មណ្ឌលគិរីៈ នៅ​ពេល​ពួកគេ​មក​ដល់​ហាក់​បាន​បង្ហាញ​អារម្មណ៍​អស់​កម្លាំង​ ខណៈ​កង់​ម៉ូតូ​របស់​ពួកគេ​ប្រឡាក់​សុទ្ធតែ​ភក់​ដោយសារ​ភ្លៀង​កាលពី​សប្ដាហ៍​មុន​។ នៅ​ពី​មុខ​ប៉ុស្តិ៍​យាម​ដែល​ត្រូវ​គេ​បោះបង់ចោល​មួយ​ដែល​ចូល​ជ្រៅ​នៅក្នុង​ព្រៃ​ក្បែរ​ព្រំដែន​វៀតណាម បុរស​ ៦ ​នាក់​ដែល​ទើប​តែ​មាន​វ័យ​ជាង​ ២០ ​ឆ្នាំ​កំពុង​ជក់​បារី និង​ផឹកទឹក​ ខណៈ​ពួកគេ​កំពុង​ឈរ​សម្លឹង​មើល​ម៉ូតូ​របស់​ពួកគេ​បណ្ដើរ​។

ចរាចរណ៍​នៅ​លើ​ផ្លូវ​ដ៏លំបាក​​នេះ​មមាញឹក​នៅ​ចន្លោះ​ម៉ោង​ ៨ ​ព្រឹក​ជា​រៀងរាល់​ថ្ងៃ​ហើយ​ពី​សប្ដាហ៍​មុន ពួកគេ​បាន​ធ្វើ​ដំណើរ​ជាមួយ​អ្នកភូមិ​ជាច្រើន​នាក់​ទៀត ប្រដាប់​ដោយ​រណា​រអារ និង​សម្ភារ​ផ្សេងៗ​ ខណៈ​ដែល​ទាហាន​ ២ ​នាក់​នៅ​ទីនោះ​ហាក់​ដូចជា​មិន​បាន​ចាប់​អារម្មណ៍​នឹង​គល់ឈើ​ដែល​គេ​កាប់​ដើម​យក​ទៅ​បាត់​នៅ​តាម​បណ្តោយ​ផ្លូវ​ដែនជម្រក​សត្វព្រៃ​នោះ​ទេ​។

អ្នកភូមិ​ជា​ជនជាតិ​ព្នង​ម្នាក់​ឈ្មោះ ឃឿន អាយុ​ ២៦ ​ឆ្នាំ​ដែល​រស់នៅ​ក្នុង​ខ្ទម​ឈើ​មួយ​មាន​ចម្ងាយ​ប្រហែល​ ២-៣ ​គីឡូម៉ែត្រ​ពី​ព្រៃ​ដែល​ជា​អ្នក​ចាំ​ចម្ការ​ចេក​ និង​ម្រេច​កំពុង​ប៉ះ​កង់​ម៉ូតូ ហើយ​​នៅ​ជិត​នោះ​ឃើញ​មាន​សម្ភារ​​ជួសជុល​ម៉ូតូ​មួយ​ចំនួន​រួមទាំង​ដប​សាំង​ផង​ដែរ​។

លោក ឃឿន បាន​ឲ្យ​ដឹង​ថា​៖ «​យើង​កាប់​ឈើ​តូចៗ​ប៉ុណ្ណោះ​។ យើង​មិន​មាន​ចម្ការ​ទេ វា​ពិបាក​ណាស់​។ ព្រៃឈើ​ភាគច្រើន​ត្រូវ​បាន​កាប់​អស់​ហើយ ហើយ​យើង​ប្រមូល​តែ​កម្ទេចកម្ទី​ដែល​ជា​សំណល់​ប៉ុណ្ណោះ​»​។

លោក​បាន​បន្ថែម​ថា​៖ « ខ្ញុំ​មិន​ចង់​ធ្វើ​បែប​នេះ​ទេ ប៉ុន្តែ​ប្រសិន​បើ​ខ្ញុំ​មិន​ធ្វើ នោះ​អ្នក​ផ្សេង​នឹង​ធ្វើ​»​។

