការ​។

លោក​បាន​អះអាង​ថា​៖ «​សហគមន៍​សង្កេត​សកម្មភាព​ ២ គឺ​ក្រៅពី​សកម្មភាព​អេស្កាទ័រ គឺ​មាន​ការបោះបង្គោល​ដែល​ត្រូវបាន​បោះបង្គោល​នៅលើ​ដី​ទំហំ​ធំ​ហើយ​វែង​ដែល​អាចមាន​ទំហំ​រាប់រយ​ហិកតា​ដែរ​។ ការបោះបង្គោល​ហ្នឹង​បើ​និយាយ​ទៅ​ស្ថិត​មិន​ឆ្ងាយ​ពី​ស្នាក់ការ​បរិស្ថាន​ប៉ុន្មាន​ដែរ​គឺ​មើលទៅ​ប្រហែល​ ១ ​គីឡូម៉ែត្រ​»​។

លោក​ ឡូរ៉ង់ បាន​បញ្ជាក់ថា លោក​បាន​ផ្ញើ​រូប​នៃ​ការ​ចល័ត​គ្រឿងចក្រ​ ១ ​គ្រឿង​នេះ​ទៅ​ខាង​លោក​ នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​រួចហើយ​។ លោក ភក្ត្រា ក៏​បាន​ផ្ញើ​បន្ត​មក​ឲ្យ​មន្ត្រី​បរិស្ថាន​នៅក្នុង​ខេត្តមណ្ឌលគិរី​វិញ ដោយបាន​ឆ្លើយតប​ថា ការ​ចល័ត​គ្រឿងចក្រ​នោះ គឺ​ដើម្បី​ជួសជុល​ផ្លូវ​។ ប៉ុន្តែ​លោក​ថា ចំពោះ​ការបោះបង្គោល​ក្នុង​ដែន​ជម្រក គឺ​មិនទាន់​មាន​ការបកស្រាយ​ពី​មន្ត្រី​បរិស្ថាន​នៅឡើយ​ទេ​។

លោក​បាន​និយាយ​ទៀត​ថា ក្រុម​សហគមន៍​កំពុង​ចុះ​ស្រាវជ្រាវ​បន្ថែម​ទៀត​នៅ​ទីតាំង​ដែល​កំពុង​មាន​ការសង្ស័យ​រំលោភ​យក​ដី​ក្នុង​ដែនជម្រក​សត្វព្រៃ​នេះ​។

ជាមួយ​គ្នា​នេះ​ទំព័រ​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះ​ថា​សំឡេង​ជនជាតិ​ដើម​ភាគតិច​ព្នង​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​ ៣ មេសា​ថា ទីនោះ​មាន​ការបោះបង្គោល​ព្រំដី​ច្រើន​ប្រភេទ​មាន​ច្រើន​កន្លែង ហើយ​រាប់រយ​ហិកតា​។ កន្លែង​ខ្លះ​មាន​ការលួច​ឆ្ការព្រៃ​ខាងក្នុង​ដែល​មាន​ការបោះបង្គោល​នោះ ដែល​សហគមន៍​សង្ស័យ​ថា បង្គោល​ឈើ​មាន​លាបថ្នាំ​ក្រហម និង​លឿង​ចុង​ដែល​បោះ​ក្នុង​ដែន​ជម្រក​នោះ​គឺជា​របស់​ឧកញ៉ា​មាន​អំណាច​ម្នាក់​ដែល​ពូកែ​ញុះញង់ និង​គំរាម​ទិញ​ដី​សហគមន៍ និង​តំបន់​អភិរក្ស​។

ប៉ុន្តែ​លោក​ វុធ សារុំ ប្រធាន​ដែនជម្រក​សត្វព្រៃ​ភ្នំណាមលៀ​បាន​បញ្ជាក់​ថា ការចល័ត​អេស្កា​ ១ ​គ្រឿង​នោះ​គឺ​ដោយសារ​ខាង​រដ្ឋបាលខេត្ត​ និង​ស្រុក​មាន​គម្រោង​ជួសជុល​ផ្លូវ​នៅក្នុង​តំបន់​នោះ ដើម្បី​បង្ក​ភាពងាយស្រួល​ឱ្យ​ពលរដ្ឋ​ធ្វើដំណើរ និង​ការដឹកជញ្ជូន​ទំនិញ​។ មិនមែន​ប្រើ​សម្រាប់​ទន្ទ្រាន​ដីព្រៃ​ដូច​ការអះអាង​របស់​សហគមន៍​ឡើយ​។

