មណ្ឌលគិរីៈ ក្រុម​ជនជាតិដើម​ភាគតិច​ព្នង និង​មន្ត្រី​សង្គម​ស៊ីវិល​បាន​ដាក់​បណ្ដឹង​បរិហារ​ប្រធាន​ដែនជម្រក​សត្វព្រៃ​កែវសីមា​ទៅ​កាន់​តុលាការ​ខេត្ត​មណ្ឌលគិរី ដោយ​ចោទ​ពី​បទ​មិន​ទប់ស្កាត់​ការចូល​កាន់កាប់​ដោយ​ខុសច្បាប់​ដីព្រៃ​ក្នុង​ដែនជម្រក​សត្វព្រៃ និង​មាន​ការទិញ​លក់​ដី​ទីនោះ ប៉ុន្តែ​ករណី​នេះ​ត្រូវ​បាន​មន្ត្រី​បដិសេធ​។

លោក​ គ្រើង តុលា សកម្មជន​ព្រៃឈើ​បាន​ថ្លែង​ថា ការដាក់​ពាក្យ​ប្ដឹង​លោក​ ព្រហ្ម វិបុលរតនៈ ប្រធាន​ដែន​ជម្រក​សត្វព្រៃ​កែវសីមា​ពី​ថ្ងៃ​ទី​ ២៦ ឧសភា គឺ​ដោយសារ​បាន​ឃើញ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​រវាង​អ្នកទិញ​ និង​អ្នកលក់​ដី​ទំហំ​ ៥១ ​ហិកតា​នៅ​ចំណុច​ភ្នំព្រឹក ភូមិ​អណ្ដូង​ក្រឡឹង ឃុំ​សែនមនោរម្យ ស្រុក​អូររាំង​ដែល​ជា​ដី​ស្ថិត​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​កែវសីមា​។

លោក​បន្តថា នៅ​ទីតាំង​នោះ​គឺ​មាន​ការបាញ់​ថ្នាំ​នៅ​តាម​ដើមឈើ​ដើម្បី​កំណត់​ទីតាំង​ដី ហើយ​កន្លងមក​ពលរដ្ឋ​ធ្លាប់​បាន​រាយការណ៍​ពី​ករណី​រំលោភ​ដី​រដ្ឋ​នេះ​ទៅ​លោក ព្រហ្ម វិបុលរតនៈ ដែរ ប៉ុន្តែ​លោក​បែរ​ជា​ព្រងើយកន្ដើយ​មិន​ព្រម​ចុះ​ទប់ស្កាត់​ទេ​។ ​លោក​ថា ទីតាំង​នោះ​ជា​ចំណុច​ព្រៃ​ស្រោង​ដែល​គេ​ហៅថា ជា​ជម្រក​សត្វ​ដំរី​ដោយ​ពុំ​សូវ​មាន​ពលរដ្ឋ​ណា​ហ៊ាន​ដើរ​ឆ្លងកាត់ ទីតាំង​នោះ​ម្នាក់ឯង​ទេ​។

លោក​ថា​៖ «​អ្វីដែល​យើង​ប្ដឹង​ហ្នឹង​គឺ​ដើម្បី​ឱ្យ​មន្ត្រី​យុត្តិធម៌​ដែល​កំពុង​ការពារ​នៅ​ដែន​ជម្រក​ហ្នឹង​ឱ្យ​គាត់​ដាក់ពាក្យ​បណ្ដឹង​ ឬ​រាយការណ៍​ជា​ផ្លូវការ​ដើម្បី​ឱ្យ​តុលាការ​ហ្នឹង​វែកមុខ​ថា តើ​អ្នកណា​ខ្លះ​លក់​ដី​ហ្នឹង ហើយ​អ្នកណា​ខ្លះ​ដែល​អនុញ្ញាត​ឱ្យ​លក់​ដី​ហ្នឹង​? ដំណាក់កាល​ហ្នឹង​គឺ​យើង​ប្ដឹង​លោក​ ព្រហ្ម វិបុលរតនៈ ដើម្បី​ឱ្យ​គាត់​ទទួល​ខុសត្រូវ​ហើយ​ត្រូវ​ឆ្លើយ​បំភ្លឺថា តើ​ដី​ហ្នឹង​ជា​របស់​អ្នក​ណា​?»​។

នៅក្នុង​ពាក្យបណ្ដឹង​នោះ​គឺ​មាន​ឈ្មោះ​ជនជាតិ​ដើម​ ៤ ​នាក់​ និង​មន្ត្រី​អាដហុក​ម្នាក់​ដោយ​បាន​សរសេរថា ដី​ ៥១ ​ហិកតា​នោះ​ គឺ​ត្រូវគេ​ផ្ទេរសិទ្ធិ​ឱ្យ​ឈ្មោះ​ សេង អរិយា អាយុ​ ៣៣ ​ឆ្នាំ​ ​រស់នៅ​ក្នុង​ភូមិ​ទី​ ១៣ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។