ដោយ​អស់​សង្ឃឹម​នឹង​ការចិញ្ចឹម​ជីវិត​តាម​បែប​ប្រពៃណី​លោក ឃឿន និង​អ្នកភូមិ​ជាច្រើន​ទៀត​ក្នុង​តំបន់​នៃ​ខេត្ត​មណ្ឌលគិរី​នោះ​បាន​ងាក​ចេញ​ពី​​ការធ្វើ​កសិកម្ម​តាម​បែប​ប្រពៃណី​ហើយ​បែរ​ទៅ​រក​ការកាប់​ឈើ​ខុសច្បាប់​ជំនួស​វិញ​។

ក្រុម​អ្នក​ការពារ​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា ពួកគេ​បាន​ឃ្លាំមើល​ហើយ​មាន​ការ​បារម្ភ​កាន់តែ​ខ្លាំង​ឡើងៗ​ ខណៈ​ខេត្ត​មួយ​នេះ​នៅ​តែ​មាន​ចំនួន​ពលរដ្ឋ​រស់នៅ​តិច​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ព្រៃឈើ​ក្រាស់ឃ្មឹក ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ទ្រព្យសម្បត្តិ​ដ៏ធំធេង​នោះ​បាន​រង​ការបំផ្លិច​បំផ្លាញ ចំណែកឯ​អ្នកស្រុក​ទទួល​បាន​ផលប្រយោជន៍​​តិចតួច​ប៉ុណ្ណោះ​។

លោក ជ្រូត ធា អាយុ​ ៣១ ​ឆ្នាំ​មាន​កូន​ ៣ ​នាក់​ក្នុង​បន្ទុក​ដែល​រស់នៅ​ក្នុង​ឃុំ​សែនមនោរម្យ​ក៏​​បាន​រៀបរាប់​ដែរ​ថា​៖ «​ឥឡូវ​នេះ​យើង​កាន់តែ​ក្រ​ទៅៗ គឺ​ក្រ​ជាង​កាលពី​យើង​នៅ​ប្រក​បរបរ​ធ្វើ​ស្រែ​ចម្ការ​ទៀត​»​។

ដូច​គ្រួសារ​អ្នកភូមិ​ឯទៀត​ដែរ​លោក​ធា ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ដែរ កំពុង​បញ្ឈរ​នៅ​មុខ​ផ្ទះ​របស់​គាត់​ទុក​សម្រាប់​ដឹកឈើ ហើយ​យើង​ឃើញ​មាន​សម្ភារ​មួយ​ចំនួន​នៅលើ​ម៉ូតូ​នោះ​ដូចជា ខ្សែក្រវាត់ រណារ​ដែល​មើល​ទៅ​មាន​រូបរាង​ដូច​នៅក្នុង​ខ្សែ​ភាពយន្ត​ Mad Max ដូច្នោះ​ដែរ​។

លោក​ ធា និង​ភរិយា​របស់​គាត់​ធ្លាប់​ប្រក​បរបរ​ធ្វើ​ស្រែ និង​ដាំ​បន្លែ​នៅលើ​ដី​សមូហភាព​ដែល​ជា​លក្ខណៈ​សម្គាល់​នៃ​របៀប​រស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង​។ ប៉ុន្តែ​ដី​ដែល​ធ្លាប់​ត្រូវ​បាន​ប្រើ​ដោយ​សហគមន៍​ពួកគេ​ដើម្បី​ធ្វើ​កសិកម្ម​នោះ​ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​រឹបអូស​យក​អស់​ហើយ​ដែល​ឥឡូវនេះ​ប្តី​ប្រពន្ធ​មួយគូ​នេះ​ត្រូវ​បាន​គេ​ជួល​ឲ្យ​ធ្វើការ​លើដី​នោះ​ជំនួស​វិញ​។