លោក​បាន​បន្តថា​ខាង​រដ្ឋបាល​ខេត្ត​ និង​ស្រុក​បាន​ដាក់​លិខិត​ស្នើសុំ​ជួសជុល​ផ្លូវ​នេះ​មក​ខាង​ដែន​ជម្រក​។ លោក​បញ្ជាក់ថា ចំពោះ​ការប្រទះ​ឃើញ​មាន​ការបោះបង្គោល​នោះ​គឺ​មិន​មាន​ឧកញ៉ា​អ្នកមាន​អំណាច​ណា​ឡើយ ប៉ុន្តែ​គឺជា​ពលរដ្ឋ​នៅក្នុង​សហគមន៍​ទៅវិញ​ទេ​។ លោក​ថា​ជា​រៀងរាល់ថ្ងៃ មន្ត្រី​ខាង​ដែនជម្រក​តែងតែ​ចុះទៅ​ដក​ [​បង្គោល​] ​ចោល​ជា​បន្តបន្ទាប់​។

លោក​ថ្លែង​ថា​៖ «​ភាគច្រើន​ក្រុម​ពួកគាត់​ហ្នឹង​ជា​អ្នក​បោះបង្គោល​ហ្នឹង ហើយ​ខាង​ខ្ញុំ​បាន​ដើរ​ដក​រួចហើយ ១ ​ថ្ងៃ​ដក​បាន​ ៣០ ទៅ​ ៤០ ​បង្គោល​ក៏មានដែរ ហើយ​តាម​ការកំណត់​អត្តសញ្ញាណ​ខ្លះ​គឺ​គ្មាន​ប្រជាពលរដ្ឋ​មកពី​ខាង​ណា​ក្រៅពី​ពួកគាត់​ទេ​»​។

លោក​ សៀក មុន្នី អភិបាលស្រុក​អូររាំង​ឲ្យ​ដឹង​ដែរ​ថា ខាង​រដ្ឋបាលខេត្ត​ និង​ស្រុក​ពិតជា​បាន​ជួសជុល​ដើម្បី​ពង្រីក​ផ្លូវ​ចាស់​ ១ ​ខ្សែ​ប្រវែង​ជាង​ ៤០ ​គីឡូម៉ែត្រ​នៅក្នុង​ចំណុច​ដែល​មាន​ការចល័ត​គ្រឿងចក្រ​នោះ​មែន​។ លោក​បញ្ជាក់ថា ផ្លូវ​នេះ​គឺ​ជួសជុល​ពង្រីក​ឱ្យ​ធំ​តាម​ការស្នើសុំ​ដែល​មាន​ការផ្ដិត​មេដៃ​ពី​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ដាក់​ដាំ​ប្រហែល​ ២០០ ​គ្រួសារ​។

លោក​បន្តថា​គ្រឿងចក្រ​ដែល​សហគមន៍​ឃើញ​នោះ ក្រៅពី​ការត្រាយ​ជួសជុល​ផ្លូវ​គឺ​ពេល​ខ្លះ​ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​ជួល​ឱ្យជួយ​កាយ​ជីក​ធ្វើ​ស្រះ​ដើម្បី​ស្ដុក​ទឹក​សម្រាប់​ប្រើប្រាស់​ស្រោចស្រព​ដំណាំ​ដែរ ស្រប​ពេល​កំពុង​ជួបប្រទះ​គ្រោះរាំងស្ងួត​។

លោក​ថា​៖ «​ពួកហ្នឹង​ចេះ​តែ​ប្រឆាំង​រហូត ពួក​មួយ​ក្រុម​ហ្នឹង​មិនមែន​ជា​ពលរដ្ឋ​នៅ​ឃុំ​ដាក់​ដាំ​ហ្នឹង​ទេ គឺ​នៅ​ស្រុក​ផ្សេង​គឺ​ស្រុក​ពេជ្រាដា​។ កាល​មុន ខ្ញុំ​ចាប់​ម្ដង ការ​ចាប់ដី​នៅក្នុង​ដែន​អភិរក្ស​គឺ​ក្រុម​ហ្នឹង ហើយ​ពួកក្រុម​ហ្នឹង​តែងតែ​បង្កឱ្យ​មាន​បញ្ហា​កន្លងមក​រហូត​នាំគ្នា​ចុះ​ព័ត៌មាន​ថា ខ្ញុំ​មាន​ដី​នៅ​ហ្នឹង​ (​រំលោភ​យក​ដីព្រៃ​រដ្ឋ​) រាប់រយ​ហិកតា ប៉ុន្តែ​ពួកហ្នឹង​អ្នកយក​គ្មាន​ពី​ណា​ទេ​»៕