ពាក្យបណ្ដឹង​បន្តថា ពលរដ្ឋ​ជនជាតិ​ដើម​ព្នង​ ២ ​នាក់​​ ដែល​មាន​ឈ្មោះ ណាវ៉ាន់ ពូម និង ក្រើត រស់នៅ​ភូមិ​អណ្ដូង​ក្រឡឹង​ដែល​ត្រូវបាន​លោក​ ព្រហ្ម វិបុលរតនៈ កោះហៅ​ឱ្យ​ផ្ដិតមេដៃ​លើ​កិច្ចសន្យា និង​យក​អត្តសញ្ញាណប័ណ្ណ ដោយសារ​ពួកគាត់​ទាំង​ ២ ​នាក់​បាន​ដាំដុះ​លើ​ដី​រដ្ឋ និង​ដើម្បី​ដកហូត​ដី​វិញ​។ ​ប៉ុន្តែ​ក្រោយមក​ពលរដ្ឋ​ទាំង​ ២ ​នេះ​បែរ​ជា​មាន​ឈ្មោះ​ក្នុង​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដី​ទៅ​ឱ្យ​ឈ្មោះ​ សេងអរិយា ទៅវិញ​។

ពាក្យបណ្ដឹង​នោះ​បញ្ជាក់​ថា​៖ «​ដោយសារ​គាត់​ទាំង​ ២ ​មិន​ចេះ​​អក្សរ ភ័យខ្លាច ក៏បាន​ផ្ដិត​មេដៃ​ទៅ ស្រាប់​តែ​ស្នាម​មេដៃ​មាន​​នៅក្នុង​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដែល​មិនទាន់​ចុះ​​បញ្ជី​ចំនួន​ ២ ​លិខិត​ទៅវិញ ចំពោះ​លិខិត​ ២ ​ទៀត​អ្នកលក់​មិន​រស់នៅ​ក្នុង​ភូមិ​អណ្ដូ​ក្រឡឹង​ទេ​»​។

លោក​ ព្រហ្ម វិបុលរតនៈ បាន​លើកឡើង​ថា លោក​នឹង​ចូលទៅ​ឆ្លើយបំភ្លឺ​តាម​នីតិវិធី​តុលាការ​នាពេល​ខាងមុខ​។ លោក​បាន​ទទួលស្គាល់​ថា ពិត​មាន​អ្នកដើរ​បាញ់ថ្នាំ​នៅ​តាម​ដើមឈើ​ដើម្បី​រំលោភ​យក​ដី​ដែនជម្រក​សត្វព្រៃ​មែន ប៉ុន្តែ​ត្រូវបាន​​មន្ត្រី​ចុះបង្ក្រាប​ជា​បន្តបន្ទាប់​​ហើយ​ពេលខ្លះ​ស្លាក​ដែល​មន្ត្រី​បរិស្ថាន​ដាក់​ហាម​ទន្ទ្រាន​យក​ដីព្រៃ​ក៏ត្រូវ​បាន​គេ​ដក​ចោល​ទៀត​។

លោក​ថា​៖ «​ពួកយើង​ខិតខំ​បង្ក្រាប​ហើយ​ស្លាក​ដែល​យើង​ខំ​​ទៅ​ដាក់​ថែមទាំង​ត្រូវបាន​ដក​ចោល​ដល់​អ៊ីចឹង​ទៅ​ហត់​ណាស់​។

គេ​ចេះ​តែ​ថា​ (​យើង​ព្រងើយកន្ដើយ​មិន​បង្ក្រាប​) ​ដោយសារ​តំបន់​ដែន​ជម្រក​យើង​គឺ​ស្ថិត​ក្នុង​ ៣ ​ស្រុក និង​ ១ ​ក្រុង ហើយ​មន្ត្រី​ឧទ្យានុរក្ស​យើង​មាន​តែ​ ១៨ ​នាក់​ទេ​»​។

លោក រតនៈ បាន​បន្ត​ថា ខាង​លោក​មិន​ស្គាល់ឈ្មោះ​អ្នកបាញ់​ថ្នាំ​ដើម្បី​រំលោភ​យក​ដី​ទាំង​នោះ​ទេ ហើយ​ប្រសិន​ដឹង​ច្បាស់​នោះ​នឹង​ត្រូវ​ដាក់ពាក្យ​​ប្ដឹង​ទៅ​តុលាការ​ដូច​ដែល​ធ្លាប់​បាន​ធ្វើ​នាពេល​កន្លង​មក​៕