ជម្រក​អ្នក​កាប់​ឈើ​ដែល​គេ​ថា​សង់​ដោយ​វៀតណាម​។ រូបថតៈ DAPHNE CHEN

ទោះបី​ជា​ការនាំ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម​បាន​កើន​ឡើង​ដល់​ ៤០ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​ក្តី ក៏​ជីវភាព​របស់​លោក​ ធា និង​ភរិយា​របស់​គាត់​មាន​ការ​ផ្លាស់ប្តូរ​តិចតួច​ប៉ុណ្ណោះ​។ គ្រួសារ​ភាគច្រើន​នៅ​ក្នុង​ភូមិ​របស់​ពួកគេ​នៅ​មិន​ទាន់​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​នៅ​ឡើយ ហើយ​ពួកគេ​ដងទឹក​ស្ទឹង​កខ្វក់​នៅក្បែរ​នោះ​មក​ប្រើប្រាស់​។

លោក ធា ថ្លែង​ថា​៖ «​ពី​មុន​យើង​មិន​ចេះ​ចាប់​យក​ដី​ ឬ​លក់​ដី​អ្វី​ទេ​។ ប៉ុន្តែ​នៅពេល​យើង​ដឹង​គឺ​ដី​ទាំង​នោះ​ត្រូវបាន​គេ​ចាប់​យក​អស់​ទៅ​ហើយ​។ អ្នក​ដែល​ធ្លាប់​មាន​ដីលែង​មាន​ដី ចំណែកឯ​អ្នក​ដែល​មិន​ធ្លាប់​មាន​ដី ឥឡូវ​នេះ​បែរជា​មាន​ដី​វិញ​»​។

យោង​តាម​សកម្មជន​ឃ្លាំ​មើល​ការកាប់​ឈើ​លោក Marcus Hardtke ​បាន​ឱ្យ​ដឹងថា​នៅក្នុង​ខេត្ត​មណ្ឌលគិរី​បញ្ហា​គឺ​ជាប់​ទាក់ទង​ទៅ​នឹង​ការបាត់បង់​កម្មសិទ្ធិ​ដីធ្លី​របស់​ជនជាតិ​ដើម​ភាគតិច​។

សព្វថ្ងៃ​មាន​ក្រុមហ៊ុន​ជាង​ ២០ ដែល​មាន​ដី​សម្បទាន​នៅ​ខេត្ត​មណ្ឌលគិរី ទោះបី​ជា​តំបន់​មួយ​ចំនួន​នៅ​តាម​ខេត្ត​ភាគច្រើន​ត្រូវ​បាន​កំណត់​ជា​តំបន់​ការពារ​ហើយ​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​សមូហភាព​របស់​ជនជាតិ​ដើម​ភាគតិច​ត្រូវ​បាន​ធានា​ដោយ​ច្បាប់​ក្តី​។

លោក Hardtke ថ្លែង​ថា​៖ « ចំណាត់ការ​ផ្លូវច្បាប់​ត្រូវ​បាន​មើល​រំលង​នៅ​គ្រប់​កម្រិត​រដ្ឋាភិបាល​អស់​ពេល​ ១០ ​ឆ្នាំ​មក​ហើយ​។ ចាប់ពី​ពេល​នោះ​មក​ការខូចខាត​បាន​កើតឡើង​»​។

តាំងពី​ពាក់​កណ្តាល​ឆ្នាំ​ ២០០០ ​មក​នៅពេល​ដែល​ដីសម្បទាន​ជាច្រើន​ត្រូវ​បាន​គេ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​បាន​ធ្វើឲ្យ​សហគមន៍​ជាច្រើន​បាត់បង់​សាមគ្គី​គ្នា ហើយ​អ្នក​ភូមិ​ខ្លះ​ទៀត​ត្រូវ​បាន​គេ​ដាក់​សម្ពាធ​ឱ្យ​ទទួល​យក​ប័ណ្ណ​កម្មសិទ្ធិ​ដី​ដែល​ពួកគេ​មិន​ពេញ​ចិត្ត ចំណែកឯ​អ្នក​ដែល​ហ៊ាន​តវ៉ា​ត្រូវ​បាន​អាជ្ញាធរ​គំរាម​កំហែង​។

