មណ្ឌលគិរីៈ ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នងជាង ២០០ គ្រួសាររស់នៅភូមិអញ្ជ័រ ឃុំសុខសាន្ដ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ស្នើឱ្យអាជ្ញាធរជួយអន្តរាគមន៍ដកហូតដីព្រៃរបស់សហគមន៍ចំនួន ៥ ហិកតាដែលពួកគេចោទប្រកាន់ថា មានគេលួចធ្វើបណ្ណកម្មសិទ្ធិ ខណៈពលរដ្ឋបាននិងកំពុងអាស្រ័យផលនៅលើដីព្រៃនោះ។
លោក រោជ ចក់ តំណាងប្រជាសហគមន៍ទាំងជាង ២០០ គ្រួសារប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា ដីព្រៃស្រោងរបស់សហគមន៍ជនជាតិដើមភាគតិចព្នងចំនួន ៥ ហិកតាស្ថិតនៅទីតាំងខាងលើត្រូវបានបុគ្គលឈ្មោះ ចក់ និងឈ្មោះ ធួក រស់នៅឃុំអរបួនលើ ស្រុកកោះញែក លួចធ្វើបណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីដោយស្ងាត់ៗ។ ពលរដ្ឋជាង ២០០ គ្រួសារបាននិងកំពុងអាស្រ័យផលលើដីព្រៃនោះជារៀងរាល់ឆ្នាំ។
បើតាមលោក រោជ ចក់ បុគ្គលទាំង ២ នាក់នោះបានឈរឈ្មោះតំណាងឱ្យឧកញ៉ាម្នាក់ ប៉ុន្ដែលោកមិនបានស្គាល់ឈ្មោះឧកញ៉ានោះទេ។ បុគ្គលទាំង ២ បានដាក់គ្រឿងចក្រចំនួន ២ គ្រឿងទៅឈូសឆាយដីព្រៃនៅថ្ងៃទី ២៩ វិច្ឆិកា។ ប៉ុន្ដែពលរដ្ឋប្រមាណជាង ១០០ នាក់នាំគ្នាមករារាំងសកម្មភាពឈូសឆាយ ស្រាប់តែបុគ្គលទាំង ២ នាក់យកបណ្ណកម្មសិទ្ធិដីធ្លីមកបង្ហាញពលរដ្ឋ ដោយមានការចុះហត្ថលេខាពីអតីតអភិបាលស្រុកកោះញែកតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។
លោក រោជ ចក់ បញ្ជាក់ថា៖ «ពួកខ្ញុំសូមស្នើឱ្យអាជ្ញាធរជួយអន្តរាគមន៍គឺពិនិត្យលើបណ្ណកម្មសិទ្ធិដីព្រៃនេះឡើងវិញ ព្រោះខ្ញុំគិតថា បណ្ណនេះមិនមានភាពប្រក្រតីទេ។ ដីនេះជាដីព្រៃស្រោងសុទ្ធសាធ មិនដែលមានអ្នកណាអាចមកធ្វើប្លង់រំលោភយកទេ ព្រោះជាដីរដ្ឋ ហើយសហគមន៍មូលដ្ឋានអាស្រ័យផលតកូនតចៅរាប់សិបឆ្នាំមកហើយ។ ពួកខ្ញុំចង់ឱ្យដកហូតដីហ្នឹងមកវិញ គឺពួកខ្ញុំចង់បានតែប៉ុណ្ណឹងទេ»។
មេឃុំសុខសាន្ដលោក ឆាន ជិន ពីម្សិលមិញមិនទាន់អាចទាក់ទងសុំការបញ្ជាក់ជុំវិញការស្នើរបស់ប្រជាពលរដ្ឋនេះបានទេ ដោយទូរស័ព្ទលោកគ្មានអ្នកទទួល។
