ព្រះវិហារៈ ជនជាតិដើមភាគតិចកួយជាង ១០០ នាក់ កាលពីម្សិលមិញនេះ បានប្រមូលផ្តុំនៅមុខសាលាដំបូងខេត្តខណៈដែលសមាជិករបស់ខ្លួន ៦ នាក់ ត្រូវបានអយ្យការអមសាលាដំបូងខេត្តហៅចូលបំភ្លឺ និង ២ នាក់ទៀត គ្រោងចូលបំភ្លឺនៅព្រឹកថ្ងៃអង្គារនេះ ពាក់ព័ន្ធនឹងដំណើររឿងនៃការបង្ខាំងមនុស្សដោយខុសច្បាប់ តាមបណ្តឹងរបស់ក្រុមហ៊ុនចិន ឡានហ្វេង និងរ៉ូយហ្វេង។
តាមរយៈដីកាកោះដាច់ដោយឡែកដែលចុះហត្ថលេខាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារកាលពីថ្ងៃទី ៨ ខែមេសា សមាជិកប្រជាសហគមន៍ ៦ នាក់ ដែលចូលបំភ្លឺពីម្សិលមិញនេះមានឈ្មោះ ភូ ភេន, ផុន រុំ, ណម ថុល, ស្រាល សឃី, យស សន, និង ថី ហឿន ហឿន ចំណែកថ្ងៃអង្គារនេះ មានឈ្មោះ ហោ ធាន្នី និង ប៉ាវ សែវ។
អនុប្រធានប្រជាសហគមន៍ជនជាតិដើមភាគតិចកួយ អ្នកស្រី ខាន់ រឿង អាយុ ៥០ ឆ្នាំ បានឲ្យដឹងថា ដោយសារតែក្រុមហ៊ុនចិន ឡានហ្វេង និងរ៉ូយហ្វេង បានធ្វើសកម្មភាពឈូសឆាយដីស្រែចម្ការ និងដើមជ័រទឹកឥតឈប់ឈរនោះ កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៤ ជនជាតិដើមភាគតិច ដែលជាអ្នកកាន់កាប់ដីជាង ១០០ នាក់ មកពី ៣៦៧ គ្រួសារក្នុងឃុំប្រមេរុ ស្រុកត្បែងមានជ័យ ក៏បានសម្រេចនាំគ្នាទៅរារាំងសកម្មភាពឈូសឆាយនោះ ដោយបានឃាត់គ្រឿងចក្រពីរគ្រឿង និងអ្នកបើកបរពីរនាក់ទុកនៅម៉ោងជាង ៥ ល្ងាចថ្ងៃដដែរ។
អ្នកស្រីបន្តថា ក្រោយមកមួយថ្ងៃ នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៤ ប្រជាសហគមន៍បានសម្រេចបង្គាប់ឲ្យអ្នកបើកបរទាំងពីរនាក់នោះ បើកគ្រឿងចក្រទាំង ២ នោះ ទៅរក្សាទុកនៅសាលាឃុំប្រមេរុតែប៉ុណ្ណោះ ដើម្បីជាភ័ស្តុតាងបង្ហាញថា ក្រុមហ៊ុនចិននេះ បានរុករានដីជម្លោះក្នុងប្រព័ន្ធតុលាការ។
អ្នកស្រីថា៖ «ពួកយើងមិនបានបង្ខាំងមនុស្សនោះទេ គ្រាន់តែរារាំងអ្នកបើកអាប៊ុល ឈូសដីហើយបញ្ជូនទៅសាលាឃុំចាត់ការប៉ុណ្ណោះ។ សហគមន៍យើងមានគ្នា ៥០០ ទៅ ៦០០ នាក់ បើថាការរារាំងនោះ ជាការបង្ខាំងមនុស្សមែន អ៊ីចឹងម៉េចមិនចាប់ពលរដ្ឋទាំងអស់តែម្តងទៅ!»។