អ្នកភូមិ​និយាយ​ថា ប្រភេទ​ដើមឈើ​មាន​តម្លៃ​ភាគច្រើន​ដូចជា​ឈើ​ប្រណីតៗ​បាន​បាត់​ខ្លួន​ពី​ព្រៃ​ក្នុង​ខេត្ត​មណ្ឌលគិរី​តាំងពី​ ៤ ​ឆ្នាំ​មុន​មក​ម្ល៉េះ​។ បច្ចុប្បន្ន​ប្រភេទ​ឈើ​លេខ​ ២ ​ដូចជា​នាងនួន គគីរ ដែល​ពី​មុន​សម្បូរ​ណាស់​នោះ ក៏​ប្រឈម​នឹង​ការបាត់បង់​ផង​ដែរ​។

អ្នក​អភិរក្ស​មួយ​ចំនួន​តូច​បាន​ស្តីបន្ទោស​ដល់​អ្នក​ស្រុក​ដូចជា​លោក ឃឿន និង​លោក ធា ជាដើម​។ ផ្ទុយ​ទៅវិញ​ពួកគេ​បាន​និយាយ​ថា ករណី​កាប់​ឈើ​ភាគច្រើន​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អ្នក​នាំ​ឈើ​ចេញ​ទៅ​វៀតណាម​ដោយ​មាន​ការឃុបឃិត​គ្នា​ជាមួយ​ប៉ូលិស ព្រំដែន មន្ត្រី​បរិស្ថាន និង​យោធា​ដែល​ត្រូវ​បាន​ចោទ​ថា​អនុញ្ញាត​ឱ្យ​ក្រុម​ឈ្មួញ​កាប់​ឈើ​វៀតណាម​ធំៗ​ឆ្លង​ព្រំដែន​ចូល​មក​ធ្វើ​សកម្មភាព​ក្នុង​ទឹកដី​កម្ពុជា​។

នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្លូវ​បំបែក​ក្បែរ​ច្រកព្រំដែន អូរហ៊ុច ជា​កន្លែង​ដែល​មន្ត្រី​អនុរក្ស​ ៣ ​នាក់​ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាលពី​ខែមករា​ក្នុង​ពេល​ប្រឈមមុខ​ដាក់​គ្នា​គឺ​អ្នក​កាប់​ឈើ​វៀតណាម​កំពុង​ដំណើរការ​កាប់​ឈើ​ធំ​មួយ​។

រយៈពេល​ជាច្រើន​សប្តាហ៍​ចាប់​តាំងពី​មាន​ការ​បាញ់​ប្រហារ​នោះ​មក​មនុស្ស​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ការជួញដូរ​ឈើ​នេះ​បាន​បាត់​ខ្លួន ហើយ​ប៉ូលិស​បាន​បោះបង់ចោល​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច្រើន​កន្លែង​នៅ​តាម​ផ្លូវ​ដែល​អនុញ្ញាត​ឱ្យ​មនុស្ស​មួយ​ចំនួន​ដូចជា លោក ឃឿន អាច​ចូល​ទៅ​ប្រមូល​សំណល់​ឈើ​ដែល​នៅ​សេសសល់​បាន​។

ភ័ស្តុតាង​គឺ​នៅ​មាន​នៅ​ទី​នោះ​នៅ​ឡើយ គឺ​បន្ទះ​ឈើ​បេង​ឈើ​នាងនួន និង​គគីរ​ធំៗ​លើស​ពី​អ្វី​ដែល​លោក​ ឃឿន អាច​ជញ្ជូន​បាន​។ រីឯ​នៅ​កន្លែង​សម្រាក គេ​ឃើញ​មាន​សម្បក​ស្ករ​គ្រាប់​វៀតណាម និង​ដើមឈើ​មាន​សរសេរ​អក្សរ​វៀតណាម​ជាដើម​។