លោក ឌឹម នី អភិបាលស្រុកកោះញែកថ្លែងពីម្សិលមិញថា លោកបានទទួលដំណឹងពីប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នងជុំវិញករណីនេះហើយ។
លោកថា លោកមិនដឹងរឿងរ៉ាវកើតឡើងកាលពីជំនាន់អតីតអភិបាលស្រុកចាស់នោះទេ ប៉ុន្តែលោកនឹងបញ្ជូនមន្ត្រីជំនាញចុះស្រាវជ្រាវនៅទីតាំងដីជាក់ស្ដែង ដើម្បីប្រមូលព័ត៌មានដែលពាក់ព័ន្ធទាំងអស់សម្រាប់ធ្វើជាមូលដ្ឋានក្នុងការដោះស្រាយជូនពលរដ្ឋ។
លោកបញ្ជាក់ថា៖ «ឥឡូវនេះខ្ញុំកំពុងរៀបចំចាត់មន្ត្រីរដ្ឋបាលស្រុកចុះទៅពិនិត្យផ្ទាល់ ដើម្បីយើងដឹងថា ដីសហគមន៍ពួកគាត់ហ្នឹងស្ថិតនៅត្រង់ចំណុចណា? ទំហំប៉ុន្មាន? អ្នកណាជាអ្នករំលោភយក? បើយើងបានដឹងព័ត៌មានទាំងអស់ហ្នឹងហើយគឺយើងងាយស្រួលក្នុងការរកដំណោះស្រាយជូនពួកគាត់»។
លោកថាអាជ្ញាធរនឹងដោះស្រាយបញ្ហាទាំងអស់នេះជូនពលរដ្ឋ ព្រោះក្នុងនាមអាជ្ញាធរមិនអាចទុកឱ្យបញ្ហាទំនាស់ដីធ្លីនេះអូសបន្លាយវែងឆ្ងាយទៅមុខទៀតទេ ដើម្បីកុំឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ឬខាតពេលវេលាក្នុងការតវ៉ារឿងដីធ្លី។
បុរសឈ្មោះ ចក់ និងឈ្មោះ ធួក រស់នៅឃុំអូរបួន ស្រុកកោះញែក ដែលរងការចោទប្រកាន់ពីពលរដ្ឋជនជាតិដើមភាគតិចព្នងពីម្សិលមិញមិនទាន់អាចស្វែងរកប្រភពទាក់ទងសុំការបំភ្លឺជុំវិញករណីនេះបានទេ។
លោក អ៊ាង ម៉េងលី មន្ត្រីសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក ប្រចាំខេត្តមណ្ឌលគិរី លើកទឹកចិត្តឱ្យប្រជាពលរដ្ឋរៀបចំលិខិត ឬពាក្យបណ្ដឹងប្ដឹងទៅអាជ្ញាធរមូលដ្ឋានដើម្បីជួយរកដំណោះស្រាយជំហានដំបូង។ ប៉ុន្ដែបើគ្មានដំណោះស្រាយពីអាជ្ញាធរ ពួកគាត់អាចដាក់ពាក្យប្ដឹងទៅតុលាការបន្តទៀត ដើម្បីទទួលបានយុត្តិធម៌។
លោកថ្លែងថា៖ «ប្រសិនមានការចេញប្លង់មិនប្រក្រតីបែបនេះអាជ្ញាធរត្រូវតែស៊ើបអង្កេតឱ្យបានច្បាស់លាស់ ហើយធ្វើការនិរាករណ៍ប្លង់ដីហ្នឹងចេញវិញ ដកហូតដីទុកជាសម្បត្តិរដ្ឋ ឬទុកជាដីសហគមន៍ជនជាតិដើមភាគតិចវិញ។ ទោះជាយ៉ាងណាខ្ញុំជំរុញឱ្យមានការស៊ើបអង្កេតសិន បន្ទាប់មកដោះស្រាយតាមនីតិវិធីឱ្យមានតម្លាភាព ដើម្បីបញ្ចប់ទំនាស់ឱ្យបានឆាប់»៕