លោក អ៊ឹង ធីងគង់ អ្នកបកប្រែរបស់ក្រុមហ៊ុនចិន ឡានហ្វេង និងរ៉ូយ ហ្វេង បានឲ្យដឹងថា បណ្តឹងរបស់ក្រុមហ៊ុន បានធ្វើឡើងដោយសារតែអ្នកបើកបរស៊ីឈ្នួលទាំងពីរនាក់ រងការគំរាមពីប្រជាសហគមន៍ជនជាតិដើមទាំងនោះ។
លោកថា៖ «អ្នកបើកបរពីរនាក់នោះ ថា ពួកគេត្រូវបានសហគមន៍គំរាមដោយពូថៅ និងកាំបិត ឲ្យបញ្ឈប់សកម្មភាពឈូសឆាយ រឿងនេះធ្វើឲ្យគ្រួសារពួកគេព្រួយបារម្ភ និងបានលាឈប់ពីការងារទៀតផង អ៊ីចឹងហើយបានជាក្រុមហ៊ុន ចាំបាច់ត្រូវតែដាក់ពាក្យប្តឹងនេះឡើង»។
ក្រោយចូលបំភ្លឺនៅសាលាដំបូងខេត្ត សមាជិកសហគមន៍ លោក ផុន រុំ អាយុ ២២ ឆ្នាំ បានឲ្យដឹងថា ក្រោយពីលោកបានរៀបរាប់ដំណើររឿងចប់សព្វគ្រប់ ព្រះរាជអាជ្ញារងខេត្ត លោក ឡុង ស៊ីថា ក៏បានផ្តាំថា៖ «គាត់ថា ពេលក្រោយបើមានរឿងដាក់បណ្តឹងមកកាន់សាលាដំបូងខេត្តមក កុំទៅរារាំងគេនៅកន្លែងកើតហេតុនោះ ដែលនាំឲ្យមានរឿង ខ្ញុំក៏បានប្រាប់គាត់ដដែលៗថា ពួកយើងរារាំងមិនបានប្រើអាវុធអីនោះទេ»។
លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងខេត្តបានឲ្យដឹងថា ការសួរនាំនេះ គឺដើម្បីរកមុខអ្នកស្រវឹង ប្រើពូថៅ និងកាំបិតទៅគំរាមអ្នកបើកបរគ្រឿងចក្រពីរនាក់នោះ។
លោកថា៖ «ក្នុងថ្ងៃកើតហេតុនោះ សហគមន៍បានបង្ខាំងអ្នកបើកបរនោះ ១ ថ្ងៃ ១ យប់ គឺខុស ហើយថែមទាំងប្រើកាំបិត ពូថៅទៀត រឿងនេះ យើងនឹងកោះហៅមកសួរច្រើននាក់ទៀត»។
ចំពោះការចោទប្រកាន់នេះ មន្ត្រីសម្របសម្រួលគម្រោងដីសហគមន៍នៃអង្គការពន្លកខ្មែរ លោក លូត សាំង បានអះអាងថា៖ «ពលរដ្ឋទាំងនោះ មិនបានបង្ខាំងមនុស្ស ឬប្រើប្រាស់អាវុធគំរាមនោះទេ ព្រោះខ្ញុំ ក៏មានវត្តមានអង្កេតហេតុការណ៍នៅថ្ងៃកើតហេតុដូចគ្នានោះ»។
លោក សូ សេរី អភិបាលរងខេត្តព្រះវិហារ ដែលទទួលបន្ទុកដោះស្រាយបញ្ហានេះ បានឲ្យដឹងថា ជម្លោះដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិចក្នុងឃុំប្រមេរុនេះ គឺពិបាកក្នុងការដោះស្រាយដោយហេតុថាសហគមន៍ពិបាកក្នុងការទំនាក់ទំនង។
លោកថា៖ «រឿងនេះគឺមិនចប់មិនហើយទេ បងប្អូនជនជាតិគឺគាត់គិតតែពីទាមទារ ដែលនាំឲ្យយើងពិបាកសម្របសម្រួល ខ្ញុំគិតថា ឆាប់ៗនេះ ខ្ញុំនឹងស្នើទៅគណៈអភិបាលខេត្ត បង្កើតក្រុមការងារចម្រុះដើម្បីដោះស្រាយបញ្ហានេះ»៕