លោក សុខ រដ្ឋា អ្នក​សម្របសម្រួល​អង្គការ​អាដហុក​ប្រចាំ​ខេត្ត​មណ្ឌលគិរី​បាន​ថ្លែងថា​មន្ត្រី​ពុករលួយ​បាន​បន្ត​អនុញ្ញាត​ឱ្យ​ដឹកជញ្ជូន​ឈើ​ទៅ​វៀតណាម​ហើយ​គ្មាន​ទោសទណ្ឌ​អ្វី​ទេ ចំណែក​ប្រព័ន្ធតុលាការ​ដាក់ទោស​បាន​តែ​ជនល្មើស​តូចតាច​មិន​បាន​អនុវត្ត​ចំពោះ​ក្រុមហ៊ុន​ធំៗ​ដែល​ជាប់​ទាក់ទង​នឹង​ការបំផ្លាញ​ឈើ​នោះ​ទេ​។

លោក​បន្ត​ថា​៖ «[​អ្នកភូមិ​] ខិតខំ​ធ្វើការ​ដើម្បី​ការពារ​ព្រៃឈើ​ ប៉ុន្តែ​ពួកគេ​មិន​ដែល​ទទួល​បាន​ការលើក​ទឹកចិត្ត​ពី​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​ ឬ​ថ្នាក់​រដ្ឋ​ឡើយ​។ ផ្ទុយ​ទៅ​វិញ​ពួកគេ​បាន​ទទួល​រង​ការប្រមាថ ការគំរាមកំហែង​ «​ពេល​ខ្លះ​គាត់​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​ចង់​ធ្វើ​ជា​អ្នក​ស្មោះត្រង់​ ឬ​ចង់​ធ្វើ​ជា​អ្នកមាន​។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​ចង់​បាន​កិត្តិយស​»​។

ចំពោះ​ប្រជាជន​មូលដ្ឋាន​ជាច្រើន​ពាណិជ្ជកម្ម​ឈើ​បាន​ធ្វើឲ្យ​ពួកគេ​មាន​អារម្មណ៍​គិត​នៅ​ក្នុង​ចិត្ត​អំពី​ភាព​ត្រូវ និង​ខុស​។

ស្លាកស្នាម​សំណល់​ឈើ​នៅ​ស្រុក​មណ្ឌល​សីមា​ថ្មីៗ​នេះ​។ រូបថតៈ DAPHNE CHEN

ពលរដ្ឋ​នៅ​ភូមិ​ពូទ្រូ​បាន​និយាយ​អំពី​មន្ត្រី​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​ឈ្មោះ ធឿន សុខណៃ ដែល​ជា​មន្ត្រី​អភិរក្ស​ម្នាក់​ក្នុង​ចំណោម​ ៣ ​នាក់​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​កាលពី​ខែ​មករា​។

បើ​តាម​ពួកគេ​បាន​ឲ្យ​ដឹង​ថា លោក សុខណៃ អនុញ្ញាត​ឲ្យ​អ្នកភូមិ​ប្រមូល​ឈើ​តូចៗ​ដោយ​មិន​ចាប់​ ឬ​ទារប្រាក់​ពី​ពួកគេ​ទេ​។ ប៉ុន្តែ​នៅ​ពេល​គាត់​ឃើញ​ក្រុម​អ្នក​កាប់​ឈើ​ធំៗ ពិសេស​ជនជាតិ វៀតណាម គាត់​រឹបអូស​រណារ​ និង​ម៉ូតូ​របស់​ពួកគេ​ដោយ​គ្មាន​អាណិត ហើយ​គាត់​ត្រូវ​បាន​គេ​ដឹងថា មិន​ទទួល​យក​សំណូក​។

អ្នកស្រី ទូច ណារ៉ាន អាយុ​ ៣២ ​ឆ្នាំ​ដែល​ជា​ភរិយា​គាត់​បាន​ថ្លែង​ថា ការងារ​របស់​គាត់​បាន​ធ្វើឲ្យ​គាត់​ទទួល​រង​ការ​គំរាម​កំហែង​ពី​អាជ្ញាធរ​។

អ្នកស្រី​ថ្លែង​ថា​៖ «​បន្ទាប់មក​គាត់​ឃ្លុំ​ភួយ ហើយ​គាត់​មិន​ឲ្យ​ខ្ញុំ​ឃើញ​មុខ​គាត់​ទេ​។ គាត់​ទប់​ទឹកភ្នែក​»​។ «​ពេល​ខ្លះ គាត់​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​ចង់​ធ្វើ​ជា​មនុស្ស​ស្មោះត្រង់​ ឬ​ធ្វើ​ជា​អ្នក​មាន​ថា តើ​ខ្ញុំ​ចង់​បាន​ផ្ទះ​ល្អ​ ឬ​មាន​ឡាន​ជិះ​។ ខ្ញុំ​ប្រាប់​គាត់​ថា ខ្ញុំ​ចង់​បាន​កិតិ្តយស​»​។

ទោះ​យ៉ាង​ណា​អ្នកស្រី ណារ៉ាន ទទួល​ស្គាល់​ថា​ប្តី​អ្នកស្រី​ជា​ញឹកញាប់​ទទួល​យក​លុយ​ពី​អ្នក​គួកជេរ​ដែល​ត្រូវ​ការចូល​ទៅ​ក្នុង​ភូមិ​ដើម្បី​ទិញ​ឈើ​ក្នុង​មួយ​សប្តាហ៍ៗ ជា​លុយ​ដែល​គាត់​មើលឃើញ​ថា​មាន​លក្ខណៈ​ចាំបាច់​ដើម្បី​ធ្វើ​ឲ្យ​ក្រុម​របស់​គាត់​ដំណើរការ និង​ដើម្បី​ផ្គត់ផ្គង់​​អាហារ និង​សាំង​។

អ្នកស្រី ណារ៉ាន ថា​ប្រាក់ខែ​ប្រមាណ​ ២០០ ​ដុល្លារ​ក្នុង​ ១ ​ខែ​របស់​មន្ត្រី​បរិស្ថាន​គឺ​មិន​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ទេ​។ អ្នកស្រី​បាន​ថ្លែង​ ខណៈ​ម៉ូតូ​មួយ​បាន​ដឹកឈើ​នាង​នួន បើក​កាត់​នោះ​ហើយ​វា​ជា​ការ​បើក​កាត់​លើក​ទី​ ៣ ​ក្នុង​រយៈពេល​ ១ ​ម៉ោង​។

អ្នកស្រី ណារ៉ាន បាន​ថ្លែង​ថា​៖ «​មើល​!?​កាល​ប្តី​ខ្ញុំ​នៅ​ទី​នេះ​ពួកគេ​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ តែ​​ឥឡូវ​នេះ​គេ​បើក​ចំហ​ទាំង​ថ្ងៃ​»​។

អាជ្ញាធរ​នៅ​កម្រិត​ថ្នាក់​មូលដ្ឋាន និង​ថ្នាក់ជាតិ​មិន​មាន​ឆន្ទៈ​ទទួល​ស្គាល់​ថា ការកាប់​ឈើ​កើត​មាន​ឡើង​នៅ​តំបន់​ការពារ​ក្នុង​ខេត្ត​មណ្ឌលគិរី​នោះ​ទេ​។

លោក ស៊ូ ស៊ិនហេង មេ​ប៉ុស្ដិ៍នគរបាល​ឃុំ​សែនមនោរម្យ​បាន​បដិសេធ​ថា មិន​មាន​ការកាប់​ឈើ​នៅ​ក្នុង​ឃុំ​នេះ​ទេ​។ រីឯ​លោកស្រី ខ្វាន់ ត្រែល ដែល​ជា​មេឃុំ ក៏​បាន​ថ្លែង​ដែរ​ថា លោកស្រី​មិន​ធ្លាប់​ឮ​ថា​មាន​អ្នក​កាប់​ឈើ​វៀតណាម​ឆ្លង​ព្រំដែន​ចូល​ក្នុង​ព្រៃ​កម្ពុជា​ទេ​។

លោកស្រី​បន្ត​ថា​៖ «​យើង​នឹង​ពុះពារ​ប្រឆាំង​នឹង​ការកាប់​ឈើ​ខុស​ច្បាប់​ក្នុង​ប្រទេស​...​យើង​កំពុង​ខិតខំ​ធ្វើការ​»​។

ទោះ​យ៉ាង​ណា​លោកស្រី​បាន​ថ្លែង​ថា​នគរបាល និង​ទាហាន​បាន​ហាម​អ្នកភូមិ​មិន​ឲ្យ​ទៅ​ជិត​ច្រកព្រំដែន​អូរហ៊ុច ជា​កន្លែង​ដែល​ត្រូវ​គេ​ថា​ជា​តំបន់​នាំចេញ​ឈើ​ទៅ​វៀតណាម​នោះ​ទេ​។

លោកស្រី​បាន​ថ្លែង​ថា​៖ «​ពួកគេ​មិន​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ទី​នោះ​តែឯង​ទេ ក្រែងលោ​មាន​បញ្ហា​»​។ ប៉ុន្តែ​លោកស្រី​មិន​បាន​លើកឡើង​ពី​បញ្ហា​អ្វី​ដែល​អាច​កើតឡើង​ទេ​។ ​លោកស្រី​ថា​៖ «​ពួកគេ​មិន​ចង់​ទទួល​ខុសត្រូវ​»​។

លោក សៅ សុភាព អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​ថា ការរាយការណ៍​ថា អ្នក​កាប់​ឈើ​វៀតណាម​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​នៅក្នុង​ព្រៃ​នៃ​ខេត្ត​មណ្ឌលគិរី​គឺ​មិន​ពិត​ទេ​។

លោក​បាន​អះអាង​ថា​ការអនុវត្ត​តឹងរ៉ឹង​ជាង​មុន និង​ចំនួន​មន្ត្រី​អភិរក្ស​ច្រើន​ជាង​មុន​នា​ឆ្នាំ​កន្លង​មក មាន​ន័យ​ថា​តំបន់​ការពារ​ទូទាំង​ប្រទេស​មាន​សុវត្ថិភាព​ជាង​មុន បើ​ទោះ​ណា​ការ​​ថ្លែង​នេះ​ហាក់​ផ្ទុយ​នឹង​ទិន្នន័យ​នាំ​ចូល​របស់​វៀតណាម​ដែល​បង្ហាញ​ថា ការនាំ​ចេញ​ឈើ​កម្ពុជា​កើនឡើង​ ១៧ ​​ភាគរយ​កាលពី​ឆ្នាំ​មុន​ក៏ដោយ​។

លោក​ សុភាព បន្ត​ថា​៖ «​យើង​នឹង​ពុះពារ​ប្រឆាំង​ការកាប់​ឈើ​ខុស​ច្បាប់​ក្នុង​ប្រទេស​នេះ​»​។

«​ពិតណាស់ យើង​មិន​អាច​អះអាង​ថា​វា​មិន​កើត​មាន​ទាំងស្រុង​ទេ ប៉ុន្តែ​យើង​កំពុង​ខំ​ធ្វើ​ការងារ​។ នេះ​បង្ហាញ​សាធារណជន​ថា យើង​កំពុង​យក​ចិត្ត​ទុក​ដាក់​»​។

ទោះយ៉ាងណា​លោក ឃឿន បាន​កត់សម្គាល់​ថា អ្នក​ខាង​ក្រៅ​កាន់​តែ​ច្រើន​ឡើងៗ​កំពុង​ចូល​មក​ដល់​ខេត្ត​នេះ​ក្នុង​មួយថ្ងៃៗ​ពី​កន្លែង​ផ្សេងៗ​ដូចជា ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ដើម្បី​កាប់​ឈើ​។

ការបារម្ភ​ដ៏ធំ​របស់​លោក​គឺថា​លោក​ភ័យខ្លាច​ថា រដ្ឋាភិបាល​នឹង​ផ្តល់​ព្រៃឈើ​នៅ​ជិត​ផ្ទះ​លោក​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន ខណៈ​វា​នៅ​ជិត​ទឹកជ្រោះ​ប៊ូស្រា និង​ឃុំ​មេម៉ង់​។ លោក​បន្ត​ថា​៖ «​ក្នុង​ខេត្ត​នេះ​អ្វីៗ​គឺ​ពឹង​ផ្អែក​លើ​ព្រៃឈើ​»​។ ​«​យើង​គ្មាន​កសិកម្ម​ ឬ​ឧស្សាហកម្ម​ដទៃ​ទៀត​ទេ​។ យើង​មិនមាន​រោងចក្រ​ស្បែកជើង​ ឬ​រោងចក្រ​កាត់ដេរ​ទេ​»​។

ប្រសិន​បើ​លោក​មាន​សំណាង​ លោក​នឹង​រកប្រាក់​បាន​ប្រហែល​ ២៥ ​ដុល្លារ​ពី​ការ​រើស​ឈើ​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​នៅ​ក្នុង​ព្រៃ ហើយ​វា​មិន​អាច​លើស​ពី​នេះ​បាន​ទេ​ដោយសារ​ផ្លូវ​ពិបាក ហើយ​លោក​ត្រូវ​ដឹកឈើ​ពេញ​ម៉ូតូ​។

លុយ​ដែល​លោក​រក​បាន​គឺ​ដើម្បី​ជួយ​បង់​ថ្លៃ​សាលា​សម្រាប់​​បងប្អូន​បង្កើត​របស់​លោក រួម​ទាំង​ប្អូនស្រី​ដែល​រៀន​ថ្នាក់​ទី​ ១១ ដែល​កាលពី​ពេល​ថ្មីៗ​នេះ​ទើប​តែ​ទទួល​បាន​ប័ណ្ណ​សរសើរ​ជា​សិស្ស​ឆ្នើម ហើយ​នឹង​ធ្វើ​ដំណើរ​ទៅ​ខេត្ត​សៀមរាប​​ជាមួយ​អង្គការ​មួយ​។

ទោះ​យ៉ាង​ណា​ក្តី​វា​មិន​គ្រប់គ្រាន់​ទេ​។ បងប្អូន ៣ ​នាក់​ក្នុង​ចំណោម​បងប្អូន​ប្រុស​របស់​លោក​បាន​បោះបង់​ការសិក្សា​រួច​ហើយ​ដើម្បី​ទៅ​រកស៊ី​ឈើ​ជាមួយ​លោក ហើយ​ការផ្គត់ផ្គង់​កំពុង​ធ្លាក់​ចុះ​។ បន្ទាប់ពី​ការ​ទៅ​រក​ឈើ​គគីរ​ក្នុង​ព្រៃ​រយៈពេល​មួយ​ថ្ងៃ​លោក ឃឿន រក​បាន​ឈើ​តែ​ ២ ​ដុំ​ប៉ុណ្ណោះ​។

អង្គុយ​លើ​តុ​មួយ​នៅ​កន្លែង​ដែល​ធ្លាប់​ជា​ប៉ុស្តិ៍នគរបាល​ដែល​ត្រូវ​បាន​បោះបង់​ចោល​លោក ឃឿន បាន​រៀបរាប់​អំពី​សហគមន៍​នោះ​ថា​៖ «​ខ្ញុំ​មិន​ដឹង​ថា​នឹង​មាន​អ្វី​កើតឡើង​ទេ នាពេល​អនាគត​។ ​ប្រហែលជា​ ៦០ ​ឆ្នាំ​ទេ យើង​នឹង​មាន​រោងចក្រ ហើយ​ព្រៃឈើ​បាត់បង់​អស់​»៕ ឈ្មោះ​ត្រូវ​បាន​ប្តូរ​ដើម្បី​ការពារ​អត្តសញ្ញាណ​ចោទប្រកាន់​ និង​ការចាប់ខ្លួន ។ NS /PS